បក្សក្រៅរដ្ឋាភិបាល និងមហាជនខ្មែរប្រតិកម្មចំពោះការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ

កម្ពុជា
កម្ពុជា-ជម្លោះព្រំដែន
29/05/2025 – 12:43
ដោយ៖ ជួប នរក្សា
RFI

គណបក្សក្រៅរដ្ឋាភិបាល អ្នកនយោបាយខ្មែរក្រៅប្រទេស និងមហាជនខ្មែរទូទៅបាននាំគ្នាបញ្ចេញប្រតិកម្មជាហូរហែចំពោះការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃដែលបានកើតឡើងនៅថ្ងៃពុធទី២៨ ឧសភា។ បណ្តាបក្សក្រៅរដ្ឋាភិបាល និងអ្នកនយោយខ្មែរក្រៅប្រទេសបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការយកចិត្តទុកដាក់ដល់កងទ័ពដើម្បីបង្កើនស្មារតីឈរជើងរបស់ពួកគេ។ ចំណែកបណ្តាមហាជនខ្មែរបានបញ្ចេញប្រតិកម្មលើបណ្តាញសង្គមដោយថ្កោលទោសចំពោះការឈ្លានពានរបស់កងទ័ពថៃ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់នាយទាហានកម្ពុជាម្នាក់។

បក្សក្រៅរដ្ឋាភិបាល និងមហាជនខ្មែរប្រតិកម្មចំពោះការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ


ក្នុងនាមជាគណបក្សក្រៅរដ្ឋាភិបាល គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា ដោយសម្តែងការសោកស្តាយចំពោះការស្លាប់ទាហានកម្ពុជាមួយរូបក្នុងហេតុការណ៍ប៉ះទង្គិចផ្លូវអាវុធរវាងកងទ័ពកម្ពុជា និងថៃនៅតំបន់មុំបី ខេត្តព្រះវិហារនាព្រឹកថ្ងៃពុធ ទី២៨ ឧសភា។ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់ការគាំទ្រគ្រប់បែបយ៉ាងដល់កងទ័ពដែលឈរជួរមុខនៅតំបន់ព្រំដែនដើម្បីអាចឲ្យពួកគេបំពេញភារកិច្ចការពារបូរណភាពទឹកដីកម្ពុជាដោយប្រសិទ្ធិភាព។

តាមសេចក្តីថ្លែងការណ៍ដដែល រដ្ឋាភិបាលកម្ពុជា-ថៃ គួរពន្លឿនការស្វែងរកដំណោះស្រាយដើម្បីធានាដល់ការ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជាកុំឲ្យបាត់បង់។ ដោយឡែក ក្រុមអ្នកនយោបាយក្រៅប្រទេសរបស់ក្រុមប្រឹក្សាជាតិតស៊ូក៏បានចេញសេចក្តីថ្លែងការណ៍មួយថា ការចរចាដោះស្រាយជម្លោះព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងគួរណាស់តែមានភាគីបារាំងធ្វើជាភ្នែក ច្រមុះ។ ក្នុងន័យនេះ និងបើតាមក្រុមប្រឹក្សាជាតិតស៊ូ បារាំងគឺជាភាគីដែលចាំជួយឈឺឆ្អាលពីបញ្ហាព្រំដែនកម្ពុជា ពិសេសបារាំងជាម្ចាស់គំនូសផែនទីដើមកម្ពុជា និងជាអ្នកបោះបង្គោលចំនួន ៧៣ជាមួយសៀម ឬថៃក្នុងពេលបច្ចុប្បន្ន។

ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំបី កាលពីថ្ងៃទី២៨ឧសភា
ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំបី កាលពីថ្ងៃទី២៨ឧសភា © សហការី

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍ប៉ះទង្គិចមួយប្រាវរវាងកងទ័ពកម្ពុជា និងថៃនៅតំបន់មុំបីដែលបណ្តាលឲ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិតបានញ៉ាំងឲ្យពលរដ្ឋខ្មែរទូទៅមានក្តីសង្វេគ អាណិតអាសូរចំពោះការបាត់បង់ជីវិតនាយទាហាន សួន រោន ក្នុងបុព្វហេតុការពារដែនដីសុវណ្ណភូមិ។ មហាជនខ្មែរមួយចំនួនធំបានថ្កោលទោសចំពោះការបំពានរបស់កងទ័ពថៃលើទឹកដីកម្ពុជានៅក្នុងហេតុការណ៍ប៉ះទង្គិចផ្លូវអាវុធកាលពីព្រឹកថ្ងៃពុធ ទី២៨ ឧសភា។ លើសពីនេះ ពួកគេក៏បានបញ្ចេញមតិតាមបណ្តាញសង្គមជាហូរហែដោយផ្តល់ការគាំទ្រ ទាំងផ្នែកស្មារតី និងជំនួយផ្សេងៗសម្រាប់ផ្គត់ផ្គង់ដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅតំបន់ព្រំដែន៕

What Next?

Recent Articles