លាង សុផាឡែន បោះ​ទុន​១០​ម៉ឺន​ដុល្លារ លើ​មុខ​ជំនួញ

ភ្នំពេញ : ក្រៅ​ពី​ប្រកាស​ថា ខ្លួន​មាន​ដី​មិន​ក្រោម​២០​ហិកតា ​ដែល​មាន​តម្លៃ​ថ្លៃ​រាប់​ម៉ឺន​ដុល្លារ​នៅ​ខេត្ត​សៀមរាប​នោះ តារា​ចម្រៀង​ទើប​ហក់​ចូល​ទ្រនំ​ហង្សមាស​នាង លាង សុផាឡែន ក៏​ស្រាប់​តែ​ប្រកាស​ពី​គម្រោង​បើក​មុខ​ជំនួញ ចំណាយ​ប្រាក់់​ខ្ទង់​សែន​ដុល្លារ​មួយ​ទៀត។

Monday, 12 November 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​រស្មី​ហង្ស​មាស​នាង លាង សុផាឡែន។ រូបថត ឈឹម ស្រីនាង

តារា​ចម្រៀង​រស្មី​ហង្ស​មាស​នាង លាង សុផាឡែន។ រូបថត ឈឹម ស្រីនាង

ក្រោយ​ពេល​ប្រឡូក​ក្នុង​ សិល្បៈ​ជាច្រើន​ឆ្នាំ​ តារា​សម្បុរ​ស្រអែម លាង សុផាឡែន មាន​ការ​ប្រែប្រួល​ច្រើន ទាំង​សម្រស់ និង​ជីវភាព។ ជាក់​ស្តែង​ កន្លង​មក​នាង​ធ្លាប់​ប្រាប់​ថា មាន​ដី​ស្រែ​ប្រមាណ​ម្ភៃ​ហិកតា​សម្រាប់​ដាំ​ស្រូវ​នៅ​ខេត្ត​សៀមរាប ហើយ​នៅ​ថ្ងៃ​ក្រោយ​នាង​ក៏​មាន​បំណង​ដាំ​ដំឡូង​មី និង​កៅស៊ូ​ផង​ដែរ។ ជា​ពិសេស​ថ្មីៗ​នេះ លាង សុផា ឡែន មាន​គម្រោង​រៀប​ចំ​មុខ​ជំនួញ​មួយ​បន្ថែម​ពី​លើ​ការងារ​សិល្បៈ​ដែល​នាង​ត្រៀម​ បោះ​ទុន​ប្រមាណ​ជា​ដប់​ម៉ឺន​ដុល្លារ ។

ក្រៅ​ពី​បដិសេធ​មិន​ទាន់​រំលេច​ ឈ្មោះ​មុខ​ជំនួញ​នោះ តារា​ចម្រៀង​ចំណូល​ថ្មី​របស់​ហង្ស​មាស​សម្បូរ​ក្បាច់​រាំ​បែប​អឺរ៉ុប​រូប នេះ​បាន​និយាយ​ថា៖ «មុខ​របរ​ដែល​ខ្ញុំ​គ្រោង​បោះ​ទុន​ជាង​១០​ម៉ឺន​ដុល្លារ​នោះ​ ជា​របរ​ស្រប​ច្បាប់​ និង​មិន​ជាន់​ជាមួយ​តារា​ដទៃ​ទេ ហើយ​ពេល​នេះ​ខ្ញុំ​កំពុង​គិត​គូរ»​។ នាង​បាន​បន្ត​ថា៖ «មុខ​របរ​ដែល​ខ្ញុំ​គ្រោង​បើក​នេះ អាច​នឹង​លេច​រូប​រាង​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​»។

បន្ថែម​ពី​លើ​នេះ​ កញ្ញា លាង សុផាឡែន ក៏បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា៖ «ក្រៅ​ពី​ដី​នៅ​សៀម​រាប​ចំនួន​២០​ហិកតា​នោះ ខ្ញុំ​នៅ​មាន​ដី​ចំនួន​ពីរ​កន្លែង​នៅ​ម្តុំ​សំរោង​អណ្តែត​ ហើយ​ដី​នេះ​ខ្ញុំ​មាន​បំណង​នឹង​សាង​សង់​ផ្ទះ​ល្វែង​ទុក​សម្រាប់​ជួល»។

ដោយ សារ​សិល្បៈ​បាន​ផ្លាស់​ប្តូរ​ខ្សែ​ជីវិត​អ្នក​ចម្រៀង​ម្នាក់​នេះ​ឲ្យ​មាន ជីវភាព​រុងរឿង​យ៉ាង​រហ័ស បាន​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មិន​អស់​ចិត្ត​ពី​ភាព​ថ្កុំថ្កើង​របស់​នាង​ព្រោះ​ តែ​សាវតារ​តារា​ចម្រៀង​រូប​នេះ​មិន​មែន​ផុស​ចេញ​ពី​ត្រកូល​ធូរធារ​នោះ។ ឆ្លើយ​តប​ទៅ​នឹង​ការ​សង្ស័យ​នេះ លាង សុផាឡែន បាន ប្រាប់​ថា៖​ «ភាព​មាន​បាន​នេះ​មិន​មែន​រំពឹង​តែ​លើ​អាជីព​​សិល្បៈ​ខ្ញុំ​នោះ​ដែរ​។ អ្វីៗ​នេះ ​ជា​សំណល់​ពី​ឪពុក​ម្តាយ​ផង​ដែរ​ និង​ម្យ៉ាង​ទៀត​នេះ​បាន​ពី​ការ​ពូកែ​សន្សំ​របស់​ខ្ញុំ​ជា​ច្រើន​ឆ្នាំ​មក​នេះ »។

