ថៃប្រកាសជាឯកតោភាគី បិទច្រករបៀងមួយចំនួនជាមួយកម្ពុជា

កម្ពុជា
07/06/2025 – 10:54
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ចាប់​ពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០២៥ ​តទៅ ច្រក​តំបន់ និង​ច្រក​របៀង ​រវាង​ព្រំដែន​ថៃ និង​កម្ពុជា ​ត្រូវ​បានបិទ​ជា​បណ្ដោះ​អាសន្ន ដោយ​ឯក​តោ​ភាគី​ ដើម្បី​រង់​ចាំការ​ចរចា ពាក់​ព័ន្ធ​ករណី​វិវាទ​ព្រំដែន​គោក​រវាង​ថៃ​និង​កម្ពុជា​។​ នេះ​ជាការ​បញ្ជាក់​នៅ​ក្នុង​លិខិត​ជូន​ដំណឹង​ របស់​ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា ប្រចាំ​ខេត្តស្រះ​កែវ ​បន្ទាប់​ពី​បាន​ទទួល​ព័ត៌​មាន​ពីយោធា​ថៃ ដែល​ប្រចាំ​ការ​នៅ​តំបន់​ព្រំ​ដែន ខេត្ត​ស្រះកែវ​។

ថៃប្រកាសជាឯកតោភាគី បិទច្រករបៀងមួយចំនួនជាមួយកម្ពុជា


យោង​តាម​លិខិត​ជូន​ដំណឹង​ របស់​ស្ថាន​អគ្គកុង​ស៊ុល​កម្ពុជា ​នាព្រឹក​ថ្ងៃ​ទី​០៧ ​ខែ​មិថុនា ​ការ​ដែល​ថៃ​សម្រេច​ជា​ឯក​តោ​ភាគី​ បិទ​ច្រក​តំបន់​ និង​ច្រក​របៀង​ រវាង​ប្រទេស​ទាំង​ពីរ​ ជា​បណ្ដោះ​អាសន្ន ​ដោយសារ​តែ​ភាគី​កម្ពុជា​បាន​បដិសេធ មិន​ព្រម​ចរចា ៤​ចំណុច គឺ​តំបន់​ប្រាសាទ​តាមាន់​តូច​ តាមាន់ធំ តាក្របី និង​តំបន់​មុំ​បី នៅ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​កម្មាធិការ​ចម្រុះ​ព្រំដែន ​(JBC) ​ដែល​នឹង​ធ្វើ​នៅ​ថ្ងៃទី​១៤ ខែ​មិថុនា ​ឆ្នាំ ២០២៥​។

ចំណែក សារ​ព័ត៌​មាន ​Thai Enquirer ​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​៧ មិថុនា​នេះ​ដែរ​ថា ​អគ្គមេ​បញ្ជាការ​កងទ័ព​ជើង​គោក​ថៃ ​Phana Klaewplodthuk បាន​ចុះហត្ថ​លេខា​លើ​បទបញ្ជា​មួយ​ដោយ​អនុញ្ញាត​ឱ្យ​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ប្រចាំ​នៅ​ Burapha និង Suranaree គ្រប់​គ្រង​ការ​បើក និង​បិទ​ចំណុច​ត្រួត​ពិនិត្យ​ព្រំ​ដែន​ទាំង​អស់​នៅ​ជាប់​កម្ពុជា​។

សារព័ត៌​មាន​ថៃ​ដដែល បាន​ស្រង់​សំដី​អ្នក​នាំ​ពាក្យ​កង​ទ័ព​ជើង​គោក​ថៃ​គឺ​ឧត្តមសេនីយ៍ ​Winthai ​មក​ថា ទោះ​បី​ជា​ថៃ​ខិត​ខំប្រឹង​ប្រែង​បន្ធូរ​ភាព​តាន​តឹង​តាម​មធ្យោ​បាយ​សន្តិភាព​ក៏​ដោយ​ ក៏​កម្ពុជា​បាន​បន្ត​ពង្រឹង​ទ័ព និង​បង្កើត​មូល​ដ្ឋាន​កងទ័ព​នៅជាប់​ព្រំដែន​។​ មេទ័ព​ថៃ​អះអាង​ថា ​វិធាន​ការ​ថ្មី​របស់​ខ្លួន​តាម​រយៈ​ការ​បិទ​​ច្រក​របៀង​តាម​ព្រំដែន​ គឺ​មាន​គោល​បំណង​ការ​ពារ​អធិប​តេយ្យ​ភាព​ថៃ និង​រក្សា​សណ្តាប់​ធ្នាប់​។

