ដោយ៖ ពេជ្រ សុធារី
ថ្ងៃអាទិត្យ ទី10 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
វេទិកាផ្លាស់ប្តូរព័ត៌មានរបស់ CCIM (រូបថត ពេជ្រ សុធារី)
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធ ផ្សព្វផ្សាយឯករាជ្យ CCIM នៅថ្ងៃទី១០ខែវិច្ឆិកានេះ បានបើកវេទិកាផ្លាស់ប្តូរព័ត៌មាន ស្តីពី«សុខភាព សុវត្ថិភាព និងសន្តិសុខរបស់កម្មកររោងចក្រកាត់ដេរ» នៅរាជធានីភ្នំពេញ ដែលមានមន្ត្រីពាក់ព័ន្ធនិងកម្មករចូលរួម ដើម្បីរិះរកអនុសាសន៍ ជំរុញឲ្យមានលក្ខខណ្ឌការងារប្រសើរក្នុងសង្វាក់ផលិតកម្ម វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា។
វេទិកាសាធារណៈស្តីពី«សុខភាព សុវត្ថិភាព និងសន្តិសុខរបស់កម្មកររោងចក្រកាត់ដេរ» ធ្វើឡើងពីម៉ោង ៨:៣០ ដល់ម៉ោង ១២:០០ថ្ងៃត្រង់ នៅការិយាល័យមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ CLEC ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការបង្ហាញនូវវីដេអូ ពីបញ្ហាកម្មករ និងបែងចែកក្រុមពិភាក្សាស្វែងរកអនុសាសន៍ ដាក់ជូនរាជរដ្ឋាភិបាល។
វេទិកានោះ មានអ្នកចូលរួមពីសំណាក់ កម្មករ កម្មការនី មន្ត្រីសហជីព តំណាងមកពីសមាគមរោងចក្រកាត់ដេរ និងអង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធ ប្រមាណ១០០នាក់។
កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា និងថ្ងៃទី ២៧ ខែតុលា កន្លងទៅនេះ CCIM បានបើកវេទិកាសាធារណៈចំនួនពីររួចមកហើយ នៅខេត្តកំពង់ស្ពឺ និងនៅរាជធានីភ្នំពេញ ដោយបានអនុញ្ញាតឲ្យកម្មករលើនូវបញ្ហាដែលពួកគេជួបប្រទះនៅក្នុងកន្លែងធ្វើការ និងក្រៅកន្លែងធ្វើការ ជម្រាបជូនទៅតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីជួយដោះស្រាយ ខណៈប្រាក់ឈ្នួលកម្មករនៅមានកម្រិតទាប ដែលមិនអាចផ្គត់ផ្គង់ជីវភាពបានគ្រប់គ្រាន់៕
សរសរមកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com