ក្នុងអំឡុងទស្សនកិច្ចរយៈពេល ២ថ្ងៃ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅវៀតណាម ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃ២៨ ធ្នូ ឆ្នាំ២០១៣ ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារ និងអនុស្សរណៈជាមួយគ្នាចំនួន៨។
ដោយ វោហារ ជាតិ និង ដែន អយុធ្យា
2013-12-23
RFA
សេចក្ដីប្រកាសព័តមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី២៣ ធ្នូ ឲ្យដឹងថា ការចុះហត្ថលេខាលើឯកសារ និងអនុស្សរណៈទាំង ៨ចំណុចនោះ មានជាអាទិ៍ ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សិក្សាធិការ ព័ត៌មាន សន្តិសុខ និងសន្ធិសញ្ញាស្ដីពីបត្យាប័ននៃប្រទេសទាំងពីរ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី២៣ ខែធ្នូ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី នឹងធ្វើទស្សនកិច្ចផ្លូវការនៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ។ ទស្សនកិច្ចនេះ ជាការឆ្លើយតបតាមការអញ្ជើញរបស់លោក ង្វៀន តាន់យុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
គណៈប្រតិភូនឹងត្រូវអមដំណើរប្រមុខដឹកនាំពេលនេះ មានលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីរដ្ឋាភិបាលច្រើនរូបទៀត។យ៉ាងណាក៏ដោយ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទ ទី២៣ ខែធ្នូ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម នឹងមិនចំណេញដល់កម្ពុជាទេ។ លោកបានចាត់ទុកថា ក្នុងដំណើរនេះ លោក ហ៊ុន សែន អាចទៅពឹងពាក់ប្រទេសវៀតណាម ឲ្យជួយការពារអំណាចខ្លួន នៅគ្រាពលរដ្ឋស្ទើរកន្លះនគរប្រមូលផ្តុំគ្នាតវ៉ាទាមទារឲ្យនាយករដ្ឋមន្ត្រីខុសច្បាប់នីតិកាលទី៥រូបនេះ ចុះចេញពីតំណែង។
មេដឹកនាំបក្សប្រឆាំងរូបនេះ បានស្នើដល់លោក ហ៊ុន សែន ល្មមឈប់ទៅពឹងពាក់ប្រទេសដទៃ និងងាកមកជួបជជែកគ្នាជាមួយខ្មែរគ្នាឯង ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសឲ្យរីកចម្រើនប្រសើរជាជាង៖ «ទៅពឹងយួន ឲ្យមកការពារអំណាចគាត់ គឺការពារលែងបានហើយៗ ខ្មែរលែងឲ្យមានបរទេសណាមកឈ្លានពានបានទៀតដែរ។ ព្រោះខ្មែរបានងើបឡើងប៉ុណ្ណឹងហើយៗ កុំសង្ឃឹមថា យួនមកជួយការពារគាត់បានទៀត។ ឲ្យគាត់ងាកមករកខ្មែរគ្នាឯងវិញមក ទើបបានសុខសប្បាយទាំងអស់គ្នា។ ព្រោះកន្លងមកយើងឃើញថា មានគ្រោះថ្នាក់ធ្ងន់ណាស់ប្រទេសជាតិយើង។ បើខ្មែរយើងឈ្លោះគ្នារត់ទៅរកពឹងបរទេសឲ្យមកជួយដើម្បីសម្លាប់ខ្មែរគ្នាឯងហ្នឹង គឺអត់ល្អទេ។ អ៊ីចឹងស្នើឲ្យគាត់ងាកមករកជជែកគ្នារវាងខ្មែរនិងខ្មែរវិញ ពីព្រោះឆន្ទៈប្រជារាស្ត្រឥឡូវនេះគេបានដឹងច្បាស់ហើយថា ស្អីដែលគាត់ធ្វើនោះវាខុសធ្ងន់ណាស់។ មិនចាំបាច់គាត់សួរទៅប្រជារាស្ត្រគាត់ខុសអីទៀតទេ ប្រជាពលរដ្ឋគាត់ប្រាប់គ្រប់គ្រាន់ហើយ គឺខុសធ្ងន់ធ្ងរជាងគេ គឺអស់ទឹកអស់ដីអស់ព្រៃប្រឹក្សាធនធានធម្មជាតិ ហើយធ្វើឲ្យពលរដ្ឋគាត់ព្រួយបារម្ភហ្នឹងហើយ»។
ស្រដៀងគ្នាដែរ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារដោយសារហ៊ានរិះគន់លោក ហ៊ុន សែន លើករណីចុះសន្ធិសញ្ញាបំពេញព្រំដែនជាមួយវៀតណាមកន្លងមក។ លោកមានការភ្ញាក់ផ្អើលចំពោះដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំ និងគណៈប្រតិភូកម្ពុជា ទៅកាន់ប្រទេសវៀតណាម ពេលនេះ។
