លោក ហ៊ុន សែន ស្នើឲ្យថៃបញ្ជូនសកម្មជនប្រឆាំងខ្មែរម្នាក់មកកម្ពុជារឿងសម្តែងរិះគន់កងទ័ពកម្ពុជា

កម្ពុជា
កម្ពុជា-នយោបាយ
10/06/2025 – 10:15
ដោយ៖ អោ ស្រីពេជ្រ
RFI

លោក ហ៊ុន សែន បាន​ស្នើឱ្យថៃ​​បញ្ជូនលោក​ អែម ពិសិដ្ឋ សកម្មជនប្រឆាំង និងជាប្រ​ធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ ​មកឱ្យអាជ្ញាធរកម្ពុជា​​​​​ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជននេះបានថតសម្តែងជាកងទ័ពរិះគន់​រដ្ឋា​ភិបាលកម្ពុជា​​​​​។ ​តាមលោក ហ៊ុន សែន​ ​​លោក អែម ពិសិដ្ឋ បានឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ​ ខណៈប្រទេសកំណើតរបស់ខ្លួនកំពុងប្រឈម​​នឹងការឈ្លានពាន​របស់បរទេស​។

លោក ហ៊ុន សែន ស្នើឲ្យថៃបញ្ជូនសកម្មជនប្រឆាំងខ្មែរម្នាក់មកកម្ពុជារឿងសម្តែងរិះគន់កងទ័ពកម្ពុជា


​ ​លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច​បានសរសេរសារ​នៅលើទំព័រហ្វេសប៊ុកផ្លូវការ​របស់លោកនៅរសៀលថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៥​នេះថា ​អាជ្ញា​ធរថៃ​គួរបញ្ជូន​​​សកម្មជនប្រឆាំង គឺលោក ​អែម ពិសិដ្ឋ ដែលបាន​សម្តែងជាកងទ័ព​វាយប្រហារមេដឹកនាំខ្មែរ​​ អំឡុងមានជម្លោះព្រំដែនជាមួយថៃ។ តាមលោក ហ៊ុន សែន ​​​​ប្រទេសកម្ពុជា​​ប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស តែ​បែរជា​សកម្មជនប្រឆាំងរូបនេះ​ទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ​ទៅវិញ​។

លោក ហ៊ុន សែន ​ចាត់ទុកការបង្ហោះវីដេអូសម្តែងរបស់លោក អែម ពិសិដ្ឋ ​ជាទង្វើក្បត់ជាតិ​ដែលមិនអាចលើកលែងឱ្យបានជាដាច់ខាត ​និងថា អាជ្ញាធរថៃគួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជាចាត់វិធានការតាមផ្លូវច្បាប់ ​ប្រសិនបើថៃ​មិនឃុបឃិតជាមួយជននេះទេ។

គួរជ្រាបថា ក្នុងសម្លៀកបំពាក់ជាទាហាន​ លោក អែម ពិសិដ្ឋ បានថតសម្តែងដោយការ​និយាយបែបលេងសើចថា ​​ខ្លួន​ចង់ធ្វើទាហានតាមបន្ទាត់​ព្រំដែន​​​ ប៉ុន្តែ​​​រដ្ឋាភិបាល​កម្ពុជាបែរ​​ដក​កងទ័ពចេញ ហើយ​​មេបញ្ជាការកងទ័ពធំៗឯណោះក៏​សុទ្ធតែប្រកាន់​បក្សពួក​។ វីដេអូខ្លីនេះត្រូវបានបង្ហោះ​​ក្នុង​គណនី Tik Tok របស់ លោក អែម ពិសិដ្ឋ ឈ្មោះ «Amy Richard310» និងហ្វេសប៊ុក ឈ្មោះ «Piseth PG EM»

ទាក់ទងទៅនឹងការស្លៀកឯកសណ្ឋានកងទ័ពថតវីដេអូសម្ដែងផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់សកម្មជនប្រឆាំងនេះដែរ លោក​ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាក៏​បានបង្ហោះសារផ្តាំប្រាប់ក្រុមប្រឆាំងដែល​រស់នៅក្រៅប្រទេសថា «នៅស្រុកគេ​ឱ្យបានសុខហើយ កុំចេះតែបញ្ចេញមតិបង្កភាពចលាចលទាំងដែលខ្លួនមិននៅក្នុងស្រុក និងដោយអះអាង​ថា ​មកដល់ពេលនេះកម្ពុជាមិនបានដកកងទ័ពនោះទេ»

លោក ហ៊ុន សែន និងគ្រួសារផ្តល់ប្រាក់ ១០លានដុល្លារដើម្បីសាងសង់កន្លែងស្នាក់នៅនិស្សិតស្រីក្រីក្រ
លោក ហ៊ុន សែន និងគ្រួសារផ្តល់ប្រាក់ ១០លានដុល្លារដើម្បីសាងសង់កន្លែងស្នាក់នៅនិស្សិតស្រីក្រីក្រ © SHSC

ដោយឡែក ក្នុងថ្ងៃទី​១០មិថុនាដដែលនេះ ​​​អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ​វិញ​បានចាត់ទុក​​ការផលិតវីដេអូសម្តែង​របស់​សកម្មជន​នយោបាយនៅស្រុកថៃនេះថាមានចរិត​ញុះញង់​រើសអើង ក្នុងចេតនា​បំបាក់ទឹកចិត្ត​​កងទ័ព​ និងផ្សព្វផ្សាយព័ត៌មាន​មិនពិតដែលធ្វើឱ្យ​សាធារណៈជន​មានការយល់ច្រលំដើម្បី​ប្រឆាំងរដ្ឋាភិបាលកម្ពុជា​​​។ ​ ​

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ​​​ក៏បានព្រមាន​ស្រាវជ្រាវ​អនុវត្តតាមនីតិវិធី ​ចំពោះ​ការបង្ហោះព័ត៌មាន ដែលគ្មានប្រ​ភពច្បាស់លាស់ និងថា មុន​ចូលរួម​មតិយោបល់ណាមួយ​​​ ​​សាធារណៈជន​ត្រូវតែ​​ពិចារណាឱ្យបានល្អិតល្អន់​ជាមុនសិន ដើម្បីរួមគ្នា​ស្វែងយល់ពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ​៕

What Next?

Recent Articles