ពលរដ្ឋខ្មែរនៅជប៉ុន នាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត

កម្ពុជា
កម្ពុជា-នយោបាយ
31/05/2025 – 10:49
ដោយ៖ សាំ ឧត្តម
RFI

ពលរដ្ឋខ្មែរនៅជប៉ុនដែលអះអាងថា ជាអ្នកប្រជាធិបតេយ្យ បាននាំគ្នាលើកបដានៅចំពីមុខទីស្នាក់ការគណៈរដ្ឋមន្ត្រីជប៉ុន ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត ក្នុងពេលដែលប្រមុខរដ្ឋាភិបាល​កម្ពុជាត្រូវជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា។ ក្រុមអ្នកតវ៉ាបានឈរស្រែកទាមទារឱ្យ លោក ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្ស បញ្ឈប់ការគំរាមកំហែងឆ្លងដែន និងដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ។

ពលរដ្ឋខ្មែរនៅជប៉ុន នាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត


ក្រៅពីការទាមទារប៉ុន្មានចំនុចខាងលើ ពលរដ្ឋខ្មែរនៅជប៉ុនរាប់សិបនាក់ក៏បានលើកបដា និងស្រែកតវ៉ាទាមទារឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់សកម្មភាពចិនប្រើប្រាស់ទឹកដីកម្ពុជា​ធ្វើទីជំរកឧក្រិដ្ឋកម្មអនឡាញផងដែរ។ ក្រុមបាតុករទាំងនោះ បានឈរស្រែកនៅលើផ្លូវដែលក្បួនរថយន្តរបស់ លោក ហ៊ុន ម៉ាណែត ជិះឆ្លងកាត់ទៅចូលរួមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ីស៊ីបាក ស៊ីហ្គែរុ នាទីស្នាក់ការគណៈរដ្ឋមន្ត្រីជប៉ុននាវេលាម៉ោង៥កន្លះល្ងាច។

បើតាម​ក្រុមបាតុករដដែល ពួកគេ នឹងមកតវ៉ាម្តងទៀតនៅក្នុងទីក្រុងតូក្យូ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ដោយគ្រោងមានអ្នកចូលរួមសរុបជាង២០០នាក់។  ​

ឆ្លើយតបនឹងការធ្វើបាតុកម្មនេះ នៅព្រឹកថ្ងៃទី៣១ ខែឧសភា លោក​ ហ៊ុន ម៉ាណែត បានថ្លែងសារក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ដោយបានចំអកដល់ក្រុមបាតុករថា លោកពុំបានចាប់អារម្មណ៍នឹងក្រុមបាតុករឈរស្រែកតវ៉ានៅតាមផ្លូវ នាអំឡុងពេលលោកធ្វើដំណើរទៅជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុននោះទេ ដោយអះអាងថាលោករវល់ពិនិត្យមើលឯកសារសំខាន់ៗដែលជាប្រយោជន៍របស់ជាតិ។  ទោះយ៉ាងណា សម្រាប់លោក ហ៊ុន ម៉ាណែត ការធ្វើបាតុកម្មជាសិទ្ធិរបស់មនុស្សម្នាក់ៗ ហើយរដ្ឋាភិបាលកម្ពុជាពុំបានហាមប្រាមអ្វីឡើយ តែលោកស្នើសុំឱ្យពលរដ្ឋខ្មែររស់នៅក្រៅប្រទេសបញ្ឈប់វប្បធម៌បែបនេះ។ 

ក្រុមបាតុករឈរតវ៉ាវត្តមានលោក ហ៊ុន ម៉ាណែតនៅទល់មុខទីស្នាក់ការគណៈរដ្ឋមន្ត្រីជប៉ុន
ក្រុមបាតុករឈរតវ៉ាវត្តមានលោក ហ៊ុន ម៉ាណែតនៅទល់មុខទីស្នាក់ការគណៈរដ្ឋមន្ត្រីជប៉ុន © Roth Srey

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានជួបប្រជុំជាមួយប្រធានព្រឹទ្ធសភាជប៉ុន ប្រធានរដ្ឋសភាជប៉ុន នាយករដ្ឋមន្ត្រីជប៉ុន និងបានជួបពិភាក្សាការងារជាមួយធុរជនជប៉ុនជាច្រើននាក់ផ្សេងទៀត៕

What Next?

Recent Articles