កម្ពុជា
កម្ពុជា-នយោបាយ
08/06/2025 – 12:59
ដោយ៖ ជួប នរក្សា
RFI
នៅព្រឹកថ្ងៃអាទិត្យទី៨មិថុនានេះ គណបក្សឆន្ទៈខ្មែរ បានធ្វើសមាជដើម្បីកែប្រែលក្ខន្តិកៈមួយចំនួនសម្រាប់ការធ្វើសម្ព័ន្ធភាពជាមួយបក្សដទៃ ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតពេលខាងមុខ។ ក្នុងចំណោមលក្ខន្តិកៈដែលកែសម្រួលនោះ គណបក្សដែលមានកៅអីក្នុងព្រឹទ្ធសភាមួយនេះ ក៏មានកែសម្រួលលក្ខខណ្ឌនៃការចងសម្ព័ន្ធភាពជាមួយគណបក្សដទៃ ដើម្បីឲ្យស្របនឹងច្បាប់កំណត់របស់ក្រសួងមហាផ្ទៃ។
គណបក្សឆន្ទៈខ្មែរសម្រេចកែប្រែលក្ខន្តិកៈសម្រួលដល់ការធ្វើសម្ព័ន្ធភាពជាមួយបក្សដទៃ
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ បានឲ្យដឹងថា សមាជរបស់គណបក្សឆន្ទៈខ្មែរ នៅថ្ងៃអាទិត្យនេះ ធ្វើឡើងក្នុងគោលបំណង២ធំៗ គឺការកែសម្រួលលក្ខន្តិកៈ លើប្រការមួយចំនួន ដើម្បីឲ្យដំណើរការរបស់គណបក្សមានភាពរលូន និងមានប្រជាធិបតេយ្យផ្ទៃក្នុងកាន់តែទូលាយជាងមុន។
អ្វីដែលចម្បងនៃសមាជមួយព្រឹកនេះ គឺការកែសម្រួលចំណុចមួយចំនួនដែលអាចឲ្យគណបក្សឆន្ទៈខ្មែរ អាចចងសម្ព័ន្ធភាពជាមួយគណបក្សផ្សេងទៀត ស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗ។ បើតាម លោក គង់ មុនីកា គណបក្សឆន្ទៈខ្មែរ បានបន្ថែមជំពូកនិងប្រការមួយ ដើម្បីអនុញ្ញាតឲ្យបក្សឆន្ទៈខ្មែរចងសម្ព័ន្ធភាពនយោបាយជាមួយគណបក្សដែលមាននិន្នាការប្រជាធិបតេយ្យដូចគ្នា។
លោកបញ្ជាក់ថា ការធ្វើសមាជរបស់បក្សឆន្ទៈខ្មែរពេលនេះ ដូចនឹងសមាជដែលគណបក្សភ្លើងទៀនបានធ្វើកាលពីថ្ងៃទី២៥ឧសភា ដែលនិយាយអំពីការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយជាលក្ខណៈទេ្វភាគី ឬច្រើនជាងនេះដោយផ្អែកតាមច្បាប់ស្តីពីគណបក្សនយោបាយ។ បើតាមអគ្គលេខាធិការបក្សឆន្ទៈខ្មែរ បក្សជំទាស់មួយនេះនឹងចុះអនុស្សារណៈ ជាមួយគណបក្សភ្លើងទៀន ដើម្បីចងសម្ព័ន្ធភាព រួចដាក់អនុស្សារណៈទៅក្រសួងមហាផ្ទៃឲ្យទទួលស្គាល់ពីសម្ព័ន្ធភាព។

គួរកត់សម្គាល់ថា ការធ្វើសមាជជាបន្តបន្ទាប់គ្នារបស់គណបក្សជំទាស់ពេលនេះ ដោយហេតុថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃបានចេញសេចក្តីសម្រេចមួយស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ។ ក្នុងប្រការ៨ នៃសេចក្តីសម្រេចនេះ បានចែងថា គណបក្សដែលបានធ្វើសម្ព័ន្ធភាពជាមួយគ្នាមិនអាចលើកស្លាករួមតែមួយដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយក្នុងសម្ព័ន្ធភាពជាមួយគ្នាបានទេ។ គណបក្សនយោបាយអាចលើកស្លាកដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់ដាច់ដោយឡែកពីគ្នា៕