​អង្គការ​សេ​ដាក​ ជំរុញ​ឲ្យ​ប្រជាកសិករ​អនុវត្ត​កសិកម្ម​តាម​បែប​ប្រពលវប្បកម្ម​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃអង្គារ ទី6 ខែឧសភា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ប្រធាន​អង្គការ​សេ​ដាក លោក​បណ្ឌិត យ៉ង សាំង​កុមារ (រូបភាពដោយជន ស្រីណុច)

អង្គការ​សេ​ដាក CEDAC នៅ​ថ្ងៃ​អង្គារ​នេះ អំពាវនាវ​ជា​ថ្មី​ទៀត ឲ្យ​ប្រជា​កសិករ​នៅ​ប្រទេស​កម្ពុជា ងាក​មក​អនុវត្ត​ប្រព័ន្ធ​ប្រពលវប្បកម្ម​កសិកម្ម ប​.​វ​.​ស តាម​គោលការណ៍​ធម្មជាតិ ឲ្យបាន​កាន់តែច្រើន ដើម្បី​និរន្តរភាព​នៃ​មុខរបរ​កសិកម្ម ហើយ​​មា​ន​ជីវភាព​រីក​ចម្រើន​ជាង​មុន។​

​ការអំពាវនាវ​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលាជ្រើសរើស​កសិករ​ឆ្នើម ប​.​វ​.​ស ប្រចាំឆ្នាំ​២០១៣ នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​០៦ ខែ​ឧសភា នៅ​រាជធានី​ភ្នំពេញ ។​

​ប្រធាន​អង្គការ​សេ​ដាក លោក​បណ្ឌិត យ៉ង សាំង​កុមារ មានប្រសាសន៍ថា បច្ចុប្បន្ន​កសិករ​ដែល​ធ្វើស្រែ​អនុវត្តតាម ប្រព័ន្ធ ប​.​វ​.​ស ក្នុងប្រទេស​កម្ពុជា នៅ​មិនទាន់​ច្រើន​ទៅតាម​ចំនួន​ប្រជាជន​នៅឡើយ​ទេ  បណ្តាលមកពី​កត្តា​មួយចំនួន ប្រជាជន​គិតថា ការ​ធ្វើ​ស្រែ​តាម​បែប​ធម្មជាតិ មិនសូវ​ទទួលបាន​ផល​ច្រើន ។ លោក​ អំពាវនាវ​ឲ្យ​ប្រជាកសិករ​ផ្លាស់​ផ្នត់គំនិត​បែបនេះ ដោយ​លោក​មានប្រសាសន៍ថា ការ​ធ្វើ​ស្រែ​តាមបែប ប្រពលវប្បកម្ម គឺ​ធ្វើ​តិច​បាន​ច្រើន ហើយ​មិន​ប្រើប្រាស់​ជាតិគីមី​ទេ មិនតែប៉ុណ្ណោះ​អាច​ជួយ​បង្កើន​ដី​ស្រែ​ឲ្យ​ប្រែ​ក្លាយទៅជា​មាន​គុណភាព​លើស​ឆ្នាំមុនៗ​។​

​កសិករ​គំរូ​មកពី​ខេត្ត​តាកែវ ដែល​អង្គការ​សេ​ដាក​ជ្រើសរើស​ឲ្យ​ជាប់​ចំណាត់ថ្នាក់ លោក កែប ច​ន មានប្រសាសន៍ថា ចាប់តាំងពី​លោក​អនុវត្ត​ធ្វើ​កសិកម្ម​តាម​ការណែនាំ របស់​អង្គការ​សេ​ដាក គ្រួសារ​របស់គាត់ មាន​ជីវភាព​ធូរធារ​ជាង​មុន ជា​ពិសេស​ការអនុវត្ត​ប្រព័ន្ធ​ប្រពលវប្បកម្ម​កសិកម្ម ប​.​វ​.​ស ធ្វើ​ស្រែ​ក្នុង​ទំហំ​ដី​តូច​តែ​ទទួលបាន​ផល​ច្រើន​។ លោក​បន្តថា ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​របស់លោក បាន​អនុវត្ត​តាម​ការណែនាំរ​បស់​អង្គការ​សេ​ដាក​ស្ទើរ​គ្រប់​គ្នា គិត​ទៅ​មាន​ចំនួន​​៩០​ភាគរយ ។ 

​ស្រដៀង​គ្នា​នេះ​ដែរ​ពលរដ្ឋ​គំរូ​ម្នាក់ទៀត មកពី​ខេត្ត​កំពត លោក សិត ឆាន មានប្រសាសន៍ថា ចាប់តាំងពី​លោក​ធ្វើស្រែ​តាម​ប្រព័ន្ធ​ប្រពលវប្បកម្ម ប​.​វ​.​ស មក ការប្រមូល​ផល​បាន​កើន​ទ្វេរ​ដង ខណៈ​ការចំណាយ​ដើមទុន​អស់​តិចតួច​បំផុត មិនតែប៉ុណ្ណោះ​កូនចៅ​របស់​គាត់ អាច​ជួយ​ចុះទៅ​អនុវត្ត​ផ្ទាល់។ 

​ស្របពេល​ដែល​អង្គការ​សេ​ដាក ជំរុញ​កសិករ​ឲ្យធ្វើ​ស្រែ​តាមបែប​ប្រព័ន្ធ​ប្រពលវប្បកម្ម ប​.​វ​.​ស នៅ​ថ្ងៃ​អង្គារ​នេះ សេ​ដាក​​បាន​ត្រៀម​ផ្តល់​រង្វាន់​ដល់​កសិករ ដែល​អនុវត្ត​បាន​ជោគជ័យ​ខ្លាំងជាងគេ​មកពី​តាម​បណ្តា​ខេត្ត​នានា ក្នុង​នោះ​អ្នក​ជាប់​​ចំណាត់ថ្នាក់​លេខ​១​ទទួលបាន​មេគោ​ចំនួន​៣​ក្បាល អ្នក​លេខ​២​បាន​មេគោ​ចំនួន​២​ក្បាល និង​អ្នក​លេខ​៣ បាន​មេ​គោ​១ ក្បាល ។ 

​បើ​តាម​លោក​យ៉ង សាំង​កុមារ​ឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​អនុវត្ត​កសិកម្ម​តាម​ប្រព័ន្ធ​ប្រពលវប្បកម្ម ប​.​វ​.​ស រួម​មាន​ខេត្ត​តាកែវ កំពត និង​កំពង់ស្ពឺ​ជាដើម ហើយ​សរុប​នៅលើ​ផ្ទៃ​ប្រទេស​មាន​ប្រមាណ​២​សែន​គ្រួសារ ស្មើរ​និង​១០​ភាគរយ ៕

សរសេរមកកាន់កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈchornsreynoch@vodhotnews.com

What Next?

Recent Articles