អង្គការឃ្លាំមើលបរិស្ថានក្នុងស្រុកមួយ បានឲ្យដឹងថា បញ្ហាបរិស្ថាននៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំនេះ កំពុងស្ថិតក្នុងភាពប្រកាសអាសន្ន ដោយសារគម្រោងសម្បទានរ៉ែក្រោមដី និងការកាប់បំផ្លាញព្រៃឈើយ៉ាងអានាធិបតេយ្យ។
ដោយ តាំង សារ៉ាដា
2012-08-30
វិទ្យុអាស៊ីសេរី

មេសា-២០១២៖ កន្លែងធ្វើអាជីវកម្មរុករករ៉ែនៅតំបន់ព្រៃឡង់ ខាងត្បូង ជុំវិញតំបន់ភ្នំជី នាខេត្តកំពង់ធំ។
CCHR Photo
ប្រធានសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន លោក ម៉ម សម្បត្តិ មានប្រសាសន៍ថា បញ្ហាដែលគួរឲ្យព្រួយបារម្ភជាងគេ គឺគុណភាពដី និងទឹក កំពុងរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារការបង្ហូរសារធាតុគីមីពីការជីកយករ៉ែចេញមកខាងក្រៅ។ លោកបញ្ជាក់ថា ការបង្ហូរសារធាតុគីមី និងការកាប់បំផ្លាញព្រៃឈើ ក៏កំពុងគម្រាមប្រព័ន្ធការពារបរិស្ថានដែរ ដូចជាជីវចម្រុះ និងឧស្ម័នអុកស៊ីសែន សម្រាប់ចិញ្ចឹមជីវិតមនុស្ស។
អង្គការនេះ បានរកឃើញថា ក្រុមហ៊ុនធំៗដែលកំពុងរុករករ៉ែនៅកម្ពុជា មានក្រុមហ៊ុនមកពីប្រទេសចិន វៀតណាម កូរ៉េ អូស្ត្រាលី បារាំង សហរដ្ឋអាមេរិក និងក្រុមហ៊ុនឯកជនក្នុងស្រុកចំនួនជាង៦០។ ក្រុមហ៊ុនទាំងនេះ កំពុងជីកកកាយរករ៉ែមាស ដែក សំណ បុកស៊ីត ថ្មម៉ាប ធ្យូងថ្ម ត្បូង ស្ពាន់ធ័រ ស័ង្កសី និងរ៉ែទីតានីញ៉ូម នៅតាមបណ្ដាខេត្តក្នុងតំបន់ភូមិភាគឦសាន និងនៅតាមខេត្តកំពង់ធំ ព្រះវិហារ បណ្ដាខេត្តដែលនៅតាមដងបឹងទន្លេសាប និងខេត្តកោះកុង។
មន្ត្រីឃ្លាំមើលធនធានធម្មជាតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៍ថា ទាំងក្រុមហ៊ុនចិន និងក្រុមហ៊ុនក្នុងស្រុកជាច្រើន កំពុងប្រើម៉ាស៊ីនរាវរករ៉ែរាប់ពាន់គ្រឿង ដើម្បីជីកកកាយយករ៉ែយ៉ាងអានាធិបតេយ្យ នៅតំបន់ព្រៃឡង់ប៉ែកខាងត្បូង ក្នុងទឹកដីខេត្តកំពង់ធំ ជាប់ព្រំដែនខេត្តក្រចេះ ត្រង់ចំណុចស្នងអន។
លោកបន្តថា កម្ពុជានៅមិនទាន់ចេះគ្រប់គ្រងធនធានរ៉ែនេះឲ្យបានច្បាស់លាស់នៅឡើយទេ ហើយអំពើអានាធិបតេយ្យរុករករ៉ែ និងការកាប់ព្រៃឈើនៅកម្ពុជា កំពុងដើរបញ្ច្រាសនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរដ្ឋាភិបាល។
ទោះបីជាមានការអះអាងតាមរយៈការចុះឃ្លាំមើលផ្ទាល់ដល់តំបន់ដែលរងការបំផ្លាញធនធានធម្មជាតិក្នុងខេត្តជាច្រើន រួមទាំងខេត្តកំពង់ធំ នោះក៏ដោយ ក៏អាជ្ញាធរខេត្តកំពង់ធំ អះអាងថា បញ្ហាបរិស្ថាននៅមិនទាន់មានអ្វីដែលគួរឲ្យកត់សម្គាល់ទេ។
