ដោយ៖ តាំង វីដា និង ដូង សុខា
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
តំណាងសម្ព័ន្ធសហជីព និងសហព័ន្ធសហជីពចំនួន៧ ព្រមានដឹកនាំកូដកម្ម-បាតុកម្ម ដោយដង្ហែក្បួនជាសាធារណៈ នៅដើមខែមករា ឆ្នាំ២០១៤ ប្រសិនបើសមាគមរោងចក្រកាត់ដេរ និងស្បែកជើងនៅកម្ពុជា ហៅកាត់GMAC មិនដោះស្រាយការទាមទារដំទ្បើងប្រាក់ឈ្នួល អប្បបរមា១៦០ដុល្លារអាមេរិកក្នុងមួយខែ និងកែលម្អលក្ខខណ្ឌការងារ។
ការព្រមាននេះធ្វើទ្បើង តាមរយៈលិខិតជូនដំណឹងមួយរបស់តំណាងសហព័ន្ធសហជីពកម្មករនិយោជិត ចុះថ្ងៃទី២៥ ខែធ្នូ ផ្ញើជូនប្រធានGMAC លោក វ៉ាន់ ស៊ូអៀង។ លិខិតឲ្យដឹងថា សេចក្តីសម្រេចរបស់ គណៈកម្មការប្រឹក្សាការងារដំទ្បើងប្រាក់ឈ្នួលដល់កម្មករតែ ១៥ដុល្លារអាមេរិក គឺមានចំនួនតិចតួច មិនអាចដោះស្រាយបញ្ហាជីវភាព របស់កម្មករនិយោជិតបានឡើយ។ លិខិតបន្តថា បញ្ហានេះ ធ្វើឲ្យពួកគេ បង្ខំចិត្តធ្វើការច្រើនម៉ោង ហូបមិនគ្រប់គ្រាន់ ស្នាក់នៅកន្លែងគ្មានផាសុខភាព ដួលសន្លប់ពេលធ្វើការ និងរងជំងឺប្រចាំកាយជាដើម។
តំណាងសម្ព័ន្ធសហជីព និងសហព័ន្ធសហជីព ដែលអះអាងថាមានសហជីព៣៨៦ តំណាងឲ្យសមាជិក ២៤៩ ៧០០នាក់ និងកម្មករនិយោជិតមួយចំនួនទៀត ក៏ស្នើឲ្យលោក វ៉ាន់ ស៊ូអៀង អន្តរាគមន៍ទៅនិយោជក ផ្តល់ប្រាក់បាយ ៣ដុល្លារក្នុង១ថ្ងៃ សម្រាប់អាហារ៣ពេល។ តំណាងសហជីពកម្មករ ក៏ស្នើឲ្យតម្កល់ប្រាក់អតីតភាពការងារនៅរតនាគារជាតិ ទុកបើកឲ្យកម្មករ ស្នើឲ្យបញ្ឈប់ការប្រើប្រាស់កិច្ចសន្យាខ្លីៗខុសច្បាប់ បញ្ឈប់ឲ្យមានអ្នកមានអំណាចកាងពីក្រោយក្រុមហ៊ុន។ សហជីពទាំង៧ ក៏ស្នើឲ្យដោះស្រាយវិវាទរោងចក្រSL ដកលោក មាស សុត្ថា ចេញពីរោងចក្រ ចាប់ជនល្មើសដែលបាញ់សម្លាប់ស្ត្រីម្នាក់ និងដោះលែងជនរងគ្រោះ២រូប ដែលអាជ្ញាធរបានចាប់ខ្លួន នៅស្ពានស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
ប្រធានGMAC លោក វ៉ាន់ ស៊ូអៀង ប្រាប់VODនៅថ្ងៃព្រហស្បតិ៍នេះថា លោកមិនខ្វល់ចំពោះសំណើនេះឡើយ។ លោកថា បើកម្មករនិយោជិតចង់ធ្វើកូដកម្ម ឬបាតុកម្មក៏ធ្វើទៅចុះ តែជៀសវាងអូសទាញ ឬបង្ខិតបង្ខំកម្មករដទៃទៀត ដែលមិនពេញចិត្តឲ្យចូលរួមដែរ។ លោកថា សេចក្តីសម្រេចរបស់ក្រសួងការងារ ដំឡើងប្រាក់ឈ្នួលអប្បបរមា គឺសមល្មមសម្រាប់កម្មករ។
ការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីដំឡើងប្រាក់ឈ្នូលអប្បបរមា ដែលត្រូវអនុវត្តតាមគោលការណ៍ នោះគឺ ពីឆ្នាំ២០១៤ ដល់ ២០១៨ ដំឡើងពី៨០ដុល្លារទៅ១៦០ដុល្លារ សម្រាប់កម្មករពេញសិទ្ធិ និងពី៧៥ដុល្លារទៅ១៥៥ដុល្លារសម្រាប់កម្មករសាកល្បង។ ឆ្នាំ២០១៤ ប្រាក់ឈ្នួលនឹងត្រូវបានដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៥ ត្រូវដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៦ ត្រូវដំឡើងចំនួន១៦ដុល្លារ ឆ្នាំ២០១៧ ត្រូវដំឡើងចំនួន១៧ដុល្លារ និងឆ្នាំ២០១៨ ត្រូវដំឡើង១៧ដុល្លារ៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com