បក្សកុម្មុយនីស្ដកម្ពុជាត្រូវបានគ្រប់គ្រងដោយលក្ខន្ដិកៈ ដែលដំបូងឡើយត្រូវបានអនុម័តក្នុង សមាជលើកទី១របស់បក្សនៅខែកញ្ញា ឆ្នាំ១៩៦០ហើយលក្ខន្ដិកៈថ្មីត្រូវបានអនុម័តដោយសមាជបក្ស លើកទី៤ ក្នុងខែមករា ឆ្នាំ១៩៧៦។
ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: មជ្ឈមណ្ឌលឯកសារកម្ពុជា
CEN
ភ្នំពេញ:
ថ្ងៃទី១២-១៥ ខែមីនា ឆ្នាំ២០១២ អង្គជំនុំជម្រះសាលាដំបូងបានបន្ដបើកសវនាការលើសំណុំ រឿង០០២ ទាក់ទងនឹងរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងការងារនៃរបបកម្ពុជាប្រជាធិបតេយ្យ។ សវនាការទាំងបួនថ្ងៃបានចាប់ផ្ដើមដោយការអានកថាខណ្ឌនានានៃដីកាដំណោះស្រាយដោយក្រឡាបញ្ជី ចំនួនបីរូប ដែលកថាខណ្ឌទាំងនោះមានជាប់ពាក់ព័ន្ធនឹងអង្គហេតុស្ដីពីរចនាសម្ព័ន្ធរដ្ឋបាល ប្រព័ន្ធទំនាក់ទំនង ការងារនៃរបបកម្ពុជាប្រជាធិបតេយ្យ និងតួនាទីរបស់ជនជាប់ចោទទាំងបីរូប រួមមាន នួន ជា អៀង សារី និង ខៀវ សំផន។ បន្ដមក អង្គជំនុំជម្រះបានផ្ដល់ឱកាសឱ្យភាគីដេញដោលលើឯកសារទាំងឡាយដែលមាន នៅក្នុងឧបសម្ព័ន្ធចាប់ពី ឧបសម្ព័ន្ធ A៦ រហូតដល់ ឧបសម្ព័ន្ធ A២០ (លើកលែងតែឧបសម្ព័ន្ធ A១២ និង A១៣ ដោយសារកំពុងស្ថិតក្រោមការពិចារណារបស់អង្គជំនុំជម្រះ)ដែលត្រូវបានដាក់ចូលក្នុងសំណុំ រឿងដោយ សហព្រះរាជអាជ្ញា។ បន្ទាប់មក អង្គជំនុំជម្រះបានលើកយកសំណើរបស់ជនជាប់ចោទ នួន ជា សុំចូលរួម ដោយផ្ទាល់នៅក្នុងបន្ទាប់សវនាការនៅអំឡុងពេលនៃការផ្ដល់សក្ខីកម្មរបស់ ឌុច មកធ្វើការដេញដោល។ ចុងក្រោយ គឺសវនាការស្ដីពីសំណើសុំរបស់សហព្រះរាជអាជ្ញាដើម្បីស្ដាប់សក្ខីកម្មពីចម្ងាយរបស់អ្នកជំនញ គឺលោក ប៊ែន ឃៀរនិន (Ben Kiernan) តាមរយៈប្រព័ន្ធសោតទស្សន៍ និងសំណើរបស់ អៀង សារី សុំឱ្យលោក ប៊ែន ឃៀរនិន ផ្ដល់ឯកសារបន្ថែមមុនពេលចូលផ្ដល់សក្ខីកម្មនៅចំពោះមុខអង្គជំនុំជម្រះ។
គួរកត់សម្គាល់ថា នៅក្នុងអនុស្សរណៈរបស់អង្គជំនុំជម្រះសាលាដំបូងដែលចេញនៅថ្ងៃទី២ ខែមីនា ឆ្នាំ ២០១២ គឺមានរបៀបរវៈដែលគ្រោងនឹងធ្វើសវនាការស្ដីពីបញ្ហាទាំងឡាយខាងលើរហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ប៉ុន្ដែដោយសារតែដំណើរការសវនាការប្រព្រឹត្ដទៅលឿនជាងការគ្រោងទុកទើបកិច្ច ដំណើរការនីតិវិធីបញ្ចប់នៅត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២។ ការអានកថាខណ្ឌនានានៃដីកាដំណោះស្រាយពាក់ព័ន្ធនឹងអង្គហេតុស្ដីពីរចនាសម្ព័ន្ធ រដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងការងារនៃរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ ប្រធានអង្គជំនុំជម្រះសាលាដំបូងគឺលោកចៅក្រម និល ណុន បានបង្គាប់ឱ្យក្រឡាបញ្ជីចំនួនបីរូប អានអង្គហេតុផ្សេងៗពាក់ព័ន្ធនឹងរចនាសម្ព័ន្ធរដ្ឋបាល ប្រព័ន្ធទំនាក់ទំនង ការងារ និងតួនាទីរបស់ជនជាប់ចោទម្នាក់ៗ ដែលមាននៅក្នុងដីកាដំណោះស្រាយនៃសំណុំរឿង ០០២ តាមលំដាប់លំដោយ រួមទាំងស្ដាប់ការជំទាស់ ឬការដាក់សំណើរបស់ក្រុមមេធាវីការពារក្ដីចំពោះអង្គហេតុ នីមួយៗដែលក្រឡាបញ្ជីបានអានជូន។
១) រចនាសម្ព័ន្ធរដ្ឋបាលនៃរបបកម្ពុជាប្រជាធិបតេយ្យ
ចាប់ផ្ដើមដំបូង ក្រឡាបញ្ជីបានអានដីកាដំណោះស្រាយទាក់ទងនឹងរចនាសម័ន្ធរដ្ឋបាលនៃរបប កម្ពុជាប្រជាធិបតេយ្យ ចាប់ពីកថាខណ្ឌ៣៣ រហូតដល់កថាខណ្ឌ៧១ ដែលនៅក្នុងនោះមាននិយាយអំពី រចនារសម្ព័ន្ធរដ្ឋបាលថ្នាក់មជ្ឈិម និងថ្នាក់មូលដ្ឋាន។
ក) រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់មជ្ឈិម
ក.១) បក្សកុម្មុយនីស្ដកម្ពុជា៖
បក្សកុម្មុយនីស្ដកម្ពុជាត្រូវបានគ្រប់គ្រងដោយលក្ខន្ដិកៈ ដែលដំបូងឡើយត្រូវបានអនុម័តក្នុង សមាជលើកទី១របស់បក្សនៅខែកញ្ញា ឆ្នាំ១៩៦០ហើយលក្ខន្ដិកៈថ្មីត្រូវបានអនុម័តដោយសមាជបក្ស លើកទី៤ ក្នុងខែមករា ឆ្នាំ១៩៧៦។ នៅក្នុងលក្ខន្ដិកៈថ្មីនេះ បានរៀបរាប់អំពីមនោគមន៍វិជ្ជា លក្ខខណ្ឌ នៃការចូលជាសមាជិក រចនាសម្ព័ន្ធ និងអង្គការចាត់តាំងនៃបក្សកុម្មុយនីស្ដកម្ពុជា ព្រមទាំងចែងអំពីស្ថាប័ន រដ្ឋមួយចំនួន ដូចជាកងទ័ពបដិវត្ដន៍កម្ពុជា ប្រព័ន្ធគណៈកម្មាធិការថ្នាក់ជាតិ គណៈកម្មាធិការបក្សថ្នាក់ជាតិ គណៈមជ្ឈិមបក្ស រួមទាំងមន្ទីរ និងក្រសួងផ្សេងៗជុំវិញគណៈមជ្ឈិម។ បក្សត្រូវបានគ្រប់គ្រងដោយ គណៈមជ្ឈិម និងគណៈអចិន្ដ្រៃយ៍នៃគណៈមជ្ឈិម។ នៅក្នុងលក្ខន្ដិកៈនោះ បានកំណត់ថា បក្សកុម្មុយនីស្ដ កម្ពុជា ត្រូវដើរតាមប្រព័ន្ធរបបដឹកនាំ
សមូហភាព ដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យប្រមូលផ្ដុំ មានន័យថា សមាជិកត្រូវធ្វើសេចក្ដីសម្រេចរួមជាមួយសមាជិកផ្សេងៗទៀត និងមិនអាចធ្វើសេចក្ដី សម្រេចជាលក្ខណៈបុគ្គលបានឡើយ។ ក្នុងគណៈមជ្ឈិម និងគណៈអចិន្ដ្រៃយ៍ មានសមាជិកពេញសិទ្ធិ និងសមាជិកត្រៀម ដែលនៅក្នុងនោះ សមាជិកពេញសិទ្ធ គឺជាអ្នកដែលមានសិទ្ធសម្រេចពិគ្រោះពិភាក្សា និងរួមមតិសម្រេចក្នុង គ្រប់វិស័យទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ស្ថាប័ននេះ។ ចំណែក សមាជិកត្រៀម គឺមានឋានៈទាប ហើយមិនមានសិទ្ធិអំណាចក្នុងការសម្រេចកំទេចអ្នកណាម្នាក់បាន ឡើយ។
មានស្ថាប័នផ្សេងៗទៀតដែលចំណុះឱ្យបក្ស ដូចជា សភាតំណាងប្រជាជន គណៈប្រធានរដ្ឋ ព្រមទាំងគណៈចាត់តាំងនៃគណៈមជ្ឈិមបក្ស ដែលត្រូវបានប្រគល់សិទ្ធិក្នុងការតាមដាន និងត្រួតពិនិត្យ សមាជិកបក្ស និងចាត់ចែងបញ្ចូលទៅតាមមន្ទីរ និងក្រសួងនានា។
ក.២) គណៈកម្មាធិការមជ្ឈិម ៖
យោងលើលក្ខន្ដិកៈនៃបក្សកុម្មុយនីស្ដកម្ពុជា គណៈកម្មាធិការមជ្ឈិមមានតួនាទីក្នុងការអនុវត្ដ តាមមាគ៌ារបស់បក្ស និងលក្ខន្ដិកៈរបស់បក្សទាំងមូល ព្រមទាំងណែនាំដល់អង្គការភូមិភាគ តំបន់ និង គ្រប់គ្រងចាត់ចែងកម្មាភិបាល និងបក្ខជនទាំងមូល។
សមាជិកនៅក្នុងគណៈមជ្ឈិមមានដូចជា ប៉ុល ពត ជាលេខាគណៈ មជ្ឈិម, នួន ជា ជាអនុលេខាគណៈមជ្ឈិម, អៀង សារី, ខៀវ សំផន, កុយ ធួន, តាម៉ុក, ណៃ សារ៉ាន់ ហៅយ៉ា, សឿង, កែ ពក, សឿ វ៉ាស៊ី ហៅឌឿន។ ឈឹម សំអោក ហៅប៉ង់ ពេលខ្លះត្រូវ
បានចាត់ទុកថាជាសមាជិកនៃគណៈមជ្ឈិម ហើយពេលខ្លះគ្រាន់តែជាជំនួយការនៃគណៈកម្មាធិការនេះ ប៉ុណ្ណោះ។