ជា​ការ​កត់​សំគាល់ ភាព​តាន​តឹង​នៅតាម​ព្រំដែន​នេះ កើត​ឡើង​បន្ទាប់ពី​ជំនួប​ទល់​មុខគ្នានៃ​ប្រមុខ​កង​ទ័ពប្រទេស​ទាំង​ពីរ​ ដែល​ភាគី​ថៃ​មាន ​លោក ភូមិថាម វីឆាយ៉ាឆៃ រដ្ឋមន្ត្រីការពារ​ជាតិ​ថៃ និង​​លោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា។ ក្នុង​ជំ​នួប​ថ្ងៃទី៥ មិថុនា​ ភាគីថៃ​បាន​ស្នើ ​ឲ្យ​កម្ពុជា​ដក​កង​ទ័ព​ចេញ​ពី​ទី​តាំង​ឈរ​ជើង​នៅតំបន់​មុំ​បី ជាទី​ដែល​មាន​ការផ្ទុះ​អាវុធ​កាលពី​ថ្ងៃ​ទី​២៨​ឧសភា​សម្លាប់​ទាហាន​កម្ពុជា​ម្នាក់​។ តែ​ការស្នើនេះ ​ត្រូវបាន​ប្រមុខ​ការ​ពារ​ជាតិ​កម្ពុជា ​ទាត់​ចោល ​និង​បាន​អះអាងថា ​ទីតាំង​នោះ គឺ​ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា​ ដែល​កង​ទ័ព​កម្ពុជា​បាន​ឈរ​ជើង​តាំង​ពី​យូរ​ណាស់​មក​ហើយ​។​ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​កម្ពុជា​។

ច្រកទ្វារអន្តរជាតិកម្ពុជា និងថៃ
ច្រកទ្វារអន្តរជាតិកម្ពុជា និងថៃ © ច្រកទ្វារអូរស្មាច់

យ៉ាងណា​ក៏ដោយ នៅថ្ងៃ​សៅរ៍​ទី​៧ ខែ​មិថុនា​នេះ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថៃ ​Phumtham Wechayachai បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ បន្ទាប់ពី​មាន​កិច្ច​ប្រជុំ​រវាង​ប្រមុខ​កង​ទ័ព​កម្ពុជា និង​ថៃ ​កាល​ពី​ថ្ងៃ​ទី​៥ ​មិថុនា ការ​ពង្រឹង​វត្ត​មាន​យោធា ​ត្រូវ​បាន​បង្ក​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​។​ ប្រមុខ​ការ​ពារ​ជាតិ​ថៃ ​បានអះ​អាង​ថា​រដ្ឋាភិបាល​ថៃ​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​បន្ថែម និង​ពង្រឹង​ជំហរ​យោធា​របស់​ខ្លួន​ទៅតាម​ភាព​ចាំ​បាច់​។

ជាមួយ​នឹង​ការ​បដិសេធ​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ (ICJ)​ ភាគី​ថៃ​បានបញ្ជាក់​ឡើង​វិញ​នូវការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​រយៈ​ការ​ចរចា​ទ្វេ​ភាគី​ ទៅតាម​អនុស្ស​រណៈ​នៃ​ការ​យោគយល់​គ្នា​ (MOU)​ ឆ្នាំ​ ២០០០​។

ពី​ខេត្ត​រតនគិរី នៅថ្ងៃ​ទី​៧ មិថុនា​នេះ ​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ​បានបញ្ជាក់​ឡើង​វិញ​ថា ​កម្ពុជា​ត្រូវ​តែ​លើក​យក​បញ្ហា​នៅតំបន់​មុំបី ​ប្រាសាទតាមាន់ធំ ​ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តាក្របី ​ប្ដឹងទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ​(ICJ)​ ដើម្បី​រំលត់​ភាព​តាន​តឹង​រវាង​ថៃ-​កម្ពុជា​ ចៀស​វាង​កុំឱ្យ​បន្ត​មាន​ភាពស្រពិច​ស្រពិល និង​បន្ត​ជា​បញ្ហា​រ៉ាំរ៉ៃ ​ដល់​អ្នក​ជំនាន់​ក្រោយ​៕

What Next?

Recent Articles