សង្គម​ស៊ីវិល គ្រោង​បង្ហាញ​ពី​មូលហេតុ​ដែល​នាំឲ្យ​មាន​ការបាត់បង់​សៀវភៅ​សិក្សា​គោល​

ដោយ៖​ អ៊ឹង ប៊ុនថន​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​អង្គការ ខា​ញ​ដ៍ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ អាន​សា អ៊ីអេ​ភី នឹងចេញផ្សាយ​របាយការណ៍​ស្រាវជ្រាវ​អំពី​មូលហេតុ​ ដែល​នាំឲ្យ​មាន​ការបាត់បង់​សៀវភៅ​សិក្សា​គោល​និង​កត្តា​នានា ដែល​ឈាន​ដល់​មាន​ការលក់​សៀវភៅ​សិក្សា​គោល​ទាំងនេះ​ នៅ​តាម​ទីផ្សារ​ដោយ​ខុសច្បាប់​។

​សេចក្តីប្រកាស​ព័ត៌មាន ឲ្យដឹងថា នៅ​ថ្ងៃ២៦ ខែធ្នូ ឆ្នាំ​២០១៣​នេះ របាយការណ៍​ស្រាវជ្រាវ​នឹង​ផ្តល់​យោបល់​ក្នុងន័យ​ស្ថាបនា ទៅលើរបកគំហើញ​នានា និង​ផ្តល់​អនុសាសន៍​ជាក់លាក់ ក្នុង​ការលើកកម្ពស់ ការគ្រប់គ្រង​សៀវភៅ​សិក្សា​គោល ដើម្បី​កែលំអរ​នីតិវិធី បច្ចុប្បន្ន​ឲ្យ​កាន់តែ​ប្រសើ​រ​ឡើង។

​​អង្គការ ខា​ញ​ដ៍ បញ្ជាក់ថា ការ​ស្រា​ជ្រាវ​នេះ​មាន​គោលបំនង សិក្សា​ស្វែងយល់​អំពី​នីតិវិធី​នានា​នា លើកកម្ពស់​អភិបាលកិច្ច និង ភាព​គ្រប់គ្រាន់​នៃ​សៀវភៅ​សិក្សា​គោល សម្រាប់​ការសិក្សារបស់​សិស្សានុសិស្ស កម្រិត​មធ្យមសិក្សាទុតិយភូមិ​។

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ដាក់ចេញ​នូវ​គោល​វិធី​សិស្ស​មជ្ឈមណ្ឌល​សម្រាប់​ការរៀន​ និង​បង្រៀន ហើយ​តម្រូវ​ឲ្យ​សិស្សានុសិស្ស​ម្នាក់ៗ ​មាន​និង​ប្រើប្រាស់​សៀវភៅ​សិក្សា​គោល ក្នុងកា​រៀនសូត្រ​។

នៅ​ឆ្នាំ ២០១២ – ២០១៣ គម្រោង លើក​កំពស់​គុណភាព​អប់រំ Enhancing Education Quality Project (EEQP) របស់​ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់​ថវិកា​ជំនួយ​ចំនួន ១៣៤៦០០០​​ដុល្លា (​មួយ​លាន បី​សែន បួន​ម៉ឺន​ប្រាំមួយ​ពាន់ ដុល្លា សហរដ្ឋអាមេរិក​) ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា សម្រាប់​ចំណាយ​លើ​ការបោះពុម្ព និងចែកចាយ សៀវភៅ​សិក្សា​គោល​ដល់​សិស្ស​កម្រិត​វិទ្យាល័យ​ពី​ថ្នាក់​ទី​១០ ដល់១២​។ ប៉ុន្តែ​អ្វី​ដែល​សង្គម​ស៊ីវិល​មាន​ការមន្ទិលសង្ស័យ​ទៅលើ​ការគ្រប់គ្រងនេះ គឺហេតុអ្វី​បានជា សៀវភៅ​សិក្សា​គោល​ដែលជា​ទ្រព្យសម្បត្តិ​រដ្ឋ ​ត្រូវបាន​ដាក់​លក់​ដោយ​​សេរី នៅតាម​ទីផ្សារ​នានា ​ស្ទើរតែ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​សាលារៀន​នៅតែ ប្រឈម​នឹង​កង្វះខាត​សៀវភៅ​សិក្សា​គោល​ទៅវិញ​? ៕ ​

សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles