ដោយ៖ ឡាយ សាមាន
ថ្ងៃអាទិត្យ ទី22 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
យុវជន និងអាជីវករមួយចំនួននៅរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេចសម្រាប់អបអរក្នុងពិធីបុណ្យណូអែល ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែធ្នូ បើទោះជាពិធីនេះ មិនមែនជាបុណ្យប្រពៃណីជាតិរបស់ខ្មែរក៏ដោយ។
យុវជន គីម សាន អាយុ ២៥ឆ្នាំ ចាត់ទុកពិធីនេះថា ជាឱកាសជួបជុំមិត្ត ដើម្បីចែករំលែកសេចក្តីរីករាយ និងផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍។ គីម សាន យល់ថា ពិធីបុណ្យណូអែល មានលក្ខណៈទូលំទូលាយ បង្ហាញ សេចក្តីស្រលាញ់រវាងមិត្តភក្តិ និងមិត្តភ័ក្តិ។
កញ្ញា លីណា អាយុ ២០ឆ្នាំ ពេញចិត្តចំពោះពិធីបុណ្យណូអែល ព្រោះវេលាបុណ្យនេះ មជ្ឈដ្ឋានស៊ីវិល័យ ក្នុងរាជធានីភ្នំពេញ គឺត្រូវបានតុបតែងស្អាតៗ ឆ្លុះបញ្ចាំងពីវឌ្ឍនភាព នៃសង្គមកម្ពុជា ចំពោះអរិយធម៌បរទេស។ យ៉ាងណាក៏ដោយ កញ្ញា ជំរុញឲ្យប្រជាពលរដ្ឋ ជាពិសេសគឺយុវជន និងយុវតី បង្កើនការប្រុងប្រយ័ត្ន មិនត្រូវភ្លេចខ្លួន ភ្លើតភ្លើន នាំឲ្យមានបញ្ហាទៅថ្ងៃក្រោយនោះទេ។
ជាទម្លាប់ ពិធីបុណ្យណូអែល យុវជន ភាគច្រើន ផ្លាស់ប្តូរកាដូ និងវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក ដូចជា សម្លៀកបំពាក់ តុក្កតា សំបុត្រជូនពរ (Postcards) នំChocolate និងស្ករគ្រាប់ជាដើម។ ចំពោះការតុបតែងផ្ទះវិញ គឺមានការដាក់ដាំដើមឈើ គ្រីសស្មាស់ (Christmas) ដើម្បីលម្អផ្ទះ គួបផ្សំជាមួយភ្លើងពណ៌អគ្គិសនីចម្រុះ និងរូបមនុស្សទឹកកកផងដែរ។
បុគ្គលិកបម្រើការងារក្នុងហាងលក់អនុស្សាវរីយ៍ smile កញ្ញា ស្រី ពៅ ឲ្យដឹងថា អំឡុងពាក់កណ្តាលខែធ្នូ ឈានចូលថ្ងៃបុណ្យណូអែល ២៥ធ្នូ រហូតដល់ដំណាច់ឆ្នាំ វត្ថុអនុស្សាវរីយ៍ និងទំនិញផ្សេងៗ គឺលក់ដាច់ជាងសព្វដង ។ កញ្ញា បន្តថា អ្នកទិញវត្ថុអនុស្សាវរីយ៍ ភាគច្រើន មានអាយុចន្លោះពី ១៨ ដល់៣០ឆ្នាំ និងជាសិស្ស និងនិស្សិត ដែលសិក្សានៅតាមវិទ្យាស្ថានភាសាអង់គ្លេស។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព(PDP-Center) លោក យង់ គឹមអេង មានប្រសាសន៍ថា ពិធីបុណ្យណូអែល ជាឱកាស ចងមិត្តភាពរបស់យុវជន និងបុគ្គលិកបម្រើការងារតាមស្ថាប័ននិមួយៗ ។ លោកយល់ថា ពិធីបុណ្យណូអែល គឺមិនប៉ះពាល់ដល់វប្បធម៌ខ្មែរនោះទេ ខុសពីពិធីបុណ្យនៃក្តីស្រលាញ់ ឬហៅថា បុណ្យស្នេហា។
ទន្ទឹមនឹងការចូលរួមអបអរទិវានេះ ក្រុមហ៊ុន និងហាងលក់ទំនិញជាច្រើន បានឆ្លៀតឱកាសនេះ រៀបចំកម្មវិធីពិសេស បញ្ចុះតម្លៃទំនិញ និងការផ្តល់រង្វាន់ពិសេសជាដើម ដែលញ៉ាំងពិធីបុណ្យនេះ កាន់តែអ៊ូអរ និងសប្បាយរីករាយ។
(ហាងលក់វត្ថុអនុស្សាវរីយ៍មួយ រៀបចំទទួលថ្ងៃបុណ្យណូអែល/ដោយតាំង វីដា)
ពិធីបុណ្យណូអែល ជាភាសាអង់គ្លេស បុណ្យគ្រិស្តម៉ាស ឬណូអែល ចាប់ផ្តើមប្រារព្ធឡើងប្រមាណជា ២០០ឆ្នាំ ក្រោយគ្រិស្តសករាជ។ កាលពីឆ្នាំ ២២១ ប្រវត្តិវិទូសម័យ ក្រុងរ៉ូម ឈ្មោះ Sextus Julius Africanus បានកំណត់ក្នុងសៀវភៅ ប្រវតិ្តពិភពលោករបស់លោក ដោយយកថៃ្ងទី២៥ ខែធ្នូ ជាថៃ្ងបុណ្យគ្រិស្តម៉ាស។ បុណ្យគ្រិស្តម៉ាស នៅជាប់នឹងបុណ្យរដូវរងា ដែលជាឱកាសសប្បាយរីករាយ របស់ជនជាតិជាច្រើន ក្នុងតំបន់ត្រជាក់ ចំហៀងខាងជើង នៃពិភពលោក។ បុណ្យនេះ ចាប់ផ្តើមកើនប្រជាប្រិយភាព ខ្លាំងឡើង ចាប់ពីសតវត្សរ៍ ទី៤ ក្នុងអាណាចក្ររ៉ូមុំាង រហូតមកទល់បច្ចុប្បន្ននេះ៕
សរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com