ចំពោះលេខាភូមិភាគ លេខាតំបន់មួយចំនួន និងកម្មាភិបាលយោធាមួយចំនួនក៏ជាសមាជិក គណៈមជ្ឈិមដែរ។ ក្នុងគណៈមជ្ឈិម មានគណៈយោធាពិសេសមួយ ឬគណៈយោធាជាន់ខ្ពស់ ដែលមាន សមាជិកដើមដូចជា ប៉ុល ពត, នួន ជា, សុន សេន, សោ ភឹម, និងតាម៉ុក។ ចំណែក វន វ៉េត និង កែ ពក បានក្លាយជាសមាជិកយោធាគណៈមជ្ឈិមនៅពេលក្រោយ។ ឌុច ធ្លាប់បានអះអាងថា សំ ប៊ិត និង សឿង (និងមានឈ្មោះមួយចំនួនទៀតដែលត្រូវបានកោសលុប) គឺជាជំនួយការដែលទទួលខុសត្រូវ ផ្នែកយោធា។ សមាជិកនៅក្នុងគណៈមជ្ឈិមមានលើសពី៣០នាក់ ដែលមានតួនាទីដឹកនាំការអនុវត្ដឱ្យ ខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់បក្សនៅក្នុងសង្គម គ្រប់ជាន់ថ្នាក់ និងធ្វើការផ្សព្វផ្សាយនយោបាយ ទៅតាមលំដាប់ឋានានុក្រម ហើយមានការប្រជុំគ្នារៀងរាល់៦ខែម្ដង។
ក.៣) គណៈកម្មាធិការអចិន្ដ្រៃយ៍ ៖
គណៈកម្មាធិការអចិន្ដ្រៃយ៍ គឺជាអង្គការមួយដែលមានសមាជិកតិចជាងគណៈកម្មាធិកាមជ្ឈិម ហើយសមាជិកនៅក្នុងអង្គការនេះសុទ្ធតែជាថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់បក្សកុម្មុនីស្ដកម្ពុជា។ តាម រយៈការលើកឡើងរបស់ ខៀវ សំផន គណៈកម្មាធិការអចិន្ដ្រៃយ៍មានសិទ្ធិសម្រេចរាល់ការងារប្រចាំថ្ងៃហើយឧត្ដមានុភាពរបស់អង្គការនេះបានបង្ហាញឡើងតាមរយៈការបញ្ជាឱ្យមានការចាប់ខ្លួនសមាជិករបស់គណៈមជ្ឈិម។ ក្នុងនាមជាលេខាគណៈកម្មាធិការអចិន្ដ្រៃយ៍ ប៉ុល ពត គឺជាអ្នកមានសិទ្ធិអំណាចខ្ពស់ ហើយរាល់ការសម្រេចរបស់ គណៈអចិន្ដ្រៃយ៍ ត្រូវបានយកទៅផ្សព្វផ្សាយទៅដល់ថ្នាក់មូលដ្ឋាន។ ឌុច បានបញ្ជាក់ថា នួន ជា គឺជាមនុស្ស
ទី២បន្ទាប់ពី ប៉ុល ពត នៅក្នុងឋានុក្រមគណៈកម្មាធិការអចិន្ដ្រៃយ៍ ហើយបនា្ទប់មកទៀតគឺ តាម៉ុក។ សមាជិកផ្សេងៗទៀតរបស់គណៈកម្មាធិការនេះ រួមមាន សោ ភឹម, អៀង សារី, វន វ៉េត, រស់ ញឹម និង សុន សេន។ ប៉ុន្ដែ វន វ៉េត និង សុន សេន អាចជាសមាជិកពេញ សិទ្ធិឬសមាជិកត្រៀម។ ទោះបីជា ខៀវ សំផន មិនមែនជាសមាជិកផ្លូវការនៃគណៈអចិន្ដ្រៃយ៍ក្នុងពេល កាន់អំណាចរបស់បក្សកុម្មុយនីស្ដកម្ពុជាក៏ដោយ ខៀវ សំផន ទំនងជាបានចូលរួមចំណែកដល់ការងារ របស់គណៈអចិន្ដ្រៃយ៍ដូចដែលមានការរៀបរាប់នៅក្នុងដីកាដំណោះស្រាយដែលមាននិយាយអំពី ខៀវ សំផន។
នៅក្នុងអង្គប្រជុំមួយថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥ គណៈកម្មាធិកាអចិន្ដ្រៃយ៍បានផ្ដល់ភារកិច្ចដល់ កម្មាភិបាលជាន់ខ្ពស់របស់បក្សនូវការទទួលខុសត្រូវលើវិស័យផ្សេងៗក្នុងសកម្មភាពរបស់រដ្ឋាភិបាល ដូច ជាផ្នែក យោធា សេដ្ឋកិច្ច សន្ដិសុខ កិច្ចការបរទេស
និងសង្គមកិច្ច។ នៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំ នោះបានសរសេរថា “ក្នុងការលើកគម្រោងត្រូវសួរយោបល់អចិន្ដ្រៃយ៍ដើម្បីសម្រេច និងអនុម័ត”។ តាមការអះអាងរបស់ ខៀវ សំផន ការប្រជុំរបស់គណៈអចិន្ដ្រៃយ៍បានធ្វើឡើងញឹកញាប់ ដែលមាន រយៈពេលប្រាំពីរទៅដប់ថ្ងៃ្ង។ សាក្សីម្នាក់ទៀតបានបញ្ជាក់ថា គណៈអចិន្ដ្រៃយ៍នឹងធ្វើការកោះប្រជុំនៅ ពេលដែលមានកិច្ចការសំខាន់ណាមួយត្រូវពិភាក្សា និងសម្រេច។
ក.៤) មន្ទីរ ៨៧០ ៖
៨៧០ ជាលេខកូដមួយដែលគេសំដៅលើថ្នាក់់ខ្ពស់បំផុតរបស់មជ្ឈិមបក្សកុម្មុយនីស្ដកម្ពុជា ហើយ នៅក្នុងករណីខ្លះគឺសំដៅលើ ប៉ុល ពត។ មានអង្គភាពជាច្រើនដែលជាប់ទាក់ទងនឹងលេខកូដ ៨៧០ ប៉ុន្ដែ នៅក្នុងនោះមានស្ថាប័នពីរដែលជាស្ថាប័ន
សំខាន់ គឺមន្ទីរនយោបាយ៨៧០ និងមន្ទីររដ្ឋបាល ស-៧១ ឬ ក្រសួងស-៧១។
មន្ទីរនយោបាយ៨៧០ គឺគ្រប់គ្រងដោយ សឿ វ៉ាស៊ី ហៅ ឌឿន។ មន្ទីរនះមានភារកិច្ចទទួល បន្ចុកផ្នែកនយោបាយ និងមានតួនាទីសំខាន់ក្នុងការធ្វើទំនាក់ទំនងរវាងបុគ្គលនានាដែលមានអំណាច សម្រេចរបស់មជ្ឈិម ព្រមទាំងត្រួតពិនិត្យការអនុវត្ដសេចក្ដីសម្រេចនានា។ កំណត់ហេតុនៃអង្គប្រជុំ របស់គណៈអចិន្ដ្រៃយ៍បានបង្ហាញពីការិយាល័យ៨៧០ ដែលដឹកនាំដោយ ស៊ឹម សុន ហៅ យ៉ែម ដែល នៅក្នុងនោះ យ៉ែម គឺជាអ្នកធ្វើកំណត់ហេតុនៃកិច្ចប្រជុំនានារបស់គណៈអចិន្ដ្រៃយ៍ និងគណៈមជ្ឈិម។ មន្ទីរស-៧១ ដឹកនាំដោយ ឈឹម សំអោក ហៅ ប៉ង់ ហើយតាមរយៈការអះអាងរបស់សាក្សីមួយរូប បានបញ្ជាក់ថា មន្ទីរនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត។ តាមការអះអាងរបស់ ឌុច មុខងាររបស់មន្ទីរស-៧១គឺការពារមន្ទីរមជ្ឈិម កម្មាភិបាលនៃមន្ទីរមជ្ឈិម និងទទួលបន្ទុកខាងទទួលភ្ញៀវ ទូរគមនាគមន៍ ភស្ដុភារ ស្បៀងនិងការដឹកជញ្ជូន។ តួនាទីមួយទៀតរបស់មន្ទីរនេះក្នុងនាមគណៈ អចិន្ដ្រៃយ៍ គឺមានភារកិច្ច
តាមដានសមាជិករបស់បក្ស ក្រសួងនានា គណៈមជ្ឈិម និងគណៈអចិន្ដ្រៃយ៍ ខ្លួនឯង ក្នុងករណីមានការសង្ស័យ ការចាប់ខ្លួនជនក្បត់ និងបញ្ជូនទៅមន្ទីរស-២១។
មន្ទីរស-៧១ នេះមានមន្ទីរចំណុះមួយចំនួនដែលមានឈ្មោះសំងាត់ដោយប្រើព្យញ្ជនៈ “ក” ដូចជា មន្ទីរក-១ មន្ទីរក-៣ មន្ទីរក-៧ និងមន្ទីរក-១៨។ មន្ទីរក-១ គឺជាបរិវេណស្នាក់អាស្រ័យ និងធ្វើការរបស់ ប៉ុល ពត។ ទន្ទឹមនឹងនេះដែរ សាក្សី
មួយចំនួនបានអះអាងថាវាគ្រាន់តែជាកន្លែងធ្វើការ របស់ ប៉ុល ពត ប៉ុណ្ណោះ។ ប៉ុន្ដែមានសាក្សីខ្លះទៀតអះអាងថានៅពេលខ្លះ នួន ជា និង ខៀវ សំផន បានស្នាក់នៅ និងធ្វើការជាមួយ ប៉ុល ពត នៅទីនោះដែរ។ សាក្សីមួយចំនួនបានអះអាងថា មន្ទីរក-៣ ត្រូវបានគេប្រើប្រាស់ជាកន្លែងធ្វើការរបស់ នួន ជា, ខៀវ សំផន, អៀង សារី, សុន សេន និង វន វ៉េត ហើយពេលខ្លះ ប៉ុល ពត បានទៅប្រជុំនៅទីនោះដែរ។ មន្ទីរក-៧ គឺជាអង្គភាពនិរសារដែលជាកន្លែង ឆ្លងកាត់ការប្រាស្រ័យទាក់ទងជាលាយលក្ខណ៍អក្សរនានាដែលផ្ញើទៅកាន់គណៈ៨៧០ ឬមន្ទីរ៨៧០ មុននឹងបញ្ជូនទៅឱ្យ ប៉ុល ពត នៅមន្ទីរក-១ក៏ដូចជាទៅឱ្យគណៈ៨៧០ ឬសមាជិកពាក់ព័ន្ធរបស់គណៈ ៨៧០ អាស្រ័យលើការទទួលខុសត្រូវតាមផ្នែករបស់ខ្លួន។ មន្ទីរក-១៨ គឺជាអង្គភាពសារទូរលេខ ដែលមានភារកិច្ចទទួលការទាក់ទងតាមវិទ្យុរួចបញ្ជូនទៅកាន់មន្ទីរក-១។ មិនទាន់មានភស្ដុតាងបង្ហាញ ច្បាស់ថាបុគ្គលណាខ្លះដែលជាអ្នកទទួលលិខិត ដែល
បានផ្ញើរទៅមន្ទីរ៨៧០នោះ។ តាមការអះអាង របស់ ឌុច និងសាក្សីមួយចំនួនទៀតបានបញ្ជាក់ថា មន្ទីរ៨៧០គឺសំដៅទៅលើ ប៉ុល ពត, នួន ជា, អៀង សារី, វន វ៉េត, សុន សេន និង ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀតដោយរួមទាំង ខៀវ សំផន។ តាមរយៈភស្ដុតាងផ្សេងៗទៀតបានបន្ថែមថា មានមន្ទីរផ្សេងទៀតដូចជាមន្ទីរក-៦ ដែលគេហៅថាបុរី កីឡា មន្ទីរក-៨ ទទួលបន្ទុកដាំដុះបន្លែ មន្ទីរក-១១ ជាមន្ទីរពេទ្យ និងមន្ទីរក-១២ គឺជាអង្គភាពរៀបចំ យានជំនិះ និងអ្នកបើកបរសម្រាប់មជ្ឈិមបក្ស។
