ថ្ងៃ អង្គារ 24 ធ្នូ 2013
ដោយ ញឹម សុផល
RFI
អ្នកភូមិបឹងកក់ និងអតីតអ្នកបឹងកក់ក្នុងនោះមានការចូលរួមពីព្រះសង្ឃផងដែរ ត្រូវសមត្ថកិច្ចបង្ក្រាបបណ្តាល់ឲ្យរងរបួស និងសន្លប់ នៅពេលដែលពួកគេប៉ុនប៉ងចូលទៅបិទផ្លូវនៅខាងមុខសាលាក្រុង។ការព្យាយាមបិទផ្លូវដែលបង្កឲ្យមានអំពើហឹង្សារនេះ គឺដើម្បីទាមទារឲ្យសាលាក្រុងភ្នំពេញ ដោះស្រាយបញ្ហាដីធ្លីដល់ពួកគេដែលមានសភាពរ៉ាំរ៉ៃ ជាយូរមកហើយ។
យ៉ាងហោចក៏មានប្រជាពលរដ្ឋ៤នាក់និងព្រះសង្ឃ៣អង្គរងរបួស និងសន្លប់ នៅក្នុងការប៉ះទង្គិចគ្នាមួយប្រាវ នៅខាងមុខខ្លោងទ្វារសាលាក្រុងភ្នំពេញ ខណៈដែលប្រជាពលរដ្ឋនិងព្រះសង្ឃទាំងនោះបានព្យាយាមបិទផ្លូវមុនីវង្សនៅចំណុចមុខសាលាក្រុងកាលពីព្រឹកថ្ងៃអង្គារនេះ។
ប្រជាជនដែលបានអះអាងថា ជាអ្នករស់នៅតំបន់បឹងកក់ និងអតីតអ្នកបឹងកក់នោះ បានត្រលប់ទៅកាន់មុខសាលាក្រុងជាថ្មី បន្ទាប់ពីពួកគេបានបិទផ្លូវមួយថ្ងៃរួមមកហើយកាលពីថ្ងៃច័ន្ទ ដើម្បីទាមទារឲ្យសាលាក្រុងពន្លឿនការដោះស្រាយបញ្ហាដីធ្លីឲ្យពួកគាត់ ដែលអាជ្ញាធរក្រុងបានសន្យាថានឹងដោះស្រាយជូនកាលពីមុនការបោះឆ្នោតជាតិថ្ងៃទី២៨កក្កដា។អតីតអ្នកភូមិបឹងកក់ក៏បានចូលរួមនៅក្នុងការតវ៉ានេះឲ្យដឹងថា ពួកគេយល់ថាប្រាក់សំណង មួយគ្រួសារ ៨ ពាន់ដុល្លារជាថ្នូរនឹងការចាកចេញពីតំបន់នោះ មិនអាចដោះស្រាយលំនៅដ្ឋានផ្សេងទៀតបានឡើយ។
មន្ត្រីស៊ើបអង្គការជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានថ្លែងថា
ការដោះស្រាយបញ្ហាដោយប្រើអំពើហឹង្សានៅពេលដែលកំដៅនយោបាយកំពុងក្តៅ ទៅលើក្រុមអ្នកតវ៉ាប្រៀបដូចជាយកសាំងទៅចាក់នៅលើភ្លើងដូច្នោះដែរ។ មន្ត្រីសិទ្ធិមនុស្សរូបនេះបានហៅការប៉ះទង្គិចដោយហឹង្សារនៅព្រឹកនេះថា បានប៉ះពាល់ទៅដល់ការគោរពសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា និងសិទ្ធិបញ្ចេញមតិបុគ្គល ដោយបញ្ហានេះគប្បីត្រូវដោះស្រាយដោយសន្តិវិធី និងចៀសវាងលាបព័ណ៌នយោបាយ។
ទោះយ៉ាងនេះក្តី លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់វិទ្យុបារាំង RFI ថា បច្ចុប្បន្នលោកអភិបាលក្រុងភ្នំពេញបានទទួលយកទាំងអស់ នូវសំណើរនានា
ដែលបានដាក់ជូនសាលាក្រុងទាក់ទងទៅនឹងវិវាទដីធ្លី ក៏ប៉ុន្តែ មានសំណុំរឿងដីធ្លីជាច្រើនមកពីសហគមន៍នានា ដែលអាគាររដ្ឋបាលរាជធានីដ៏សំខាន់របស់ប្រទេសមួយនេះ កំពុងតែធ្វើការដោះស្រាយ ដែលចាំបាច់ក្រុងត្រូវការពេលវេលាផងដែរ។
សូមបញ្ជាក់ថាប្រជាពលរដ្ឋប្រមាណជា ៥០នាក់ ដោយមានការចូលរួមពីព្រះសង្ឃផងនោះ បានចូលកាន់កាប់កំណាត់ផ្លូវមួយមុខសាលាក្រុងភ្នំពេញកាលពីព្រឹកម៉ោង៩ ដោយមានការដុតកង់ឡាន រហូតដល់យប់ថ្ងៃច័ន្ទម្សិលមិញ ដើម្បីទាមទារជួបជាមួយនឹងអភិបាលក្រុងភ្នំពេញ លោក ប៉ា សុជាតិវង្ស ក៏ប៉ុន្តែមិនមានអំពើហឹង្សារណាមួយឡើយ៕




ចុះខ្ញុំសូមសួរលោក អំ សំអាត មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្ស លី កាដូ អ្នកដែលមកធ្វើបាតុកម្មនេះ
សាលារាជធានីនិង អ្នកវិនិយោគបានដោះស្រាយ ជាផ្ទះនិងថវិកាជូនរួចរាល់អស់ដោយមានកិច្ចសន្យា
ត្រឹមត្រួវទៀតផង ។នេះបើតាមការសង្កេតគឺជាឆាកមួយដែលគណបក្សប្រឆាំងរៀបចំទ្បើងដើម្បើបង្ករ អស្ថេរភាព ក្នុងរាជធានីភ្នំពេញ និយាយអោយស្រួលស្តាប់ម៉្យាងទៀត ក្រុមបាតុកម្មមួយក្តាប់តូចនេះ បានបីទផ្លូវព្រះមុនីវង្សនិងចាក់សោរបង្ខាំងមន្ត្រីរាជការ គប់ដុំថ្មបំផ្លាញបញ្ចរពត៏មាន តើមានប៉ះពាល់សិទ្ធិអ្នកដទៃដែរឬទេ? លោក អំ សំអាត មិននិយាយទេ ព្រោះគាត់លំអៀងទៅ ខាង គណបក្សប្រឆាំងទៅហើយ ខ្លាចគេមិនអោយលុយ។នេះហើយជាអង្គការសិទ្ធិមនុស្សនៅកម្ពុជា!!!!???