ដោយ៖ ណុល ដារ៉ា
ថ្ងៃអាទិត្យ ទី24 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ការចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ មានជម្លោះដីធ្លីសហគមន៍បឹងឈូក (រូបដោយ៖ លោក ងិន ពៅ)
បណ្ដាញសហគមន៍សន្តិភាពការពារដីធ្លីខ្មែរអមតៈ នៅថ្ងៃអាទិត្យនេះចុះចែកអំណោយសប្បុរស ដែលទទួលបានពីសហគមន៍ខ្មែរនៅក្រៅប្រទេស ដល់ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ។
តំណាងបណ្ដាញសហគមន៍សន្តិភាពការពារដីធ្លីខ្មែរអមតៈ លោកពេជ្រ លឹមឃួន ឲ្យVOD ដឹងថា អតីតអ្នករងគ្រោះដោយសារជម្លោះដីធ្លីចំនួនបួនសហគមន៍ បានចងក្រងគ្នាជាបណ្ដាញនេះឡើង ដើម្បីជួយដល់ជនរងគ្រោះដោយសារជម្លោះដីធ្លីនៅទូទាំងប្រទេសកម្ពុជា។ លោកពេជ្រ លឹមឃួន ឲ្យដឹងបន្តទៀតថា នៅព្រឹកថ្ងៃអាទិត្យ ទី២៤ សីហា នេះ បណ្ដាញសហគមន៍សន្តិភាពការពារដីធ្លីខ្មែរអមតៈរបស់លោក កំពុងចុះចែកអំណោយ ដែលទទួលបានពីសប្បុរសជននៅក្រៅប្រទេស ជូនដល់អ្នកភូមិបឹងឈូកចំនួន៣៩ គ្រួសារ ដែលប្រជាពលរដ្ឋអ្នកភូមិបឹងឈូកទាំងនេះ រងគ្រោះដោយសារជម្លោះដីធ្លីអូសបន្លាយអស់រយៈពេលជាង៥ឆ្នាំមកហើយ។
អ្នកស្រីខៀវ ចិន្ដា តំណាងប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីនៅសហគមន៍បឹងឈូក ឲ្យVODដឹងថា អ្នកស្រី ក៏ដូចជាពលរដ្ឋរងគ្រោះទាំងអស់ មានក្ដីរីករាយ ដែលបានទទួលអំណោយសង្គ្រោះពីសហគមន៍ខ្មែរនៅក្រៅប្រទេស តាមរយៈបណ្ដាញសហគមន៍សន្តិភាពការពារដីធ្លីខ្មែរអមតៈនេះ។
សូមជម្រាបថា បណ្ដាញសហគមន៍សន្តិភាពការពារដីធ្លីខ្មែរអមតៈ បង្កើតឡើងដោយជនរងគ្រោះជម្លោះដីធ្លីចំនួន៤សហគមន៍ ក្នុងនោះមានអ្នកបុរីកីឡា អតីតអ្នកបឹងកក់ តំណាងសហគមន៍៣៤៧ និងតំណាងសហគមន៍ត្រពាំងអញ្ចាញ។
សូមសរសេរមកកាន់លោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com