ជាសរុបមក ទាំង ឌុច, ខៀវ សំផន និងសាក្សីផ្សេងទៀតបានបញ្ជាក់ថាពាក្យ មន្ទីរ៨៧០, អង្គការ៨៧០ និងគណៈ៨៧០ ឬអង្គការ” ត្រូវបានប្រើប្រាស់ដោយមិនមានការបែងចែកដើម្បីសម្ដៅ ដល់ស្ថាប័នដឹកនាំនានារបស់មជ្ឈិមបក្សឡើយ។
ក.៥) ក្រសួងនានា ៖
តាមរយៈសេចក្ដីសម្រេចចុះថ្ងៃ្ងទី៣០ ខែមីនា ឆ្នាំ១៩៧៦ គណៈមជ្ឈិមបានធ្វើការកំណត់ សមាសភាពរបស់ស្ថាប័នរដ្ឋដើម្បីបង្កើតរដ្ឋាភិបាលផ្លូវការជំនួសឱ្យរដ្ឋាភិិបាលរួបរួមជាតិកម្ពុជា ដោយ មានការប្រកាសថា“រដ្ឋាភិបាលត្រូវតែជាអង្គការរបស់បក្សសុទ្ធសាធជារដ្ឋរបស់យើងផ្ទាល់”។ ឈ្មោះ របស់រដ្ឋមន្ដ្រីទាំងអស់ត្រូវបានប្រកាសជាសាធារណៈនៅថ្ងៃ្ងទី១៤ ខែមេសា ឆ្នាំ១៩៧៦។
ទោះបីជា សមាសភាពអាចត្រូវបានផ្លាស់ប្ដូរក្នុងអំឡុងពេលកម្ពុជាប្រជាធិបតេយ្យក៏ដោយ ជាគោលការណ៍រដ្ឋាភិ បាលត្រូវរៀបចំឡើងក្នុងបែបផែនដូចតទៅនេះ ៖
- ប៉ុល ពត ជានាយករដ្ឋមន្ដ្រីទទួលបន្ទុកទូទៅលើផ្នែកយោធា និងផ្នែកសេដ្ឋកិច្ច
– អៀង សារី ជាឧបនាយករដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការបរទេស
- សុន សេន ជាឧបនាយករដ្ឋមន្ដ្រីទទួលបន្ទុកការពារជាតិ
- វន វ៉េត ជាឧបនាយករដ្ឋមន្ដ្រីទទួលបន្ទុកសេដ្ឋកិច្ច
- នួន ជា ជាប្រធានសភាតំណាងប្រជាជន
– ហ៊ូ នឹម ជារដ្ឋមន្ដ្រីក្រសួងឃោសនាការ
- យុន យ៉ាត ជារដ្ឋមន្ដ្រីក្រសួងអប់រំ
– តូច ភឿន ជារដ្ឋមន្ដ្រីក្រសួងសាធារណការ ដឹកជញ្ជូន និងប្រៃសណីយ៍
- កុយ ធួន ជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម
- ចេង អន ជារដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម
- អៀង ធីរិទ្ធ ជារដ្ឋមន្ដ្រីទទួលបន្ទុកការងារសង្គមកិច្ច
- (ឈ្មោះកោសលុប) ជារដ្ឋមន្ដ្រីទទួលបន្ទុកសុខាភិបាល និង
- ខៀវ សំផន ជាប្រធានគណៈប្រធានរដ្ឋដែលធ្លាប់ទទួលបន្ទុកផ្នែកពាណិជ្ជកម្មទាក់ទងនឹង គណនេយ្យ និងការកំណត់តម្លៃ។
ខ) រចនាសម្ព័ន្ធ្ធរដ្ឋបាលថ្នាក់មូលដ្ឋាន
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ការកំណត់ទីតាំងត្រូវបានបែងចែកជាផ្នែកតូចៗទៅតាមអង្គ ភាពរដ្ឋបាលដែលមានឋានានុក្រមបន្ដគ្នា ហើយទាក់ទងទៅនឹងសង្វាក់នៃការបញ្ជាតាមរយៈខ្សែបណ្ដោយ ដែលគ្រប់គ្រងដោយគណៈមជ្ឈិម។ ភូមិភាគធំៗ
មួយចំនួនគឺស្ថិតនៅក្រោមគណៈមជ្ឈិមដោយផ្ទាល់ ហើយ ភូមិភាគទាំងនេះត្រូវបានបែងចែកជាតំបន់តំបន់បែងចែកជាស្រុកមួយចំនួន ហើយស្រុកត្រូវបានបែង ចែកជាឃុំ និងសហករណ៍។ គ្រប់ភូមិភាគ តំបន់ ស្រុក និងឃុំត្រូវបានគ្រប់គ្រងដោយ“គណៈ” ហើយ គណៈនីមួយៗត្រូវបានដឹកនាំដោយលេខា។ ចាប់ពីខែមេសា ឆ្នាំ១៩៧៥ ភូមិភាគត្រូវបានបែងចែកជា ៦ ដូចជា ភូមិភាគឧត្ដរ ភូមិភាគពាយ័ព្យ ភូមិភាគឦសាន ភូមិភាគនិរតី ភូមិភាគបស្ចឹម និង ភូមិភាគបូព៌ា។ នៅឆ្នាំ ១៩៧៧ ភូមិភាគឧត្ដរត្រូវបានដាក់ឈ្មោះសារជាថ្មីថាជាភូមិភាគកណ្ដាល និង បានបង្កើតឱ្យមានភូមិភាគឧត្ដរថ្មីមួយទៀត។ ក្រៅពីបែងចែកភូមិភាគទាំងនេះ បក្សកុម្មុយនីស្ដកម្ពុជា បានបង្កើតតំបន់ស្វយ័តដែលអាចរាយការណ៍ផ្ទាល់ទៅថ្នាក់មជ្ឈិមដោយមិនចាំបាច់ឆ្លងកាត់ការអនុញ្ញាតពីថ្នាក់ភូមិភាគឡើយ។ តំបន់ស្វយ័តទាំងអស់នោះរួមមាន តំបន់ស្វយ័ត១០៣(ខេត្ដព្រះវិហារ) តំបន់ ស្វយ័ត១០៥ (ខេត្ដមណ្ឌលគិរី) តំបន់ស្វយ័ត១០៦(ខេត្ដសៀមរាប) តំបន់ស្វយ័ត៥០៥(ខេត្ដក្រចេះ) និងតំបន់ស្វយ័តទីក្រុងកំពង់សោម។ ទីក្រុងភ្នំពេញត្រូវបានចាត់ថ្នាក់ជាទឹកដីផ្សេងពីគេដោយសារវាមិន ស្ថិតនៅក្នុងរចនាសម្ព័ន្ធ្ធរដ្ឋបាល ថ្នាក់មូលដ្ឋានជាផ្លូវការ ហើយត្រូវរាយការណ៍ផ្ទាល់ទៅថ្នាក់មជ្ឈិម។
ចំពោះលេខាភូមិភាគ គឺត្រូវបានតែងតាំងដោយគណៈមជ្ឈិម។ លេខាភូមិភាគ និងលេខាតំបន់ ស្វយ័តជាអ្នកអនុវត្ដតាមការសម្រេចរបស់គណៈមជ្ឈិម និងគណៈអចិន្ដ្រៃយ៍។ ចំពោះគោលនយោបាយ និងសេចក្ដីណែនាំរបស់គណៈមជ្ឈិមត្រូវបានផ្សព្វផ្សាយទៅដល់គ្រប់លេខាភូមិភាគ និងលេខាតំបន់ស្វយ័ត ដើម្បីធ្វើការផ្សព្វផ្សាយបន្ដទៅដល់ថ្នាក់តំបន់ និងស្រុក។ ចំណែកការរាយការណ៍ទាំងឡាយ
ត្រូវធ្វើចាប់ ពីថ្នាក់ឃុំឡើងរហូតដល់គណៈភូមិភាគ។ ដូចមានចែងនៅក្នុងលក្ខន្ដិកៈរបស់បក្សកម្មុយនីស្ដកម្ពុជា រាល់ ភារកិច្ច និងមុខងាររបស់គណៈភូមិភាគ គឺដឹកនាំអនុវត្ដភារកិច្ចដោយយោងតាមគោលការរបស់បក្ស គឺការចុះទៅជាប់ជាមួយថ្នាក់តំបន់ ស្រុក និងឃុំ។ ក្នុងការអនុវត្ដការងារទាំងនេះ គណៈភូមិភាគត្រូវ បានផ្ដល់អំណាចឱ្យកំណត់ការងារថ្មីៗតាមមាគ៌ានយោបាយរបស់បក្ស មានន័យថាភូមិភាគទាំងឡាយ ត្រូវទទួលខុសត្រូវចំពោះស្ថានភាពសន្ដិសុខផ្ទៃក្នុងដែលស្ថិតនៅក្នុងដែនដីរបស់ខ្លួន។ សិទ្ធិអំណាចមួយ ទៀតរបស់គណៈភូមិភាគ គឺការជ្រើសរើសសមាជិកថ្មីសម្រាប់ការដឹកនាំថ្នាក់ភូមិភាគ ដោយមានការ យល់ព្រមពីគណៈមជ្ឈិម។ ក្នុងលក្ខន្ដិកៈរបស់បក្សកុម្មុយនីស្ដកម្ពុជាកំណត់ថា គណៈតំបន់ គណៈស្រុក និងគណៈឃុំ គឺតម្រូវឱ្យអនុវត្ដសេចក្ដីណែនាំ ដែលបក្សបានដាក់ និងធ្វើសេចក្ដីរាយការណ៍ត្រលប់ទៅ រដ្ឋបាលថ្នាក់លើវិញ។ ក្រៅពីនោះ លេខាភូមិភាគតែងតែចូលរួមប្រជុំំប្រចាំឆ្នាំជាមួយ
គណៈមជ្ឈិម របស់បក្សកុម្មុយនីស្ដកម្ពុជាដែលធ្វើឡើងនៅទីក្រុងភ្នំពេញ ហើយពេលខ្លះថ្នាក់មជ្ឈិមបានប្រជុំជាមួយ សមាជិកភូមិភាគតំបន់ និងស្រុក ហើយគណៈតំបន់នានានឹងត្រូវរៀបចំកិច្ចប្រជុំជាមួយលេខាស្រុក និងឃុំដើម្បីផ្សព្វផ្សាយសេចក្ដីណែនាំនោះបន្ដទៀតដល់អង្គភាពរបស់ខ្លួន។
២) ប្រព័ន្ធទំនាក់ទំនងការងារ
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គណៈអចិន្ដ្រៃយ៍នៃបក្សកុម្មុយនីស្ដកម្ពុជា គឺជាក្បាលម៉ាស៊ីន នៃប្រព័ន្ធទំនាក់ទំនងការងាររបស់បក្សទូទាំងប្រទេស និងជាចំណុចប្រមូលផ្ដុំប្រព័ន្ធព័ត៌មានជាប់លាប់រវាង ផ្នែកនីមួយៗនៃឋានានុក្រមរដ្ឋបាល។ ទាក់ទងនឹងចំណុចនេះ ក្រឡាបញ្ជីបានបន*ការអានដីកាដំណោះ ស្រាយចាប់ពីកថាខណ្ឌ៧២ រហូតដល់កថាខណ្ឌ១១២ ដែលនៅក្នុងនោះមានរៀបរាប់អំពីបណ្តាញទំនាក់
ទំនង និងមធ្យោបាយនៃការធ្វើទំនាក់ទំនង។
ក) បណ្ដាញទំនាក់ទំនងការងារ ៖
បណ្ដាញទំនាក់ទំនងការងារនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានរៀបចំយ៉ាងម៉ត់ចត់នៅ ថ្នាក់មជ្ឈិម(រវាងក្រសួងនានានិងមន្ទីរនានាដែលនៅជុំវិញមជ្ឈិម ក្នុងចំណោមកងទ័ពរបស់មជ្ឈិម និងនៅ ក្នុងមន្ទីរសន្ដិសុខរបស់មជ្ឈិម) រវាងមជ្ឈិមនិងភូមិភាគ ភូមិភាគទៅតំបន់ និងស្រុកទំនាក់ទំនងក្រៅប្រទេស និងតាមរយៈកិច្ចប្រជុំនៅមជ្ឈិមដើម្បីសិក្សារៀនសូត្រ។
