តុលាការ​ក្រុង​ភ្នំពេញ​អនុវត្ត​ដីកា​ប្រគល់​ត្រា​គណបក្ស​នរោត្តម​រណប្ញទ្ធិ​ឲ្យ​លោក សៅ រ៉ានី

សៅរ៍ 28 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

កាល​ពី​រសៀល​ថ្ងៃ​ទី២៧ កក្កដា ម្សិលមិញ​នេះ ត្រា​គណបក្ស​នរោត្តម​រណប្ញទ្ធិ ត្រូវ​បាន​ប្រគល់​ឲ្យ​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​នេះ​ហើយ។

ស្លាកសញ្ញាគណបក្ស នរោត្តម រណប្ញទ្ធិ

ស្លាកសញ្ញាគណបក្ស នរោត្តម រណប្ញទ្ធិ

តាម​មន្រ្តី​គណបក្ស​នរោត្តម​រណប្ញទ្ធិ​ ការ​ប្រគល់​ត្រា​ទៅ​ឲ្យ​លោក សៅ រ៉ានី នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៥​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២ ដោយ​លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង​តុលាការ​ក្រុង​ភ្នំពេញ ដោយ​មាន​ទាំង​អាន​ដីកា​សម្រេច​ការពារ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២ ដល់​លោក ឈឹម សៀកឡេង ប្រធាន​ស្តីទី​គណបក្ស​នរោត្តម​រណប្ញទ្ធិ និង​លោក នរ៉ាណាប្ញទ្ធិ អានន្ទដាយ៉ាត នាយក​ខុទ្ទកាល័យ​សម្តេច​ក្រុម​ព្រះ​ស្តាប់​ទៀត​ផង។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃទី​២៥ ខែកក្កដា តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​សម្រេច​ការពារ តាម​សំណើ​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​នរោត្តម​រណប្ញទ្ធិ ដោយ​បដិសេធ​ចោល​នូវ​លិខិត​របស់​ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ដែល​បញ្ចប់​តំណែង​លោក សៅ រ៉ានី និង​មន្រ្តី​ទាំង​៥នាក់​ពី​គណបក្ស ហើយ​រក្សា​តួនាទី​ពួក​គេ​ឲ្យ​នៅ​ជា​បណ្តោះ​អាសន្ន ព្រម​ទាំង​បញ្ជា​ឲ្យ​ប្រគល់​ត្រា​គណ​បក្ស​នរោត្តម​រណប្ញទ្ធិ​ទៅ​ឲ្យ​លោក សៅ រ៉ានី ដើម្បី​គ្រប់គ្រង​គណបក្ស​នរោត្តម​រណប្ញទ្ធិ៕

What Next?

Recent Articles