ដោយ៖ ពេជ្រ សុធារី
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
កម្មករ-កម្មការិនីធ្វើការរោងចក្រជាច្រើន នៅតាមបណ្តោយផ្លូវជាតិចំនួន៥ និងផ្លូវវេងស្រេង បាននាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ និងមួយចំនួនធំសម្រុកដង្ហែក្បួនទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីតវ៉ាទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ។
តាមសេចក្តីរាយការណ៍នានា របស់សារព័ត៌មានក្នុងស្រុក និងបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ខែធ្នូនេះ កម្មករកម្មការិនីនៅតាមបណ្តារោងចក្រជាច្រើន នៅតាមផ្លូវជាតិចំនួន៥ ដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង បាននាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ និងធ្វើដំណើរទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីតវ៉ាជំទាស់ការដំឡើងប្រាក់ឈ្នួលពលកម្ម ៩៥ដុល្លារ ដែលប្រកាសដោយក្រសួងការងារ។
ចំណែកនៅតាមបណ្ដាខេត្តមួយចំនួនវិញ ដូចជាខេត្តកំពង់ឆ្នាំង កំពង់ចាម កំពង់ស្ពឺ ស្វាយរៀង ដែលមានជិត១០០រោងចក្រនោះ ត្រូវបានរាយការណ៍មកថា បានផ្អាកដំណើរការហើយ ហើយកម្មករនៅទីរួមខេត្តកំពង់ឆ្នាំង គំរាមថា នឹងបិទផ្លូវជាតិលេខ៥។
ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ ដែលបានជួបប្រជុំជាមួយសហជីព កាលពីថ្ងៃទី២៤ ខែធ្នូ បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រកាត់ដេរក្នុងរយៈពេល១ឆ្នាំៗ ចាប់ពី១៥ដុល្លារ ដល់១៧ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។ សេចក្ដីសម្រេចនេះ បានបូកជាមួយប្រាក់ខែគោលមានស្រាប់ចំនួន៨០ដុល្លារ នៅឆ្នាំ២០១៤នេះ ដែលធ្វើឲ្យកម្មករអាចទទួលបានប្រាក់ខែគោលចំនួន៩៥ដុល្លារ ហើយរហូតដល់ឆ្នាំ២០១៨ ទើបកម្មករទទួលបានប្រាក់ខែគោល១៦០ដុល្លារ។ ប៉ុន្តែសេចក្ដីសម្រេចនេះ បានធ្វើឲ្យមេដឹកនាំសហជីពមួយចំនួន សម្ដែងការខកចិត្ត ហើយព្រមានពីការតវ៉ានឹងសេចក្តីសម្រេចនេះ៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
យើងត្រូវតែទទួលស្គាល់ការទាមទាររបស់ក្រុមកម្មករដែលចូលរួមបាតុកម្មនេះ ថាគេចង់បានអញ្ចឹង។ ហើយយើងក៏ត្រូវតែងាកទៅសួរលោកថៅកែដែរ តើគាត់អាចទប់ទល់លើការចំណាយនេះបានទេ។
លោកថៅកែ បើមិនកើតទេ សូមបីតទ្វារទៅបើករោងចក្រនៅវៀតណាម វិញទៅ វាស្រួលជាងនៅកម្ពុជា។
យើងចាំមើលថា មាននរណាហ៊ានមកបើករោងចក្រនៅកម្ពុជា ទៀត? គួរតែស្បថទៅ ស្បថថា ឈប់រកស៊ីជាមួយកម្ពុជា!!
តាមពត៌មានថា នៅថ្ងៃស្អែកនេះ( ២៧ ធ្នូ) ក្រសួងការងារនឹងរៀបចំកិច្ចប្រជុំមួយទៀត។ ជាថ្មីម្តងទៀត យើងសុំលោកថៅកែ គួរតែដោះស្រាយ ថា ៖
ជំរើសទី ១) សំរេចតាមការទាមទារ គឺ ១៦០ ដុល្លា ដោយសុំថា ចាប់ពីថ្ងៃតទៅ ឈប់មានរឿងអ្វីនឹងគ្នា គឺឈប់មានទាមទារនេះ ទាមទារនោះ ហើយត្រូវមានលក្ខន្តិកៈការងារឲ្យបានច្បាស់លាស់ តាំងពីរឿងស្អីៗ ទាំងអស់។ យើងត្រូវមានកិច្ចសន្យាដូចៗ គ្នា គ្រប់រោងចក្រ។
យើងថានេះ មិនមែនមិនគិតដល់ផលប្រយោជន៍កម្មករទេ ព្រោះបងប្អូនខ្ញុំក៏ជាកម្មករដែរ តែទាំអស់គ្នានោះ និយាយថា គេខ្លាចតែ «ថៅកែបិទរោងចក្រ»
ជំរើសទី ២) ត្រូវបិទរោងចក្រទៅ បើវាពិបាកពេក រត់មិនរួច ជាពិសេស គឺការគាបសង្កត់គ្មានព្រំដែន។ ចាប់ថ្ងៃនេះតទៅ នៅស្រុកខ្មែរនេះ នឹងមានបាតុកម្មមិនចប់ទេ។
khmer