អភិបាលរងខេត្តកំពង់ធំ លោក អ៊ុត សំអន បានទទួលស្គាល់ថា ពិតជាមានការរុករករ៉ែក្នុងខេត្តនេះប្រាកដមែន ប៉ុន្តែដំណើរការនោះមិនបានធ្វើឲ្យមានការព្រួយបារម្ភសម្រាប់បរិស្ថានឡើយ។
ទាក់ទិននឹងការបារម្ភអំពីភាពគគ្រឹកគគ្រេងក្នុងការរុករករ៉ែនេះដែរ អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលមានមូលដ្ឋានក្នុងទីក្រុងឡុង (London) ប្រទេសអង់គ្លេស បានរកឃើញថា ពលរដ្ឋខ្មែរសឹង៨០%ពឹងផ្អែកលើរបរកសិកម្ម និងធនធានធម្មជាតិ។
អង្គការនេះអះអាងថា ប្រសិនបើប្រតិបត្តិការរាវរករ៉ែក្នុងប្រទេសកម្ពុជា កាន់តែរីកជាទ្រង់ទ្រាយធំទៅនោះ វិបត្តិបរិស្ថានប្រាកដជាជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើពលរដ្ឋតាមមូលដ្ឋាន សន្តិសុខស្បៀង និងប្រភពទឹកស្អាតសម្រាប់មនុស្ស សត្វ និងជីវចម្រុះផ្សេងៗទៀត។
អ្នកស្រី មេហ្គែន មាក់ស៊ីននេស (Megan Macinnes) មន្ត្រីឃ្លាំមើលខាងផ្នែកបរិស្ថានរបស់អង្គការឃ្លាំមើលពិភពលោក បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា កម្ពុជាមិនត្រូវប្រើរូបមន្តធ្វើឲ្យមានកំណើនសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការប្រមូលសម្បត្តិរ៉ែ និងឈើប្រណិតៗដ៏មហាសាល ដើម្បីធ្វើអាជីវកម្ម ហើយដាក់ជំនួសមកវិញនូវដំណាំកសិឧស្សាហកម្មនោះឡើយ ហើយថា ការធ្វើបែបនេះ អាចនាំឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចរយៈពេលខ្លីប៉ុណ្ណោះ។
អ្នកស្រី មេហ្គែន មាក់ស៊ីននេស៖ «អ្វីដែលសំខាន់នោះ គឺថា តើរដ្ឋាភិបាលកម្ពុជាត្រូវរចនាអនាគតនៃប្រជាជាតិរបស់ខ្លួនដោយរបៀបណា។ នៅពេលដែលរដ្ឋាភិបាលចង់បានឲ្យមានកំណើនសេដ្ឋកិច្ចនៃប្រទេសរបស់ខ្លួន គេមិនត្រូវគ្រាន់តែគិតអំពីការទទួលផលក្នុងរយៈពេលខ្លី ឬសម្រាប់ពេលបន្ទាន់ភ្លាមៗនោះទេ តែគេត្រូវគិតអំពីភាពយូរអង្វែង នៃសន្តិសុខបរិស្ថាន និងការទ្រទ្រង់ដល់សង្គម ទៅតាមអ្វីដែលជាការសម្រេចចិត្ត។ បញ្ហានេះ គេត្រូវឲ្យប្រាកដថា ការធ្វើឲ្យមានភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច គួរពិចារណាសម្រាប់រយៈពេលយូរអង្វែង»។
ក្រៅពីការព្រួយបារម្ភអំពីភាពអានាធិបតេយ្យរាវរករ៉ែ អាចប៉ះទង្គិចដល់បរិស្ថាន និងនិរន្តរភាពនៃសេដ្ឋកិច្ចប្រទេសនោះ ក៏មានការចោទសួរពីសំណាក់ក្រុមអ្នកជំនាញខ្លះថា ហេតុអ្វីបានជាសេដ្ឋកិច្ចនៃបណ្ដាប្រទេសដែលសម្បូរសម្បត្តិធម្មជាតិដ៏មហាសាល មានការរីកលូតលាស់យឺតជាងបណ្ដាប្រទេសដែលមានធនធានធម្មជាតិតិចតួច?
