រមណីយដ្ឋាន​អំពែ​ភ្នំ ភ្ញៀវ​មក​កម្សាន្ត ថយចុះ ដោយសារតែ​គ្មាន​ការអភិវឌ្ឍ​ថ្មី​បន្ថែម និង​ស្ពាន​យោល កាន់តែ​ចាស់​

ភ្នំពេញ: ​ភ្ញៀវទេសចរ ដែល​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​ខេត្ត​កំពង់ស្ពឺ​នោះ គេ​នឹង​ភ្នក​ដល់​គោលដៅ​ទីមួយ នឹង​ដើម​គេ បើ​ចេញដំណើរ​ពី​ភ្នំពេញ នោះ​គឺ​រមណីយដ្ឋាន​អំពែ​ភ្នំ ដែល​ត្រូវ​ចូល​ទៅ​បន្ធូរ​អារម្មណ៍ ជាមួយនឹង​ខ្យល់អាកាស​បរិសុទ្ធ មិនចេះ​ជិនណាយ​។

ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: កូឡាប
CEN

រមណីយដ្ឋាន​អំពែ​ភ្នំ ភ្ញៀវ​មក​កម្សាន្ត ថយចុះ ដោយសារតែ​គ្មាន​ការអភិវឌ្ឍ​ថ្មី​បន្ថែម និង​ស្ពាន​យោល កាន់តែ​ចាស់​

រមណីយដ្ឋាន​អំពែ​ភ្នំ ភ្ញៀវ​មក​កម្សាន្ត ថយចុះ ដោយសារតែ​គ្មាន​ការអភិវឌ្ឍ​ថ្មី​បន្ថែម និង​ស្ពាន​យោល កាន់តែ​ចាស់​

អ្នក​អាច​ធ្វើ​ដំណើរ​ដោយ​រថយន្ត ឬ​ម៉ូតូ តាម​ផ្លូវជាតិ​លេខ​៤ ប្រើ​ពេល​មិនយូរប៉ុន្មាន ដែល​មាន​ចម្ងាយ​ត្រឹមតែ ៤៨ គីឡូម៉ែត្រ ពី​ទីក្រុង​ភ្នំពេញ នោះ​អ្នកនឹង​ដល់​រមណីយដ្ឋាន​អំពែ​ភ្នំ​ស្ថិតនៅ​ខាងឆ្វេង​ដៃ បត់​ចូល​តាម​ផ្លូវ​កៅស៊ូ​ប្រមាណ​ជា ២​គីឡូម៉ែត្រ នៅ​ទី​រួម​ខេត្តកំពង់ស្ពឺ​តែម្តង​។​

រមណីយដ្ឋាន ដែល​សម្បូរ​ទៅ​ដោយ​សត្វ​ស្វា​នេះ អ្នក​អាច​ឈរ​លើ​ស្ពាន​យោល​សម្លឹង​ទៅ​ទឹក​ស្ទឹង ដែល​កំពុង​ហូរ​ត្រដុស​នឹង​ផ្ទាំង​ថ្ម​ធំៗ ដើម្បី​ស្រូបយក​ខ្យល់​ដ៏​បរិសុទ្ធ​បន្ធូ​នូវ​អារម្មណ៍​ស្មុគស្មាញ​ទាំងឡាយ​។​

ប៉ុន្តែ​អ្វី​ដែល​គួរ​សោកស្តាយ​ជា​ខ្លាំង​បំផុត​នោះ​គឺ នៅ​រមណីយដ្ឋាន​នេះ សព្វថ្ងៃ ពុំ​មាន​អ្វី​គួរឱ្យ​ទាក់ទាញ​ភ្ញៀវ​នោះ​ឡើយ ក្រៅពី​ស្ពាន​យោល ដែល​មាន​រាង​ទ្រុឌទ្រោម ដែល​សាងសង់​ជាច្រើន​ឆ្នាំ​មកហើយ​នោះ គ្មាន​ការជួសជុល​ជា​ថ្មី​ឡើងវិញ ដែល​អាច​ធ្វើ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ ដែល​ចង់​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​យោល ក្នុងការ​នឹក​គិត​ពី​សន្តិសុខ​សុវត្ថិភាព​។

