បញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាម ទោះបីជារដ្ឋាភិបាលបានបោះបង្គោលព្រំសីមាហើយក្ដី ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែររស់នៅជាប់ព្រំដែនខ្មែរ-វៀតណាមនេះ មិនមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រកបអាជីវកម្ម ពិសេសការប្រកបមុខរបរស្រែចម្ការនៅលើដីរបស់ខ្លួនជាប់ព្រំប្រទល់វៀតណាមនោះ។
ដោយ ទីន ហ្សាការីយ៉ា
2013-12-24
RFA

២១-ធ្នូ-២០១៣៖ ព្រែកជាឫស្សី ស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម នាខេត្តស្វាយរៀង។ RFA/Tin Zakariya
ទាក់ទងនឹងបញ្ហានេះ ប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ខែត្រស្វាយរៀង បានលើកឡើងថា ពួកគាត់កំពុងប្រឈមនឹងបញ្ហាខ្វះទឹកដាក់ស្រែ ដោយសារតែអាជ្ញាធរវៀតណាម មិនអនុញ្ញាតឲ្យពួកគាត់ជីកប្រឡាយបង្ហូរទឹកដាក់លើដីស្រែរបស់ខ្លួន។
ទឹកជាប្រភពដ៏សំខាន់ក្នុងការបូមយកមកប្រើប្រាស់របស់ប្រជាកសិករក្នុងការប្រកបមុខរបរកសិកម្ម។ ក៏ប៉ុន្តែសម្រាប់ប្រជាកសិករនៅតាមតំបន់ដាច់ស្រយាលតាមព្រំដែនវៀតណាម នៅខែត្រស្វាយរៀង វិញ កំពុងជួបឧបសគ្គក្នុងការប្រើប្រាស់ទឹកព្រែកជាឫស្សី។
ប្រជាពលរដ្ឋនៅភូមិជាឫស្សី ស្រុកស្វាយជ្រំ ខែត្រស្វាយរៀង បានត្អូញត្អែរថា ពួកគាត់មិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការយកទឹកព្រែកជាឫស្សី ដែលនៅជាប់ព្រំដែនវៀតណាម បង្ហូរដាក់ស្រែនោះទេ ដោយសារតែអាជ្ញាធរវៀតណាម មិនអនុញ្ញាតឲ្យជីកដីព្រែកនៅជាប់ស្រែពួកគាត់នោះបង្ហូរចូលស្រែ ទោះបីព្រែកនោះនៅខាងដីខ្មែរក៏ដោយ។
ប្រជាពលរដ្ឋមួយរូបឈ្មោះ សុវណ្ណ បានរៀបរាប់ថា គាត់បានធ្វើស្រែជារៀងរាល់ឆ្នាំ ដោយពឹងអាស្រ័យលើទឹកភ្លៀង និងទឹកព្រែកជាឫស្សី ដែលជាប្រភពទឹកដ៏សំខាន់។ លោកបញ្ជាក់ថា នៅខែប្រាំងនេះ ពួកគាត់ត្រូវបូមទឹកព្រែកដាក់ស្រែ ក៏ប៉ុន្តែការបូមទឹកនេះ ត្រូវចំណាយលុយច្រើន ដោយសារតទុយយោវែង និងចរន្តទឹកមិនសូវខ្លាំង តែបើជីកប្រឡាយបង្ហូរពីព្រែកចូលទៅក្នុងស្រែទើបមានទឹកច្រើន តែត្រូវបានអាជ្ញាធរវៀតណាម ហាមឃាត់។
ព្រែកជាឫស្សីមួយបច្ចុប្បន្នមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម នៃស្រុកស្វាយជ្រំ ខែត្រស្វាយរៀង។ ព្រែកនេះមានប្រវែងវែងជាប់ទៅខែត្រព្រៃវែង។ អ្នកស្រុកអះអាងដូចៗគ្នាថា ពួកគាត់មិនអាចជីកប្រឡាយដោយប្រើគ្រឿងចក្រដើម្បីបង្ហូរទឹកពីព្រែកចូលស្រែបានទេ អាជ្ញាធរវៀតណាមឆ្លងព្រែកមកហាមឃាត់ ទោះបីបង្គោលព្រំដែនខណ្ឌដាច់ពីគ្នាក៏ដោយ។ ពួកគាត់បានលើកឡើងថា ពួកគាត់ជីកប្រឡាយស្ថិតនៅលើដីខ្មែរទេ តែអាជ្ញាធរវៀតណាម មិនអនុញ្ញាត ហើយអាជ្ញាធរកម្ពុជា មិនហ៊ានការពារពួកគាត់នោះឡើយ។
ប្រជាពលរដ្ឋទាំងនេះបានលើកជាចម្ងល់ថា មូលហេតុអ្វីបានជាពួកគាត់ចង់ជីកប្រឡាយបង្ហូរទឹកនៅលើដីស្រែរបស់ខ្លួនមិនបាន? តើហេតុអ្វីបានជាវៀតណាម មានសិទ្ធិគ្របដណ្ដប់មកលើទឹកដីកម្ពុជា ដូច្នេះ?
