ដោយ៖ កែវ រតនៈ
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

កម្មករនៅតាមរោងចក្រក្នុងសួនឧស្សាហកម្មពោធិ៍ចិនតុង ផ្ទុះការតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួល / រូបថតដោយ កែវ រតនៈ
កម្មករប្រមាណជា១០០០នាក់ មកពីរោងចក្រជិត១០ នៅក្នុងសួនឧស្សាហកម្មពោធិ៍ចិនតុង បានដើរជាក្បួន ដោយប្រកាសប្រមូលកម្មករផ្សេងៗទៀត ឲ្យចូលរួមចលនាទាមទារឲ្យដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ។
ការចេញមុខតវ៉ានេះ ធ្វើឡើងបន្ទាប់ពីក្រសួងការងារ បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រកាត់ដេរក្នុងរយៈ១ឆ្នាំៗ ចាប់ពី១៥ដុល្លា ដល់១៧ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។ សេចក្ដីសម្រេចនេះបានបូកជាមួយប្រាក់ខែគោលមានស្រាប់ចំនួន៨០ដុល្លារ នៅឆ្នាំ២០១៤នេះ ដែលធ្វើឲ្យកម្មករអាចទទួលបានប្រាក់ខែគោលចំនួន៩៥ដុល្លារ ហើយរហូតដល់ឆ្នាំ២០១៨ ទើបកម្មករទទួលបានប្រាក់ខែគោល១៦០ដុល្លារ។ ប៉ុន្តែសេចក្ដីសម្រេចនេះ បានធ្វើឲ្យមេដឹកនាំសហជីពមួយចំនួនសម្ដែងការខកចិត្ត ហើយព្រមានធ្វើការតវ៉ា ។
កម្មករ កំពុងដើរប្រមូលកម្មករនៅតាមរោងចក្រ ដោយគ្រោងនឹងដើរមកក្រសួងការងារ រួចនឹងបន្តមកទីលានប្រជាធិបតេយ្យ។ កម្មករជិត៣ម៉ឺននាក់ នៅព្រឹកថ្ងៃពុធនេះ កំពុងប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ដោយទាមទារឲ្យរាជរដ្ឋាភិបាល ដំឡើងប្រាក់ឈ្នួលកម្មកររហូតដល់ទៅ១៦០ដុល្លារ។ពួកគេព្រមានឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលចុះចេញពីតំណែង ប្រសិនបើមិនមានសមត្ថភាពក្នុងការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ៕
សរសេរមកកាន់ លោក កែវ រតនៈ តាមរយៈratanah@vodhotnews.com