អ្នកឃ្លាំមើលថា ចិនបំប៉នភាពហ៊ឺហារត្រកូលហ៊ុន និងចិញ្ចឹមបក្សកាន់អំណាច

ដោយ ហ៊ុំ ចំរើន
2025.05.29
RFA

អ្នកឃ្លាំមើលលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែដោះស្រាយវិបត្តិនយោបាយនិងបញ្ហាពលរដ្ឋអត់ការងារធ្វើ ប្រសើរជាងទៅអួតរឿងទំនាក់ទំនងដែកថែបជាមួយចិន អំឡុងពេលទៅចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ី (Malatsia)

Cambodian PM Hun Manet meets premier of China Li Qiang 27 May 2025.
លោកនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត (ស្ដាំ) ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang) អំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦នៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ (RFA)

អ្នក​អត្ថាធិប្បាយ​នយោបាយ ​លោក គឹម សុខ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៧​ឧសភា​ថា ​លោក ហ៊ុន ម៉ាណែត ​ចំណាយ​លុយ​ជាតិ​យក​ទៅ​អួត​សរសើរ​ពី​ទំនាក់ទំនង​ល្អជា​មួយ​ចិន​​នេះ​ គឺ​ជា​ការ​បង្ហាញ​ពី​មោទនភាព​ ដែល​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ក្លាយ​ជា​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​រក​ស៊ី​ជា​មួយ​ម៉ាហ្វីយ៉ា​ចិន​។

​របាយការណ៍​ស្រាវជ្រាវ ជាង ៧០​ទំព័រ របស់​វិទ្យាស្ថាន Humanity Research Consultancy (HRC) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​គឺ​ជា​ទីតាំង​ស្នូល​នៃ​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស ឧក្រិដ្ឋកម្ម​អនឡាញ ។ របាយការណ៍​នេះ បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ដើរ​តួនាទី​ជា​អ្នក​ការពារ​ពួក​អ្នក​មាន​អំណាច ឲ្យ​គប់គិត​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​បរទេស ដើម្បី​ប្រមូល​ប្រាក់ យក​ទៅ​ចិញ្ចឹម​គណបក្ស​កាន់​អំណាច ដោយ​ពួកគេ​អាច​រកចំណូល​បាន​ពី​ឧក្រិដ្ឋកម្ម​អនឡាញ ប្រមាណ​ពី១ម៉ឺន​២ពាន់​ទៅ​១ម៉ឺន​៩ពាន់​លាន​ដុល្លារ​ (១២,៥ពាន់​ ទៅ ១៩ពាន់​លាន​ដុល្លារ)​ក្នុង​១ឆ្នាំ​ៗ។

លោក​គឹម សុខ បញ្ជាក់​ថា ​​លោក ហ៊ុន ម៉ាណែត​​ បង្កើន​​ភាព​ស្និទ្ធស្នាល​​ជា​មួយ​ចិន​​ស្រប​ពេល​ដែល​​អន្តរជាតិ​រក​ឃើញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បែប​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​កេរ្តិ៍​ឈ្មោះ​កាន់​តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ​។​

ប្រមូល​លុយ​យក​ទៅ​បំប៉ន​ភាព​ហ៊ឺហា​ ​របស់​ក្រុម​គ្រួសារ​ ហ៊ុន​ និង​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា។ ក៏​ប៉ុន្តែ​បំផ្លាញ​សេចក្ដី​សុខជាតិ​កម្ពុជា បំផ្លាញ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ខ្មែរ​​ និង​ធ្វើ​ឱ្យ​ខូច​មុខ​មាត់​ប្រទេស​កម្ពុជា​។ សោក​ស្ដាយ​ដែល​លោក​ ហ៊ុន ម៉ាណែត ចាយ​លុយ​ជាតិ​ ក៏​ប៉ុន្តែ​មិន​បាន​ធ្វើ​រឿង​ដែល​មាន​ប្រយោជន៍​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជាតិ​កម្ពុជា។—  លោក គឹម សុខ

​ប្រតិកម្ម​របស់​អ្នក​ឃ្លាំមើល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ លោក ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ឈាង (Ly Qiang) ក្នុង​ពេល​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៦​នៅ​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur)​ នៅ​ថ្ងៃ​ទី​២៧​ខែ​ឧសភា​។ ភាគី​ទាំង​ពីរ​បាន​អួត​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ចំណង​មិត្តភាព​ដែកថែប និង​បាន​​វាយតម្លៃ​ខ្ពស់​ពី​ការ​រីកចម្រើន​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ជាពិសេស​ការ​ដំឡើង​កម្រិត​ដល់ «ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី»។ ជាង​នេះ​ទៅទៀត​មេ​ដឹក​នាំ​ប្រទេស​ទាំងពីរ​បាន​ឯកភាព​គ្នា​បន្ត​លើក​កម្ពស់​ទំនាក់ទំនង​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។

​​​​​ជុំ​វិញ​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា ​មាន​ប្រសាសន៍​ថា ​ទំនាក់​ទំនង​កម្ពុជា​ចិន​សព្វ​ថ្ងៃ​នេះ​បាន​ផល​តែ​អ្នក​មាន​អំណាច​ប៉ុណ្ណោះ​ ចំណែក​ឯ​ពលរដ្ឋ​ក្រីក្រ​នៅ​តែ​លំបាក​វេទនា​ដដែល។

កម្ចី​ផង​ផ្ដល់​ជំនួយ​ឥត​សំណង​ផង​ និង​ជំនួយ​មាន​សំណង​ជា​ដើម​ អីចឹង​ ដែល​ពង្រឹង​នូវ​អំណាច​និង​ឥទ្ធិពល​របស់​រដ្ឋ​ដែល​ខុស​អំពី​ការ​ទំនាក់ទំនង​កម្ពុជា​ជា​មួយ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​អី​ គេ​ជួយ​ផ្នែក​សិទ្ធិមនុស្ស​ គេ​ជួយ​ទៅ​ដល់​​ផ្ដោត​ទៅ​លើ​ការពារ​សិទ្ធិ​គាំពារ​ជនរងគ្រោះ​។​ក៏​ប៉ុន្តែ​ជំនួយ​របស់​ចិន​មិន​បាន​ផ្ដោត​ទៅ​លើ​​ប្រជាធិបតេយ្យ​ ជន​រងគ្រោះ​អំពី​អំពើ​អយុត្តិធម៌​អី​ផ្សេងៗ​ទេ។—  លោក ឌី ថេហូយ៉ា

​អ្នក​ឃ្លាំមើល​បាន​លើក​ឡើង​ថា ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​ រដ្ឋាភិបាល​គួរតែ​​ចាប់​យក​ឱកាស​មិត្ត​ដែក​ថែប​នេះ ​ពង្រីក​ទីផ្សារ​នាំ​ទំនិញ​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​ចិន​​ក្នុង​តម្លៃ​សមរម្យ​ឱ្យ​បាន​ច្រើន​ដូច​ប្រទេស​ជិត​ខាង​ដែរ​ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ការងារ​ធ្វើ​ និង​មាន​ជីវភាព​សមរម្យ​ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ដូច​សព្វ​ថ្ងៃ​ទៀត​៕​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles