អតីតអ្នកភូមិបឹងកក់ ប្រមាណ ១០០នាក់ និងព្រះសង្ឃប្រមាណ ៥០អង្គ បានតវ៉ាដោយបិទផ្លូវព្រះមុនីវង្ស និងមានដុតកង់ឡានផង នៅមុខសាលារាជធានីភ្នំពេញ តាំងពីព្រឹករហូតដល់ពេលល្ងាច ថ្ងៃច័ន្ទ ទី២៣ ធ្នូ ដើម្បីសុំឲ្យអភិបាលសាលារាជធានី ដោះស្រាយបញ្ហាទាមទារសំណងបន្ថែមជុំវិញការជម្លៀសពួកគាត់ចេញទៅកាន់ទីតាំងថ្មី។
ដោយ សេក បណ្ឌិត
2013-12-23
RFA

អតីតអ្នកបឹងកក់ បិទផ្លូវតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៣។ RFA/Sek Bandith
ប្រជាពលរដ្ឋបានបិទផ្លូវនៅលើកំណាត់ផ្លូវព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពីរលើកក្នុងមួយថ្ងៃ គឺថ្ងៃទី២៣ ធ្នូ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍នៅតំបន់នោះជាច្រើនម៉ោង។
ក្រុមអ្នកតវ៉ាដែលរួមមានព្រះសង្ឃផងនោះ បានសុំឲ្យអភិបាលរាជធានីភ្នំពេញ ចេញមុខមកជួបប្រជាពលរដ្ឋផ្ទាល់ ដើម្បីពន្យល់អំពីការយឺតយ៉ាវក្នុងការឆ្លើយតបចំពោះការស្នើសុំប្រាក់សំណងបន្ថែមក្រោយពីបណ្ដេញពួកគាត់ចេញពីបឹងកក់ តាំងពីឆ្នាំ២០០៩ ខ្លះ ២០១០ មកនោះ។
ប៉ុន្តែការស្នើសុំរបស់ពួកគាត់ពុំមានការឆ្លើយតប ទើបពួកគាត់សម្រេចបិទផ្លូវប្រមាណជាងមួយម៉ោង គឺនៅម៉ោងប្រមាណ ៩ ដល់ម៉ោងជាង ១០ព្រឹក ទើបមានអាជ្ញាធរដាក់កម្លាំងបង្ក្រាបជាការគំរាមផង និងអំពាវនាវសុំឲ្យអ្នកតវ៉ាជ្រើសតំណាង ៥នាក់ចូលទៅចរចានៅក្នុងការិយាល័យ ហើយយល់ព្រមបើកផ្លូវឲ្យអ្នកដំណើរធ្វើចរាចរណ៍ធម្មតាឡើងវិញ។
តំណាងអ្នកភូមិ លោកស្រី សៀ ណារ៉េត ឲ្យដឹងថា ការបណ្តេញពួកគាត់ចេញពីកន្លែងធ្លាប់រស់នៅក្នុងតំបន់បឹងកក់នោះ គឺធ្វើឡើងទាំងបង្ខំដោយផ្តល់លុយឲ្យតិចតួច ហើយសន្យាថា នឹងដោះស្រាយផ្តល់ទីជម្រកស្នាក់នៅសមរម្យជាក្រោយ ប៉ុន្តែជាច្រើនឆ្នាំមកហើយ ពួកគាត់រស់ទាំងវេទនា ដោយគ្មានទីជម្រកស្នាក់នៅសមរម្យ ពុំមានមុខរបរ កូនរៀនពុំបានដិតដល់ ដោយសារការតាំងទីលំនៅឆ្ងាយពីក្រុង ហើយខ្លះមានការផ្លាស់លំនៅជាញឹកញាប់ដោយសារកត្តាជីវភាព។
លោកស្រី សៀ ណារ៉េត មានប្រសាសន៍ថា សាលាក្រុងឲ្យបំពេញសលាកបត្រព័ត៌មានស្តីពីស្ថានភាពគ្រួសារ និងសំណូមពរ ហើយប្រជាពលរដ្ឋបានបំពេញនិងបានសំណូមពរនូវសំណងបន្ថែម គិតជាប្រាក់យ៉ាងតិច ៨ពាន់ដុល្លារ ដើម្បីទិញផ្ទះរស់នៅដោយខ្លួនឯងបានសមរម្យ។ លោកស្រីបញ្ជាក់ថា សំណើនោះធ្វើឡើងតាំងពីខែសីហា ឆ្នាំ២០១៣ រហូតមកដល់ពេលនេះពុំមានការដោះស្រាយ ឬឆ្លើយតបយ៉ាងណាឡើយ។
តំណាងដដែលបានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី២៣ ធ្នូ ពលរដ្ឋយល់ព្រមបើកផ្លូវ និងរក្សាភាពស្ងៀមស្ងាត់ដើម្បីចូលចរចារកដំណោះស្រាយជាមួយអភិបាលក្រុង លោក ប៉ា សុជាតិវង្ស ប៉ុន្តែលោកពុំព្រមមកជួបដោយផ្ទេរទៅឲ្យជួបជាមួយអភិបាលរងលោក ឃួង ស្រេង ប៉ុន្តែពលរដ្ឋមិនព្រមជួបចរចាទេ ដោយពួកគាត់គិតថា ជំនួបត្រឹមអភិបាលរងដដែល នឹងគ្មានលទ្ធផលទេ ទើបតំណាងពលរដ្ឋទាំង ៥នាក់នោះ ចេញមកនាំគ្នាបិទផ្លូវជាថ្មីទៀតនៅម៉ោងជាង ១១ថ្ងៃត្រង់ រហូតដល់ល្ងាចថ្ងៃដដែលដោយដុតកង់ឡានផង ដើម្បីដាក់សម្ពាធទៅអាជ្ញាធរទទួលយកសំណើប្រជាពលរដ្ឋ។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងមន្ត្រីសាលារាជធានីភ្នំពេញ ដើម្បីសុំសេចក្តីពន្យល់អំពីការតវ៉ារបស់ពលរដ្ឋបានទេ នៅថ្ងៃច័ន្ទ ទី២៣ ធ្នូ។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ដើម្បីបញ្ចប់រឿងនេះ អ្នកបង្កបញ្ហា មានអាជ្ញាធរ និងក្រុមហ៊ុនជាដើមនោះ ត្រូវចេញមុខដោះស្រាយ ដោយទទួលខុសត្រូវលើការសន្យារបស់ខ្លួនកន្លងមក។
អ្នកភូមិបឹងកក់ដែលព្រមចាកចេញពីលំនៅឋានរបស់ខ្លួនទាំងបង្ខំ បន្ទាប់ពីទ្រាំលែងបានដោយសារការបូមខ្សាច់ពន្លិចផ្ទះរបស់គាត់នោះ មានបានដាក់សំណើសុំឲ្យដោះស្រាយសំណងបន្ថែមមកសាលារាជធានី និងបាននាំគ្នាឈរតវ៉ានៅមុខសាលារាជធានីនោះជាច្រើនលើកមកហើយ តែពុំមានការឆ្លើយតប ឬផ្ដល់ដំណោះស្រាយយ៉ាងណាឡើយ។
តែទោះយ៉ាងណា ក្រុមអ្នកតវ៉ានៅតែព្យាយាមធ្វើបាតុកម្មដោយបិទផ្លូវបន្តទៀត បើសិនជាពុំមានការដោះស្រាយណាមួយដែលអាចឲ្យពួកគាត់ទទួលយកបានទេនោះ៕

