កម្មករ​ប្រមាណ​១០​នាក់​សន្លប់​និង​រាប់​ពាន់​នាក់​បន្ត​ធ្វើ​បាតុកម្ម

កម្មករ​រាប់​ពាន់​នាក់​​ឈប់​ធ្វើការ ហើយ​នាំ​គ្នា​ហែ​ក្បួន​ចូល​មក​កណ្ដាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ធ្នូ។

ដោយ ដែន អយុធ្យា និង វោហារ ជាតិ
2013-12-26
RFA

កម្មករ បាតុកម្ម ៦១០
កម្មករ​ក្រុមហ៊ុន​កាត់ដេរ ស្ព័រ តិច អ៊ិនឌឹសស្ទ្រីយ៍ (Sprot Tex Industry) នៅ​គីឡូម៉ែត្រ​លេខ​៦ ចេញ​មក​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​២៦ ធ្នូ ឆ្នាំ​២០១៣។ RFA/Den Ayuthyea

ស្រប​ពេល​នេះ​ដែរ តំណាង​សហជីព​និង​កម្មករ​បាន​អះអាង​ថា មាន​កម្មករ​ប្រមាណ ១០​នាក់​នៅ រោងចក្រ ស្ព័រ តិច អ៊ិនឌឹសស្ទ្រីយ៍ (Sprot Tex Industry) ដួល​សន្លប់​ក្នុង​ក្នុង​រោងចក្រ ដោយ​កម្មករ​ចោទ​ថា ម្ចាស់​រោងចក្រ​ចាក់​សោ​ពួកគេ​មិន​ឲ្យ​ចេញ​មក​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ។

កម្មករ​ដែល​សន្លប់​នៅ​រោងចក្រ ស្ព័រ តិច ដែល​ស្ថិត​នៅ​ម្ដុំ​គីឡូម៉ែត្រ​លេខ​៦ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​ក្បែរ​រោងចក្រ។

ប្រភព​ដដែល​​អះអាង​ថា ស្រប​ពេល​អ្នក​ចាត់ការ​រោងចក្រ ស្ព័រ តិច បើក​ទ្វារ​រោងចក្រ​ដើម្បី​បញ្ជូន​កម្មករ​សន្លប់​ទៅ​សង្គ្រោះ​បន្ទាន់ ស្រាប់​តែ​កម្មករ​ទាំង​អស់​សម្រុក​ចេញ​មក​ក្រៅ​ចូល​រួម​ធ្វើ​បាតុកម្ម​​ជាមួយ​​រោងចក្រ​ដទៃ​ទៀត​តែម្ដង។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​តំណាង​រោង​ចក្រ ស្ព័រ តិច អ៊ិនឌឹសស្ទ្រីយ៍ បាន​ភ្លាមៗ​បាន​ដើម្បី​សុំ​ការ​ឆ្លើយ​តប​នឹង​ព័ត៌មាន​នេះ។

នេះ​ជា​ថ្ងៃ​ទី​៣​ហើយ​ដែល​កម្មករ​ភាគ​ច្រើន​ធ្វើ​បាតុកម្ម។ តំណាង​សហជីព​និង​កម្មករ​បាន​អះអាង​ថា ពួក​គេ​ធ្វើ​បាតុកម្ម​នេះ​ព្រោះ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ដោយសារ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​មិន​ដូច​ការ​ទាមទារ​របស់​ខ្លួន។

រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ កម្មករ​និង​តំណាង​សហជីព​ភាគ​ច្រើន បាន​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ ដើម្បី​ជីវភាព​ប្រចាំ​ថ្ងៃ ដោយសារ​ថ្លៃ​ឈ្នួល​ផ្ទះ​ឡើង​ថ្លៃ និង​ទំនិញ​ទីផ្សារ​ឡើង​ខ្ពស់ ប្រាក់​ខែ​តិច មិន​អាច​រស់​បាន។ ក៏​ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៣ ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​សម្រេច​ដំឡើង​ឲ្យ​តែ ៩៥​ដុល្លារ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាក់ ធន់ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ នេះ​ថា កម្មករ​រាប់​ពាន់​នាក់​នៅ​ជាយ​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ហែ​ក្បួន​តាម​ផ្លូវ​ជាតិ​នានា ដូច​ជា​ផ្លូវ​ជាតិ​លេខ​២ លេខ​៤ លេខ​៥ ​និង​លេខ​៦ សំដៅ​ចូល​មក​កាន់​ទីលាន​ប្រជាធិបតេយ្យ ចូល​រួម​បាតុកម្ម​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ និង​ក្បួន​ហែ​ខ្លះ​ទៀត តម្រង់​ទៅ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដើម្បី​បន្ត​តវ៉ា​ទាមទារ​ប្រាក់​ខែ​គោល​ឲ្យ​បាន ១៦០​ដុល្លារ។

លោក​ថា កម្មករ​ខ្លះ​ផ្ទុះ​ធ្វើ​បាតុកម្ម​ដោយ​ការ​ដឹក​នាំ​របស់​សហជីព​មួយ​ចំនួន ហើយ​កម្មករ​ខ្លះ​ទៀត​ធ្វើ​បាតុកម្ម​ដោយ​ខ្លួន ឯង​មិន​ពាក់ព័ន្ធ​សហជីព និង​មិន​ពាក់ព័ន្ធ​នយោបាយ​ទេ។

ក្រៅពី​នេះ​ក៏​មាន​កម្មករ​រាប់​រយ​នាក់​ទៀត​នៅ​រោងចក្រ​នានា នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កណ្ដាល ក៏​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​នេះ​ដែរ។

ទាក់ទង​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​ទាមទារ​ប្រាក់​ខែ​គោល​នេះ​ដែរ មាន​សហជីព កម្មករ​មួយ​ចំនួន​បាន​ប្រកាស​គាំ​ទ្រ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន ៩៥​ដុល្លារ ហើយ​បាន​ចោទ​សហជីព​កម្មករ​ផ្សេង​ទៀត​ថា បាន​ដើរ​ញុះញង់​កម្មករ​រោងចក្រ​នានា ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។

សូម​រង់​ចាំ​ស្ដាប់​និង​អាន​ព័ត៌មាន​នេះ​ពិស្ដារ…

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles