ភ្នំពេញៈ តារាចម្រៀង ពៅ បញ្ញាពេជ្រ ដែលបានជួលផ្ទះសម្រាកព្យាបាលជំងឺនៅប្រទេសថៃ ក្រោយខ្មាន់កាំភ្លើងបាញ់ឲ្យធ្លាក់ខ្លួនពិការអស់រយៈពេល៧ឆ្នាំ នោះ បានវិលមកដល់ប្រទេសកម្ពុជាវិញហើយ ខណៈដែលនាង និងគ្រួសារអស់លទ្ធភាពបន្តការព្យាបាល ហើយរបួសរបស់នាងនៅតែមានសភាពធ្ងន់ធ្ងរនោះ។
Monday, 12 November 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ក្រោយតាំងចិត្ត និងសង្ឃឹមថា មកស្រុកខ្មែរមិនមានរឿងអ្វីកើតឡើងចំពោះរូបនាង ពៅ បញ្ញាពេជ្រ បានធ្វើបទសម្ភាសជាមួយនឹងភ្នំពេញ ប៉ុស្តិ៍ ជុំវិញរឿងរ៉ាវអតីតកាល និងពេលបច្ចុប្បន្ន។
តើ ពេជ្រ មកដល់ស្រុកខ្មែរយើងរយៈពេលប៉ុន្មានហើយ?
ពេជ្រៈ ខ្ញុំហត់ណាស់បង អង្គុយអត់បានយូរអ៊ីចឹងណាបង! ខ្ញុំមកស្រុកខ្មែរពីរខែជាងហើយបង តាំងពីបងសម្ភាសខ្ញុំមុនម្ល៉េះ ខ្ញុំមកដល់ហើយតែអត់បានប្រាប់បង និយាយទៅគឺយើងទើបមកដល់អ៊ីចឹងសុខភាពមិនសូវល្អ ខ្សោយ បើយើងប្រាប់ទៅក្រែងលោគាត់សុំសម្ភាសអីទៅខ្ញុំហត់ឆ្លើយមិនកើត បដិសេធទៅគាត់ខឹងអ៊ីចឹងបង! យើងមិនដូចអ្នកជាទេណាបង យើងអ្នកជំងឺ។
តើ ពេជ្រ ត្រឡប់មកពីប្រទេសណា អាចបញ្ជាក់ម្តងទៀតបានទេ?
ខ្ញុំមកពីថៃ។ ពេលគ្រោះថ្នាក់យើងទៅវៀតណាម ហើយក្រោយមកទៅថៃ នៅថៃហ្នឹងយើងនៅបានយូរជាងគេ។
ហេតុអ្វីបានជា ពេជ្រ និងក្រុមគ្រួសារ សម្រេចត្រឡប់មកស្រុកខ្មែរវិញ?
ការ មកស្រុកខ្មែរព្រោះយើងអស់លុយព្យាបាល។ យើងខ្វះខាត យើងឈឺពេក គ្មានធនធានលុយកាក់ចូលពេទ្យញឹកទេ។ ឈឺហើយ បើយើងមិនទៅពេទ្យមានតែស្លាប់ ទៅពេទ្យអ៊ីចឹង យើងត្រូវចំណាយលុយ ជាបញ្ហាបច្ចុប្បន្ន និងខាងមុខរបស់យើង។ នៅស្រុកគេយើងចំណាយច្រើន ហើយមកផ្ទះយើង យើងចំណាយតិចជាង ព្រោះយើងមានផ្ទះស្រាប់ យើងចង់ធ្វើអីយើងមានសព្វគ្រប់មិនសូវចំណាយច្រើនទេ។ បើយើងនៅខ្មែរនេះយើងចំណាយតែសម្រាប់ទី១ ពេទ្យ ទី២ ការធ្វើលំហាត់ប្រាណរាងកាយបែបវេជ្ជសាស្ត្រប៉ុណ្ណោះ ហើយយើងអត់ស្រួលយើងអាចទៅពេទ្យបាន ពេទ្យដែលខ្ញុំសម្រាកព្យាបាលនៅថៃហ្នឹងមានឈ្មោះថា មន្ទីរសម្រាកព្យាបាល ខេមា ហើយដុកទ័រដែលគាត់មើលខ្ញុំហ្នឹង គាត់ដុកទ័រមកពីបារាំង គាត់ឈ្មោះ សោម លក្ខិណា គាត់ខ្មែរតែមកពីបារាំង ជំងឺខ្ញុំគាត់មើលគាត់ដឹងទាំងអស់ ហើយពេទ្យនោះមានពេទ្យបរទេសច្រើន ហើយបើយើងមានបញ្ហាអាចទាក់ទងគាត់បាន។ បើយើងឈឺគឺត្រូវទៅពេទ្យ ហើយថ្នាំនោះគឺថ្លៃ អាធម្មតាប្រើលែងកើតហើយ វាដូចជាស៊ាំ ថ្នាំហ្នឹងថ្លៃខ្លាំងណាស់ ហើយបើយើងមិនចាក់ វាអត់បាត់ឈឺ វារលាក។
បើមកហើយ តើពេជ្រនឹងត្រឡប់ទៅវិញទេ? តើបានថ្នាំឯណាព្យាបាល?
