ប្រទះ​ឃើញ​ឈើ​ប្រណីត​ជាង ៦០ ម៉ែត្រ​គុប​គ្មាន​អាជ្ញាធរ​ចុះ​បង្ក្រាប

Monday, 23 December 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

131223_03

រថយន្ត​របស់ក្រុម​ហ៊ុនលោក​ឧកញ៉ា​ ទ្រី ភាព​ កំពុង​ស្ទូច​ឈើ​ដើម្បី​ដឹក​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​​​។ រូបថត សហ​ការី

ព្រះវិហារៈ ឈើ​ប្រណីត​ជាង ៦០ ម៉ែត្រ​គុប​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ត្រូវ​បាន​ក្រុម​អ្នក​កាសែត​ប្រទះ​ឃើញ​នៅ​នឹង​ប៉ុស្តិ៍​នគរបាល​ក្នុង​ស្រុក សង្គម​ថ្មី ខេត្ត ព្រះវិហារ កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ពួក​ឈ្មួញ​កំពុង​ដឹក​ឈើ​ទំាង​នោះ​ចេញ​ទៅ​លក់​នៅ​ប្រទេស វៀតណាម ដោយ​គ្មាន​ការ​ទប់​ស្កាត់​ពី​អាជ្ញាធរ និង​មន្រ្តី​ជំនាញ​ឡើយ។

លោក ឡោ ចាន់ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត ព្រះវិហារ បាន​ឲ្យ​ដឹង​ថា​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក​មួយ​ក្រុម​មាន ៧ ស្ថាប័ន ប្រចាំ​នៅ​ខេត្ត ព្រះវិហារ បាន​ចុះ​យក​ព័ត៌មាន​ពី​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង ស្រុក សង្គម​ថ្មី កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយ​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជាង ៦០ ម៉ែត្រ​គុប នៅ​ទីស្នាក់ការ​ប៉ុស្តិ៍ន​គរបាល ស្តៅ និង​ជិត​សាលា​អនុ​វិទ្យាល័យ ស្តៅ។

លោក​បញ្ជាក់​ថា៖ «ក្រុម​អ្នក​កាសែត បាន​សុំ​អន្តរាគមន៍​ភ្លាមៗ​ទៅ​មន្ត្រី​ជំនាញ តែ​គ្មាន​អ្នក​ណា​ទៅ​ចាប់​ឈើ​ទាំង​នោះ​ឡើយ រហូត​ដល់​ឈ្មួញ​ដឹក​ឈើ​តាម​គោយន្ត និង​ឡាន​ចេញ​អស់​ទើប​គេ​ទៅ»។

លោក​បាន​បន្ត​ថា ឈើ​ទាំង​នោះ​ត្រូវ​បាន​ឈ្មួញ​ប្រមូល​ទិញ​ក្នុង​មួយ​ម៉ែត្រ​គុប​តម្លៃ ៥០០ ដុល្លារ ហើយ​មន្រ្តី​អាជ្ញាធរ​រួម​នឹង​រដ្ឋបាល​ព្រៃឈើ​អាច​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​បទ​ល្មើស​ព្រៃ​ឈើ​នេះ ជា​ពិសេស​គឺ​នគរបាល​ប៉ុស្តិ៍ ស្តៅ ដែល​ជា​កន្លែង​ស្តុក​ឈើ តែ​ម្តង។

ក្រុម​អ្នក​កាសែត​បាន​ផ្ញើ​លិខិត​រួម​មួយ​ច្បាប់​ទៅ​អង្គការ អាដហុក ខេត្ត ដើម្បី​សុំ​អន្តរាគមន៍​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បាន​សរសេរ​រៀបរាប់​ពី​ការ​រក​ឃើញ​ឈើ​ជាង ៦០ ម៉ែត្រ​គុប​នោះ ហើយ​អះអាង​ថា​ឈើ​ទាំង​នោះ​ត្រូវ​បាន​ឈ្មោះ ស្រេង ម៉េង ជា​ឈ្មួញ​ដុះ​ស្លែ​ប្រមូល​ទិញ​ពី​ប្រជា​ពលរដ្ឋ។

លិខិត​នោះ​បាន​បញ្ជាក់​ថា៖ «មេ​ឈ្មួញ​នេះ​ប្រមូល​ទិញ​ឈើ​គរ​ដូច​ភ្នំ ហើយ​ដឹក​ជញ្ជូន​យ៉ាង​គគ្រឹក​គគ្រេង​ពុំ​ឃើញ​មាន​ស្ថាប័ន​ពាក់​ព័ន្ធ​ណា ម្នាក់​ធ្វើ​ការ​បង្រ្កាប​ទាល់​តែ​សោះ»។