សៀវភៅមួយដែលមានចំណងជើងថា ពិភពដែលត្រូវគេប្លន់ សរសេរដោយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Oxford ខាងផ្នែកសេដ្ឋកិច្ច និងជាអតីតអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមប្រចាំនៅធនាគារពិភពលោក លោក ផល ខូលៀរ (Paul Collier) បានសរសេរថា ប្រទេសដែលសម្បូរសម្បត្តិធម្មជាតិ ត្រូវប្រយ័ត្នឲ្យបានខ្ពស់ ព្រោះវាអាចជាលាភ ឬជាបណ្ដាសា ប្រសិនបើប្រទេសទាំងនោះគ្មានការចាត់ចែង និងគ្រប់គ្រងឲ្យមានតម្លាភាព មានអំពើពុករលួយ និងខ្វះប្រព័ន្ធយុត្តិធម៌ ដែលគួរឲ្យជឿទុកចិត្ត។
លោក ផល ខូលៀរ បញ្ជក់ថា ជាក់ស្តែងប្រទេសសេរ៉ាឡេអូន (Sierra Leone) សឹងតែត្រូវបានបំបែកជាតំបន់អបគមន៍ជាច្រើន ដោយសារជម្លោះដណ្ដើមកាន់កាប់តំបន់រ៉ែ ត្បូង និងពេជ្រ។ ចំណែករ៉ែប្រេងនៅប្រទេសនីហ្សេរី (Nigeria) បាននាំឲ្យមានសង្គ្រាមក្នុងស្រុក ដោយសារការគ្រប់គ្រងពោរពេញដោយអំពើពុករលួយក្នុងជួរមន្ត្រីរដ្ឋាភិបាល។ ប៉ុន្តែ រ៉ែត្បូងពេជ្រនៅប្រទេសបូស្វាណា (Botswana) និងរ៉ែប្រេងនៅប្រទេសន័រវែស (Norway) វិញ បាននាំឲ្យកម្រិតនៃការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ និងបរិស្ថានរបស់ប្រទេស មានស្តង់ដារខ្ពស់ជាងគេបំផុតក្នុងពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
វាពីតជាមានការពិបាកក្នុងការ ការពារផលប៉ះពាល់ពីការរុករករ៉ែ ។ ក្នុងរយះពេលខ្លី ផលប់ះពាល់ពុំទាន់មានអ្វីគួរអោយកត់សំគាល់មែន ប៉ុន្តែរដ្ឋាភិបាលគួរមានវិធានការស្របតាម មតិរបស់អ្នកជុំនាញ ។ គារស្រាវជ្រោវឯករាជ្យ មួយគួរត្រូវបានគេធ្វើឡើងដើម្បីវាយតំលែ ពីផលប៉ះពាល់ទាំងនេះ ។ គួរយល់ផងដែរថា ផលប៉ះពាល់របស់វា គឺដូចជាជម្ងឺមហារីកអញ្ចឹងដែរ គឺមិនអាចថយក្រោយបានឡើយ ។ រដ្ឋាភិបាលគួរពិចារណា!
KonPok
និយាយត្រឹមត្រូវ
មន្ត្រីមួយចំនួនគិតតែពីសប្បាយ ប្រជែងមានប្រជេងក្រ តើមានពេលឯណាទៅគិតពិរៀងជាតិដ៏វែងឆ្នាយនេះទៅ? ខួរក្បាលពូកមន្ត្រីទាំងនោះគឺជាមនុស្ស ល្មោភលាភស័ក្ការះ វណ្ណះ បក្សពូក តើមានបុន្នាននាក់ទៅដែលជាមន្ត្រីចេះលះបង់ដើម្បីជាតិ ?ខ្ញុំមិនចង់និយាយដី នឹងពលករដែលបាត់ ឬគ្រប់គ្រងដោយប្រទេសជិតខាងនោះទេ តែសូមឲ្យពលរដ្ឋដែលនៅសល់នោះបានក្តីសុខទៅបានហើយ ហើយសូមពូកយួននោះដេលរស់នៅស្រុកខ្មែរមានលិខិតស្នាមត្រឹមត្រូវ សមជាចោរលូចចូលប្រទេសគេផង ។មេដឹកនាំខ្មែរមិនចេះមើលប្រទេសគេ មិនដែលរៀន មិនដែលចូលសាលា មិនបានអប់រំ មិនចេះខ្មាស់គេ ។ បើមែដឹកនាំទាំងនោះចាញ់បោកយួនឬសៀមក៏គួរណាស់ចេះរលឹកឃើញពលរដ្ឋខ្លូនខ្លះផង។