ពេល មកស្រុកខ្មែរនេះ ខ្ញុំឈប់ទៅថៃវិញហើយ។ រឿងថ្នាំអីហ្នឹង លោកគ្រូពេទ្យនៅទីហ្នឹង គាត់អាចកុម្ម៉ង់ឲ្យយើងបាន ត្រូវការរបស់អីដែលស្រុកខ្មែរយើងអត់មាន ខាងមន្ទីរពេទ្យហ្នឹងគេកុម្ម៉ង់ឲ្យយើងបាន។
តើការត្រឡប់មកស្រុកនេះតាមមធ្យោបាយអ្វី? ដោយរបៀបណា?
ខ្ញុំ មកតាមឡានណាបង! ព្រោះយើងមានអីវ៉ាន់ច្រើន យើងដឹកតាមឡានបានអស់ ដូចតុអ្នកជំងឺយើងអីហ្នឹងមិនអាចដឹកតាមយន្តហោះបានទេបង។ ដំណើរមកហ្នឹងវេទនាចង់អី ខ្ញុំធ្វើដំណើរតាមឡានយូរពេកខ្ញុំពិបាកណាស់ បងប្អូនគេភ័យគ្រប់គ្នា បារម្ភសុវត្ថិភាពយើងផង នៅតាមផ្លូវយូរខ្លាចមិនស្រួល។
យើងម៉ៅឡានឈ្នួលអាវីហ្គោ ពីបាងកកមកតែម្តង យើងមកតាមច្រកកោះកុង ពេលមកដល់ស្រុកខ្មែរមានបងប្អូនមកទទួលអ៊ីចឹងទៅ។
ពេជ្រ ឃ្លាតពីស្រុកខ្មែរជាច្រើនឆ្នាំ ចុះពេលមកដល់វិញភ្លាមមានអារម្មណ៍យ៉ាងណាដែរ? ភ័យរឿងសុវត្ថិភាពទេ?
ខ្ញុំ មានអារម្មណ៍ថាស្រុកយើងប្លែកខុសពីមុន ស្រុកយើងល្អជាងមុន ខ្ញុំឃើញថា ស្រុកយើងមានពេទ្យល្អៗច្រើន អ៊ីចឹងហើយបានជាខ្ញុំសម្រេចចិត្តមកនោះ ហើយរឿងសុវត្ថិភាពវិញ ខ្ញុំគិតថា ខ្ញុំអត់មានបារម្ភអីទេបង ខ្ញុំគិតថា គេមិនធ្វើបាបខ្ញុំអីទៀតទេបងអើយ។ ដោយឡែកខាងប៉ូលិសអីគេដឹងអស់ហើយបង មិនមែនគេមិនដឹងទេ ខាងសង្កាត់អីគេដឹងថា ខ្ញុំមកស្រុកខ្មែរហើយ គឺខ្ញុំមកមិនបានលាក់អាថ៌កំបាំងអីទេ ព្រោះយូរឆាប់គេគង់តែដឹងដដែល។ ពេលយើងមកដល់ស្រុកខ្មែរយើង សប្បាយ បានជួបមុខម្តាយ បងប្អូន ហើយបានមើលកម្មវិធីទូរទស្សន៍ស្រុកខ្មែរយើងអ៊ីចឹងទៅណាបង បានបន្លប់ខ្លះ យើងងាកឆ្វេងស្តាំទៅនិយាយភាសាខ្មែរអីទៅស្រួលណាស់។
ក្រោយវិល ត្រឡប់ តើពាក់ព័ន្ធនឹងការប្រើអំពើបាញ់ប្រហារមកលើ ពេជ្រ អ៊ីចឹង តើមានបានប្តឹងប្តល់បន្តទេ? ហើយតាំងពីមកដល់ មានគេគំរាមទេ?