រមណីយដ្ឋាន​អំពែ​ភ្នំ ដែល​ធ្លាប់​មាន​ឈ្មោះ​ល្បី កាលពី​ទសវត្ស​ឆ្នាំ​១៩៨០​នោះ ឥឡូវនេះ​ភ្ញៀវទេសចរ មិនសូវ​ជា​ចាប់អារម្មណ៍​ច្រើន​ដូច​កាលពី​មុន​ឡើយ ដោយសារ​តែ​នៅ​ទីនោះ សព្វថ្ងៃ ពុំ​មាន​ការអភិវឌ្ឍ​អ្វី​ថ្មី​បន្ថែម សម្រាប់​ជា​ការទាក់ទាញ​នោះទេ​។ របស់​ចាស់ៗ និង​សត្វ​ស្វា​រត់​ប្រសេចប្រសាច និង​មាន​សត្វ​ស្វា ដែល​មាន​មាឌ​ឌំៗ បាន​ចុះ​ពីលើ​ដើមឈើ មក​លួច​ឥ​វ៉ាន់​ភ្ញៀវ​ទៀត​ផង​។​

យ៉ាងណាក៏ដោយ អ្នក​ដែល​ធ្លាប់​ទៅ​ទស្សនា​រមណីយដ្ឋាន​អំពែ​ភ្នំ កាលពី​លើក​មុន ហើយ​ជាប់ចិត្ត ដិត​អារម្មណ៍ បាននាំគ្នា​ទៅ​ម្តងទៀត បែរ​ស្រងាកចិត្ត​ខុស​ពី​អារម្មណ៍ ដែល​ធ្លាប់​មាន​នោះ​។ ពួកគេ បាន​និយាយ​រិះគន់ថា ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ស្ពឺ ហាក់ដូចជា​មិន​ឃើញ​បង្កើត​ស្អី​ថ្មី​មួយ ឬ​ពីរ​បី​ថ្មី​ទេ គឺ​នៅ​ចាស់​ដដែល ហើយរ​បស់​ចាស់ គឺ​កាន់តែ​ចាស់​ទៅ​ទៀត ដូច្នេះ​សូម​ធ្វើ​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន ធ្វើ​ស្ពាន​យោល​ថ្មី​ឲ្យ​ធំ​ទូលាយ ទឹកស្ទឹង​ធ្វើឱ្យ​ថ្លា កុំឱ្យ​មាន​កំប្លោក សំរាម ទាំងនេះ វា​ក៏​ជា​ទាក់ទាញ​មួយ​ដែរ ព្រោះ​វា​មិនចាំបាច់​ចំណាយ​ទុន​ច្រើន​។ ម្យ៉ាង​ភ្ញៀវ​ដែល​បាន​ឃើញ​មាន​ការរៀបចំ​បន្តិច​ម្តងៗ ក៏​គេ​អបអរសាទរ​ជាមួយ​ដែរ ព្រោះ​ចំណូល​ត្រូវបាន​គេ​មើលឃើញថា ត្រូវបាន​យកមក​អភិវឌ្ឍន៍ នៅ​នឹង​កន្លែង​នេះ​ផ្ទាល់​ខ្លះ និង​សម្រាប់​បង់​ចូល​រដ្ឋ​ខ្លះ​។ គេ​ធ្វើបែបនេះ​បាន ទើប​ភ្ញៀវ​ចេះ​តែ​ចង់​នាំ​ក្រុម​គ្រួសារ​មក​លេង ដោយ​មិន​ធុញទ្រាន់​ផងដែរ​។​

ចំណែក​អ្នកលក់​ម្ហូបអាហារ​ប្រចាំ​រមណីយដ្ឋាន​អំពែ​ភ្នំ ដែល​បច្ចុប្បន្ន មិនសូវ​សម្បូរ​ភ្ញៀវ ដូច​ពី​មុន​ទៀត​ទេ ពោល​គឺ​មាន​រាល់​ពេល​សម្រាក​ថ្ងៃ​សៅរ៍ អាទិត្យ មាន​ភ្ញៀវ ក្នុងស្រុក តែ​ប្រមាណ ១០០ ទៅ​ជាង ១០០​នាក់​ប៉ុណ្ណោះ ចូល​មក​កម្សាន្ត​។ រីឯ​ភ្ញៀវ​បរទេស មាន​ចូល​មក​កម្សាន្ត​តិច​តូច​ណាស់​។

​អ្នកលក់ដូរ បាន​បន្ថែមថា កាលពី​២-៣ ឆ្នាំកន្លងមក មាន​ភ្ញៀវ​ក្នុងស្រុក​មក​លេង​ទីនេះ ប្រមាណ​រាប់​ពាន់​នាក់ ក្នុង​មួយ​សប្តាហ៍​។ តែ​ឥឡូវនេះ មិន​ដូច្នេះ​ទេ​។ រីឯ​ម្ហូបអាហារ​នៅ​អំពែ​ភ្នំ មាន​តម្លៃ​សមរម្យ ហើយ​ថែមទាំង​មាន​ម្ហូប សត្វ​ស្រុក សត្វព្រៃ ដូចជា ទន្សាយ ក្តាន់​ញ៉ែង ត្រ​កួត ជាដើម គឺ​ភ្ញៀវ​អាច​កុម្មង់​បាន​តាម​ចំណង់​ចំណូលចិត្ត គឺ​សេវា​រហ័ស​ទាន់​ចិត្ត​តែ​ម្តង​។

​ភ្ញៀវ​ក្នុងស្រុក​ដែល​ទៅ​កម្សាន្ត​នៅ​អំពែ​ភ្នំ គឺ​ភាគច្រើន គេ​និយម​កុម្ម៉ង់ ម្ហូប​សត្វព្រៃ ដូចជា សម្ល​ម្ជូរស្លឹកថ្នឹង សាច់​ឈ្លួស និង​ឆា​ក្តៅ ឬ​សម្ល ម្ជូរ​ក្តៅ​ជ្រូក​ព្រៃ ជាដើម​។ ក្រៅពីនេះ ភ្ញៀវ​ចូល​ចិត្ត​ផងដែរ ម្ហូប​ខ្មែរ​ធម្មតាៗ ដូចជា ត្រី​អណ្តែង​អាំង ត្រី​រ៉ស់​ដុត ជាដើម​។​

​រមណីយដ្ឋាន​វប្បធម៌ និង​ធម្មជាតិ​នេះ មាន​ទីតាំង​នៅ​ភូមិ​តាំង​ទន្លេ និង​ភូមិ​អំពែ​ភ្នំ ឃុំ​សុ​ព័រ​ទេព និង​ឃុំ​ស្វាយ​ក្រវាន់ ស្រុក​ច្បារមន ខេត្ត​កំពង់ស្ពឺ​។ រមណីយដ្ឋាន​នេះ មាន​វត្ត មាន​ទឹកស្ទឹង​ហូរ​ឆ្លងកាត់​ហែហម​ដោយ​ឈើ​តូចធំ​ដុះ​ប្រជ្រៀត​គ្នា​ប្រប​តាម​ដងស្ទឹង បង្កើតបាន​ជា​សោភ័ណ្ឌភាព​បែប​ធម្មជាតិ ដែល​មិន​អាច​ងាក​នេត្រា​ចេញ​បាន​អំឡុង​ពេល​ទស្សនា​។​

​ទោះជា​យ៉ាងណា​ក៏ដោយ គេ​សង្កេតឃើញថា កាល​ពី​រដូវ​បុណ្យចូលឆ្នាំ​ថ្មី និង​បុណ្យ​ភ្ជុំ ឆ្នាំ​២០១២​នេះ គឺ​ភ្ញៀវទេសចរ​មាន​ការកើនឡើង​ជាង​ឆ្នាំមុនៗ ដូច្នេះ​ហើយ​ចំណូល​បានមក​ពី​វិស័យ​ទេសចរណ៍​កើនឡើង បើ​ប្រៀបធៀប​ជា​មួយ​ឆ្នាំ​២០១១ កន្លងទៅ​។ អ្នកទេសចរ​ដែល​ទៅ​ដល់​ទីនោះ​បាន​លើកឡើង​ថា បច្ចុប្បន្ន​ស្ពាន​យោល​មានការ​ទ្រុឌទ្រោម​ខ្លាំង បើ​គ្មាន​ការជួសជុល​ថែទាំ​ទេ​ទៅ​ថ្ងៃមុខ​ច្បាស់​ជា​ឆ្លងទៅ​កម្សាន្ត​នៅ​ត្រើយ​ខាងត្បូង​លែងកើត​ហើយ​៕​

What Next?

Recent Articles

One Response to "រមណីយដ្ឋាន​អំពែ​ភ្នំ ភ្ញៀវ​មក​កម្សាន្ត ថយចុះ ដោយសារតែ​គ្មាន​ការអភិវឌ្ឍ​ថ្មី​បន្ថែម និង​ស្ពាន​យោល កាន់តែ​ចាស់​"

  1. ជាតិល្អ says:

    អភិវត្តន័ រមណិដ្ឋាន​​ជាយក្រុង អនុញ្ញាតឱ្យ ប្រជាពលរដ្ឋ​ ក្នុងក្រុង មានឱកាស​ ចេញកំសាន្ត ចុងសបា្តហ័ បន្ធូរបរិយាកាស​តានតឹង ពេលធ្ធើការ ។