ដោយ ទេព សុរ៉ាវី
2014-08-24
RFA

អតីតអ្នកបើកបររថយន្តដឹកអ្នកដំណើរភ្នំពេញសុរិយា ១៧នាក់ តវ៉ានៅមុខក្រុមហ៊ុន នៅថ្ងៃទី២៤ សីហា ២០១៤។ CLC Cambodia Photo
អតីតអ្នកបើកបររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនភ្នំពេញសុរិយា ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារកាលពីខែមេសា តវ៉ាជាថ្មីទៀតនៅមុខក្រុមហ៊ុន នៅថ្ងៃទី២៤ សីហា។ អ្នកតវ៉ាទាំងនោះទាមទារឲ្យក្រុមហ៊ុនគោរពការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាធរកណ្ដាល ដែលសម្រេចឲ្យទទួលយកពួកគេ ១៧នាក់ ចូលធ្វើការវិញ។ រីឯខាងក្រុមហ៊ុនបដិសេធមិនទទួលយកចូលធ្វើការវិញ តែសន្យាផ្ដល់សំណងជាប្រាក់កាសជំនួស។
ក្រុមហ៊ុនដឹកអ្នកដំណើរភ្នំពេញសុរិយា គ្រោងដាក់ពាក្យបណ្ដឹងទៅតុលាការនៅថ្ងៃទី២៥ សីហា ដើម្បីឲ្យជួយដោះស្រាយវិវាទអតីតអ្នកបើកបរ ១៧នាក់ ចង់ចូលធ្វើការវិញ។ អតីតអ្នកបើកបររថយន្តដឹកនាំដំណើរចំនួន ១៧នាក់ ឈរតវ៉ាពេញមួយថ្ងៃនៅមុខក្រុមហ៊ុន ដោយមានលើកបដាទាមទារសុំឲ្យក្រុមហ៊ុនទទួលយកពួកគេធ្វើការវិញ។ ប៉ុន្តែខាងក្រុមហ៊ុនមិនបានចេញមកចរចារ ឬទទួលយកញត្តិទាមទាររបស់ពួកគេទេ។
អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនដឹកអ្នកដំណើរភ្នំពេញសុរិយា លោក ចាន់ សុផាន់ណា បញ្ជាក់ថា ក្រុមហ៊ុនព្រមផ្ដល់សំណងជំងឺចិត្តតាមច្បាប់ការងារទៅដល់ពួកគេទាំង ១៧នាក់នោះ។ ប៉ុន្តែមិនអាចទទួលពួកគេឲ្យចូលធ្វើការនៅក្រុមហ៊ុនបានទេ។ លោកពន្យល់ថា សព្វថ្ងៃក្រុមហ៊ុនមានអ្នកបើកបររហូតដល់ ១៤៧នាក់ លើសពីចំនួនរថយន្តដែលមានចំនួន ១២៣គ្រឿង។ ក្រុមហ៊ុនបានចេញខាតជាច្រើន ដើម្បីផ្ដល់ប្រាក់ខែឲ្យអ្នកបើកបរទាំងនោះ និងបានកាត់សេវាដឹកអ្នកដំណើរ នៅតំបន់ខ្លះទៀត ដោយសារតែគ្មានអតិថិជន ដូច្នេះក្រុមហ៊ុនកំពុងប្រឈមនឹងហិរញ្ញវត្ថុខ្លះ ដែលមិនអាចទទួលយកបុគ្គលិកបន្ថែមទៀតបាន៖ «យើងកំពុងប្រឈមមុខពាក់ព័ន្ធនឹងបុគ្គលិករាល់ថ្ងៃនេះ យើងអត់ទាន់មានលទ្ធភាពផ្គត់ផ្គង់គាត់គ្រប់គ្រាន់ផង ឥឡូវយើងអត់អាចទទួលគាត់ឲ្យមកចិញ្ចឹមប្រាក់ខែគាត់ទៀត យើងយកមកម៉េចកើត?»។
ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរភ្នំពេញសុរិយា បានបញ្ឈប់អ្នកបើកបរចំនួន ១៧នាក់ កាលពីខែមេសា ដោយប្រាប់ថា ក្រុមហ៊ុនអត់ការងារធ្វើ ហើយត្រូវកាត់បន្ថយបុគ្គលិក។ តែបើតាមការអះអាងពីបុគ្គលិកប្រាប់ថា មូលហេតុពិតប្រាកដដែលក្រុមហ៊ុនបញ្ឈប់ពួកគេនោះ គឺនៅពេលដែលពួកគេគ្រោងបង្កើតសហជីពមួយក្នុងក្រុមហ៊ុនដើម្បីការពារផលប្រយោជន៍ឲ្យបុគ្គលិក។
យ៉ាងណាក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានចេញសេចក្ដីបង្គាប់កាលពីថ្ងៃទី៤ កក្កដា អនុញ្ញាតឲ្យអតីតអ្នកបើកបរជាបុគ្គលិក ១៥នាក់ក្នុងចំណោម ១៧នាក់ ចូលធ្វើការវិញ។ រីឯ ២នាក់ទៀត ក្រុមហ៊ុនត្រូវបើកប្រាក់ផ្ដាច់កិច្ចសន្យាដល់ពួកគេ។ ប៉ុន្តែការសម្រេចនោះត្រូវក្រុមហ៊ុនបដិសេធ និងមានការចរចាគ្នាជាមួយអតីតអ្នកបើកបរនោះចំនួន ៥លើកមកហើយ តែមិនទាន់ត្រូវរ៉ូវគ្នានៅឡើយ។