ក.១) បណ្ដាញទំនាក់ទំនងរវាងមជ្ឈិម និងភូមិភាគ
ភូមិភាគ និងតំបន់ស្វយ័តបានរាយការណ៍ទៅគណៈអចិន្ដ្រៃយ៍អំពីស្ថានភាពកសិកម្មដូចជា ការធ្វើ ស្រែ ប្រព័ន្ធធារាសាស្ដ្រ ជីវភាពប្រជាជន ស្ថានភាពរបស់ខ្មាំង និងស្ថានភាពយោធា។ មានសារទូរ លេខមួយចំនួនបានរាយការណ៍ពី ការរត់ចោលជួរនិងការមិនគោរពវិន័យរបស់កងទ័ព ជម្លោះជាមួយ វៀតណាម (ដោយមានការបញ្ជាក់ពីចំនួនខ្មាំង ដែលត្រូវបានសម្លាប់ និងសម្ភារៈដែលរឹបអូសបាន) អំពីស្ថាន ភាព និងការសួរចម្លើយគិញវៀតណាម (ដោយបានបញ្ជាក់ពីការប្រើប្រាស់ទារុណកម្ម) អំពីបញ្ហាសន្ដិសុខផ្ទៃក្នុង (ដោយបានបញ្ជាក់ពីបុគ្គលដែលត្រូវបានសង្ស័យ ឬជនក្បត់) និងបានរាយ ការណ៍ប្រាប់មន្ទីរ៨៧០ អំពីផែនការណ៍ប្រយុទ្ធនិង ចលនារបស់ខ្មាំងជាដើម។ លេខាភូមិភាគម្នាក់ៗ ត្រូវមានតារាងពេលវេលាសម្រាប់ទំនាក់ទំនងការងារដែលកំណត់ដោយមជ្ឈិម ដែលតារាងនេះបញ្ជាក់ពី ពេលវេលាសម្រាប់ទាក់ទងជាមួយមជ្ឈិម។ សារទូរលេខជាច្រើនត្រូវបានផ្ញើចេញពីភូមិភាគចំនួនមួយ ឬពីរដង
ក្នុងមួយថ្ងៃនៅពេល ព្រឹក និងពេលល្ងាច ហើយក្នុងកាលៈទេសៈពិសេសសារទូរលេខអាចត្រូវ បានផ្ញើនៅម៉ោងណាក៏បាន។ អ្នកប្រតិបត្ដិការសារទូរលេខម្នាក់ក្នុងចំណោមអ្នកប្រតិបត្ដិសារទូរលេខជា ច្រើននៅភូមិភាគកណ្ដាល បានបញ្ជាក់ថា គាត់បានទទួលសារទូរលេខពីមជ្ឈិម(មន្ទីរ៨៧០) ប្រហែល បួនទៅប្រាំសារក្នុងមួយថ្ងៃ្ង្ង។ ក្នុងកំឡុងឆ្នាំ១៩៧៨ ទំនាក់ទំនងរវាងមជ្ឈិម និងភូមិភាគមានការកើន ឡើង ដោយសារមានការរីកចម្រើនផ្នែកបច្ចេកទេស។ សាក្សីជាច្រើនបានបង្ហាញថា “មានគោលការណ៍ ដ៏តឹងរឹងមួយ គឺហាមមិនឱ្យមានទំនាក់ទំនងដោយផ្ទាល់រវាងភូមិភាគ និងភូមិភាគឡើយ ពោលគឺរាល់ ទំនាក់ទំនងរវាងភូមិភាគ និងភូមិភាគត្រូវឆ្លងកាត់តាមរយៈមជ្ឈិម…”។
ក.២) បណ្ដាញទំនាក់ទំនងរវាងភូមិភាគទៅ តំបន់ និងស្រុក
តំបន់នីមួយៗមានអង្គភាពសារទូរលេខផ្ទាល់ខ្លួន ប៉ុន្ដែរាល់ការបញ្ជូនសារទូរលេខរបស់តំបន់ត្រូវ ឆ្លងកាត់តាមរយៈភូមិភាគ។ មានតែតំបន់ស្វយ័តប៉ុណ្ណោះដែលអាចទាក់ទងដោយផ្ទាល់ជាមួយមជ្ឈិម។ សាក្សីម្នាក់ដែលធ្វើការជាអ្នកប្រតិបត្ដិការសារទូរលេខនៅក្នុងតំបន់ស្វយ័ត១០៥បញ្ជាក់ថា មន្ទីរស្រុក ភាគច្រើនបានរាយការណ៍ពីគម្រោងសាងសង់ទំនប់ និងប្រឡាយទឹក សុខភាពរបស់ប្រជាជន ការត្រួត ពិនិត្យកងកម្លាំងសមាសភាពល្អនិងមិនល្អ សមាសភាពក្បត់ ឬសន្ដិសម្ព័ន្ធជាដើម។ បន្ទាប់ពីទទួលបាន របាយការណ៍ទាំងនេះ លេខាតំបន់បានរៀបចំ និងផ្ញើរបាយការណ៍ទាំងនេះទៅមជ្ឈិមជាប្រចាំ។
ក្រៅពីអង្គភាពសារទូរលេខ នីរសារជាច្រើនក៏ត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងទំនាក់ទង ការងារ រវាងតំបន់ និងស្រុកដែរ។ ដូចបានចង្អុលបង្ហាញដោយប្រភពអាមេរិកកាំង (របាយការណ៍ stonybeach) បានបញ្ជាក់ថា “ស្រុកនីមួយៗ និងតំបន់នៅក្នុងភូមិភាគបូព៌ា មានបណ្ដាញនីរសារ មួយ។ បណ្ដាញនេះធ្វើ តាមរចនាសម្ព័ន្ធដ៏តឹងរឹងមួយ ដែលឆ្លុះបញ្ជាំងពីខ្សែសង្វាក់បញ្ជាររបស់ភូមិ ភាគ។ ឧទាហរណ៍ ទោះបីមាន អង្គភាពនីសារថ្នាក់ស្រុកដែលមានទីតាំងនៅជិតអង្គភាពភូមិភាគក៏ដោយ ក៏អង្គភាពថ្នាក់ស្រុក ដំបូងត្រូវផ្ញើសារទៅបញ្ជាការកណ្ដារបស់ពួកគេ រួចទើបផ្ញើទៅមន្ទីរនីរសារភូមិ ភាគ។ បន្ទាប់មកសារបានចូលដល់ បណ្ដាញភូមិភាគ។ នីរសារបញ្ជូនសារសំខាន់ៗទាក់ទងការងារ សន្ដិសុខ ការងារបក្ស ការងារយោធា ព្រមទាំងធ្វើទំនាក់ទំនងផ្ទាល់ខ្លួនឱ្យបុគ្គល ដែលនៅតាមទីតាំង នីមួយៗ”។
ក.៣) បណ្ដាញទំនាក់ទំនងក្រៅប្រទេស
របបកម្ពុជាប្រជាធិបតេយ្យមានមធ្យោបាយបច្ចេកទេស ដើម្បីទំនាក់ទំនងជាមួយប្រទេសក្រៅ ហើយថ្នាក់ដឹកនាំបក្សកុម្មុយនីស្ដកម្ពុជា បានបញ្ជូនសារទូរលេខទៅប្រទេសផ្សេងៗទៀតដែលភាគច្រើន គឺជារដ្ឋសង្គមនិយមពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីផ្ដល់យោបល់ និងអបអរសារទរចំពោះ ព្រឹត្ដការណ៍នានា ឬដើម្បីពន្យល់ថាអ្វីៗប្រព្រឹត្ដទៅបានល្អប្រសើរ។
ព័ត៌មានក្រៅប្រទេស ត្រូវបានបក្សកុម្មុយនីស្ដផ្សព្វផ្សាយតាមរយៈស្ថានទូតនៅទីក្រុងប៉េកាំង ហើយក្រសួងឃោសនាការត្រូវបានណែនាំឱ្យផ្ដល់ព័ត៌មានដល់មេដឹកនាំជាន់ខ្ពស់ជាប្រចាំថ្ងៃ្ង្ង ដោយសង្ខេប អំពីអ្វីដែលកើតមាននៅក្នុងពិភពលោក។
ក.៤) ទំនាក់ទំនងការងារតាមរយៈកិច្ចប្រជុំសិក្សារៀនសូត្រនៅគណៈមជ្ឈិម
សាក្សីជាច្រើនបានលើកឡើងថា កម្មាភិបាលមកពីគណៈភូមិភាគ គណៈតំបន់ រួមទាំងកងទ័ព ត្រូវបាន នួន ជា, ប៉ុល ពត ឬមន្ទីរ៨៧០ កោះហៅមកចូលរួមកិច្ចប្រជុំសិក្សារៀនសូត្រ នៅទីក្រុង ភ្នំពេញ ឬនៅមជ្ឈិម។ មជ្ឈិមត្រូវធ្វើការប្រជុំប្រចាំខែនៅមន្ទីក-១ដែលការប្រជុំនេះមានការចូលរួម ដោយកម្មាភិបាលមកពីគណៈស្រុក គណៈតំបន់ និងគណៈភូមិភាគ។ ជារឿយៗ កិច្ចប្រជុំនេះត្រូវបាន ដឹកនាំដោយ ប៉ុល ពត និង សុន សេន និងចូលរួមដោយកម្មាភិបាលជាន់ខ្ពស់របស់បក្ស និងមេបញ្ជាការ នានាពាក់ព័ន្ធនឹងផ្នែកយោធា។
ខ) មធ្យោបាយនៃទំនាក់ទំនងការងារ
តាមរយៈភស្ដុតាងមួយចំនួន និងការពិនិត្យរបាយការណ៍ដែលធ្វើឡើងដោយកម្មាភិបាលថ្នាក់ ក្រោមទៅថ្នាក់់លើ សេចក្ដីណែនាំពីថ្នាក់លើទៅថ្នាក់ក្រោមបង្គាប់ និងការស្នើសុំផ្ដល់ព័ត៌មានផ្សេងៗបាន បង្ហាញថា ទំនាក់ទំនងជាចម្បងរវាងមន្ទីរនិងមន្ទីរ ឬរវាងបុគ្គលនិងបុគ្គល ត្រូវបានធ្វើឡើងតាមរយៈ សំបុត្រ សារទូរលេខ និងនិរសារ។ ទំនាក់ទំនងការងារជាផ្លូវការក៏ត្រូវបានធ្វើឡើងតាមរយៈការប្រជុំ នានាដែលរៀបចំឡើងនៅតាមថ្នាក់រដ្ឋបាលនីមួយៗ និងតាមរយៈការប្រមូលផ្ដុំប្រជុំគ្នាដ៏ធំនៅទីក្រុង ភ្នំពេញ។ បន្ថែមលើនេះ ទៅទៀតបក្សកុម្មុយនីស្ដកម្ពុជាបានផ្សព្វផ្សាយនូវសេចក្ដីណែនាំផ្សេងៗ និងឯកសារបណ្ដុះបណ្ដាលមនោគមន៍វិជ្ជានយោបាយនៅទូទាំងប្រទេស។ ឯកសារផ្សព្វផ្សាយបែបនេះ ត្រូវបានបញ្ជូនពីថ្នាក់មជ្ឈិមទៅកម្មាភិបាលថ្នាក់ក្រោមដែលជាអ្នកផ្សព្វផ្សាយបន្ដទៅប្រជាជននៅតាម ភូមិភាគ និងតំបន់នានា។
ខ.១) មធ្យោបាយទំនាក់ទំនងការងារតាមរយៈសំបុត្រ និងនិរសារ
