ដោយ ប្រាជ្ញ ចេវ
2025.06.08
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ប្រទេសបារាំងនៅថ្ងៃអាទិត្យនេះ ដើម្បីចូលរួមសន្និសីទស្ដីពីមហាសមុទ្ររបស់អង្គការសហប្រជាជាតិ។ អ្នកឃ្លាំមើលបានយល់ឃើញថា លោក ហ៊ុន ម៉ាណែត គួរឆ្លៀតឱកាសស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីជំរុញឱ្យប្រទេសថៃជ្រើសរើសយន្តការអន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែន។

លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជានៅថ្ងៃទី០៨មិថុនា ទៅចូលរួមសន្និសីទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រលើកទី៣ (UNOC3) ដែលធ្វើឡើងនៅទីក្រុងនីស ប្រទេសបារាំងចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែមិថុនា តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres)។
នៅក្នុងសន្នីសីទនេះ លោក ហ៊ុន ម៉ាណែត នឹងឡើងថ្លែងការណ៍ ពីចក្ខុវិស័យ ការប្ដេជ្ញាចិត្ត និងគំនិតផ្ដួចផ្ដើមរបស់កម្ពុជាពាក់ព័ន្ធនឹងអភិបាលកិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ថែមពីនោះ លោក ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេសមួយចំនួនដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូលោក គឹម សុខ បានលើកឡើងថា លោក ហ៊ុន ម៉ាណែត គួរតែឆ្លៀតឱកាសលើកឡើងពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានាធិបតីបារាំង ឱ្យបន្តគាំទ្រដំណោះស្រាយព្រំដែនតាមយន្តការអន្តរជាតិ រួមទាំងប្រកាសពីការប្ដេជ្ញាចិត្តផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២។
បន្ថែមពីលើនេះ លោក ហ៊ុន ម៉ាណែត ត្រូវប្រកាសយកជម្លោះដែនសមុទ្រ ទៅដោះស្រាយនៅឯតុលាការអន្តរជាតិ ទាល់តែលោក ហ៊ុន ម៉ាណែត ប្រកាសបែបនេះ ទើបស្របទៅនឹងជំហរដំណោះស្រាយសន្ដិភាព របស់សហគមន៍អន្តរជាតិ។— លោក គឹម សុខ
បណ្ដាញសារព័ត៌មានអន្តរជាតិមួយចំនួនបានចុះផ្សាយនៅថ្ងៃទី៦មិថុនាថា កងទ័ពថៃបានចេញសេចក្ដីថ្លែងការណ៍ព្រមានមួយថា បានត្រៀមខ្លួនបើកប្រតិបត្តិការកម្រិតខ្ពស់ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា។ ការចេញសេចក្ដីថ្លែងការណ៍ព្រមាននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា បានប្រាប់រដ្ឋមន្ត្រីការពារជាតិថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ថា កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីដែលខ្លួនបានឈរជើងជាអចិន្ត្រៃយ៍ជាយូរមកហើយ នៅតំបន់មុំបី និងជាទីកន្លែងដែលកងទ័ពថៃចូលមកបាញ់សម្លាប់កងទ័ពកម្ពុជានោះទេ ហើយថា ជម្លោះនេះ អាចដោះស្រាយបញ្ចប់បាន គឺតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសថៃបានលើកឡើងថា កម្ពុជានិងថៃសុទ្ធតែជាមិត្តរបស់ចិន ដូច្នេះចិនលើកទឹកចិត្តប្រទេសទាំងពីរអត់ធ្មត់ដោះស្រាយភាពតានតឹងដោយគោលការណ៍ចរចាគ្នា។
អ្នកសិក្សាបញ្ហាសង្គមនិងនយោបាយលោក ប៉ោ មករា បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបន្តស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ជាពិសេសពីអង្គការសហប្រជាជាតិនិងអាស៊ាន ស្របពេលប្រទេសថៃ បង្កើនការគំរាមប្រើប្រាស់កម្លាំងឈ្លានពាន ហើយមិនទទួលយកដំណោះស្រាយពីតុលាការយុត្តិធម៌អន្តរជាតិ ដែលជាទង្វើរំលោភច្បាប់អន្តរជាតិ។
ក្នុងន័យនេះ ប្រសិនបើថៃ នៅតែបន្តសកម្មភាព ឬក៏រំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា ឬបន្តសកម្មភាពយោធានៅតាមព្រំដែនមានទំនាស់ហ្នឹង ខ្ញុំគិតថា កម្ពុជាគួរត្រៀមរកភាគីទី៣ ដូចជាប្រទេសបារាំង និងប្ដឹងទៅតុលាការអេឡាជាដើម។— លោក ប៉ោ មករា
កាលពីថ្ងៃទី០៦ មិថុនា ប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) បានហៅទូរស័ព្ទមកនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដើម្បីជួយសម្របសម្រួលឱ្យមេដឹកនាំប្រទេសទាំងពីរ ជ្រើសយកដំណោះស្រាយព្រំដែនដោយសន្ដិវិធី។ លោក ហ៊ុន ម៉ាណែត បានប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា កម្ពុជាបានប្រកាន់ភ្ជាប់នូវគោលជំហរសន្ដិភាព ហើយការសម្រេចប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ គឺដើម្បីបញ្ឈប់ជម្លោះជាស្ថាពរ និងកុំឱ្យកើតមានជម្លោះប្រដាប់អាវុធជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។