អ្នក​បឹងកក់ ដុត​កង់ឡាន​ខាងមុខ​សាលា​រាជធានី ដើម្បី​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​រឿង​ដីធ្លី​​

ដោយ៖​ ញឹម សុខន​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

អ្នកបឹងកក់ ដុតកង់ឡានជាង១០ នៅខាងមុខសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធនេះ ដើម្បីជំរុញឲ្យមានដំណោះស្រាយរឿងបញ្ហាដីធ្លី/ញឹម សុខន

អ្នកបឹងកក់ ដុតកង់ឡានជាង១០ នៅខាងមុខសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធនេះ ដើម្បីជំរុញឲ្យមានដំណោះស្រាយរឿងបញ្ហាដីធ្លី/ញឹម សុខន

ប្រជា​សហគមន៍​បឹងកក់ ដែល​បាន​តវ៉ា​តាំងពីព្រឹក​រហូត​មកដល់​រសៀល​ថ្ងៃ​ពុធ​នេះ បាន​ដុត​កង់ឡាន ជា​សញ្ញា​បង្ហាញ​ដល់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ថា ខ្លួន​កំពុងតែ​ទាមទារ​ឲ្យមាន​ដំណោះស្រាយ​រឿង​បញ្ហា​ដីធ្លី ដែល​បាន​អូសបន្លាយ​យូរ​មក​ហើយ​។​

​ពលរដ្ឋ បាន​បិទផ្លូវ​ខាង​មុខ​សាលា​រាជធានី តាំងពីព្រឹក ហើយ​រហូតដល់​ម៉ោង​ជាង​២​សៀ​ល​នេះ ពួកគេ បានចាប់ផ្តើម​ដុត​កង់ឡាន​។​នៅ​ម៉ោង​ជិត​៥​រសៀល​នេះ ពួកគេ បាន​បន្ត​ដុត​កង់ឡាន ដើម្បី​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​របស់​ពួកគេ​។​កង់ឡាន ដែល​ត្រូវ​បាន​​ដុត​​នោះ មាន​ប្រមាណ​ជា​១៤​។

​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​នេះ ប្រជា​សហគមន៍​បឹងកក់​ពីរ​ក្រុម រួម​មាន​អ្នកទទួល​សំណង​ហើយ និង​អ្នក​មិន​ទាន់​ទទួល​សំណង ប្រមាណ​១០០ ប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃទី​៣ តវ៉ា​បិទផ្លូវ​មហាវិថី​ព្រះមុនីវង្ស ស្រែក​ទាមទារ​រក​ដំណោះស្រាយ​ចំពោះ​ជម្លោះ​ដីធ្លី​។​

​អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ប្រាប់​VOD​នៅ​ថ្ងៃ​ពុធ​នេះ​ថា បញ្ហា​ជម្លោះ​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​បឹងកក់ គឺ​អាជ្ញាធរ បាន​កំពុង​រៀបចំ​ឯកសារ ពិភាក្សា​រក​ដំណោះស្រាយ ដល់​អ្នក​សេសសល់​តាម​ការសន្យារ​បស់​ខ្លួន ប៉ុន្តែ​ចំពោះ​ការតវ៉ា​សើរើ​រឿង​របស់​អតីត​អ្នក​ភូមិ​បឹងកក់​វិញ លោក​យល់ថា គឺ​កើតឡើង​ដោយសារ​ការដុត​កម្តៅ​ពី​អ្នកនយោបាយ​គណបក្ស​ប្រឆាំង ហើយ​ជា​ការដាក់បន្ទុក​កំហុស​បន្ថែម​លើ​សមត្ថកិច្ច មិនមែន​រក​ដំណោះស្រាយ​ពិតប្រាកដ​ទេ ៖ “​នេះ​ជា​ការសើរើ​មួយ​ដែល កើតឡើង ដោយសារ​តែ​អ្នកនយោបាយ​ដុត​កំដៅ អញ្ជឹង​វា​មិន​អាច​នឹង​មានដំណោះ​ស្រាយ ឬក៏​ការឆ្លើយតប​ណាមួយ​ឲ្យទាន់ពេល​បានទេ ត្រូវ​ទុក​ពេល​សម្រាប់​ធ្វើ​ការងារ​នេះ សិក្សា​បន្ថែម​អំពី​ដំណោះស្រាយ ដែល​មាន​កន្លងមក អ៊ីចឹង​សំណើរ​នេះ​គឺ​លើស​ពី​អ្វី​ដែល​យើង​អាចឆ្លើយតប បាន​ភ្លាមៗ​ណាស់​”​។​

​អ្នក​បឹងកក់ ព្រមាន​ថា ពួកគេ​នឹង​បិទ​ផ្លូវ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​។ ពួកគេ​បាន​តវ៉ា​ចំនួន​៣​ថ្ងៃ​ជាប់​គ្នា​មកហើយ ដោយ​បិទផ្លូវ​ជា​បន្តបន្ទាប់​។​

​ប្រជាពលរដ្ឋ​អះអាងថា ពួក​គេ​ជាង ៣០០០​គ្រួសារ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន បាន​បណ្តេញចេញ ពី​តំបន់​បឹងកក់​ឲ្យទៅ​នៅ​រាយប៉ាយ​ក្នុង​ខណ្ឌ​ទាំង​៩​ក្នុង​រាជធានី ចាប់តាំងពី​ឆ្នាំ​២០០៨​មក ដោយ​សាលា​រាជធានី​ភ្នំពេញ យក​ដី​នៅ​តំបន់​នោះ​ឲ្យទៅ​ក្រុមហ៊ុនស៊ូ​កាគូ​អ៊ីន របស់លោក ឡៅ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​គម្រោង​អភិវឌ្ឍន៍​៩៩​ឆ្នាំ ដែល​ធ្វើឲ្យ​ប៉ះពាល់​ពលរដ្ឋ​នៅ​តំបន់​នោះ​ជាង​៤០០០​គ្រួសារ​៕

​សរសេរ​មកកាន់​លោកញឹម​ សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles