កម្ពុជា
កម្ពុជា-សង្គម
30/05/2025 – 13:49
ដោយ៖ ជួប នរក្សា
RFI
នៅថ្ងៃសុក្រទី៣០ ឧសភានេះ ក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យបានទាត់ចោលលើការចោទប្រកាន់ដែលថា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ។ ចម្លើយបដិសេធនេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍មួយរបស់វិទ្យាស្ថាន Humanity Research Consultancy ចេញផ្សាយកាលពីពាក់កណ្តាលខែឧសភាដែលបានចោទប្រកាន់មន្ត្រីក្នុងជួររដ្ឋាភិបាលកម្ពុជាថា មានពាក់ព័ន្ធនឹងឧក្រិដ្ឋជនឆបោកអនឡាញ។
ក្រសួងមហាផ្ទៃច្រានចោលការចោទប្រកាន់លោក ស សុខា ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានចាត់ទុកការចោទប្រកាន់លើឈ្មោះ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងបទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ ថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។ តាមលោក ទូច សុឃៈ ក្រសួងមហាផ្ទៃមិនអាចទទួលយកបានឡើយចំពោះការចង្អុលឈ្មោះ និងមួលបង្កាច់លោក ស សុខាថាមានទំនាក់ទំនងជាមួយក្រុមហ៊ុននេះ ឬក្រុមហ៊ុននោះដើម្បីអនុញ្ញាតឲ្យមានករណីឆបោក ឬករណីជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា។ ការឆ្លើយតបដូចនេះរបស់លោក ទូច សុឃៈ ធ្វើឡើងនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៣០ ខែឧសភាស្តីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការបង្ការទប់ស្កាត់ និងការបង្រា្កបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស។
ប្រតិកម្មដូចនេះរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃធ្វើឡើង ក្រោយវិទ្យាស្ថាន Humanity Research Consultancy បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី១៩ ឧសភាដែលថា កម្ពុជាជាប្រទេសចំណុចស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មអនឡាញ។ តាមរបាយការណ៍ស្រាវជ្រាវរបស់ Humanity Research Consultancy មានបុគ្គលដែលជាប់សង្ស័យពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាសរុបចំនួន ២៨នាក់ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ។

របាយការណ៍ដដែលបានបង្ហាញទៀតថា កម្ពុជាមានអ្នកបម្រើការងារក្នុងឧក្រិដ្ឋកម្មអនឡាញជាង ១៥ម៉ឺននាក់ និងថា ក្រុមឧក្រិដ្ឋជនអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញក្នុង ១ឆ្នាំប្រមាណពី ១២.៥ ទៅ ១៩ពាន់លានដុល្លារដែលស្មើនឹង ៦០ភាគរយនៃ GDP ឬផលិតផលដុលក្នុងស្រុករបស់កម្ពុជា៕