លោក ហ៊ុន ម៉ាណែត ស្នើកុំឲ្យមានការប្រៀបធៀបកងទ័ពជួរមុខ និងកងទ័ពជួរក្រោយ

កម្ពុជា
កម្ពុជា-នយោបាយ
31/05/2025 – 11:19
ដោយ៖ សឹម ចាន់សំណាង
RFI

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែង ប្រតិកម្មតបទៅក្រុមអ្នកប្រឆាំងនៅបរទេសថា ព្យាយាមបំបែកបំបាក់ទឹកចិត្តកងទ័ព តាមរយៈការប្រៀបធៀបរវាងកងទ័ពជួរមុខ និងកងទ័ពជួរក្រោយ ក្នុងពេលដែលកម្ពុជា និងថៃកំពុងប្រឈមមុខដាក់គ្នាលើបញ្ហាព្រំដែន នៅខេត្តព្រះវិហារ។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គឺក្រោយការបង្ហោះសារតាមបណ្តេញសង្គមរបស់ លោក សម រង្ស៊ី ដែលថា កងទ័ពជួរមុខបានលះបង់អាយុជីវិត ដើម្បីការពារបូរណភាពដែនដី ប្រឆាំងនឹងការឈ្លានពានពីប្រទេសជិតខាងតែមិនទាន់ទទួលបានការដំឡើងស័ក្តិនៅឡើយ។

លោក ហ៊ុន ម៉ាណែត ស្នើកុំឲ្យមានការប្រៀបធៀបកងទ័ពជួរមុខ និងកងទ័ពជួរក្រោយ


ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុននាថ្ងៃទី៣១ ឧសភានេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចោទជាសំណួរទៅកាន់ក្រុមអ្នកប្រឆាំងនៅបរទេសថា ហេតុអ្វី​បានជាព្យាយាមបំបាក់ទឹកចិត្តកងទ័ពជួរមុខនៅតាមព្រំដែន?។លោក ហ៊ុន ម៉ាណែត ថានៅពេលដែលប្រទេសមានសង្គ្រាម ទាំងមេទ័ព និងកូនទ័ពគឺស្ថិតនៅលើសមរភូមិទាំងអស់គ្នា ដូចដែលបានឃើញជាក់ស្តែងកាលផ្ទុះអាវុធដាក់គ្នាអំឡុងឆ្នាំ២០០៨ និងឆ្នាំ២០១១។

ក្នុងសំណេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣០ ឧសភា លោក សម រង្ស៊ី បានប្រៀបធៀបរវាងកងទ័ពជួរមុខ និងកងទ័ពជួរក្រោយថាមានភាពខុសគ្នាខ្លាំង។ លោក សម រង្ស៊ី ថា កងទ័ពជួរក្រោយដែលចាំអង្គុយទះដៃក្នុងអង្គប្រជុំបានឡើងបុណ្យស័ក្តិ ខណៈដែលកងទ័ពសមភូមិមុខការពារជាតិ ដែលលះបង់អាយុជីវិត ដើម្បីការពារបូរណភាពដែនដី ប្រឆាំងនឹងការឈ្លានពានពីប្រទេសជិតខាងមិនទាន់ទទួលបានអ្វីឡើយ។ ត្រង់ចំណុចនេះ ត្រូវបាន លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើជីវភាពរបស់កងទ័ព តាមរយៈការផ្តល់របបហូបចុកដល់កងទ័ពជួរមុខ១គុណនឹង២លើសកងទ័ពជួរក្រោយ ព្រមទាំងមានគោលនយោបាយផ្តល់ដីនិងផ្ទះថែមទៀតផង។ ទាក់ទិននឹងកងទ័ពពាក់ស្បែកជើងផ្ទាត់ និងហូបក្រៀមក្រោះនៅលើសមរភូមិជួរមុខ ត្រូវបាន លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាយុទ្ធវិធីរបស់កងទ័ពតែប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត ស្នើកុំឲ្យមានការប្រៀបធៀបកងទ័ពជួរមុខ និងកងទ័ពជួរក្រោយ
លោក ហ៊ុន ម៉ាណែត ស្នើកុំឲ្យមានការប្រៀបធៀបកងទ័ពជួរមុខ និងកងទ័ពជួរក្រោយ © STPM

យ៉ាងណាមិញលោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររួមគ្នាលើកទឹកចិត្ត និងគាំទ្រដល់កងទ័ព ដែលការធ្វើបែបនេះគឺជាការស្នេហាជាតិ ហើយថារដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងប្រឹងប្រែងដោះស្រាយបញ្ហា និងការពារអធិបតេយ្យ បូរណភាពទឹកដី៕

What Next?

Recent Articles