ស្ត្រីមានវ័យជាង ៥០ឆ្នាំ ឈ្មោះ សៅ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរនិងវៀតណាម រស់នៅតាមព្រំដែនដូចគ្នា គឺមានសិទ្ធិខុសគ្នា។ លោកស្រីបញ្ជាក់ថា ប្រជាពលរដ្ឋវៀតណាម មានសិទ្ធិគ្រប់បែបយ៉ាងក្នុងការបូមយកទឹកពីព្រែក ទាំងបូម ទាំងជីកប្រឡាយបង្ហូរទឹក តែចំពោះប្រជាពលរដ្ឋខ្មែរវិញ បើអ្នកណាហើយហ៊ានជីកប្រឡាយបង្ហូរទឹកនោះ អាជ្ញាធរវៀតណាមនឹងចាប់ខ្លួន។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (កិច្ចការព្រំដែន) និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា លោកមិនបានទទួលរបាយការណ៍នេះពីអាជ្ញាធរមូលដ្ឋាននៅឡើយ។ តែយ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង អះអាងថា ប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានសិទ្ធិស្មើៗក្នុងការយកទឹកព្រែកមកប្រើប្រាស់។
ព្រែកជាឫស្សី ជាតំបន់ព្រំប្រទល់រវាងប្រទេសកម្ពុជានិងវៀតណាម ប្រជាពលរដ្ឋទាំងពីររស់នៅតាមដងព្រែកនេះ ប្រកបមុខរបរកសិកម្មដែលពឹងប្រភពទឹកពីព្រែកជាសំខាន់។ ក៏ប៉ុន្តែបើក្រឡេកមើលនៅផ្នែកខាងវៀតណាមវិញ មានប្រឡាយទឹកធំៗជាច្រើន ដែលវៀតណាម ជីកបង្ហូរទឹកដាក់ស្រែ និងដាក់ដំណាំកសិកម្មផ្សេងៗ។ ដោយឡែកនៅប៉ែកខាងកម្ពុជាវិញ ប្រជាពលរដ្ឋខ្មែរមិនអាចជីកព្រែកដូចវៀតណាម បានទេ ត្រូវបានវៀតណាម ហាមឃាត់។
លោកស្រី សៅ បានបន្ថែមថា ប្រជាពលរដ្ឋជាច្រើនខ្វះស្បៀងដោយសារតែពួកគាត់មិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការជីកព្រែកបង្ហូរទឹកដូចវៀតណាមនេះ។ លោកស្រីអះអាងថា ស្រូវនៅក្នុងស្រែរបស់ពួកគាត់ស្កក ហើយស្រែដែលធ្វើបានផលនោះ គឺស្រែនៅជិតមាត់ព្រែក។
របាយការណ៍របស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDRI ឆ្នាំ២០១៣ បានសរសេរថា អនុវិស័យសំខាន់ៗ មានស្រូវ ដំណាំផ្សេងៗទៀត ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភាគច្រើននៅកម្ពុជា ដោយផ្ដល់ការងារប្រមាណ ៧២% នៃកម្លាំងពលកម្មសរុប។ ក្នុងនេះមានទាំងប្រជាជនក្រីក្រមួយភាគធំផង។ វិស័យកសិកម្ម ជាពិសេសដំណាំស្រូវ ជាវិស័យសំខាន់បំផុតមួយសម្រាប់ការអភិវឌ្ឍសង្គម និងការកាត់បន្ថយភាពក្រីក្រ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ការបង្ហូរទឹកពីព្រែកមិនបាននេះ ជាឧបសគ្គដ៏ចម្បងក្នុងការប្រមូលទិន្នផលស្រូវឲ្យបានច្រើនក្នុងមួយឆ្នាំៗ ជាពិសេសទៅទៀតនោះ មានប្រជាពលរដ្ឋមួយចំនួនបោះបង់ដីស្រែ ហើយធ្វើចំណាកស្រុកក៏មាន។
