កម្ពុជា
កម្ពុជា-ព្រំដែន
09/06/2025 – 09:55
ដោយ៖ អោ ស្រីពេជ្រ
RFI
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៨មិថុនា ឆ្នាំ២០២៥ បានអះអាងថា មេបញ្ជាការកងទ័ពកម្ពុជា និងថៃបានព្រមព្រៀងកែសម្រួលកម្លាំងទ័ពនៅតំបន់មានជម្លោះ ក្រោមហេតុផលបញ្ជៀសការប៉ះទង្គិចគ្នាដោយបង្ហូរឈាមក្នុងទ្រង់ទ្រាយធំ។ ការព្រមព្រៀងយ៉ាងដូច្នេះត្រូវបានមតិសាធារណៈ និងក្រុមជាតិនិយមខ្មែរខ្លះចាត់ទុកជាការលុតជង្គង់ ឬការចុះញ៉មជាមួយភាគីថៃ។ តែលោក ហ៊ុន សែន បានបញ្ជាក់ថា ទោះមានការកែសម្រួលកម្លាំងទ័ពនៅព្រំដែនថៃ កម្ពុជានៅតែបន្តប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងគ្មានការកែសម្រួលបន្ទាត់ព្រំដែនអ្វីទាំងអស់។
លោក ហ៊ុន សែន៖ កម្ពុជានៅតែបន្តប្តឹងទៅ ICJ ក្រោយកែសម្រួលកម្លាំងទ័ពនៅព្រំដែនដែលមានជម្លោះ
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី៨មិថុនា ឆ្នាំ២០២៥ថា កម្ពុជាបានព្រមព្រៀងកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដោយការស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំង២។ តាមលោក ហ៊ុន សែន ការព្រមព្រៀងរវាងមេបញ្ជាការកងទ័ពខ្មែរ និងថៃនាពេលនេះ គឺជាការបញ្ជៀសការប៉ះទង្គិចគ្នាដោយការបង្ហូរឈាមក្នុងទ្រង់ទ្រាយធំ។ ប្រធានព្រឹទ្ធសភាកម្ពុជាចាត់ទុកការព្រមព្រៀងនេះជាលទ្ធផលផ្លែផ្កាដែលកើតចេញពីការស្វែងរកដំណោះស្រាយតាមរយៈការចរចាពីកម្រិតថ្នាក់រដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខ។
ការព្រមព្រៀងជាមួយថៃដូច្នេះត្រូវបានមតិសាធារណៈ និងអ្នកជាតិនិយមខ្មែរខ្លះចាត់ទុកជាការលុតជង្គង់ ឬការចុះញ៉មជាមួយភាគីថៃ។ ការណ៍នេះនាំឱ្យអ្នកខ្លះបានបង្ហាញពីក្តីអស់សង្ឃឹមថា ការយកសំណុំរឿងព្រំដែននៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នឹងមិនអាចទៅមុខរួចឡើយ។
ការលើកឡើងរបស់មហាជន និងអ្នកជាតិនិយមខ្មែរខ្លះបែបនេះត្រូវបានលោក ហ៊ុន សែន ច្រានចោល ដោយអះអាងថាកងទ័ពកម្ពុជាព្រមព្រៀងកែសម្រួលកម្លាំងទ័ពនៅតំបន់ដែលមានជម្លោះមែនពិត តែមិនមែនជាការដកកងទ័ពចេញពីទឹកដីខ្លួនឯងទេ។ លោក ហ៊ុន សែន បានប្រៀបធៀបការកែសម្រួលកងទ័ពប្រៀបដូចជានៅលើគ្រែដេកដែលកាលពីមុនដេកក្បាលទៅជើង តែពេលនេះដេកក្បាលទៅកើតវិញ។ ចំណុចនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាបញ្ជាក់បន្ថែមដែរនៅថ្ងៃចន្ទទី៩មិថុនានេះ គឺពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។
ដោយឡែក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានអះអាងក្នុងទំព័រហ្វេសប៊ុកផ្លូវការក្នុងថ្ងៃទី៨មិថុនាដែរថា កិច្ចព្រមព្រៀងកែសម្រួលកម្លាំងទ័ពនាពេលនេះអាចសម្រេចទៅបាន ក្រោយលោកស្រី បានជជែកជាមួយរដ្ឋាភិបាលកម្ពុជាដោយផ្ទាល់។ ក្នុងជំនួបដដែលនេះ បើតាមលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ភាគីថៃ និងកម្ពុជាក៏បានបញ្ជាក់ផងដែរអំពីការវិវឌ្ឍកិច្ចចរចាទ្វេភាគី តាមយន្តការគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនាខាងមុខនៅប្រទេសកម្ពុជា។

គួររម្លឹកថា ក្នុងជំនួបទល់មុខគ្នានៃមេដឹកនាំកងទ័ពប្រទេសទាំង២ ក្នុងថ្ងៃទី៥មិថុនា ភាគីថៃតាមរយៈលោក ភូមិថាម វីឆាយ៉ាឆៃ រដ្ឋមន្ត្រីការពារជាតិថៃបានស្នើមកកាន់លោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបី ដែលមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
សំណើនេះ ត្រូវប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា ទាត់ចោល និងបានអះអាងពីជំហររបស់កម្ពុជាវិញថា ទីតាំងដែលបានប៉ះទង្គិចគ្នានោះ គឺជាទីតាំងស្ថិតក្នុងទឹកដីកម្ពុជា ដោយកងទ័ពកម្ពុជាមិនអាចដកជើងចេញពីតំបន់ដែលខ្លួនបានឈរជើងតាំងពីយូរណាស់មកហើយជាដាច់ខាត៕