លោក ហ៊ុន សែន ទទួលស្គាល់សំឡេងសន្ទនាបែកធ្លាយរវាងលោកជាមួយនាយករដ្ឋមន្ត្រីថៃ

កម្ពុជា
18/06/2025 – 13:37
ដោយ៖ ហ៊ុល រស្មី
RFI

ប្រធានព្រឹទ្ធសភា និងជាប្រមុខគណបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រកាសជាសាធារណៈទទួលស្គាល់សារសំឡេងសន្ទនាបែកធ្លាយរបស់លោកជាមួយ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែល​ត្រូវបានគេផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមិថុនានេះ។ តាម​ លោក ហ៊ុន សែន ការ​សន្ទនានោះ​បានធ្វើ​ឡើង​នៅថ្ងៃទី១៥ ខែមិថុនា ពាក់ព័ន្ធបញ្ហាដែល​ថៃបិទព្រំដែនជាមួយកម្ពុជា។

លោក ហ៊ុន សែន ទទួលស្គាល់សំឡេងសន្ទនាបែកធ្លាយរវាងលោកជាមួយនាយករដ្ឋមន្ត្រីថៃ


នៅថ្ងៃទី១៨ ខែ មិថុនានេះ អតីតនាយករដ្ឋមន្ត្រីកម្ពុជា ​លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា លោកពិតជាបានសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន រយៈពេល ១៧នាទី​ និង០៦វិនាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ។ លោកថា ជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនត្រូវបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសំឡេង និងដើម្បីតម្លាភាពផ្ទៃក្នុងរបស់កម្ពុជា​​។

តាម លោក ហ៊ុន​ សែន សារសំឡេងដែលលោកអះអាងថា បានបែកធ្លាយតែជាង៩នាទីក្នុងប្រព័ន្ធទំនាក់ទំនងសង្គមនោះ ត្រូវបានបញ្ជូនទៅគណៈអចិន្ត្រៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន​ និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប​៨០នាក់។ លោក ហ៊ុន សែន បានរំលេចដែរថា នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់មិនពេញចិត្តនឹងនាយករដ្ឋមន្ត្រីថៃ​ ព្រោះក្រោយនិយាយគ្នាជាមួយលោកប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃ ចេញមកចោទមេដឹកនាំកម្ពុជាថា​ ធ្វើនយោបាយអត់វិជ្ជាជីវៈ ធ្វើនយោបាយតាម Facebook។ លោកចាត់ទុក ឥរិយាបថរបស់ភាគីថៃបែបនេះថា ជា «ទង្វើនិយាយផ្សេង ធ្វើផ្សឹង»។

នៅខាងដើមសារសំឡេងបែកធ្លាយដែលមានរយៈពេលតែ ៩នាទី និង៣០វិនាទី លោកស្រីផែថងថាន បានលើកឡើងអំពីការចង់បានភាពស្ងប់សុខរវាងកម្ពុជា​ និងថៃ ហើយស្នើសុំកុំឲ្យលោកហ៊ុន សែន ស្តាប់សម្តីមេទ័ពថៃ ភូមិភាគ២ ដែលមានជំហរប្រឆាំងនឹងកម្ពុជា ដែលមិនស្តាប់តាមរដ្ឋាភិបាលថៃ។ ក្នុងសារបែកធ្លាយនោះ លោក ហ៊ុន សែន ទាមទារឲ្យភាគីថៃបើកច្រកទ្វារព្រំដែនឡើងវិញទាំងអស់ជាប្រក្រតី ហើយកម្ពុជាបាន​បដិសេធ មិនមានការចរចាជាមួយថៃលើការ​បើកព្រំដែននេះទេ ព្រោះថៃជាអ្នកបង្ករឿងមុន។ តែលោកថា បើថៃបើកច្រកទ្វារព្រំដែនឡើងវិញ កម្ពុជានឹងប្រើពេលយ៉ាងយូរបំផុត៥ម៉ោង ដកបទបញ្ជាទាំងឡាយដែលបានហាមឃាត់ការដឹកជញ្ជូនផ្លែឈើពីថៃ ចូលទឹកដីកម្ពុជា។

ភ្លាមៗក្រោយប្រតិកម្មរបស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃពុធនេះ បានរិះគន់ អតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភាកម្ពុជារូបនេះយ៉ាងចាស់ដៃ ចំពោះការចេញផ្សាយឃ្លីបសំឡេងរបស់លោកស្រីដែលនិយាយជាមួយមេដឹកនាំកម្ពុជា។ អ្នកស្រីថ្លែងទៀតថា ទង្វើរបស់កម្ពុជា គឺជាការប៉ុនប៉ងពន្យុះឲ្យមានការបែកបាក់រវាងរដ្ឋាភិបាលលោកស្រី និងក្រុមយោធាថៃ។ លោកស្រីផែថងថាន ក៏បានចោទលោកហ៊ុន សែនថា បានកំពុងស្វះស្វែងរកប្រជាប្រិយភាពជូនរដ្ឋាភិបាលកម្ពុជារបស់កូនប្រុសលោក គឺលោក ហ៊ុន ម៉ាណែត។ នេះបើតាមកាសែតថៃ Khaosod English៕

What Next?

Recent Articles