លោក ហ៊ុន ម៉ាណែត ថាកម្ពុជាបាញ់ទម្លាក់ដ្រូនរបស់ថៃ ដោយសារថៃមិនស្តាប់ការតវ៉ាតាមលិខិត

កម្ពុជា
កម្ពុជា-ថៃ
23/06/2025 – 11:34
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បានថ្លែង​នៅថ្ងៃ​ទី​២៣​ខែ​មិថុនា​នេះ​ថា កម្ពុជា​បាន​បាញ់​ទម្លាក់​ «​ដ្រូនស៊ើប​ការណ៍» ​របស់​ភាគី​ថៃ​ធ្លាក់​អស់​មួយ​ចំនួន​ ដោយ​សារ​តែ​ហោះ​រំលោភ​លើ​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា​។​ នៅ​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​គណៈ​កម្មាធិ​ការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប នាថ្ងៃ​ចន្ទ​នេះ ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​អះអាង​ថា ​ការ​ដែល​កម្ពុជា​សម្រេច​ចិត្ត​បាញ់​ទម្លាក់​ដ្រូន​របស់​ភាគីថៃ គឺ​ដោយសារ​តែ​ថៃ​មិន​ទទួល​ស្គាល់​ទង្វើ​របស់​ខ្លួន​ នៅ​ពេល​ដែល​កម្ពុជា​ដាក់​លិខិត​តវ៉ា​ទៅ​ថៃ​ករណី​បង្ហោះ​ដ្រូន​នាពេល​កន្លង​មក​។

លោក ហ៊ុន ម៉ាណែត ថាកម្ពុជាបាញ់ទម្លាក់ដ្រូនរបស់ថៃ ដោយសារថៃមិនស្តាប់ការតវ៉ាតាមលិខិត


ក្រៅពី​ករណី​បាញ់​ទម្លាក់​ដ្រូន​ដែល​ហោះ​រំលោភ​ចូល​ទឹក​ដី​កម្ពុជា​ លោក ​ហ៊ុន ​ម៉ាណែត ​បាន​អះអាង​ថា ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​ទាហាន​កម្ពុជា​ក៏​ប្រទះ​ឃើញ​កាំ​ភ្លើង​យន្ត​មួយ​ដើម​របស់​ទាហាន​ថៃ​ដែល​ទម្លាក់ ​ចោល នៅ​ពេល​ទាហាន​កម្ពុជា​ដេញ​ឲ្យ​ដក​ទ័ព​ថយ​ទៅ​វិញ​។​ បើ​តាម​ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា ​កាំភ្លើង​មួយដើម​នោះ ​ត្រូវ​បាន​ទាហាន​កម្ពុជា​រើស​យក​មក​រក្សា​ទុក​ និង​ហៅ​ភាគី​ថៃ​ឲ្យ​មក​ទទួល​យក​ទៅ​វិញ​។

តាម​ការ​រាយការណ៍​ពី​ទាហាន​កម្ពុជា​ គឺ​ទាហាន​ថៃ​តែង​តែ​លួច​បង្ហោះ​ដ្រូន​ឈ្លប​យក​ការណ៍​នៅ​តាម​ព្រំ​ដែន ​ដោយ​ហោះរំលោភ​ចូល​អធិប​តេយ្យ​ភាព​កម្ពុជា​។​ ជាក់​ស្តែង​ នៅចន្លោះ​ម៉ោង​១១ ​ដល់ម៉ោង​២យប់​ ថ្ងៃ​ទី១៨​ ខែ​មិថុនា ​កង​ទ័ព​កម្ពុជា បាន​បាញ់​ទៅ​លើអាកាស​ជាច្រើន​ដង សង្ស័យ​មាន​ដ្រូន​យោធា​ថៃបំពាន​ចូល​ដែន​អធិបតេយ្យ​ភាព​កម្ពុជា​នៅ​ខេត្ត​ពោធិ៍សាត់​។​ ចំណែក​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មិថុនា​ ឆ្នាំ២០២៥ កង​ទ័ព​របស់​កម្ពុជា​ដែល​កំពុង​ឈរ​ជើង​នៅតំបន់​ជួរ​មុខ​ បានចាប់​ដ្រូន​មួយ​គ្រឿង​ដែល​ហោះ​ចូលមក​ស៊ើប​ការណ៍​នៅ​តាម​ព្រំដែន​លើ​ទឹក​ដី​ក្នុង​ខេត្ត​ព្រះវិហារ​៕

What Next?

Recent Articles