ដោយ៖ បូ សាវី និង ពៅ មេត្តា
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ក្រុមអាជីវករប្រមាណ ២០ទៅ៣០នាក់ នៅផ្សារសាមគ្គី ខេត្ដសៀមរាប ចោទប្រកាន់អាជ្ញាធរជាតិអប្សរា ថារើសអើងពួកគេ មិនឲ្យធ្វើពិធីបួងសួង នៅបរិវេណប្រាសាទអង្គរធំ ដើម្បីលាបំណន់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ខែធ្នូខាងមុខនេះ។
អាជីវករ លក់ដូរ នៅផ្សារសាមគ្គី ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប អ្នកស្រី ឃុត ណាវី ប្រាប់VOD នៅព្រឹកថ្ងៃចន្ទនេះថា កាលពីថ្ងៃទី១៧ខែធ្នូនេះ អ្នកស្រីបានដាក់ពាក្យសុំច្បាប់ ធ្វើពិធីបួងសួងលាបំណន់នៅតំបន់បរិវេណ ប្រាសាទបាយ័ន ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៥ខាងមុខនេះ ដោយមានភ្លេងពិណពាធ និងអ្នកចូលរួមប្រមាណពី២០ទៅ៣០នាក់ ប៉ុន្ដែត្រូវបានអាជ្ញាធរអប្សរាមិនអនុញ្ញាតិ ។ អ្នកស្រីបន្ដថា ប៉ុន្ដែសំរាប់ អ្នកមានអំណាច ពួកគេធ្វើបាន ដោយពុំមានហាមឃាត់ឡើយ ដែលអ្នកស្រីយល់ថា រើសអើសពលរដ្ឋក្រីក្រ និងបក្ខពួកនិយម៖
ជាមួយគ្នានោះដែរ អាជីវករមួយរូបទៀត អ្នកស្រី តឹង ឆេងគីម ឲ្យដឹងថា ពួកគេធ្វើពិធីលាបំណន់នេះ តាមទម្លាប់ពីបុរាណរបស់ពួកគាត់ ដែលមិនអាចខ្វះបាន ។ អ្នកស្រីបន្ដថា នៅក្នុងបរិវេណប្រាសាទអង្គរធំ មិនមានច្បាប់ហាមឃាត់ពួកគេមិនឲ្យធ្វើបុណ្យ តាមប្រពៃណីឡើយ។ អ្នកស្រីនេះ ជារឿងអយុត្ដិធម៌សម្រាប់ពួកគេ ព្រោះនៅតំបន់នោះ ពលរដ្ឋខ្មែរជាម្ចាស់ទឹកដី និងជាម្ចាស់ប្រាង្គប្រាសាទ៖
ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ប៊ុន ណារិទ្ធិ មានប្រសាសន៏ថា អាជ្ញាធរមិនបានហាមឃាត់ពលរដ្ឋធ្វើពិធីបួងសួងនោះឡើយ ដោយគ្រាន់តែកន្លែងខ្លះ ក្នុងបរិវេណអង្គរធំ មិនអាចធ្វើបាន ព្រោះខ្លាចប៉ះពាល់ដល់ភ្ញៀវទេសចរណ៏។ លោកថា ពលរដ្ឋអាចសុំទៅព្រះសង្ឃដែលគង់នៅវត្ដក្បែប្រាសាទអង្គរធំនោះ៖
ទោះជាយ៉ាងណា អ្នកឃ្លាំមើលសិទ្ធិមនុស្ស អង្គការលីកាដូ ប្រចាំខេត្ដសៀមរាប អ្នកស្រី ឈុយ វាន់ថា មានប្រសាសន៏ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើពិធីបួងសួង និងគោរពបូជា គ្រប់ទីកន្លែង ដែលខ្លួនមានជំនឿ ដោយពុំមានការហាមឃាត់ឡើយ ប៉ុន្ដែអ្នកស្រីថា បើពិធីនោះធំ និងមានការសង់រោងប៉ះពាល់ដល់សណ្ដាប់ធ្នាប់នោះ ត្រូវជួនដំណឹងទៅអាជ្ញាធរ៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com