ម្យ៉ាងវិញទៀត ចំពោះសមត្ថកិច្ចមូលដ្ឋានវិញ ក៏មិនការពារ ឬតទល់ជាមួយអាជ្ញាធរវៀតណាម នៅពេលអាជ្ញាធរវៀតណាម មកទប់ស្កាត់នោះទេ ម្យ៉ាងទៀត អាជ្ញាធរក៏ហាមពួកគាត់មិនឲ្យជីកប្រឡាយបង្ហូរទឹកនេះដែរ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី ដែលលោកបានចុះទៅមើលទីតាំងប្រជាពលរដ្ឋមានបញ្ហានេះផ្ទាល់ដែរនោះ មានប្រសាសន៍ថា វៀតណាមហាក់កំពុងធ្វើអាណានិគមមកលើកម្ពុជា ពីព្រោះថា អាជ្ញាធរវៀតណាម មានសិទ្ធិគ្រប់យ៉ាងមកលើអាជ្ញាធរកម្ពុជា។
នៅតាមព្រំប្រទល់ដែនរវាងកម្ពុជានិងវៀតណាម មានភាពខុសគ្នា។ នៅខាងវៀតណាម ជាប់មាត់ព្រែកនោះ បានរៀបហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូ ដើម្បីឲ្យប្រជាពលរដ្ឋរបស់ខ្លួនឆ្លងកាត់ ដោយឡែកនៅប៉ែកខាងកម្ពុជាវិញ មិនមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់នោះទេ។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានពន្យល់ថា រដ្ឋាភិបាលត្រូវមានយន្តការច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការកំណត់ព្រំប្រទល់ដីជាដើម។ ម្យ៉ាងទៀត រដ្ឋាភិបាលត្រូវរៀបចំរចនាសម្ព័ន្ធមុនគេ និងរៀបចំភូមិ ព្រមទាំងត្រូវពង្រឹងសមត្ថភាពអាជ្ញាធរដែនដីនៅតាមព្រំដែននោះ ឲ្យមានការគ្រប់គ្រងដែនដីឯករាជភាព។ រដ្ឋាភិបាលត្រូវមានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលនៃការប្រើប្រាស់ធនធានរួមនោះឲ្យបានច្បាស់លាស់ និងផ្ដល់សិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា បើមិនដូច្នេះទេ ប្រទេសកម្ពុជានឹងធ្លាក់ចូលក្នុងស្ថានភាពអាក្រក់ជាងនេះទៅទៀតនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
អត្ថបទដែលទាក់ទង
- ច្រករបៀងខ្លះនៅកោះកុងត្រូវបានបិទក្រោយប៉ះទង្គិចគ្នាជាមួយថៃ
- ពលរដ្ឋនៅតំបន់ប្រាសាទសម្បូរព្រៃគុកបារម្ភពីការបញ្ចប់គម្រោងអភិវឌ្ឍន៍របស់ADB
- សេដាកជំរុញឲ្យកសិករដាំបន្លែផ្លែឈើនិងស្រូវប្រើជីធម្មជាតិ
- កងទ័ពជាប់ព្រំដែនខ្មែរថៃប្រតិកម្មនឹងការលុបលេណដ្ឋានទ័ពសង់កាស៊ីណូ
- អ្នកអភិរក្សព្រៃឈើខេត្តរតនគិរីបារម្ភពីការកាប់ឈើអនាធិបតេយ្យធ្វើជន្លង់ម្រេច
- អាជ្ញាធរថៃចាប់ខ្មែរ៧នាក់សង្ស័យកាប់ឈើខុសច្បាប់
- ថៃនឹងបញ្ជូនខ្មែរ១៨នាក់មកស្រុកវិញ
- ស្រូវជាង៦០ហិកតារនៅស្រុកកណ្ដាលស្ទឹងកំពុងខ្វះទឹក
- មន្ត្រីការបរទេសពន្យល់ពីការសម្រេចរបស់តុលាការក្រុងឡាអេដល់ទាហានព្រះវិហារ
Aahhh Dog CCP …..why u not comments this news….????
ប្រើខួរគិតអោយច្បាស់ទៅ តើនេះជាទង្វើអ្នកជិតខាងល្អ ? រឿងតូចតាចវាអាក្រក់យ៉ាងនេះទៅហើយចុះទំរាំរឿងធំ ?
ប្រជាជនកម្ពុជា មិនជឿថា ជាអ្នកជិតខាងល្អនោះទេ ដោយយោងប្រវត្តិសាស្រ្ត នឹងទង្វើជាក់ស្តែងរបស់អ្នកជិតខាងទាំងអស់នេះ។
រដ្ឋាភិបាល ហ៊ុន សែន ពិតជាធ្វើសត្វឆ្កែបាក់លោងមែន ពួកអាមន្រ្តីឆ្កែចំអេះនេះ