នាង​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ពូកែ​សន្សំ​ណាស់​មិន​សូវ​ជា​ខ្ជះខ្ជាយ​នោះ​ទេ ព្រោះ​ថា​ខ្ញុំ​ជា​កូន​ផុស​ចេញ​ពី​ត្រកូល​អ្នក​ពិបាក ហើយ​ទទួល​បាន​ឱកាស ​និង​មាន​កេរ្តិ៍​ឈ្មោះ នេះ​ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ធ្វើ​ឲ្យ​បច្ចុប្បន្ន​របស់​ខ្ញុំ​ប្រែប្រួល​ផ្ទុយ​ពី​អតីត​កាល​ឲ្យ ខាង​តែ​បាន​»។

ទោះ​ជា​មាន​គម្រោង​អាជីវកម្ម​ជា​ច្រើន​មុខ​យ៉ាង​នេះ​ក្ដី ក៏​ម្ចាស់ បទ រ៉េវឡនឆាលី រូប​នេះ​អះអាង​ថា៖ «ខ្ញុំ​មិន​ទាន់​មោទនភាព​នូវ​អ្វី​ដែល​ខ្ញុំ​មាន​ពេល​នេះ​ទេ ហើយ​ខ្ញុំ​ក៏​នឹង​ព្យាយាម​ធ្វើ​ការ​អភិវឌ្ឍ​បន្ត​ទៀត​ធ្វើ​យ៉ាង​ណា​ឲ្យ កេរ្តិ៍​ឈ្មោះ​សិល្បៈ​កាន់​តែ​ប្រសើរ​ជាង​នេះ»​។

ថ្វី​ដ្បិត​តែ​មិន​ទាន់ បញ្ចេញ​បទ​ថ្មី​សូម្បី​តែ​មួយ​បទ​នៅ​លើ​ទីផ្សារ​ គួប​ផ្សំ​នឹង​អវត្តមាន​លើ​ឆាក​តន្ត្រី​ចុង​សប្ដាហ៍​ក៏​រយាល ប៉ុន្តែ​ លាង សុផាឡែន បាន​ប្រាប់​ថា នាង​ត្រៀម​ចេញ​បទ​មនោសញ្ចេតនា និង​បទ​ញាក់​នៅ​ចុង​ខែ​តុលា​ ក្នុង​ទម្រង់​ជា​អាល់ប៊ុម​ម្នាក់​ឯង។

នាង ​បាន​ពន្យល់​ទៀត​ថា៖ «ខ្ញុំ​ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ​ មិន​ថា​ការ​ហាត់​ពត់​សំឡេង​ ក្បាច់​រាំ ​ការ​តុប​តែង​ខ្លួន និង​សម្លៀក​បំពាក់ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​លក្ខណៈ​ប្លែក​ជាង​ពី​មុន ​និង​ឲ្យ​សាហាវ តែ​មិន​សិច​ស៊ី​នោះ​ទេ។​ ខ្ញុំ​រំពឹង​ថា​បទ​ចម្រៀង​របស់​ខ្ញុំ​នឹង​បាន​ទទួល​ការ​គាំទ្រ​ពីសំណាក់​មហាជន»។

នៅ​ពេល​ដែល​សួរ​នាំ​ពី​បញ្ហា​បេះដូង លាង សុផាឡែន ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា៖ «ខ្ញុំ​មាន​អ្នក​ស្រឡាញ់​ច្រើន​ តែ​មិន​ទាន់​មាន​អ្នក​ដែល​ខ្ញុំ​ត្រូវ​ជ្រើស​រើស​ទេ»។

នាង​ថ្លែង​ថា៖ ​«ខ្ញុំ​ប្រាប់​តាម​ត្រង់​​ចុះ ​សង្សារ​ចង់​រក​ពេល​ណាក៏​បាន​ដែរ​ គ្រាន់​តែ​ខ្ញុំ​មិន​ទាន់​ចង់​។ សម័យ​នេះ​រៀប​ការ​អាយុ​ច្រើន​បន្តិច​ក៏​មិន​បញ្ហា​អ្វី​ដែរ​»៕

What Next?

Recent Articles

One Response to "លាង សុផាឡែន បោះ​ទុន​១០​ម៉ឺន​ដុល្លារ លើ​មុខ​ជំនួញ"

  1. BaBaBoo says:

    An ordinary people really can’t manage life style as one who always flip-flop, beside connection to the family of one who did look over behind. Anyway, that’s good dream to start off, as long as she keep a head straight , lucky to the man in her blacklist……