មេដឹកនាំជាន់ខ្ពស់របស់បក្សកុម្មុយនីស្ដកម្ពុជា ដូចជា ប៉ុល ពត, នួន ជា, ខៀវ សំផន និង អៀង សារី បានប្រើប្រាស់សំបុត្រមួយចំនួនជាមធ្យោបាយក្នុងការធ្វើទំនាក់ទំនងការងារ។ សំបុត្រត្រូវបានបញ្ជូន តាមរយៈនិរសារទៅឱ្យលេខាភូមិភាគ និងតំបន់នានា។ និរសារត្រូវបានប្រើប្រាស់ជាចម្បងដើម្បីនាំ យកសេចក្ដីរាយការណ៍ ឬសារទូរលេខពីអង្គភាពនាំសារទៅកាន់ក្រសួងនានា ឬត្រូវបានប្រើសម្រាប់ ទាក់ទងគ្នាពាកក់ព័ន្ធនឹងការចាប់ខ្លួនជនណាម្នាក់។
ខ.២) មធ្យោបាយទំនាក់ទំនងការងារតាមរយៈសារទូរលេខ
គណៈអចិន្ដ្រៃយ៍បានសម្រេចអំពីរបៀបដំណើរការនៃអង្គភាពសារទូរលេខនៅថ្ងៃ្ង្ងទី៩ ខែតុលា ឆ្នាំ ១៩៧៥។ អង្គភាពនេះត្រូវបានបែងចែកជាពីរផ្នែក គឺមួយផ្នែកទទួលខុសត្រូវក្នុងការបញ្ជូនសារ និងទទួលសារ និងមួយផ្នែកទៀតទទួលខុសត្រូវក្នុងការដាក់លេខសម្ងាត់ និងបកប្រែខ្លឹមសារសារទូរ លេខ។ សាក្សីជាច្រើនបានបញ្ជាក់ថា“សារទូរលេខដែលផ្ញើចេញពីមជ្ឈិម ជាដំបូងត្រូវផ្ញើមកផ្នែកបក ប្រែសារទូរលេខ ដែលមានទីតាំងនៅមន្ទីរមជ្ឈិមបក្សក-១ ដើម្បីបកប្រែទៅជាលេខកូដសម្ងាត់។ បន្ទាប់ មកសារដែលមានលេខកូដសម្ងាត់នេះ ត្រូវបានបញ្ជូនទៅក្រុមប្រតិបត្ដិការនៅមន្ទីរក-១៨ ដែលជាអ្នក ត្រូវបញ្ជូនសារនោះ ជាលេខកូដសម្ងាត់ទៅអ្នកទទួលដែលជាអ្នកបកប្រែទៅជាខ្លឹមសារអត្ថបទធម្មតា។ សារទូរលេខ ដែលផ្ញើចូលពីភូមិភាគនានា ដំបូងត្រូវចូលទៅក១៨ដើម្បីឱ្យក្រុមអ្នកវាយអត្ថបទបំប្លែង ជាលាយលក្ខណ៍អក្សរ។ បន្ទាប់ មកសារជាលេខកូដសម្ងាត់នោះត្រូវបានបញ្ជូនទៅក-១ដើម្បីបកប្រែ សារទូរលេខ ហើយត្រូវបញ្ជូនទៅកម្មាភិបាលបក្សដែលជាអ្នកត្រូវទទួល…”។
ខ.៣)មធ្យោបាយទំនាក់ទំនងការងារតាមរយៈការបោះពុម្ពផ្សាយឯកសារនយោបាយ
ចំពោះមធ្យោបាយក្នុងការអប់រំគោលនយោបាយរបស់បក្សកុម្មុយនីស្ដកម្ពុជា គឺតាមរយៈការ បោះពុម្ពផ្សាយទស្សនាវដ្ដីទង់បដិវត្ដ ទស្សនាវដ្ដីយុវជនយុវនារីបដិវត្ដ និងតាមរយៈការចាក់ផ្សាយតាម វិទ្យុ ឬបង្កើតខ្សែភាពយន្ដ និងការថតរូបជាដើម។
ទស្សនាវដ្ដីទង់បដិវត្ដ ទស្សនាវដ្ដីយុវជន និងយុវនារីបដិវត្ដ គឺជាឧបករណ៍ឃោនាមួយដែល ត្រូវបានប្រើប្រាស់ដើម្បីឆ្លុះបញ្ជាំងអំពីនយោបាយរបស់បក្សមួយដងក្នុងមួយខែ។ មានតែបក្ខជន ប៉ុណ្ណោះ ដែលមានសិទ្ធិទទួលបានទស្សនាវដ្ដីទាំងនេះ
ហើយទស្សនាវដ្ដីនេះត្រូវបានផ្សព្វផ្សាយដើម្បី បង្រៀនដល់កម្មាភិបាលទាំងផ្នែកនយោបាយ និងយោធា។ បន្ទាប់មកកម្មាភិបាលទាំងនោះត្រូវ ផ្សព្វផ្សាយគោលនយោបាយបន្ដទៅអ្នកនៅក្រោមបង្គាប់ខ្លួន។ សាក្សីមួយចំនួនបានលើកឡើងថា “គោលការណ៍ដែលណែនាំនៅក្នុងទស្សនាវដ្ដីទាំងនោះត្រូវបានបង្ហាញពីរបៀបធ្វើការដ៏ម៉ត់ចត់ ហើយ ប្រសិនបើមនុស្សណាម្នាក់មិនសម្របខ្លួនតាមខ្លឹមសារទស្សនាវដ្ដីទេនោះ អ្នកនោះនឹងត្រូវចាត់ទុកថាជា ខ្មាំងដោយស្វ័យប្រវត្ដិ”។
បន្ទាប់ពីលោកប្រធានអង្គជំនុំជម្រះបានប្រកាសសម្រាកនៅពេលព្រឹករយៈពេល២០នាទី លោក អាង ឧត្ដម មេធាវីការពារក្ដី អៀង សារី បានក្រោកឈរដើម្បីស្នើសុំឱ្យកូនក្ដីរបស់ខ្លួនចូលរួមសវនាការ ពីចម្ងាយតាមរយៈប្រព័ន្ធសោទស្សន៍នៅបន្ទប់ខាងក្រោម ដោយសារបញ្ហាសុខភាពមិនអាចឱ្យជនជាប់ ចោទរូបនេះចូលរួមសវនាកាដោយផ្ទាល់បាន។ ប៉ុន្ដែសំណើនេះត្រូវបានលោកប្រធានអង្គជំនុំជម្រះ បដិសេធ ដោយលោកបានផ្ដល់ហេតុផលថា សវនការនាពេលនេះគឺទាក់ទងនឹងការចោទប្រកាន់ជនជាប់ ចោទនៅក្នុងសវនាការដំណាក់កាលទី២ ដូច្នេះវត្ដមានរបស់ជនជាប់ចោទនៅក្នុងសវនាការ គឺជារឿង សំខាន់ ដើម្បីធានាថាជនជាប់ចោទបានស្ដាប់
អង្គហេតុដែលបានចោទប្រកាន់មកលើខ្លួន។
បន្ទាប់ពីបញ្ចប់ការអានរបស់ក្រលាបញ្ជីទាក់នឹងប្រព័ន្ធទំនាក់ទំនងការងារនៅក្នុងរបបកម្ពុជាប្រជា ធិបតេយ្យ លោកប្រធានអង្គជំនុំជម្រះបានបង្គាប់ឱ្យក្រឡាបញ្ជីម្នាក់ទៀត ឡើងអានដីកាដំណោះស្រាយបន* ទាក់ទងនឹងតួនាទីរបស់ជនជាប់ចោទនៅក្នុងរបប
កម្ពុជាប្រជាធិបតេយ្យ។
៣) តួនាទីរបស់ជនជាប់ចោទនីមួយៗក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ក) តួនាទី និងមុខងាររបស់ជនជាប់ចោទ នួន ជា
ទាក់ទងតួនាទីរបស់ជនជាប់ចោទ នួន ជា ក្រឡាបញ្ជីបានចាប់ផេ*ីមអានពីកថាខណ្ឌ៨៦៩រហូត ដល់កថាខណ្ឌ៨៩២ ដែលនៅក្នុងនោះរួមមាន តួនាទីជនជាប់ចោទជាសមាជិកគណៈមជ្ឈិម និងគណៈ អចិន្រ្តៃយ៍ តួនាទីនៅក្នុងផ្នែកសន្តិសុខ និងតួនាទីផ្សេងៗទៀត។
ក.១) តួនាទី និងមុខងារជាសមាជិកគណៈមជ្ឈិម និងគណៈអចិន្ដ្រៃយ៍
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា គឺជាសមាជិករបស់គណៈមជ្ឈិម និងគណៈអចិន្ដ្រៃយ៍។ ក្នុងនាមជាសមាជិកគណៈមជ្ឈិម នួន ជា មានតួនាទីជាអនុលេខាមជ្ឈិមបក្ស ចាប់តាំងពីឆ្នាំ១៩៦០រហូត ពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្ដែការប្រកាសជាសាធារណៈពីតួនាទីរបស់ នួន ជា ត្រូវបានធ្វើ ឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៧៧។ នួន ជា ត្រូវបានគេស្គាល់ថាជាបងធំទីពីរបន្ទាប់ពី ប៉ុល ពត ដែលមានសិទ្ធិពិគ្រោះ និងចូលរួមសម្រេចលើបញ្ហាទាំងអស់ជាមួយ ប៉ុល ពត។ ឌុច បានអះអាងថា នួន ជា គឺជាអ្នកទទួលខុសត្រូវក្នុងការអនុវត្ដរាល់សេចក្ដីសម្រេចដែលធ្វើឡើងដោយ ប៉ុល ពត។
យោងលើកំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍បានបញ្ជាក់ថា រាល់ការប្រជុំម្ដងៗតែង តែមានវត្ដមានរបស់ នួន ជា ដែលជាអ្នកផ្ដល់យោបល់ ធ្វើការណែនាំ និងចេញបទបញ្ជាផ្សេងៗ។ ក្រៅពីនេះ នួន ជា បានចូលរួមនៅក្នុងកិច្ចប្រជុំផ្សេងៗទៀត
របស់បក្សដែលបានធ្វើឡើងជាប្រចាំនៅ មន្ទីរក-១ និងក-៣។ កិច្ចប្រជុំប្រចាំខែត្រូវធ្វើឡើងនៅមន្ទីរក-១ជាមួយកម្មាភិបាលមួយចំនួនមកពី ភូមិភាគ តំបន់ និងស្រុក។ បន្ថែមលើនេះ នួន ជា មានការប្រជុំជាមួយកម្មាភិបាលមកពីតំបន់ស្វយ័ត ដែរ។
ក.២) តួនាទីនៅក្នុងផ្នែកសន្ដិសុខ
ស្របពេលជាមួយគ្នានេះដែរ ជនជាប់ចោទ នួន ជា មានតួនាទីផ្សេងទៀតពាក់ព័ន្ធនឹងផ្នែកសន្ដិ សុខរបស់បក្សកុម្មុយនីស្ដកម្ពុជា ដូចជា សមាជិកគណៈកម្មាធិការយោធានៃគណៈកម្មាធិការមជ្ឈិម សមាជិកគណៈចាត់តាំងមជ្ឈិម និងទទួលខុសត្រូវលើការងារបក្ស សង្គមកិច្ច វប្បធម៌ ឃោសនាការ និងសិក្សាធិការ ជានាយករដ្ឋមន្ដ្រីស្ដីទីនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យជាប្រធានសភាប្រជាជន និង ជាប្រធានគណៈកម្មាធិការអចិន្ដ្រៃយ៍នៃសភាតំណាងប្រជាជន។
តួនាទីជាសមាជិកគណៈកម្មាធិការយោធានៃគណៈកម្មាធិការមជ្ឈិម
