សាលាក្តី​ចាប់​ផ្តើម​សវនាការ​ទាក់ទង​ស្ថានភាព​កាយ​សម្បទា និង​បញ្ញា​ស្មារតី​របស់ អៀង ធីរិទ្ធ

តាម​សេចក្តី​ជូន​ដំណឹង នៅ​ថ្ងៃទី​៣០-៣១ ខែ​សីហា ឆ្នាំ​២០១២​នេះ សាលាក្តី​ខ្មែរ​ក្រហម​នឹង​បើក​សវនាការ ទាក់ទិន​នឹង​ស្ថានភាព​កាយ​សម្បទា និង​បញ្ញា​ស្មារតី​របស់ អៀង ធីរិទ្ធ អតីត​រដ្ឋមន្រ្តី​សង្គម​កិច្ច នៃ​របប​ខ្មែរ​ក្រហម ក្នុង​ការ​ចូល​រួម​សវនាការ។

អៀង ធីរិទ្ធ ក្នុងសវនាការកន្លងមក

អៀង ធីរិទ្ធ ក្នុងសវនាការកន្លងមក

ដោយ ៖ FPM
August 30, 2012

តាម​សេចក្តី​ជូន​ដំណឹង​ដដែល នៅ​ថ្ងៃ​នេះ សវនាការ​នឹង​ស្តាប់​របាយ​ការណ៍​វាយ​តម្លៃ​របស់​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ដែល​ត្រូវ​បាន​ចាត់​តាំង​ដោយ​សាលាក្តី​ខ្មែរ​ក្រហម​ឲ្យ​ទទួល​ខុស​ត្រូវ​ពិនិត្យ​ស្ថាន​ភាព​កាយ​សម្បទាន និង​បញ្ញា​ស្មារតី​របស់ អៀង ធីរិទ្ធ នា​ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​គាត់​បាន​ទទួល​ការ​ព្យាបាល​បន្ថែម។

អៀង ធីរិទ្ធ ភរិយា​របស់ អៀង សារី ដែល​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច នៃ​របប​ខ្មែរ​ក្រហម ត្រូវ​បាន​សាលាក្តី​ខ្មែរ​ក្រហម​ធ្វើ​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​០០២ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ មនុស្សឃាត ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ផ្នែក​សាសនា។ ប៉ុន្តែ​កាល​ពី​ដើម​ឆ្នាំ​នេះ តុលាការ​បាន​ដក​ឈ្មោះ អៀង ធីរិទ្ធ ចេញ​ពី​បញ្ជី​ឈ្មោះ​ជន​ត្រូវ​ចោទ​ក្នុង​សំណុំ​រឿង​០០២​វិញ ព្រោះ​តែ​ជន​ត្រូវ​ចោទ​រូប​នេះ​មាន​បញ្ហា​ផ្នែក​ស្មារតី។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាលាក្តី​ខ្មែរ​ក្រហម​បាន​អះអាង​ថា ខ្លួន​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​នាំ​ជន​ត្រូវ​ចោទ​រូប​នេះ​មក​កាន់​សវនាការ​ក្នុង​សំណុំ​រឿង​០០២៕

What Next?

Recent Articles