លោកភ្ជាប់ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំខ្មែរទៅកាន់ប្រទេសវៀតណាម ថា ទំនងជាអាចជាប់ពាក់ព័ន្ធការប្រមូលផ្តុំគ្នាតវ៉ារបស់ប្រជាពលរដ្ឋខ្មែររាប់សែននាក់ ដែលទាមទារឲ្យរូបលោកចុះចេញពីតំណែងរយៈពេលជាង ១សប្ដាហ៍មកនេះ៖ «ជាការគាប់ជួនមួយនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីមិនស្របច្បាប់ ជាមួយដំណើរការមហាបាតុកម្មដែលប្រជាពលរដ្ឋទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាច។ យើងដឹងហើយថា ការគ្រប់គ្រងអំណាចជាង ៣០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជានេះ គឺដោយសារតែការលើកបន្តុបដោយប្រទេសយួនចាប់ពីទសវត្ស១៩៨០មក ហើយមកដល់ឆ្នាំ១៩៩៣ យើងមានការបោះឆ្នោតជាបន្តបន្ទាប់។ ហើយបន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣មក យើងឃើញថា ការបោះឆ្នោតមានភាពមិនប្រក្រតីជាច្រើន ហើយដល់ឆ្នាំ២០១៣នេះ រឹតតែធ្ងន់ធ្ងរថែមទៀត ហើយប្រជាពលរដ្ឋបាត់ជំនឿទុកចិត្ត និងទាមទារឲ្យចុះចេញពីអំណាច»។
ទោះជាបែបណា សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបង្ហាញថា គម្រោងធ្វើទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីពាក់ព័ន្ធរដ្ឋាភិបាលទៅកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ មេដឹកនាំប្រទេសទាំងពីរនឹងពិភាក្សាទ្វេភាគី និងធ្វើជាអធិបតី ឬសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារផ្សេងៗមួយចំនួន។
ឯកសារត្រូវចុះកិច្ចព្រមព្រៀងទាំងនោះមានដូចជា កិច្ចសម្របសម្រួលពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រាប់ឆ្នាំ២០១៤-២០១៥។ កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្ដូរទំនិញ សន្ធិសញ្ញាស្តីពីបត្យាប័ន កិច្ចព្រមព្រៀងឥណទានសម្បទាន ផែនការសហប្រតិបត្តិការរវាងក្រសួងអប់រំ- ផែនការសហប្រតិបត្តិការស្តីពីព័ត៌មាន និងផែនការសហប្រតិបត្តិការឆ្នាំ២០១៤ រវាងក្រសួងមហាផ្ទៃប្រទេសកម្ពុជា និងក្រសួងនគរបាលប្រទេសវៀតណាម ជាដើម។
ជាងនេះ សេចក្ដីប្រកាសក៏បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបពិភាក្សាជាមួយ លោក ង្វៀន ស៊ីនហ៊ុង (Nguyen Sinh Hung) ប្រធានរដ្ឋសភាវៀតណាម ជួបជាមួយលោក ជ្រឿង តឹងសាង (Truong Tan Sang) ប្រធានាធិបតីវៀតណាម និងលោក ង្វៀន ភូ ត្រុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
អត្ថបទដែលទាក់ទង
- បក្សប្រឆាំងហែក្បួនបាតុកម្មឈានដល់ថ្ងៃទី៩
- ស្ថាប័នព្រឹទ្ធសភាគាំទ្រឲ្យលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត
- ពលរដ្ឋមានបញ្ហាដីធ្លីតាមខេត្តមួយចំនួនចូលរួមបាតុកម្មជាមួយបក្សសង្គ្រោះជាតិ
- បក្សសង្គ្រោះជាតិហែក្បួនមហាបាតុកម្មធំនៅថ្ងៃអាទិត្យ
- បក្សសង្គ្រោះជាតិហែក្បួនមហាបាតុកម្មនៅរសៀលថ្ងៃអាទិត្យ
- ពលរដ្ឋចូលរួមបាតុកម្មអហិង្សាប្ដេជ្ញាតស៊ូមិនរាថយដើម្បីទាមទារយុត្តិធម៌
- ក្រុមបាតុករត្អូញត្អែរពីបញ្ហាសំរាមនៅក្បែរទីលានប្រជាធិបតេយ្យ
- សាលាក្រុងអញ្ជើញមេដឹកនាំបក្សប្រឆាំងប្រជុំពិភាក្សាពីការគ្រប់គ្រងបាតុកម្ម
- រដ្ឋសភាអនុម័តរើសសមាសភាពរាជរដ្ឋាភិបាលបន្ថែម