តាមការបញ្ជាក់របស់ អៀង សារី បានបង្ហាញថា នួន ជា គឺជាសមាជិកនៅក្នុងគណៈកម្មាធិការ យោធា។ ក្រៅពីនេះ វត្ដមានរបស់ នួន ជា ត្រូវបានឃើញនៅពេលធ្វើសុន្ទរកថានៅក្នុងឱកាសបុណ្យខួប លើកទី៩នៃកងទ័ពបដិវត្ដន៍កម្ពុជាក្នុងនាម
គណៈកម្មាធិការយោធារបស់បក្សកុម្មុយនីស្ដកម្ពុជា។ នួន ជា បានបញ្ជាក់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានអង្គភាពយោធាដែលមានតួនាទីការពារជាតិ និង បោសសំអាតខ្មាំងស៊ីរូងផ្ទៃក្នុង។
តាមរយៈការអះអាងរបស់សាក្សីមួយចំនួនបានបង្ហាញថា នួន ជា ទទួលខុសត្រូវលើកិច្ចការ សន្ដិសុខ ដោយធ្វើការណែនាំជាប្រចាំទាក់ទងនឹងការងារសន្ដិសុខ និងធ្វើបទឧទ្ទេសនាមនៅក្នុងវគ្គរៀន សូត្រនយោបាយដល់សមាជិកកងទ័ពបដិវត្ដន៍កម្ពុជា។
លើសពីនេះទៅទៀត ឌុច បានអះអាងថា គ្រប់ ការងារទាំងអស់ត្រូវតែឆ្លងកាត់ នួន ជា ដែលរួមទាំងការងារក្នុងវិស័យយោធាផង។
តាមរយៈសាក្សី ម្នាក់ដែលធ្លាប់បំរើការងារជាអ្នកកាន់ទូរស័ព្ទឱ្យ សុន សេន បានអះអាងថាខ្លួនមិនដែលឃើញមានការ ធ្វើទំនាក់ទំនងតាមសារទូរលេខរវាង សុន សេន និង នួន ជា ឡើយដោយសារអ្នកទាំងពីរតែងតែជួបគ្នា រាល់ថ្ងៃ។ មុខងារមួយទៀតរបស់ នួន ជា ក្នុងឋានៈជាសមាជិកនៃគណៈកម្មាធិការអចិន្ដ្រយ៍ គឺទាក់ទង នឹងបញ្ហាសន្ដិសុខអន្ដរជាតិដូចជា ការចូលរួមក្នុងការធ្វើសេចក្ដីសម្រេចទាក់ទងនឹងគោលនយោបាយយុទ្ធ សាស្ដ្រអំពីបញ្ហាព្រំដែនកម្ពុជា និងស្ថានភាពជម្លោះព្រំដែនជាមួយវៀតណាម។ ជនជាប់ចោទក៏ធ្លាប់ បានចរចារជាមួយអាជ្ញាធរវៀតណាម ព្រមទាំងតាក់តែង “សៀវភៅខ្មៅ” ដែលនិយាយអំពីគោល នយោបាយការបរទេសវៀតណាម ហើយ នួន ជា មានសិទ្ធិអំណាចក្នុងការផ្ញើសេចក្ដីណែនាំទាក់ទងនឹង បញ្ហាសន្ដិសុខអន្ដរជាតិទៅថ្នាក់ក្រោមតាមរយៈសារទូរលេខ និងលិខិតផ្សេងៗថែមទៀតផង។
មន្ទីរសន្ដិសុខស-២១ និងការដ្ឋានស-២៤
យោងលើកិច្ចសម្ភាសន៍ជាច្រើនដែលធ្វើឡើងក្រោយរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បាន បដិសេធថាខ្លួនពិតជាមិនបានដឹងថាមានមន្ទីរសន្ដិសុខស-២១នៅមុនឆ្នាំ១៩៧៩ ឡើយ ប៉ុន្ដែមាន ភស្ដុតាងជាច្រើនដែលអាចបញ្ជាក់បានថា នួន ជា ជាអ្នកទទួលបន្ទុកគ្រប់គ្រងលើមន្ទីរសន្ដិសុខស-២១ និងការដ្ឋាន ស-២៤(ព្រៃស)របស់មន្ទីរស-២១។ ឌុច បានអះអាងថា ក្នុងពេលបំពេញការងារនៅមន្ទីរ ស-២១ ទោះបីជាខ្លួនមិនមានទំនាក់ទំនងផ្ទាល់ជាមួយ នួន ជា ក៏ដោយ ក៏ខ្លួនអាចយល់បានថា នួន ជា
ទទួលខុសត្រូវលើមន្ទីរ ស-២១តាមរយៈការធ្វើទំនាក់ទំនងជាមួយ សុន សេន “ …សុន សេន មាន នួន ជា ជាថ្នាក់លើ ហើយ នួន ជា នៅក្រោម ប៉ុល ពត”។ ឌុច បន្ថែមថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៧ សុន សេន បានចាកចេញពីភ្នំពេញទៅកាន់សមរភូមិមុខ
ក្នុងពេលមានជម្លោះជាមួយវៀតណាម។ នៅខណៈនោះ នួន ជា បានហៅ ខ្លួន (ឌុច) ទៅការិយាល័យមួយនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ហើយចាប់តាំងពី ពេលនោះមកខ្លួនធ្វើការរាយការណ៍ទៅ នួន ជា ដែលជាថ្នាក់លើផ្ទាល់របស់ខ្លួន ហើយខ្លួន
នៅតែរក្សា ទំនាក់ទំនងជាមួយ សុន សេន តាមរយៈទូរស័ព្ទរាល់សប្ដាហ៍ ឬរាល់មួយខែម្ដង។
សមាជិកគណៈចាត់តាំងមជ្ឈិម និងការទទួលខុសត្រូវលើការងារបក្ស សង្គមកិច្ច វប្បធម៌ ឃោសនាការ និងសិក្សាធិការ
ឌុច បានអះអាងថា នួន ជា ទទួលខុសត្រូវខាងគណៈចាត់តាំងមជ្ឈិមបក្ស និងមានអំណាច តាមដាន និងត្រួតពិនិត្យ តែងតាំងចំពោះបុគ្គលិកថ្មីនៅតាមមន្ទីរ និងក្រសួងនានារួមទាំងការតែងតាំង លេខាតំបន់ ឬភូមិភាគទៀតផង។ នៅក្នុងកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥ នួន ជា ត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវការងារបក្ស សង្គមកិច្ច វប្បធម៌ ឃោសនាការ និងសិក្សាធិការ។ ក្នុងសេចក្ដីសម្រេចនេះ ឌុច ចាត់ទុកថា នួន ជា ត្រូវបានដាក់ឱ្យទទួលខុសត្រូវលើក្រសួងចំនួនបួន គឺក្រសួង ឃោសនាការ ក្រសួងអប់រំ ក្រសួងសង្គមកិច្ច និងក្រសួងវប្បធម៌ ហើយមូលហេតុនៃការ តែងតាំងនេះ គឺដោយសាររដ្ឋមន្ដ្រីនៃក្រសួងទាំងបួនមិនមែនជាសមាជិកពេញសិទ្ធិរបស់គណៈមជ្ឈិម។ តាមរយៈការអះអាងរបស់សាក្សីពីររូបដែលធ្លាប់ធ្វើការនៅក្រសួងពត៌មាន និងឃោសនាការបានបង្ហាញ ថា នួន ជា ធ្វើជារដ្ឋមន្ដ្រីនៃក្រសួងនេះចាប់ពីចុងឆ្នាំ១៩៧៨ រហូតដល់ពេលដែលរបបកម្ពុជាប្រជាធិប តេយ្យដួលរលំ។ តាមរយៈបទសម្ភាសន៍មួយ នួន ជា បានទទួលស្គាល់ថា មុនថ្ងៃ១៧ មេសា ១៩៧៥ ខ្លួនមានជាប់ពាក់ព័ន្ធនឹងការបោះពុម្ពផ្សាយ និងសរសេរទស្សនាវដ្ដីទង់បដិវត្ដរបស់បក្សកុម្មុយនីស្ដកម្ពុជា ។ ឌុច បានអះអាងបន្ថែមថា“ នួន ជា ទទួលបន្ទុក
កិច្ចការប្រចាំថ្ងៃនៅក្នុងបក្ស។ ខ្ញុំនៅចាំបានថា ការងារនយោបាយរបស់បក្ស គឺផ្ដោតជាសំខាន់លើការរៀនសូត្រប្រចាំឆ្នាំ”។ នៅទីក្រុងភ្នំពេញ នួន ជា បានបង្រៀនវគ្គនយោបាយជាច្រើនដល់មហាជនដោយបានបង្រៀនមាគ៌ា ឬគោលនយោបាយ របស់បក្សកុម្មុយនីស្ដកម្ពុជា។ ការប្រជុំរៀនសូត្រនោះធ្វើឡើងនៅបុរីកីឡា ដោយមានការចូលរួមពី សំណាក់កម្មាភិបាលដែលមកពីតាមភូមិភាគ តំបន់ គណៈស្រុក ប្រធានសហករណ៍ គណៈឃុំផ្សេងៗ និងសមាជិកកងទ័ពបដិវត្ដកម្ពុជា។
នួន ជា ធ្លាប់បានចូលរួមនៅក្នុងកិច្ចប្រជុំមួយស្ដីអំពីការងារសង្គមកិច្ច និងសុខាភិបាលដែលធ្វើ ឡើង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៦ ដែលនៅក្នុងនោះ អៀង ធីរិទ្ធ និងកម្មាភិបាលនៅក្រសួង សង្គមកិច្ច បានរាយការណ៍លម្អិតទាក់ទងនឹងការងាររបស់ក្រសួង ហើយក្នុងពេលនោះដែរ នួន ជា ក៏បានផ្ដល់ជាយោបល់ខ្លះៗដែរនៅក្នុងកិច្ចប្រជុំនោះ។
តួនាទីជានាយករដ្ឋមន្ដ្រីស្ដីទីនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ
បន្ទាប់ពីមានការប្រកាសជាផ្លូវការពីការសម្រាករបស់ ប៉ុល ពត ដើម្បីព្យាបាលសុខភាព នួន ជា ត្រូវបានប្រកាសតែងតាំងជានាយករដ្ឋមន្ដ្រីស្ដីទីរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ១៩៧៦ ហើយចាប់តាំងពីខែមករាដល់
ខែកញ្ញា ឆ្នាំ១៩៧៧ នួន ជា ត្រូវបានប្រកាសជា ញឹកញាប់ដោយសារព័ត៌មានបក្សកុម្មុយនីស្ដកម្ពុជាពីតួនាទីជានាយករដ្ឋមន្ដ្រីស្ដីទី ជាពិសេសនៅពេលធ្វើ សុន្ទរកថាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៩នៃកងទ័ពបដិវត្ដកម្ពុជានៅថ្ងៃ១៦ ខែមករា ឆ្នាំ១៩៧៧។
