កម្ពុជា
កម្ពុជា-ថៃ
01/06/2025 – 07:16
ដោយ៖ សឹម ចាន់សំណាង
RFI
អាជ្ញាធរកម្ពុជានិងថៃបានចេញមកអះអាងថា ពុំមានការបិទច្រកព្រំដែនរវាងប្រទេសទាំង២ឡើយ និងថាច្រកទ្វារព្រំដែនគឺនៅដំណើរការជាធម្មតា។ ការចេញមកបញ្ជាក់យ៉ាងដូចនេះរបស់អាជ្ញាធរកម្ពុជា-ថៃ គឺក្រោយការចុះផ្សាយរបស់កាសែតថៃ Khaosod English កាលថ្ងៃទី៣១ ឧសភា ដែលថា រដ្ឋាភិបាលថៃបានរៀបចំបិទច្រកព្រំដែនចំនួន១៦កន្លែងជាមួយកម្ពុជា បន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយប្រាវរវាងទាហានកម្ពុជា និងទាហានថៃនៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ។
អាជ្ញាធរកម្ពុជា-ថៃ អះអាងថា គ្មានការបិទច្រកព្រំដែនរវាងប្រទេសទាំង២នោះទេ
នៅក្នុងលិខិតរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ចេញនៅថ្ងៃទី៣១ ឧសភា បានបដិសេដថា គ្មានការបិទច្រកទា្វរឆ្លងកាត់ណាមួយរវាងប្រទេសកម្ពុជា និងថៃឡើយ។ ប៉ុន្តែថាមានការហាមឃាត់ និងមិនអនុញ្ញាតឲ្យឆ្លងកាត់ ២០គីឡូម៉ែត្រ នៅត្រង់បរិវេណសងខាងនៃតំបន់មានជម្លោះមុំបី តាំងពីថ្ងៃទី២៨ ឧសភាមកម្ល៉េះ។
ចំណែក កាសែតថៃ Khaosod English កាលពីថ្ងៃទី៣១ ឧសភា បានរាយការណ៍ថា រដ្ឋាភិបាលថៃកំពុងរៀបចំប្រកាសបិទច្រកព្រំដែនកម្ពុជា-ថៃចំនួន៦ និងប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នចំនួន១០។ តាមកាសែតថៃ Khaosod មូលហេតុដែលរដ្ឋាភិបាលថៃចង់បិទច្រកព្រំដែន គឺបន្ទាប់ពីពលរដ្ឋខ្មែរបង្ហាញមនោសញ្ចេតនាជាតិនិយម និងធ្វើពហិកាកុំទិញផលិតផលថៃ និងបានបង្កការភ័យខ្លាចដល់ការប៉ះទង្គិចដែលអាចកើតមានរវាងពលរដ្ឋនៃប្រទេសទាំង២។
ប៉ុន្តែភ្លាមៗក្រោយចេញផ្សាយព័ត៌មាននេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហ័ងសុប បានបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃនៅតែបើកដំណើរដដែល ដោយគ្មានគម្រោងបិទច្រកព្រំដែនណាមួយឡើយ។ លោកថា រដ្ឋាភិបាលថៃគាំទ្រពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ និងជំរុញឱ្យបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរថែមទៀតផង។ ដោយឡែក អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទថៃលោក វីនថៃ សូវ៉ារី បានពន្យល់ថា ការបិទច្រកព្រំដែនកម្ពុជា-ថៃ លុះត្រាតែស្ថិតក្នុងភាពចាំបាច់ណាមួយ និងបានច្រានចោលព័ត៌មានខាងលើថាគ្មានប្រភពច្បាស់លាស់។

គួរជ្រាបថា ជម្លោះតានតឹងព្រំដែនរវាងប្រទេសថៃ និងកម្ពុជា គឺកើតមានក្រោយហេតុការណ៍ប៉ះទង្គិចដោយអាវុធប្រមាណ ១០នាទីរវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃពុធ ទី២៨ ឧសភា។ ហេតុការណ៍នេះបានបណ្តាលឲ្យនាយទាហានកម្ពុជាម្នាក់ គឺលោក សួន រ៉ោន បាត់បង់ជីវិត នៅក្នុងសមរភូមិ ដែលរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ភាគីថៃជាអ្នកបង្កហេតុមុន៕