រដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលព័ត៌មានថា វៀតណាមចូលកាន់កាប់កោះឬស្សី

កម្ពុជា
កម្ពុជា-វៀតណាម
22/06/2025 – 09:27
ដោយ៖ អ៊ឹង ប៊ុនថន
RFI

រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​ នៅ​ថ្ងៃ​ទី​២០ ​ខែ​មិថុនា​ ឆ្នាំ​២០២៥ ​បាន​ចេញ​មក​ច្រាន​ចោល​ព័ត៌​មាន​លើ​បណ្តាញ ​សង្គម​ TikTok​ ដែល​ថា​ «ស្ងាត់ៗ​វៀត​ណាម​បាន​កាន់​កាប់​កោះ​ឬស្សី​ហើយ»​។​ តែ​រដ្ឋ​បាល​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ​ចាត់​ទុក​ថា​នេះ​គឺ​ជា​ព័ត៌​មាន​មិន​ពិត​ និង​បាន​បង្កប់​នូវ​ចេតនា​ទុច្ចរិត​ បំភាន់​ ញុះ​ញង់ សាធារណ​មតិ​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​ តាម​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​កោះឬស្សី ​គឺ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិ​អុង សង្កាត់រាម ក្រុងកំពង់​សោម​ ខេត្ត​ព្រះសីហនុ​។​

រដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលព័ត៌មានថា វៀតណាមចូលកាន់កាប់កោះឬស្សី


លោក​ ឡុង ឌីម៉ង់ អភិបាល​រង ​និង​ជាអ្នក​នាំពាក្យ​ខេត្ត​ព្រះ​សីហនុ បាន​ថ្លែង​ថា​ កោះឬស្សី ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចុះកិច្ច​សន្យា​ជួល​ទៅ​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​ចំនួន​ ០២ ​គឺ​មួយ​ជា​ក្រុម​ហ៊ុន​ខ្មែរ​ និង​មួយទៀត​ជា​ក្រុម​ហ៊ុន​របស់​បារាំង។​

លោកថ្លែងថា «សព្វ​ថ្ងៃ​នេះ​ គឺ​មាន​ក្រុម​ហ៊ុន​របស់​ខ្មែរ​មួយ​ បាន ​និង​កំពុង​សាង​សង់​អភិវឌ្ឍន៍​ចប់​ហើយ ​និង​កំពុង​ដំណើរ​ការ​ប៉ែក​ខាង​ជើង​នៃ​កោះ។​ ដោយ​ឡែក​ប៉ែក​ខាង​ត្បូង​ជា​ការ​វិនិយោគ​ឲ្យ​ក្រុម​ហ៊ុន​បា​រាំង​មួយ​ដែល​បាន​អភិវឌ្ឍន៍​ហើយ​ដាក់​ឲ្យ​ដំណើរ ​ហើយ​ទទួល​បាន​ការ​សាទរ​ច្រើន​។​ជា​ប្រភេទ​សណ្ឋាគារ​លំដាប់​ វាជា​ផលិត​ផល​ទេសចេរណ៍​ល្អ​បំផុត​របស់​ខេត្ត​ព្រះសីហនុ​។​ដូច្នេះ​អត់​មាន​វៀតណាម​ ឬ​អាជ្ញាធរ​វៀត​ណាម​ណា​មក​កាន់​កាប់​កោះឬស្សី​ទេ…»

រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ ​បញ្ជាក់ថា ​បច្ចុប្បន្ន​ក្រុម​ហ៊ុន​ទាំង​នេះ ​បាន និង​កំពុង​ដំណើរ​ការ​អាជីវកម្ម ​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​មក​សម្រាក លំហែ​កាយ ​នៅ​លើ​កោះឬស្សី ​ដោយ ​ក្រុម​ហ៊ុន ​KOH RUSSEY RESORT Co.,LTD វិនិយោគ​លើ​ទំហំ​ផ្ទៃ​ដី​ ៧៨ហិកតា ​តាម​កិច្ច​សន្យាជួល ​ចុះថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០០៨​។​ ចំណែក​ ក្រុម​ហ៊ុន ​EVERSPRING ​RESORT Co.,LTD​ វិនិយោគ​លើ​ទំហំ​ផ្ទៃ​ដី​ ៥២​ហិកតា តាម​កិច្ច​សន្យាជួល ចុះ​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០១១​៕

What Next?

Recent Articles