តុលាការ​ខ្មែរក្រហម ផ្សព្វផ្សាយ​នូវ​កម្រង​ពាក្យ​សុំ​អភ័យទោស​របស់ ឌុ​ច​

ភ្នំពេញ: ​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា តុលាការ​ខ្មែរ​ក្រហម បាន​ចងក្រង និង​ផ្សព្វផ្សាយ​នូវ​កម្រង​ពាក្យសុំ​អភ័យទោស​របស់​អតីត​មេ​គុក​ទួលស្លែង លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច​។ កម្រង​ពាក្យសុំ​អភ័យទោស​ទាំងនោះ ត្រូវ​បង្ហោះ​ក្នុង​គេហទំព័រ​របស់​សាលាក្តី​ខ្មែរក្រហម ព្រមទាំង​ថតចម្លង​ជា DVD សម្រាប់​ផ្តល់ឲ្យ​អង្គការក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ វិទ្យាល័យ បណ្ណាល័យ និង​ស្ថាប័ន​សាធារណៈ​។

ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: លី សិលា
CEN

សេចក្តីប្រកាស ក្នុង​គេហទំព័រ​របស់​តុលាការ​ខ្មែរក្រហម បង្ហាញថា នៅក្នុង​សាលដីកា​ស្ថាពរ​សំណុំរឿង ០០១ ប្រឆាំងនឹង កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​រក្សា​សេចក្តី​សម្រេច​​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដែល​បញ្ជា​ឲ្យ​ចងក្រង​និង​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់ អ​.​វ​.​ត​.​ក នូវ​ពាក្យសុំ​អភ័យទោស​និង​ការទទួលស្គាល់​កំហុសរ​បស់ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច នៅក្នុង​អំឡុង​សវនាការ ក្នុងនោះ​រួម​ទាំង​សវនាការ​លើ​បណ្តឹង​សាទុក្ខ​នៅ​ចំពោះមុខ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ផងដែរ​។

សេចក្តីប្រកាស ក៏​បាន​បន្ថែមថា ការ​ចងក្រង និង​ផ្សព្វផ្សាយ​ខ្សែ​វីដេអូ​នៃ​ពាក្យ​សុំ​អភ័យទោស​របស់ ឌុ​ច គឺជា​ការផ្តល់​សំណង​ផ្លូវចិត្ត​ដល់​ដើម​បណ្តឹងរដ្ឋប្បវេណី​នៅ​ក្នុង​សំណុំរឿង ០០១​។​

សាធារណជន​អាច​មើល​ខ្សែ​វីដេអូ​នៃ​ពាក្យ​សុំ​អភ័យទោស​និង​ការទទួលស្គាល់​កំហុសរ​បស់ ឌុ​ច នៅលើ​គេហទំព័រ​របស់ អ​.​វ​.​ត​.​ក http://www.eccc.gov.kh/video/apology​។​

ចំណែក អង្គការក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ វិទ្យាល័យ បណ្ណាល័យ និង​ស្ថាប័ន​សាធារណ ក៏​អាច​ស្នើ​សុំ​ច្បាប់​ថតចម្លង​ជា DVD នៃ​ខ្សែ​វីដេអូ​នេះ ដោយ​ទាក់ទង​មក​ផ្នែក​កិច្ចការ​សាធារណៈ​នៃ អ​.​វ​.​ត​.​ក តាមរយៈ​សារ​អេឡិកត្រូនិក pas@eccc.gov.kh ឬ​ទូរស័ព្ទ​ដោយផ្ទាល់​មក​លោក ចិន ហែម​វិចិត្រ ជំនួយការ​កម្មវិធី​ផ្សព្វផ្សាយ តាម​ទូរស័ព្ទ​លេខ 023 861 565​។

​ជា​ការកត់សម្គាល់ កម្រង​ពាក្យសុំ​អភ័យទោស​របស់ កាំ​ង ហ្កេ​ក​អ៊ា​វ នៅក្នុង​សវនាការ​របស់​តុលាការ​ខ្មែរក្រហម ត្រូវបាន​គេ​កាត់​ជា​ខ្លី​ប​វីដេអូ​និង​ខ្សែអាត់​សំឡេង ដែល​លោក បាន​ថ្លែង​ឡើង​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០០៩, ថ្ងៃទី​៧​មេសា ឆ្នាំ​២០០៩, ថ្ងៃទី​៩ មិថុនា ឆ្នាំ​២០០៩, ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០០៩, ថ្ងៃទី​១​កក្កដា ឆ្នាំ​២០០៩, ថ្ងៃទី​២​កក្កដា ឆ្នាំ​២០០៩, ថ្ងៃទី​៨​កក្កដា ឆ្នាំ​២០០៩, ថ្ងៃទី​៩​កក្កដា ឆ្នាំ​២០០៩, ថ្ងៃទី​១៣​កក្កដា ឆ្នាំ​២០០៩, ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០០៩, ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០០៩, ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០០៩, ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០០៩, ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០០៩, ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០០៩, ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០០៩, ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩, ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០០៩, ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៩ និង​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១១​។​

​រូបភាព​វីដេអូ ដែល​បាន​បង្ហោះ​តាម​គេហទំព័រ​របស់​សាលាក្តី​ខ្មែរក្រហម​ទាំងនោះ មាន​រត់​អក្សរ​អង់គ្លេស នៅ​ខាងក្រោម​ផងដែរ​។​

​កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ អង្គជំនុំជម្រះ​តុលាការ​កំពូល នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​ប្រកាស​សាលក្រម​ស្ថាពរ បិទផ្លូវ​តវ៉ា ដោយ​សម្រេច​ផ្តន្ទាទោស លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ដាក់​ពន្ធនាគារ​អស់​មួយជីវិត ជា​ទោស​អតិបរមា ដែល​មានចែង​ក្នុង​ច្បាប់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩៕​

What Next?

Recent Articles

2 Responses to "តុលាការ​ខ្មែរក្រហម ផ្សព្វផ្សាយ​នូវ​កម្រង​ពាក្យ​សុំ​អភ័យទោស​របស់ ឌុ​ច​"

  1. Former Hia lola says:

    He is criminal guy, but at the end he turns to be better than all of the other Khmer Rouge leaders. God will forgive him if he really realize his mistake.

  2. BaBaBoo says:

    One out of many, he confessed his evil practice that Indochina Communism had award him. The real monster still freely walk out there and continue to administrate among others. He is the portrait of morality better than those irresponsible for the crime against human being.