ខ្ញុំ អត់និយាយរឿងបញ្ហាប្តឹងតវ៉ាទៀតទេ។ សំខាន់ខ្ញុំអត់ស្រួលខ្លួន ខ្ញុំត្រូវគិតពីសុខភាពខ្ញុំសិន ខ្ញុំអត់ចង់និយាយទេរឿងហ្នឹងបង! ធ្វើម៉េចឲ្យសុខភាពខ្ញុំស្រួល ខ្ញុំមានលុយមើលជំងឺទៅបានហើយ យើងគិតមួយដំណាក់ម្តងៗសិន។ ម្យ៉ាងខាងបងៗប៉ូលិសសង្កាត់អីគេបានដឹងឮអស់ហើយថា យើងត្រឡប់មកវិញ។ និយាយទៅដូចជាស្ងប់ស្ងាត់គ្មានរឿងអីទេ។
តើស្ថានភាពជំងឺបច្ចុប្បន្នយ៉ាងម៉េចដែរ?
បញ្ហា ហ្នឹង វាទាក់ទងនឹងខួរឆ្អឹងខ្នង ទី១សរសៃយើងមិនទាន់ដុះ កាលណាសរសៃយើងមិនទាន់ដុះជាប់គ្នា វាមិនអាចធ្វើឲ្យខួរឆ្អឹងយើងហូរចុះម៉ោទេ កាលណាខួរឆ្អឹងហូរចុះមក ទើបវាធ្វើឲ្យខួរក្បាលយើងអាចបញ្ជាធ្វើអីបាន ដោយសារវាអត់មានខួរអ៊ីចឹង វាអត់អាចធ្វើអីបានទេ។ ជើងយើងធម្មតាអត់មានងាប់ទេបង វានៅមានឈាមរត់ចុះរត់ឡើង មានអ្វីទាំងអស់ គ្រាន់តែយើងអត់អាចបញ្ជាវាឲ្យកម្រើកបានទេ បញ្ជាបត់ជើងតូចធំអត់បាន។
(សុំទោស)ចុះបើបញ្ជាមិនបាន ពេលយើងបត់ជើងតូចធំ យើងធ្វើយ៉ាងម៉េច?
ពេទ្យ គេមានវិធីរបស់គេ មិនអាចមកផ្តេសផ្តាសបានទេ អាហ្នឹង(ការបត់ជើងតូចធំ)គេមានការកំណត់ត្រឹមត្រូវ និយាយទៅវាមិនដូចអ្នកស្លាប់ដៃជើងចេះតែម៉ៅតែផ្តេសផ្តាសទេបង គ្រាន់តែសុខភាពយើង ជើងហ្នឹងមិនអាចកំណត់បញ្ជាបានទេ តែកន្លែងផ្សេងៗយើងអាចកំណត់បាន។
មុននេះគេថា ស្រុកចិនជាក្តីសង្ឃឹមនៃការជាសះស្បើយជំងឺរបស់ពេជ្រ តើឥឡូវគម្រោងទៅព្យាបាលនៅស្រុកចិនហ្នឹងយ៉ាងម៉េចហើយ?
ឥឡូវ ហ្នឹង គេមានការព្យាបាលដូចខ្ញុំប្រាប់អ៊ីចឹង គឺការព្យាបាលចលនាដោយការហាត់ប្រាណ រីកចម្រើនខ្លាំង យើងត្រូវឈរមួយថ្ងៃរឹបខ្លួន ក្នុងមួយថ្ងៃឈរមួយម៉ោងដោយកៀបយើងឲ្យឈរកុំឲ្យជើងយើងវាស្វិត ឲ្យសរសៃឈាមយើងរត់ស្រួល ហើយកុំឲ្យហើមដៃជើងអ៊ីចឹងបង វាធ្វើឲ្យយើងរីកចម្រើនរឹងមាំណាស់ កុំឲ្យយើងវិលមុខ។ រឿងទៅចិនអីហ្នឹង យើងមិនទាន់គិតទេ ឥឡូវយើងគិតមួយដំណើរសិន ចាំមានលុយចាំគិតទៀត។
ពេជ្រ ស្ថិតក្នុងស្ថានភាពជាអ្នកជំងឺបែបនេះអស់រយៈពេលជាច្រើនឆ្នាំហើយ តើមានសង្ឃឹមបានជាសះស្បើយទេ?
យើង មិននិយាយថាមានសង្ឃឹម តែក៏មិនអស់សង្ឃឹមដែរ ពាក្យស្លោកមួយនិយាយថា «បើយើងមិនទាន់ដាច់ខ្យល់ងាប់ យើងនៅតែមានសង្ឃឹម» លុះត្រាតែដង្ហើមយើងឈប់ដកបានខ្ញុំអស់សង្ឃឹម បើខ្ញុំនៅមានដង្ហើមខ្ញុំត្រូវតែប្រកាន់ខ្ជាប់ការតស៊ូ។ សំខាន់ឲ្យតែមានលុយមើលជំងឺ ខ្ញុំចេះតែមានកម្លាំងចិត្តហើយ ខ្ញុំបាក់ទឹកចិត្តខ្លះៗហ្នឹង ដោយសារខ្ញុំគ្មានលុយ ខ្ញុំខ្លាចពេលខ្ញុំឈឺទៅ ខ្ញុំអត់លុយចូលពេទ្យ ខ្ញុំពិបាកត្រង់ហ្នឹង។
តើពេលនេះ ក្រុមគ្រួសាររបស់ ពេជ្រ ជាអ្នករ៉ាប់រងការព្យាបាលទាំងអស់ ឬក៏មានខាងណាគេជួយខ្លះៗដែរ?
