ភ្នំពេញ: បន្ទាប់ពីធ្វើសិក្ខាសាលារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ នោះ បានបោះឆ្នោតជ្រើសតាំងប្រធានបណ្តាញ សម្រាប់ការពារស្ត្រីបំរើការតាមផ្ទះនៅកម្ពុជា រួចហើយ។ ការបោះឆ្នោតនោះ បានធ្វើឡើង នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីជ្រើសតាំងប្រធាន អនុប្រធាននិងអគ្គលេខាធិការ នៃបណ្តា្កញកម្មករធ្វើការនៅតាមផ្ទះ។
ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: រតនា
CEN
តាមលទ្ធផលបោះឆ្នោត អ្នកស្រី វុន សម្ជស្ស ជាប់ឆ្នោតមានសំឡេង ៦៤ លើ ១១៧ សំឡេង អ្នកស្រី យឹម សុធី ជាប់ឆ្នោតអនុប្រធាន មានសំឡេងគាំទ្រ ៥៩ លើក ១១៧ សំឡេង។ ចំណែកអគ្គលេខាធិការបានទៅលើ អ្នកស្រី អួង លីហ្សា ដែលមានសំឡេងគាំទ្រ ចំនួន ៣៩ លើ ១១៧ សំឡេង។
បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា ត្រូវបានបង្កើតឡើង តាមរយៈសមាជ ដែលរៀបចំដោយសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA នៅភោជនីយដ្ឋានទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២។
អង្គសមាជ មានអ្នកចូលរួមចំនួន ១០០ នាក់ ជាកម្មករធ្វើការតាមផ្ទះ រួមទាំងមន្ត្រីរដ្ឋាភិបាល តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ សហជីព និងអ្នកសារព័ត៌មាន។
ក្នុងពិធីជួបជុំនោះ ក្រៅពីមតិសំណេះសំណាល ក៏មានកិច្ចពិភាក្សា ព្រមទាំងបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធ និងលក្ខន្តិកៈរបស់បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា។
តាមសេចក្តីប្រកាស បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា បង្កើតឡើង ដោយសារធ្លាប់រងគ្រោះសព្វបែបយ៉ាងក្នុងឋានៈជាកម្មករធ្វើការតាមផ្ទះ ជាពិសេសមិនត្រូវបានការយកចិត្តទុកដាក់ និងផ្តល់តម្លៃពីសង្គម។ ក្នុងនោះ ក៏ដើម្បីឲ្យកន្លែងការងាររបស់កម្មករតាមផ្ទះ ប្រកបដោយផាសុខភាព សុវត្ថិភាព យុត្តិធម៌ មានលក្ខខណ្ឌការងារល្អប្រសើរថ្លៃថ្លូរ មានការទទួលស្គាល់ និងផ្តល់តំលៃពីសង្គម៕