កម្ពុជា
កម្ពុជា-ថៃ-ព្រំដែន
30/05/2025 – 12:08
ដោយ៖ ជួប នរក្សា
RFI
ភាគីកម្ពុជា និងថៃបានជួបចរចាគ្នានៅច្រកព្រំដែនចុងចម អូស្មាច់នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា ក្រោយមានហេតុការណ៍ប៉ះទង្គិចដោយអាវុធមួយប្រាវកាលពីថ្ងៃពុធទី២៨ ឧសភា។ តាមសេចក្តីថ្លែងការណ៍របស់អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិកម្ពុជា ភាគីទាំងសងខាងបានឯកភាពគ្នាចំនួន ៤ចំណុច ក្នុងនោះ ចំណុចទី៤ បានចែងថា កម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ។ តែភាគីថៃបែរជាបានពន្យល់ក្នុងន័យផ្សេងទៅវិញ។ ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃក៏បានស្កាត់ជួបគ្នានៅព្រឹកថ្ងៃសុក្រ ទី៣០ ឧសភានេះដើម្បីកត់សម្គាល់ពីស្ថានការណ៍ព្រំដែននៃប្រទេសទាំងពីរ។
លោក ឈុំ សុជាតិ៖ កម្ពុជារក្សាជំហរមិនដកថយពីចំណុចដែលកងទ័ពខ្លួនធ្លាប់ឈរជើង
នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃបានស្កាត់ជួបគ្នានាព្រឹកថ្ងៃសុក្រ ទី៣០ ឧសភានេះដើម្បីជជែកពីបញ្ហាប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ព្រំដែនមុំបីកាលពីថ្ងៃពុធ ទី២៨ ឧសភា។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ប្រមុខការទូតនៃប្រទេសទាំងពីរបានឯកភាពគ្នាប្រកាន់ស្មារតីនៃការគោរពអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលកើតឡើងថ្មីៗនេះ។ ជំនួបភ្លាមៗរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃបានកើតមានឡើង បន្ទាប់ពីមេកងទ័ពជើងគោកកម្ពុជា និងថៃបានជួបគ្នានៅច្រកព្រំដែនចុងចម-អូរស្មាច់ នាថ្ងៃព្រហស្បតិ៍ទី២៩ ឧសភា។
តាមសេចក្តីថ្លែងការណ៍របស់អគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាចំនួន ៤ចំណុច ទី១ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ដើម្បីឲ្យព្រំដែនប្រទេសទាំងពីរក្លាយជាព្រំដែនសន្តិភាព ទី២ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយបញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងធ្វើឡើងក្នុងពេល ២ឬ៣សប្តាហ៍ខាងមុខ ទី៣ ភាគីកម្ពុជាស្នើឲ្យមានការគោរពអធិបតេយ្យភាពទៅវិញទៅមកដើម្បីបញ្ចៀសអរិភាពដូចហេតុការណ៍នៅព្រឹកថ្ងៃទី២៨ ឧសភា និងចំណុចទី៤ ភាគីកម្ពុជាបានអះអាងជំហរយ៉ាងតឹងរ៉ឹងថា ខ្លួននឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ។
តែពីខាងភាគីថៃវិញ សេចក្តីប្រកាសរបស់កងទ័ពថៃបានរំលេចចំណុចទី៤ នេះ ថា ភាគីទាំងសងខាងបានយល់ព្រមដកទ័ពរៀងខ្លួនចេញពីតំបន់ប៉ះទង្គិច។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី៣០ ឧសភាថា កម្ពុជានៅតែរក្សាជំហរយ៉ាងតឹងរ៉ឹង មិនដកថយចេញពីចំណុចដែលកងទ័ពខ្លួនធ្លាប់ឈរជើងជាដាច់ខាត។ តាមលោក ឈុំ សុជាតិ កងទ័ពកម្ពុជាបានឈរជើងនៅតំបន់នោះតាំងពីមុនមានអនុស្សារណៈយោគយល់ឆ្នាំ២០០០។

សូមរម្លឹកជូនថា នៅព្រឹកថ្ងៃពុធ ទី២៨ ឧសភា មានហេតុការណ៍ប៉ះទង្គិចដោយអាវុធប្រមាណ ១០នាទីរវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតំបន់មុំបី ខេត្តព្រះវិហារ។ ហេតុការណ៍នេះបានបណ្តាលឲ្យនាយទាហានកម្ពុជាម្នាក់ គឺលោក សួន រ៉ោនបាត់បង់ជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ៕