តួនាទីជាប្រធានសភាតំណាងប្រជាជន និងប្រធានគណៈកម្មាធិកាអចិន្ដ្រៃយ៍នៃសភា តំណាងប្រជាជន
ក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យទាំងមូល នួន ជា មានតួនាទីជាប្រធានសភា តំណាងប្រជាជន និងជាប្រធាននៃគណៈកម្មាធិការអចិន្ដ្រៃយ៍នៃសភាតំណាងប្រជាជន ហើយការជ្រើស រើសឱ្យធ្វើជាប្រធាននៃគណៈកម្មាធិការអចិន្ដ្រៃយ៍
នៃសភាតំណាងប្រជាជន បានធ្វើឡើងនៅក្នុងសម័យ ប្រជុំសភាពេញអង្គលើកទី១នៅថ្ងៃទី១១-១៣ ខែមេសា ឆ្នាំ១៩៧៦។ នៅក្នុងឋានៈទាំងពីរនេះ នួន ជា ត្រូវបានស្គាល់ជាសាធារណៈថា មានតួនាទីដឹកនាំគណៈប្រតិភូរបស់បក្សកុម្មុយនីស្ដកម្ពុជាទៅធ្វើទស្សនៈ កិច្ចជាផ្លូវការនៅប្រទេសចិន និងកូរ៉េខាងជើងធ្វើការទាក់ទងជាមួយមេដឹកនាំបរទេសនានាព្រមទាំង ចេញសេចក្ដីសម្រេចនានា។
ក.៣) តួនាទីផ្សេងៗ
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យជនជាប់ចោទ នួន ជា ក៏មានតួនាទីជាលេខាភូមិភាគក្នុងមួយ រយៈពេលខ្លីបន្ទាប់ពីមានការចាប់ខ្លួនលេខាភូមិភាគមួយចំនួន។ នួន ជា ធ្វើជាលេខានៅភូមិភាគឦសាន ដែលកាលពីមុនគ្រប់គ្រងដោយ ឈ្មោះ ម៉ែន សាន ហៅ យ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៦។ ក្រៅពីនោះទៀត នួន ជា ធ្វើជាលេខានៅភូមិភាគបូព៌ា គឺបន្ទាប់ពីមានការធ្វើ អត្ដឃាតរបស់ សោ ភឹម នៅខែមិថុនា ឆ្នាំ១៩៧៨។ ក្រៅពីតួនាទីទាំងនេះក្នុងនាមជាសមាជិកពេញ សិទ្ធិនៃគណៈអចិន្ដ្រៃយ៍ ជនជាប់ចោទ នួន ជា ក៏មានភារកិច្ច រួមចំណែកទទួលខុសត្រូវនៅមន្ទីរនយោបាយ ៨៧០ និងមន្ទីរស-៧១ដែរ។
ខ) តួនាទីរបស់ជនជាប់ចោទ អៀង សារី
ទាក់ទងនឹងតួនាទីរបស់ជនជាប់ចោទ អៀង សារី ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រឡាបញ្ជី បានបន្ដអានដីកាដំណោះស្រាយចាប់ពីកថាខណ្ឌ១០០២ដល់កថាខណ្ឌ១០១៥ នៅក្នុងនោះ អៀង សារី មានតួនាទីជាសមាជិកគណៈអចិន្ដ្រៃរបស់
បក្សកុម្មុយនីស្ដកម្ពុជាពេញមួយរបបគ្រប់គ្រងនេះ។ ក្នុងឋានៈ ជាសមាជិករបស់គណៈអចិន្ដ្រៃយ៍ អៀង សារី បានចូលរួមនៅក្នុងកិច្ចប្រជុំមួយចំនួនរបស់គណៈ អចិន្ដ្រៃយ៍។ កំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍ ដែលនៅសេសសល់ពីរបបកម្ពុជាប្រជាធិប តេយ្យ គឺមានតែ១៩ប៉ុណ្ណោះ ដែលនៅក្នុងនោះមានកំណត់ហេតុ១០ ដែលបញ្ជាក់ថា អៀង សារី បានចូលរួមប្រជុំ ប៉ុន្ដែ អៀង សារី អាចចូលរួមប្រជុំច្រើនជាងនេះដោយយោងតាមការលើកឡើងរបស់ ខៀវ សំផន ដែលថាគណៈអចិន្ដ្រៃយ៍កោះប្រជុំរវាងពី៧ទៅ១០ថ្ងៃម្ដង ហើយកិច្ចប្រជុំកាន់តែញឹកញាប់ នៅពេលមានភាពចំបាច់។ កំណត់ហេតុដែលនៅសេសសល់នោះបានបង្ហាញថា អៀង សារី ធ្លាប់ធ្វើបទ ឧទ្ទេសនាមលើបញ្ហានានាដូចជា បញ្ហាឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹកជញ្ជូន ការចូលរួមសន្និសីទ ជាមួយបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ នៅទីក្រុង កូឡុំបូ ជំនួយបរទេស ជម្លោះជាមួយប្រទេស វៀតណាម ការអំពាវនាវដល់ប្រជាជន
កម្ពុជា ដែលនៅបរទេសឱ្យវិលត្រឡប់មកវិញ និងទំនាក់ទំនង ការទូតជាមួយបណ្ដាប្រទេសផ្សេងៗ។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អៀង សារី មានតួនាទីជា ឧបនាយករដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការបទេស និងតួនាទីផ្សេងៗមួយចំនួនទៀត។
ខ.១) តួនាទីជាឧបនាយករដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការបរទេស
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៧៥ វិទ្យុនៅភ្នំពេញបានផ្សាយថា អៀង សារី ត្រូវបាន តែងតាំងជាឧបនាយករដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការបរទេស។ ការតែងតាំងនេះ ត្រូវបានកត់ត្រាក្នុង កំណត់ហេតុនៃអង្គប្រជុំគណៈអចិន្ដ្រៃយ៍នៅថ្ងៃទី៩ ខែតុលា ឆ្នាំ
១៩៧៥។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ១៩៧៦ គណៈមជ្ឈិមបក្សបានកត់ត្រាការតែងតាំងនេះនៅក្នុងឯកសារមួយមានចំណងជើងថា “សេចក្ដី សម្រេចរបស់គណៈមជ្ឈិមអំពីបញ្ហាផ្សេងៗមួយចំនួន”។ ការតែងតាំងនេះត្រូវបានគាំទ្រដោយសភា តំណាងប្រជាជនកម្ពុជានៅខែបន្ទាប់។ តែទោះបីជាយ៉ាងណាក៏ដោយ អៀង សារី បានលើកឡើងថា ខ្លួនទទួលយកតួនាទីជាឧបនាយករដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការបរទេសនៅក្នុងកំឡុងខែមេសា ឆ្នាំ១៩៧៦។ ក្រសួងការបរទេស ដែលជាទូទៅត្រូវបានស្គាល់ថា មានអក្សរសម្គាល់ “ប-១” ត្រូវបានបង្កើត ឡើង និងសម្ពោធជាផ្លូវការនៅខែធ្នូ
ឆ្នាំ១៩៧៥។ សាក្សីម្នាក់បានអះអាងថា ប-១ មានមនុស្សធ្វើ ការជាងមួយពាន់នាក់ ដែលបុគ្គលិកទាំងនោះត្រូវបានជ្រើសរើសពីក្រុមមនុស្សដែលមានសមាសភាព “ស្អាតស្អំ”។ មន្ទីរ៨៧០ ជាអ្នកទទួលបន្ទុកជ្រើសរើសបុគ្គលិកឱ្យក្រសួងនេះ។ បុគ្គលិកទាំងនោះ ត្រូវបានជ្រើសរើសមកពីភូមិភាគផ្សេងៗដោយផ្អែកលើវណ្ណៈ ឬសមត្ថភាព និងមកពីមូលដ្ឋានបដិវត្ដ ចាស់ៗ…។ បុគ្គលិកមួយចំនួនក៏ត្រូវបានជ្រើសរើសចេញពីក្រុមបញ្ញវន្ដដែលត្រឡប់មកពីបរទេសដែរ។ បន្ថែមលើនេះទៅ ទៀត អៀង សារី បានជ្រើសរើសកុមារកម្មាភិបាលមួយចំនួន ដែលមិនបានទទួល ការសិក្សាអប់រំ ហើយមានអាយុចាប់ពី៨ ទៅ១៥ឆ្នាំ។
នៅក្នុងសៀវភៅទិនានុលេខដែលនិយាយពីមន្ទីរប-១ មានចំណងជើង “សន្និបាតសាខា” ចុះថ្ងៃ ទី២២ ខែឧសភា ឆ្នាំ១៩៧៦ បានលើកឡើងថា“ អៀង សារី ជាប្រធានសាខាបក្ស ហើយចំពោះ ទិដ្ឋភាពរដ្ឋបាល គាត់ជាគណៈប្រធានដឹកនាំទូទៅ និងជាប្រធានផ្នែកនយោបាយ…”។ តាមរយៈអតីត កម្មាភិបាលជាន់ខ្ពស់ម្នាក់ដែលធ្វើការនៅមន្ទីប-១ បានលើកឡើងថា “អៀង សារី ជាប្រធានផ្នែក នយោបាយ បានដឹកនាំអង្គប្រជុំនានាក្នុងកម្រិតក្រសួង ដឹកនាំអង្គប្រជុំបក្សនៅក្នុងក្រសួងដឹកនាំការងារ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងផ្សាយជាភាសាអង់គ្លេសនៃវិទ្យុកម្ពុជាប្រជាធិបតេយ្យ និងផ្ដល់ការ ណែនាំទៅថ្នាក់ក្រោមបង្គាប់អំពីការរៀបចំវគ្គរៀនសូត្រដល់បុគ្គលិកក្រសួង..”។ តាមរយៈអតីត កម្មាភិបាលជាន់ខ្ពស់ម្នាក់ទៀតដែលធ្វើការនៅមន្ទីរ ប-១ដែរបានលើកឡើងថា “អៀង សារី គឺជា អ្នកដឹកនាំរួមនៅប-១ ដែលមានន័យថា គាត់ក៏ដឹកនាំសាខាបក្សក្នុងក្រសួង ទទួលខុសត្រូវកិច្ចការផ្ទៃ ក្នុងរបស់ក្រសួង ផ្សព្វផ្សាយបទបញ្ជាពីថ្នាក់លើ ជាពិសេសពី ប៉ុល ពត និង នួន ជា បានជួបប្រជុំ ជាមួយបញ្ញវន្ដដែលជាបុគ្គលិកស្ទើររៀងរាល់ថ្ងៃ គ្រប់គ្រងមន្ទីរអប់រំកែប្រែដែលជាសាខារបស់ក្រសួង ដូចជា មន្ទីរនៅច្រាំងចម្រេះ និងព្រែកប្រា…”។