ប្រធានសហជីពតំណាងអ្នកបើកបរលោក សម្បត្តិ វន ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារបញ្ជាក់ថា ពួកគេមិនអាចទទួលសំណងជាប្រាក់ដែលក្រុមហ៊ុនផ្ដល់ឲ្យនោះទេ ព្រោះអ្វីដែលពួកគេធ្វើនោះ គឺដើម្បីឲ្យក្រុមហ៊ុននេះគោរពច្បាប់ការងារ។
លោកបន្តថា ក្រុមហ៊ុនរើសអើងសហជីពមិនចង់ឲ្យបង្កើតសហជីពក្នុងក្រុមហ៊ុនដែលឆ្អឹងទទឹងក មិនឲ្យក្រុមហ៊ុនធ្វើអ្វីតាមអំពើចិត្ត។ តាមការអះអាងរបស់លោក ក្រុមហ៊ុនបានរំលោភច្បាប់ការងារជាច្រើន ដូចជាការផ្ដល់ថ្ងៃឈប់សម្រាកឲ្យកម្មករចំនួន ២ថ្ងៃក្នុងមួយខែ តែពេលកម្មករឈប់សម្រាកខាងក្រុមហ៊ុនបែរជាកាត់ប្រាក់ខែបុគ្គលិក និងគ្មានថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាដើម៖ «ពួកខ្ញុំតវ៉ានេះមិនមែនចង់ឲ្យក្រុមហ៊ុនបង់លុយអីឲ្យទេ គឺតវ៉ាដើម្បីឲ្យក្រុមហ៊ុនគោរពលក្ខខណ្ឌការងារនិងគោរពសិទ្ធិបុគ្គលិក។ ឧទាហរណ៍ថា ការគាបសង្កត់ ជិះជាន់ពីថៅកែទៅពួកខ្ញុំទាមទារ និងតវ៉ាបាន»។
មន្ត្រីច្បាប់មកពីសហភាពការងារកម្ពុជា លោក ព្រិត សុអួត ឲ្យដឹងថា ក្រុមហ៊ុនកំពុងរើសអើងសហជីព និងបានរំលោភច្បាប់ការងារជាច្រើននៅក្នុងក្រុមហ៊ុន។ លោកបញ្ជាក់ថា តាមច្បាប់ការងារអ្នកបើកបរដែលក្រុមហ៊ុនបញ្ឈប់ពីការងារទាំងនោះ មានសិទ្ធិធ្វើបាតុកម្មទាមទារ ហើយសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក៏មិនបានចងកាតព្វកិច្ចក្រុមហ៊ុនត្រូវតែអនុវត្តតាមដែរ។ ខាងក្រុមហ៊ុនដឹកអ្នកដំណើរភ្នំពេញសុរិយា បញ្ជាក់ជំហរថា នឹងដាក់ពាក្យបណ្ដឹងនេះទៅតុលាការជាអ្នកសម្រេចវិវាទនេះ បន្ទាប់ពីអតីតអ្នកបើកបរទាំងនោះ មិនយល់ព្រមតាមការសម្របសម្រួលរបស់ក្រុមហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មករអូសរទេះនៅច្រកប៉ោយប៉ែតចោទមន្ត្រីអន្តោប្រវេសន៍ពីបទពុករលួយ
- CCIM នឹងរៀបចំកិច្ចពិភាក្សាពីការសន្លប់របស់កម្មករនៅតាមរោងចក្រនៅថ្ងៃ២៤សីហា
- ពលរដ្ឋមានជម្លោះដីមកពីស្រុកពញាឮតវ៉ាជិតផ្ទះលោក ហ៊ុន សែន
- សមាជិកគណៈកម្មការប្រឹក្សាការងារប្រកាន់ជំហរទាមទារប្រាក់ឈ្នួលកម្មករ១៧៧ដុល្លារ
- កម្មកររោងចក្រស៊ីងហ្វាងធ្វើកូដកម្មមិនចូលធ្វើការឈានដល់ថ្ងៃទី៥ហើយ
- ពលករធ្វើការនៅថៃត្អូញត្អែរពីការលំបាកដោយសារក្រុមហ៊ុនដកយកលិខិតឆ្លងដែន
- អភិបាលរងក្រុងទទួលញត្តិអ្នកមានជម្លោះដីធ្លីនិងអ្នកបឹងកក់៣នាក់ត្រូវបានដោះលែង
- សាលាឧទ្ធរណ៍ដោះលែងយុវជនបក្សប្រឆាំង៣នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- កម្មកររោងចក្រស្បែកជើងនៅកំពង់ស្ពឺធ្វើកូដកម្មទាមទារប្ដូរលក្ខខណ្ឌការងារ១៧ចំណុច