ក្រុម​អ្នក​កាសែត​សរសេរ​ក្នុង​លិខិត​នោះ​ថា ពួក​គាត់​បាន​ទាក់ទង​សុំ​អន្តរាគមន៍​ចំនួន​ពីរ​ថ្ងៃ​ទៅ​លោក អ៊ិត ភូម្រា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ព្រះវិហារ លោក លី លន់ ព្រះ​រាជអាជ្ញា​តុលាការ​ខេត្ត លោក អ៊ុំ ម៉ារ៉ា អភិបាល​ខេត្ត និង​លោក ឯម មុនី នាយ​រង​រដ្ឋបាល​ព្រៃ​ឈើ​ខាង​ជើង​បឹង​ទន្លេសាប និង​លោក ឆេង គឹមស៊ុន ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង កសិកម្ម ប៉ុន្តែ គ្មាន​មន្រ្តី​ណា​ម្នាក់​បង្រ្កាប​បទល្មើស​នេះ​នោះ​ទេ។

អ្នក​កាសែត​ម្នាក់​ក្នុង​ចំណោម​អ្នក​កាសែត​ទាំង ៧ ស្ថាប័ន​ដែល​បាន​ប្រទះ​ឃើញ​ឈើ​បាន​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ឈើ​ទាំង​នោះ​ត្រូវ​ពួក​ឈ្មួញ​ដឹក​ទាំង​យប់​កាត់​តាម​ខេត្ត កំពង់ធំ កំពង់ចាម និង​ចុង​ក្រោយ​ទៅ​ប្រទេស វៀតណាម ដោយ​គ្មាន​មន្រ្តី​ជំនាញ​ណា​ម្នាក់​ហ៊ាន​ចាប់​ឡើយ ដោយ​សារ​ឈ្មួញ​បាន​អះអាង ថា​គេ​មាន​អាជ្ញាប័ណ្ណ​ទិញ​ឈើ។​

លោក​ថា៖ «ពលរដ្ឋ​នាំ​គ្នា​កាប់​ឈើ​លក់ ឲ្យ​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ខ្ទេច​ខ្ទី​គ្មាន​សល់​ទេ ហើយ​ឈ្មួញ​នេះ​ថា​គេ​ទិញ​ឈើ​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព»។

លោក ណែម សៀក នាយ​ប៉ុស្តិ៍ ស្តៅ អះអាង​ថា ឈើ​នោះ​ជា​ឈើ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន ទ្រី ភាព ដែល​ក្រុមហ៊ុន​នេះ​បាន​ប្រមូល​ទិញ​ពី​ប្រជា​ពលរដ្ឋ​តាម​ភូមិ​ហើយ​ពេល​បាន​ច្រើន ទើប​ក្រុមហ៊ុន​យក​ឡាន​ទៅ​ដឹក។ លោក​បញ្ជាក់​ថា៖ «វា​ជា​ឈើ​ស្រប​ច្បាប់​ទេ ទើប​យើង​ឲ្យ​ដាក់​នៅ​ខាង​ក្រោយ​ប៉ុស្តិ៍ មិន​មែន​ក្នុង​ទីស្នាក់ការ​ប៉ុស្តិ៍​ទេ»។

លោក រស់ ហេង អភិបាល​ស្រុក សង្គម​ថ្មី បាន​អះអាង​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ហើយ​កន្លង​មក លោក​ក៏​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​ណា​មួយ​មាន​អាជ្ញាប័ណ្ណ​ដើរ​ទិញ​ឈើ​ក្នុង​ស្រុក សង្គម​ថ្មី នេះ​ដែរ។

មិន​អាច​ទាក់​ទង​លោក ស្រេង ម៉េង និង​លោក អ៊ិត ភូម្រា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ព្រះ​វិហារ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

លោក លី លន់ ព្រះ​រាជអាជ្ញា​តុលាការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា៖ «ឈើ​នោះ​ជា​របស់ ក្រុមហ៊ុន​ដែល​បាន​ប្រមូល​ទិញ​ពី​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​និង​មាន​បង់​ពន្ធ​ទើប​គេ​ដឹក​ចេញ»៕


What Next?

Recent Articles