កម្ពុជា
កម្ពុជា-សង្គម
29/05/2025 – 13:03
ដោយ៖ ជួប នរក្សា
RFI
នៅថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា មជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សឈ្មោះ សង់ត្រាល់បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា មានពលរដ្ឋខ្មែរចំនួន ៣០០នាក់បានចាញ់បោកមេខ្យល់អស់ប្រាក់ ៧៥ម៉ឺនដុល្លារនៅក្នុងការសន្យារកការងារធ្វើនៅក្នុងប្រទេសកូរ៉េ។ តាមសង់ត្រាល់ ពលរដ្ឋជាជនរងគ្រោះទាំង៣០០នាក់កំពុងប្រឈមនឹងបំណុល ដោយសារមិនទទួលបានប្រាក់ត្រលប់វិញ។
សង់ត្រាល់ ថាមានពលរដ្ឋខ្មែរ ៣០០នាក់បានចាញ់បោកមេខ្យល់ដែលសន្យារកការងារធ្វើនៅកូរ៉េ
អង្គការសង់ត្រាល់បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ទឹកប្រាក់៧៥ម៉ឺនដែលពលរដ្ឋខ្មែរទាំង ៣០០នាក់បានចាញ់បោកមេខ្យល់ដែលសន្យារកការងារធ្វើក្នុងប្រទេសកូរ៉េនៅមិនទាន់បានមេខ្យល់សងត្រលប់វិញនៅឡើយទេ។ បញ្ហានេះបានបណ្តាលឲ្យជនរងគ្រោះកំពុងប្រឈមនឹងបំណុល ដោយខ្លះបានធ្លាក់ខ្លួនឈឺរហូតបាត់បង់ជីវិត ខ្លះបង្ខំចិត្តលក់ផ្ទះសម្បែង និងខ្លះទៀតបានរត់ចោលស្រុកដើម្បីរកប្រាក់មកសងបំណុល។ តាមសង់ត្រាល់ ការរកឃើញពលរដ្ឋខ្មែរ ៣០០នាក់ដែលចាញ់បោកមេខ្យល់បានធ្វើឡើងដោយផ្អែកលើសេចក្តីរាយការណ៍ និងការស្នើសុំជំនួយពីពលលរដ្ឋជាជនរងគ្រោះចំនួន៤៨នាក់ក្នុងចំណោម ៣០០នាក់កាលពីថ្ងៃទី២៤ ឧសភា។
សេចក្តីរាយការណ៍ដែលសង់ត្រាល់ទទួលបានឲ្យដឹងថា អំឡុងខែកក្កដាឆ្នាំ២០២៣ មានក្រុមមេខ្យល់ និងបក្ខពួកបានផ្សព្វផ្សាយតាមបណ្តាញសង្គមថា ពួកគេមានសេវាស្វែងរកការងារធ្វើនៅប្រទេសកូរ៉េដែលអាចរកចំណូលបាន ១០០ដុល្លារក្នុងមួយថ្ងៃ។ តែដើម្បីអាចទទួលបានការងារមួយនេះ គឺត្រូវបង់លុយឲ្យមេខ្យល់មុនចំនួន ២០០០ដុល្លារ និងបង់បន្ថែមចំនួន ២០០០ដុល្លារទៀតនៅពេលបានទៅធ្វើការនៅប្រទេសកូរ៉េ។ បច្ចុប្បន្ន សំណុំរឿងឆបោកទឹកប្រាក់ពលរដ្ឋសរុបចំនួន៧៥ម៉ឺនដុល្លារកំពុងស្ថិតក្នុងដៃតុលាការខេត្តកំពត ដោយមានមេខ្យល់មួយរូបត្រូវជាប់ពន្ធនាគារ ខណៈមេក្លោង និងបក្ខពួកផ្សេងទៀតនៅមិនទាន់បានចាប់ខ្លួននៅឡើយ។

លោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពតបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ដោយខ្លីថា សំណុំរឿងបានបញ្ជូនទៅដល់ដៃតុលាការរួចរាល់ហើយ។ ទោះយ៉ាងណា ពលរដ្ឋរងគ្រោះទទូចឲ្យតុលាការពន្លឿននីតិវិធីដោះស្រាយ ដ្បិតពួកគេកំពុងមានជីវភាពជួបការលំបាកពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសការសងបំណុលដែលពួកគេបានខ្ចីសម្រាប់រកការងារធ្វើនៅប្រទេសកូរ៉េ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអ្នកនាំពាក្យ លោក ស៊ុន មេសា បានឲ្យដឹងថា ការជ្រើសរើស និងការបញ្ជូនពលករទៅធ្វើការនៅប្រទេសកូរ៉េពីវិស័យឯកជន គឺជារឿងខុសច្បាប់ និងស្មើនឹងអំពើជួញដូរមនុស្ស។ ក្នុងន័យនេះ លោក ស៊ុន មេសា បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានឃើញមានការផ្សព្វផ្សាយការជ្រើសរើសពីវិស័យឯកជន ពីសាលា ឬពីសមាគមណាមួយត្រូវប្តឹងទៅក្រសួងការងារដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