ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ប្រជាសហគមន៍បឹងកក់ទាំងអ្នកដែលទទួលបានសំណងហើយ និងអ្នកដែលមិនទាន់ទទួលបានសំណងប្រមាណ ១០០នាក់ នៅព្រឹកនេះ ប្រមូលផ្តុំនៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារអាជ្ញាធរជួយរកយុត្តិធម៌ផ្តល់ដំណោះស្រាយឲ្យពួកគាត់។
នៅព្រឹកថ្ងៃចន្ទនេះ ប្រជាសហគមន៍បឹងកក់ប្រមាណ ១០០នាក់ រួមទាំងព្រះសង្ឃផង ប្រមូលផ្តុំនៅមុខសាលារាជធានីភ្នំពេញ ដោយមានកាន់បដា ទាមទារឲ្យអភិបាលរាជធានី ភ្នំពេញលោក ប៉ា សុជាតិវង្ស ជួយដោះស្រាយបញ្ហាឲ្យពួកគាត់។
ប្រជាពលរដ្ឋដែលទទួលបានសំណងហើយ ទាមទារឲ្យក្រុមហ៊ុនផ្តល់សំណងឲ្យពួកគាត់បន្ថែមទៀត ដោយពួកគាត់អះអាងថា សំណងកាលពីលើកមុនទទួលបានតិចតួចមិនសមនឹងតម្លៃដី ហើយម្យ៉ាងទៀតការទទួលសំណងពេលនោះ ដោយសារក្រុមហ៊ុនបង្ខំបូមទឹកពន្លិចផ្ទះនិងដី ដូច្នេះពួកគាត់ត្រូវការសំណងបន្ថែមទៀត។
ចំណែកប្រជាពលរដ្ឋដែលមិនទាន់ទទួលសំណង ទាមទារឲ្យក្រុមហ៊ុនពន្លឿនការវាស់វែងដីធ្វើប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ឲ្យបានឆាប់ ដើម្បីការពារពីការបង្ខំបណ្តេញចេញទៀត។
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
