ដោយ៖ ជន ស្រីណុច និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក នៃសាកលវិទ្យាល័យជា ស៊ីម កំចាយមារ នៅខេត្តព្រៃវែង ស្នើឲ្យក្រសួងអប់រំ និងក្រសួងមហាផ្ទៃ លុបចោលសាខាសាកលវិទ្យាល័យនេះ ដោយធ្វើសវនកម្ម អំពីចំណូល ចំណាយថវិកា និងអធិការកិច្ចការងារគ្រប់គ្រងដែលពួកគេសង្ស័យពីអំពើពុករលួយ។
លិខិតពីរច្បាប់ដែលមានឈ្មោះ និងចុះហត្ថលេខា ចំនួន៣៩នាក់ ផ្ញើរជួនរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ដែលVOD ទទួលបាននៅថ្ងៃទី២៥ ខែធ្នូនេះ ឲ្យដឹងថា និស្សិតដែលកំពុងសិក្សានៅទីតាំងគោលស្រុកកំចាយមារ មានចំនួន ១០០០នាក់ ចំណែកបន្ទប់ដែលនៅសល់មាន៤០បន្ទប់គ្មាននិស្សិតសិក្សានោះទេ។ លិខិត្តបន្តថា សមិទ្ធិផលដែល លោក ស ខេង ដឹកនាំកសាងសាកលវិទ្យាល័យ នោះត្រូវបានក្រុមមន្ត្រីគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យមិនសូវអើពើ និងអភិវឌ្ឍទេ មិនតែប៉ុណ្ណោះយកឈ្មោះ និងសមទ្ធិផលទាំងនោះមកធ្វើជាអាជីវកម្មផ្ទាល់ខ្លួន។
មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក នៃសាកលវិទ្យាល័យជាស៊ីម កំចាយមារ ទាំង៣៩នាក់ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ លុបចោលសាខាសាកលវិទ្យាល័យជា ស៊ីម កំចាយមារ ចោល ព្រោះមានអំពើពុករលួយ។ ពួកគេក៏ស្នើឲ្យបញ្ជួននិស្សិតដែលកំពុងសិក្សាទាំងអស់នោះ មកសិក្សានៅទីតាំងគោលសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារស្រុកកំចាយមារវិញ។
ករណីនេះ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា លោកមិនទាន់ទទួលបានលិខិតនោះនៅឡើយទេ តែលោកនឹងចាត់ឲ្យមន្ត្រីថ្នាក់ក្រោមចុះស៊ើបអង្កេត។
លិខិតមួយច្បាប់ទៀត ទាក់ទងនឹងលាសានេះដែរ គឺមន្ត្រីរាជការ បុគ្គលិក ស្នើឲ្យក្រសួងមហាផ្ទៃសុំគោលការណ៍អធិការកិច្ចការ និងសវនកម្មថវិកា និងអធិការកិច្ចការងារគ្រប់គ្រងដែលមិនមានភាពត្រឹមត្រូវ ការកេងប្រវ័ញ្ច និងអំពើពុករលួយ ដែលបានអនុវត្តកន្លងមកនៅសាកលវិទ្យាល័យនេះ ទាំងបីទីតាំងរយៈពេល ៦ឆ្នាំ (២០០៦-២០១២) និងសូមឲ្យអនុវត្តតាមច្បាប់ដោយដាក់ទោសចំពោះជនដែលប្រព្រឹត្តទាំងនោះ។
លិខិតបន្តថា កន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចាត់ឲ្យអភិបាលរងខេត្តព្រៃវែង លោក សុទ្ធ សឺន មកសាកសួរ និងធ្វើការសម្របសម្រួលលើសំណើនោះ តែពុំបានទទួលលទ្ធផលនោះទេ ព្រោះ លោកពុំមានជំនាញផ្នែកឧត្តមសិក្សា ក្នុងការរុករកបញ្ហា នៅក្នុងសាលាវិទ្យាល័យ ជា ស៊ីម កំចាយមារនោះ។
VOD មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានទេ។
ប៉ុន្តែសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជា ស៊ីម កំចាយមារខេត្តព្រៃវែង លោក អ៊ុក ថូន បដិសេធ ចំពោះការចោទប្រកាន់នោះ។ លោកបន្តថា លិខិតដែលផ្ញើរជួនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានហត្ថលេខា និងឈ្មោះទាំងនោះ លែងជាបុគ្គលិកសាលាលោកនោះទៀតហើយ ៖ “ឈ្មោះនៅក្នុងនោះគឺ មិនមែនជាហត្ថលេខារបស់មន្ត្រីរាជការយើងខ្ញុំទេ ហើយខ្ញុំបានប្រជុំមន្ត្រីរាជការរបស់ខ្ញុំ តាំងតែពីខែកុម្ភៈ ឆ្នាំ២០១៣ ហើយឯកសារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចាត់ឲ្យឯកឧត្តមអភិបាលខេត្ត ចុះមកធ្វើការងារហើយ ហើយគេបានសម្ភាសជាមួយនឹងមន្ត្រីរាជការទាំងអស់ ហើយមន្ត្រីរាជការទាំងអស់នោះគឺ មិនបាត់ទេ ឈ្មោះដែលផ្ញើទៅនោះ គឺមិនមែនឈ្មោះជាមន្ត្រីនៅក្នុងសាកលវិទ្យាល័យនេះទេ”។
ទោះជាយ៉ាង ក្នុងលិខិតបញ្ជាក់ថា ឈ្មោះ និងហត្ថលេខា ទាំងនោះ សុទ្ធតែជាមន្ត្រីរាជការ និងបុគ្គលិកដែលធ្លាប់ធ្វើការ និងបង្រៀននៅសាកលវិទ្យាល័យជាស៊ីមកំចាយមារ តែដោយសារមានភាពមិនប្រក្រតី និងអំពើពុករលួយកើតឡើងច្រើន ទើបក្រុមមន្ត្រីទាំងនោះចេញតវ៉ា ហើយក៏ត្រូវបានបណ្តេញចេញពីការងារ៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com