ក្នុងតួនាទីជាឧបនាយករដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការបទេស អៀង សារី បានធ្វើដំណើទៅ បរទេសជា ទៀងទាត់ ដោយបានទៅធ្វើទស្សនកិច្ចនៅប្រទេស ចិន វៀតណាម គុយបា បារាំង សហរដ្ឋអាមេរិក និង ប្រទេសមួយចំនួនទៀត ហើយ អៀង សារី
តែងតែទទួលគណៈប្រតិភូបរទេស រៀបចំពិធីជប់លៀង ចូលរួម ប្រជុំពិភាក្សាពីទំនាក់ទំនងអន្ដរជាតិនិងពាណិជ្ជកម្មអន្ដរជាតិ ព្រមទាំងអមដំណើរគណៈប្រតិភូ ទាំងនោះទៅទស្សនកិច្ចនៅទូទាំងប្រទេសកម្ពុជា។
ខ.២) តួនាទីផ្សេងៗទៀត
ក្រៅពីតួនាទីដូចបានរៀបរាប់ខាងលើ ក្នុងឋានៈជាសមាជិកពេញសិទ្ធិនៃគណៈអចិន្ដ្រៃយ៍របស់ បក្សកុម្មុយនិស្ដកម្ពុជា អៀង សារី បានចូលរួមទទួលខុសត្រូវលើមន្ទីរនយោបាយ៨៧០ និងមន្ទីរ ស-៧១។ ក្រៅពីនេះ អៀង សារី មានតួនាទីជាអ្នកឧទ្ទេសនាមមនុស្សឱ្យចូលបក្ស ដឹកនាំគណៈ កម្មការកិច្ចការបរទេសនៃគណៈមជ្ឈិមរបស់បក្សកុម្មុយនីស្ដកម្ពុជា និងជាសមាជិករបស់របស់គណៈ កម្មាធិការនានាដែលបង្កើតឡើងដើម្បីដោះស្រាយបញ្ហានានា (ដូចជា ធនាគារ ការទិញសម្ភារៈ និងឃ្លាំង រដ្ឋនៅភ្នំពេញ)។ បន្ថែមលើនេះ អៀង សារី អាចជាអ្នកដែលបានចូលរួមរៀបចំទស្សនាវដ្ដីឃោស នារបស់បក្សកុម្មុយនីស្ដកម្ពុជា។
គ) តួនាទីរបស់ជនជាប់ចោទ ខៀវ សំផន
តាមរយៈបទចោទដែលបានអានដោយក្រឡាបញ្ជីនៅក្នុងសវនាការថ្ងៃនេះ ជនជាប់ចោទ ខៀវ សំផន មានតួនាទី និងមុខងារជាច្រើននៅក្នុងអង្គភាពមួយចំនួនរបស់បក្សកុម្មុយនីស្ដកម្ពុជាដូចជាគណៈ មជ្ឈិម គណៈអចិន្ដ្រៃយ៍ ប្រធានគណៈប្រធានរដ្ឋ អង្គភាពចំណុះមន្ទីរ៨៧០ ក្រសួងពាណិជ្ជកម្ម និងតួនាទី ផ្សេងៗមួយចំនួនទៀត។
គ.១) តួនាទីជាសមាជិកគណៈមជ្ឈិម និងការចូលរួមក្នុងការងារគណៈអចិន្ដ្រៃយ៍
ខៀវ សំផន ត្រូវបានបញ្ចូលជាសមាជិកត្រៀមនៃគណៈមជ្ឈិមនៅឆ្នាំ១៩៧១ ហើយបានក្លាយ ជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៧៦។ ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់គណៈមជ្ឈិម ខៀវ សំផន អាច “ពិគ្រោះ ពិភាក្សា និងរួមមតិសម្រេច”រាល់បញ្ហាដែលពាក់ព័ន្ធ។ ខៀវ សំផន ធ្លាប់បានចូលរួម កិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍មួយចំនួន។ ក្នុងចំណោមកំណត់ហេតុរបស់គណៈអចិន្ដ្រៃយ៍ដែលនៅសល់ ទាំង១៩ គឺមានតែកំណត់ហេតុ១៥ ប៉ុណ្ណោះដែលមានបញ្ជាក់ពីវត្ដមានរបស់អ្នកចូលរួមប្រជុំ ហើយក្នុង
ចំណោមកំណត់ហេតុ១៥នេះ គឺមានតែកំណត់ហេតុ១៣ ប៉ុណ្ណោះដែលបញ្ជាក់ថា ខៀវ សំផន បានចូល រួមប្រជុំ។ ខៀវ សំផន បានចូលរួមប្រជុំជាញឹកញាប់ជាមួយ ប៉ុល ពត, នួន ជា, អៀង សារី និង ប៉ង់ នៅ មន្ទីរក-១ ដែលកិច្ចប្រជុំនេះមានការចូលរួមពីកម្មាភិបាលមកពីភូមិភាគ តំបន់ និងស្រុកនានា ពាក់ព័ន្ធ នឹងការគ្រប់គ្រងកម្មាភិបាលថ្នាក់ក្រោម។
គ.២) តួនាទីជាប្រធានគណៈប្រធានរដ្ឋ
ខៀវ សំផន ត្រូវបានតែងតាំងជាប្រធានប្រមុខរដ្ឋនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧៦ ក្នុង សម័យប្រជុំដំបូងនៃសភាតំណាងប្រជាជនកម្ពុជា។ អង្គហេតុនៅក្នុងដីកាដំណោះស្រាយបានលើកឡើង ថា “ការទទួលខុសត្រូវចម្បងនានារបស់ ខៀវ សំផន ក្នុងតំណែងនេះគឺដើម្បីជួយលើកស្ទួយគោល នយោបាយផ្សេងៗរបស់បក្សកុម្មុយនីស្ដកម្ពុជាលើឆាកអន្ដរជាតិ។ គាត់បានផ្ញើ និងទទួលលិខិតឆ្លើយ ឆ្លង និងសារតាំងពីបណ្ដាមេដឹកនាំ និងឯកអគ្គរដ្ឋទូតផ្សេងៗលើពិភពលោក។ …គាត់ធ្លាប់បានថ្លែង សុន្ធរកថានៅប្រទេសនៅសន្និសីទកំពូលលើកទី៥របស់បណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងកូឡុំបូ ក្នុងឆ្នាំ១៩៧៦។ …និងបានអមដំណើរប្រតិភូបរទេសធ្វើទស្សនកិច្ចនៅជុំវិញប្រទេសកម្ពុជា ហើយបាន រាយការណ៍ប្រាប់ គណៈប្រតិភូទាំងនោះអំពីការក៏សាងប្រទេសឡើងវិញអំពីសហករណ៍ និងបដិវត្ដ កសិកម្មជាដើម”។ ក្នុងនាមជាប្រធានគណៈប្រធានរដ្ឋ ខៀវ សំផន បានដឹកនាំសកម្មភាពនានាដូចជា ប្រកាស
ឱ្យប្រើបទប្បញ្ញត្ដិ ដែលកំណត់អំពីការប្រព្រឹត្ដទៅរបស់សភាតំណាងប្រជាជនកម្ពុជា និងគណៈ អចិន្ដ្រៃយ៍នៃសភាតំណាងប្រជាជនកម្ពុជា។
គ.៣) តួនាទីនៅអង្គភាពចំណុះមន្ទីរ៨៧០
ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៧៥ រហូតដល់ចុងបញ្ចប់នៃរបបកម្ពុជាប្រជាធិបតេយ្យ ខៀវ សំផន គឺជាកម្មាភិបាលដឹកនាំមួយរួមនៃអង្គភាពរបស់មជ្ឈិមបក្សកុម្មុយនីស្ដកម្ពុជាដែលមានឈ្មោះ ជាផ្លូវការថា “មន្ទីរនយោបាយ៨៧០”។ ឌុច បានអះអាងថា “ខៀវ សំផន បានកាន់តួនាទីជាប្រធាន មន្ទីរនយោបាយ៨៧០ នៅឆ្នាំ១៩៧៦ នៅពេលដែល ឌឿន ចាកចេញទៅគ្រប់គ្រងនៅក្រសួង ពាណិជ្ជកម្ម…”។ តែទោះបីជាយ៉ាងណាក៏ដោយ ខៀវ សំផន បានបញ្ជាក់ថា ខ្លួនមិនដែលធ្លាប់ធ្វើជា ប្រធានមន្ទីរនយោបាយ៨៧០ឡើយដោយអះអាងថា ការងាររបស់ខ្លួននៅក្នុងមន្ទីរនេះគឺផ្ដោតទៅលើ បញ្ហាសេដ្ឋកិច្ច ការផ្គត់ផ្គង់ ស្បៀងអាហារនៅទូទាំងប្រទេសកម្ពុជា…។
គ.៤) តួនាទីនៅក្រសួងពាណិជ្ជកម្ម
ខៀវ សំផន ត្រូវបានតែងតាំងឱ្យទទួលខុសត្រូវ“ពាណិជ្ជកម្មខាងបញ្ជី និងតម្លៃ”ក្នុងកំឡុងពេល កិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៧៥។ ខៀវ សំផន បានអះអាងជា សាធារណៈថា ការទទួលខុសត្រូវរបស់គាត់រួមមាន ធ្វើការងារជាមួយនាយកដ្ឋានពាណិជ្ជកម្មក្រៅ ប្រទេសសម្រាប់ការនាំ ចេញ និងនាំចូលទំនិញ អនុវត្ដសេចក្ដីសម្រេចរបស់គណៈអចិន្ដ្រៃយ៍ទាក់ទង នឹងការចែកស្បៀងអាហារ នៅទូទាំងប្រទេស និងរៀបចំតម្លៃផលិតផលដែលបានទទួលពីសហករណ៍។
គ.៥) តួនាទីផ្សេងៗទៀត
ក្រៅពីតួនាទីដូចបានរៀបរាប់ខាងលើ ខៀវ សំផន មានតួនាទីមួយចំនួនទៀតដូចជា តួនាទីជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាអគ្គមេបញ្ជាការកងទ័ពរំដោះជាតិ និងប្រជាជន កម្ពុជា។ ប៉ុនែ* ឌុច បានលើកឡើងថា “ខៀវ សំផន
គ្រាន់តែជាប្រធានកិត្ដិយសរបស់គណៈកម្មាធិការ យោធា ជារូបភាពបង្ហាញសាកលលោកទេ រីឯ ប៉ុល ពត មានអំណាចពិតប្រាកដនៅក្នុងវិស័យ យោធា”។ ក្រៅពីនេះ ខៀវ សំផន ក៏មានភារកិច្ចពាក់ព័ន្ធកិច្ចការបរទេស អ្នកធ្វើមាតុភូមិនិវត្ដ ទទួល បន្ទុកក្នុងការថ្លែងសុន្ទរកថា ក្នុងនាមបក្សកុម្មុយនីស្ដកម្ពុជា និងការបង្រៀននយោបាយជាដើម។-
(ចងក្រងមជ្ឈមណ្ឌលឯកសារកម្ពុជា)