តុលាការ​ខ្មែរក្រហម នឹង​បើក​សវនាការ នៅថ្ងៃទី១៣វិច្ឆិកា លើ​ករណី​លោក​ស្រី អៀង ធីរិទ្ធ​

ភ្នំពេញ: ​អង្គជំនុំជម្រះ​តុលាការ​កំពូល នឹង​បើក​សវនាការ នៅ​ថ្ងៃ​អង្គារ៍ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក ដើម្បី​ស្តាប់​ការវែកញែក​ដោយ​ផ្ទាល់មាត់ ទាក់ទិន​នឹង​បណ្តឹងសាទុក្ខ​របស់​សហ​ព្រះរាជអាជ្ញា ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​នៃ​ការ​ដោះ​លែង​​លោក​ស្រី អៀង ធីរិទ្ធ​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​តុលាការ​ខ្មែរក្រហម​។​

ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: លី សិលា
CEN

មាន​អាយុ ៨០ ឆ្នាំ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច សម័យ​ខ្មែរក្រហម និង​ជា​ភរិយា​របស់​លោក អៀង សារី អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម លោកស្រី អៀង ធីរិទ្ធ ត្រូវបាន​តុលាការ​កំពូល​របស់​តុលាការ​ខ្មែរក្រហម បានសំរេច​ដោះលែង ចេញពី​មន្ទីរ​ឃុំឃាំង កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១២ ដោយ​រកឃើញថា លោកស្រី មាន​ជំងឺ​វង្វេងវង្វាន់​ស្មារតី​ធ្ងន់ធ្ងរ មិន​អាច​នាំ​យក​មក​កាត់ទោស​បានឡើយ​។​

សេចក្តីប្រកាស ដែល​បាន​បង្ហោះ​ក្នុង​គេហទំព័រ​តុលាការ​ខ្មែរក្រហម បាន​លើកឡើង​ថា សវនាការ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១២ បើក​ជា​សាធារណៈ ហើយ​សាធារណជន​ដែល​មាន​បំណង​ចូល​មើល​សវនាការ គួរតែ​មកដល់ អ​.​វ​.​ត​.​ក ឲ្យបាន​មុន​ម៉ោង ៨ និង ៣០​ព្រឹក ដើម្បី​ទុក​ពេលវេលា​គ្រប់គ្រាន់ សម្រាប់​ការចុះឈ្មោះ​និង​ការត្រួតពិនិត្យ​សន្តិសុខ​។ ព័ត៌មាន​បន្ថែម​សម្រាប់​ការ ចូលរួម​របស់​សាធារណជន សូម​អាន​នៅៈ http://www.eccc.gov.kh/about-eccc/Visitor_Info_Khmer​។​

​សេចក្តីប្រកាស​ក៏​បាន​បង្ហាញថា នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ អង្គជំនុំជម្រះ​សាលាដំបូង បាន​សម្រេច​ជា​ថ្មី​ម្តងទៀត​ថា លោកស្រី អៀង ធីរិទ្ធ ពុំ​មាន​កាយសម្បទា និង​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ការជំនុំជម្រះ​ក្តី ដោយសារ​គាត់​មាន​ជំងឺ​វង្វេងវង្វាន់ ដែល​ទំនងជា​ជំងឺ​បាត់​ការចងចាំ​។ ដោយ​ពុំ​អាច​ប្រមើល​មើល​ឃើញ​លទ្ធភាព​ណា​មួយ​នា​ពេលអនាគត ដែល​អាច​ឲ្យ​លោកស្រី អៀង ធីរិទ្ធ ចូលរួម​ក្នុង​ការជំនុំជម្រះ​ក្តី​បាន និង​ដោយ​ពុំ​មាន​មូលដ្ឋាន​ច្បាប់​ណាមួយ​ដើម្បី​បន្ត​ឃុំ​ខ្លួន​គាត់ អង្គជំនុំជម្រះ​សាលាដំបូង​បាន​ចេញ​ដីកា​ដោះលែង អៀង ធីរិទ្ធ ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​។ សេចក្តីសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​សេចក្តីសម្រេច​លើ​ក​មុន​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១១ ដែល​កាលនោះ អង្គជំនុំជម្រះ​សាលាដំបូង​យល់ថា អៀង ធីរិទ្ធ ពុំ​មាន​កាយសម្បទា និង​បញ្ញា​ស្មារតី​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ការជំនុំជម្រះ​ក្តី ហើយ​បន្ទាប់មក​អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​សម្រេច​លើ​បណ្តឹងសាទុក្ខ​របស់​សហ​ព្រះរាជអាជ្ញា ដោយ​បញ្ជា​ឲ្យ​អង្គជំនុំជម្រះ​សាលាដំបូង ស្វែងរក​ការព្យាបាល​វេជ្ជសាស្ត្រ​បន្ថែម​ដល់​លោក​ស្រី អៀង ធីរិទ្ធ ដើម្បី​ជួយ​ឲ្យ​ស្ថានភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​គាត់​បាន​ប្រសើរ​ឡើង​វិញ​។​

​សេចក្តីប្រកាស​ដដែល បាន​លើកឡើង​ថា អង្គជំនុំជម្រះ​សាលាដំបូង បាន​សន្និដ្ឋានថា ដោយសារតែ​ការបាត់បង់​ការចងចាំ​រយៈពេល​ខ្លី និង​វែង​របស់គាត់ លោកស្រី អៀង ធីរិទ្ធ ទំនង​ជា​ពុំ​អាច​យល់​ដឹង​ច្បាស់​អំពី​ដំណើរការ​នីតិវិធី ដូច្នេះ​គាត់​ពុំមាន​លទ្ធភាព​ណែនាំ​មេធាវី​ការពារ​ក្តី​របស់​គាត់ ក៏​ដូចជា​ពុំ​មាន​លទ្ធភាព​ក្នុង​ការការពារ​ខ្លួន​គាត់ នៅ​ចំពោះមុខ​ច្បាប់​បាន​ដែរ​។ អង្គជំនុំជម្រះ​សាលាដំបូង ក៏​បាន​កត់សម្គាល់ឃើញ​ថា ដោយសារ​តែ​ស្ថានភាព​ជំងឺ​របស់​គាត់ អៀង ធីរិទ្ធ ទំនង​ជា​ពុំ​អាច​ផ្តល់​សក្ខីកម្ម​នៅក្នុង​តុលាការ​បាន​ទេ​។​

​បើ​ទោះ​ជា​សហ​ព្រះរាជអាជ្ញា យល់ស្រប​ជាមួយ​អង្គជំនុំជម្រះ​សាលាដំបូង​ថា គួរតែ​ដោះលែង អៀង ធីរិទ្ធ ក៏ដោយ ក៏ប៉ុន្តែ​សហ​ព្រះរាជអាជ្ញា​ស្វែងរក​លទ្ធភាព​ដាក់​លក្ខខណ្ឌ​មួយចំនួន ទៅលើ​ការដោះលែង​នេះ ដូចជា ដកហូត​លិខិតឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ​របស់លោក​ស្រី អៀង ធីរិទ្ធ និង​ទាមទារ​ឲ្យ អៀង ធីរិទ្ធ ត្រូវតែ​មាន​វត្តមាន​នៅ​ក្នុង​ការចុះ​ត្រួតពិនិត្យ​ប្រចាំ​សប្តាហ៍​របស់​មន្ត្រី មាន​សមត្ថកិច្ច ជាដើម​។

​សេចក្តីប្រកាស លើកឡើងថា សហ​ព្រះរាជអាជ្ញា​បាន​ប្តឹង​សាទុក្ខ​ប្រឆាំងនឹង​ដីកា​ដោះលែង​របស់​អង្គជំនុំជម្រះ​សាលាដំបូង និង​បាន​ស្នើសុំ​ឲ្យ​ប្រធាន​អង្គជំនុំជម្រះ​តុលាការ​កំពូល ផ្អាក​ការអនុវត្ត​ដីកា​ដោះលែង​នោះ​សិន​។​

​ដោយ​ពុំ​មាន​ការជំទាស់​ចំពោះ​ការដោះលែង​លោកស្រី អៀង ធីរិទ្ធ អង្គជំនុំជម្រះ​តុលាការ​កំពូល យល់ឃើញថា ពុំ​មាន​ការចាំបាច់​ត្រូវ​បន្ត​ឃុំខ្លួន​គាត់​នៅក្នុង​មន្ទីរ​ឃុំឃាំង​ក្នុង​អំឡុង​ដំណើរការ​ដោះស្រាយ​បណ្តឹង​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១២ អង្គជំនុំជម្រះ​តុលាការ​កំពូល បានសម្រេច​ដោះលែង​លោកស្រី អៀង ធីរិទ្ធ ក្រោម​លក្ខខណ្ឌ​បណ្តោះអាសន្ន​មួយចំនួន គឺ​៖ ១) ជនជាប់ចោទ​ត្រូវ​តែ​ផ្តល់​អាសយ​ដ្ឋាន​ដែល​គាត់​រស់នៅ និង​សុំ​ការអនុញ្ញាត​ពី​តុលាការ​មុននឹង​ផ្លាស់​ទីលំនៅ​។ ២) ជន​ជាប់ចោទ​មិន​ត្រូវ​ចាកចេញ​ពី​ប្រទេស​កម្ពុជា និង​ត្រូវ​ប្រគល់​លិខិតឆ្លងដែន​របស់​​គាត់​ដល់​តុលាការ​។ ៣) ជនជាប់ចោទ​ត្រូវ​តែ​ចូលខ្លួន ប្រសិនបើ​មាន​ការ​កោះ​ហៅ​​ពី​តុលាការ​។ ជាងនេះទៅទៀត លោកស្រី អៀង ធីរិទ្ធ ត្រូវ​បាន​ហាមឃាត់​មិនឲ្យ​ជ្រៀត​ជ្រែក​ចូលក្នុង​កិច្ចការរដ្ឋបាល​របស់​តុលាការ​ឡើយ​៕​

What Next?

Recent Articles