ដោយ៖ តាំង វីដា និង អ៊ឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
លោក គល់ បញ្ញា ប្រធានគណៈគណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរី ផ្តល់បទសម្ភាសដល់វីអូឌីជុំវិញការបោះឆ្នោតឡើងវិញ (រូបថតដោយ តាំង វីដា)
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ ខុមហ្វ្រែល ឲ្យដឹងថា ខ្លួននឹងកោះប្រជុំសមាជិកនៃបន្ទប់ស្ថានការណ៍បោះឆ្នោតឆ្នាំ២០១៣ ដើម្បីដាក់សំណើទៅគណបក្សកាន់អំណាច ជំរុញឲ្យបោះឆ្នោតឡើងវិញ មុនអាណត្តិ ក្នុងរយៈពេល១ឆ្នាំ ឬ២ឆ្នាំទៀត ក្រោយពីធ្វើកំណែទម្រង់ គ.ជ.ប រួចរាល់។
ក្រោយកិច្ចពិភាក្សា លើការចងក្រងរបាយការណ៍ការវាយតម្លៃការបោះឆ្នោតជាតិ ឆ្នាំ២០១៣ និងរបាយការណ៍ការចូលរួមរបស់ក្រុមពិសេសក្នុងដំណើរការបោះឆ្នោត នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា សំណើឲ្យមានការបោះឆ្នោតឡើងវិញ គឺជាក់លាក់ សមស្របទៅនឹងកាលៈទេសៈនៃស្ថានភាពនយោបាយបច្ចុប្បន្ន ដើម្បីឲ្យគណបក្សទាំងពីរ ជៀសវាងការដណ្តើមអំណាចគ្នា និងការដាក់សម្ពាធគ្នាទៅវិញទៅមក។ លោកយល់ថា ការបោះឆ្នោតឡើងវិញក្រោយពីកំណែទម្រង់ គ.ជ.ប គឺបង្ហាញពីនីត្យានុកូលភាព ឬភាពស្របច្បាប់របស់រដ្ឋាភិបាលដឹកនាំប្រទេស ៖
VOD មិនទាន់អាចសុំការអធិប្បាយពីនាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង បានទេនៅថ្ងៃនេះ តែម្សិលមិញនេះ លោកឲ្យដឹងថា ការទាមទារបោះឆ្នោតឡើងវិញ លុះណាតែគណបក្សទាំងពីរចរចាគ្នាលម្អិត ដើម្បីសិក្សាពីមូលហេតុ និងភាពមិនប្រក្រតីនៃការបោះឆ្នោតជាមុនសិន មិនអាចស្តាប់យោបល់តែម្ខាងៗនោះទេ។ លោកចាត់ទុកថា ការរកឃើញរបស់អង្គការសង្គមស៊ីវិលពីភាពមិនប្រក្រតីនៃការបោះឆ្នោត គឺមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពបញ្ហាទាំងមូលនោះទេ ៖
សម្រាប់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ គាំទ្រសំណើរបស់សង្គមស៊ីវិល និងជំរុញឲ្យគណបក្សកាន់អំណាច ធ្វើកែទម្រង់ គ.ជ.ប ដើម្បីបោះឆ្នោតឡើងវិញ ដោយឆន្ទៈពិត ស្របតាមអនុសាសន៍របស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ។ លោកបញ្ជាក់ថា ជំហររបស់គណបក្សសង្គ្រោះជាតិ មកទល់ពេលនេះ គឺមិនចរចាពីការបែងចែកអំណាចឡើយ ៖
កាលពីល្ងាចថ្ងៃពុធម្សិលមិញ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងទៅកាន់បាតុករថា ការចូលចរចា អាចធ្វើទៅបាន លុះណាតែគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល យល់ព្រមក្នុងការដំឡើងប្រាក់ឈ្នួលឲ្យកម្មករដល់ទៅ១៦០ដុល្លារ និងមន្ត្រីរាជការ២៥០ដុល្លារ។ លោកក៏បានដាក់លក្ខខណ្ឌឲ្យគណបក្សប្រជាជនកម្ពុជា យល់ព្រមនឹងគោលនយោបាយមួយចំនួនទៀត ដែលគណបក្សសង្គ្រោះជាតិ បានសន្យាទៅកាន់អ្នកបោះឆ្នោតផងដែរ៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
តាមគំនិតលោកសខេងក៏មិនពេញចិត្តនិងទង្វើដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះដែរ
ប៉ុន្តែធ្វើមេចបើគេផ្ជង់ពីក្រោយ ម្លោះហើយចេះតែត្រាប់តាមគេយកបុណ្យសក្តិនិងការរស់រានទៅ។
ការទាមទាបោះឆ្នោតឡើងវិញវាជារឿងមួយហើយ ចុះបើលទ្ឋផលមិនជាទីគាប់ចិត្តសំរាប់បក្សដែល ចាញ់សំរាប់ការបោះឆ្នោតម្តងទៀតនេះ តើលោកគល់ បញ្ញារមានយោបល់យ៉ាងណាដែរ ។ បោះម្តង ទៀតឬក៍ធ្វើបាតុកម្ម (មិនបាច់រកស៊ីអ៊ីទេ)គិតតែពីបោះឆ្នោតទៅលោកគល់ បញ្ញា អូ!ភ្លេចលោកមានប្រាក់ខែអង្គការ ប្រទេសកាត់តែវឹកវរប្រាក់ខែកាន់តែច្រើន ។ អ៊ូ វីរះមួយប្រហែលជា ដឹងខ្លួនថាធ្វើទៅវាជ្រុលពេកចាប់ផ្តើមដកខ្លួនបណ្តើរៗ ។