អតីតអ្នកបឹងកក់ បិទផ្លូវតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៣។

អតីតអ្នកបឹងកក់ បិទផ្លូវតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៣។

ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ ប្រឈមមុខជាមួយអតីតអ្នកបឹងកក់ ពេលតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ។

ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ ប្រឈមមុខជាមួយអតីតអ្នកបឹងកក់ ពេលតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ។

អតីតអ្នកបឹងកក់ តវ៉ាដុតកង់ឡាននៅមុខសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ធ្នូ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅស្វាយរៀងតវ៉ាថា តុលាការកាត់ក្តីអយុត្តិធម៌
- ក្រុមមគ្គុទ្ទេសក៍ខ្មែរនិយាយភាសាកូរ៉េ នៅខេត្តសៀមរាប ព្រមានធ្វើកូដកម្ម
- ពលរដ្ឋមានបញ្ហាដីធ្លីតាមខេត្តមួយចំនួនចូលរួមបាតុកម្មជាមួយបក្សសង្គ្រោះជាតិ
- បក្សសង្គ្រោះជាតិហែក្បួនមហាបាតុកម្មធំនៅថ្ងៃអាទិត្យ
- បក្សសង្គ្រោះជាតិហែក្បួនមហាបាតុកម្មនៅរសៀលថ្ងៃអាទិត្យ
- ពលរដ្ឋចូលរួមបាតុកម្មអហិង្សាប្ដេជ្ញាតស៊ូមិនរាថយដើម្បីទាមទារយុត្តិធម៌
- បក្សសង្គ្រោះជាតិហែក្បួនបាតុកម្មថ្ងៃទី៦តាមវិថីមួយចំនួននៅភ្នំពេញ
- តើបាតុកម្មរបស់បក្សប្រឆាំងប៉ះពាល់ដល់ការរកស៊ីរបស់អាជីវករឬទេ?
- មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ៥ថ្ងៃគ្មានអំពើហិង្សា