ឥឡូវ ហ្នឹងតាំងពីយើងមកដល់ស្រុកខ្មែរ អត់ទាន់មានខាងណាជួយជំនួយអីទេ គ្រាន់តែខាងបង សុះ ម៉ាច ខាងសមាគមសិល្បករហ្នឹងបានប្រកូកប្រកាសសិល្បៈយើងហ្នឹងម្នាក់ បន្តិចៗ និងខាងមូលនិធិបង សូដា នីតា ក៏គាត់បានជួយខ្លះដែរ។ គ្រាន់តែយើងមិនទាន់ទទួលជំនួយអីធំទេណាបង យើងចាំមើលសិនទៅណាបង គេកំពុងជួយប្រកាសព័ត៌មានឲ្យយើងហើយ។
រំឭកដល់ពេលដែលពេជ្រ រស់នៅប្រទេសថៃ តើបានអ្នកណាជួយមើលថែ?
ម៉ាក់ ខ្ញុំ គាត់នៅស្រុកខ្មែរ ការមើលថែនៅទីនោះ មានបងប្រុសខ្ញុំបង្កើត និងប្អូនស្រីជីដូនមួយជួយមើលជំងឺខ្ញុំ ហើយយូរៗបងស្រីគាត់ឡើងចុះម្តងម្កាលគាត់យកលុយយកអីទៅឲ្យហ្នឹង ។ តែឥឡូវហ្នឹងខ្ញុំនៅផ្ទះ ខ្ញុំទើបតែចេញពីពេទ្យមកទេ ខ្ញុំមានអារម្មណ៍សប្បាយចិត្តជាងមុន។
ជាចុងក្រោយ តើ ពេជ្រ មានពាក្យពេចន៍អ្វីនិយាយ?
បើ មានបងប្អូនការងាររដ្ឋ ឯកជនអីគាត់ជួយក៏យើងបានបន្តការព្យាបាលអ៊ីចឹងទៅណាបង។ តិចក្តីច្រើនក្តីគឺតាមហ្នឹងទៅណាបង ព្រោះអ្នកខ្លះគាត់ចង់ជួយយើងតែគាត់មានលទ្ធភាពតិចពេក គាត់មិនហ៊ាន។ មិនអ៊ីចឹងទេណាបង តាមលទ្ធភាព តាមសទ្ធាគាត់។ ខ្ញុំចេះតែនឹកឃើញរឿងមួយណាបង យូរ ឬឆាប់វាគង់បានសម្រេច ត្រូវប្រឹងតទៅទៀត។
គួរបញ្ជាក់ថា ខណៈពេលកំពុងតែទទួលបានភាពល្បីល្បាញជាច្រើនឆ្នាំជាប់ៗគ្នាលើ វិថីតារា និងកំពុងលេចចេញនូវសម្រស់កាន់តែក្មេងខ្ចី តារាចម្រៀង ពៅ បញ្ញាពេជ្រ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារមកលើរូប នាងយ៉ាវសាហាវកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ នៅវេលាម៉ោង៦ និង២០នាទីព្រឹកនៅមុខសាលាភាសាបរទេសមួយ ក្បែររបងក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បណ្តាលឲ្យតារារូបនេះទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ចុងក្រោយបន្តទៅប្រទេសថៃ ហើយនៅពេលនេះនាងបានវិលមកកម្ពុជាវិញហើយ៕




តារាសិល្បៈសម័យតេជោ…បើហ៊ានព្រមស្រឡាញ់លោកឩកញ៉ាត្រូវទឹកអាសីតលោក
ជំទាវ។បើអត់ព្រមស្រឡាញ់លោកឩកញ៉ាទេ…ត្រូវគ្រាប់កាំភ្លើង….ក្នុងទ្រឹស្ដី…
អញមិនបានឆី…អាណាក៍មិនបានឆីដែរ។
ពិតជាគួរអោយអាណិតខ្លោចចិត្តមែន។
អ្នកដែលត្រូវបន្ទោសគឺច្បាប់ស្រុកធូរលុងពេកចំពោះអ្នកមានលុយមានអំណាច។ បានជារឿងអញ្ចឹងកើតឡើងមិនសូចដាច់។ :(