បោះបង់​ការរៀ​នសូត្រ​មកកា​ន់ពស់​អួត​ទេស​ចរដូរ​ប្រាក់​ ព្រោះតែ​ភាព​ក្រីក្រ

ភ្ញៀវ​ទេសចរ​បរទេស​ចាប់​អារម្មណ៍​នឹង​កុមារ​កម្ពុជា​នៅ​ក្នុង ភូមិ​-សង្កាត់​ចុង​ឃ្នាស ក្រុង-​ខេត្ត​សៀមរាប ដែល​ប្រើ​សត្វ​ពស់​មក​ទាក់​ទាញ​រក​កម្រៃ​ចិញ្ចឹម​ជីវិត។

ភ្ញៀវ​ទេសចរ​បរទេស​ចាប់​អារម្មណ៍​នឹង​កុមារ​កម្ពុជា​នៅ​ក្នុង ភូមិ​-សង្កាត់​ចុង​ឃ្នាស ក្រុង-​ខេត្ត​សៀមរាប ដែល​ប្រើ​សត្វ​ពស់​មក​ទាក់​ទាញ​រក​កម្រៃ​ចិញ្ចឹម​ជីវិត។ រូបថត ធិក កល្យាណ



ភ្នំពេញប៉ុស្តិ៍

នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​សាប​ដ៏​សែន​ធំ​ល្វឹង​ល្វើយ​ភូមិ​អណ្តែត​ទឹក​ចុង​ឃ្នាស ដែល​ផ្តុំ​ដោយ​ផ្ទះ​បណ្តែត​ទឹក​តូចៗ​ជាច្រើន​គឺជា​ទីស្នាក់​អាស្រ័យ​របស់​ពលរដ្ឋ ដែល​ភាគ​ច្រើន​ប្រកប​របរ​នេសាទ​ត្រី​ក្នុង​ជីវភាព​ខ្វះ​ខាត។

ឪពុក​របស់​កុមារី សុខ ហុង ក៏​ជា​អ្នក​នេសាទ​ម្នាក់​នៅ​ក្នុង​ភូមិ​នេះ​ដែរ ប៉ុន្តែ​បើ​ទោះ​ជា​គាត់​ខំ​ប្រឹង​ចេញ​ទៅ​រក​ត្រី​គ្មាន​លស់​ថ្ងៃ​ក៏​ដោយ ក៏​ជីវភាព​គ្រួសារ​គាត់​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ឃ្លាត​ចាក​ពី​ភាព​ក្រ​លំបាក​ដែរ។ ភាព​ក្រី​ក្រ​នេះ​បាន​ញ៉ាំង​ឲ្យ​ជីវិត​កូន​ស្រី​ទោល​របស់​គាត់ ត្រូវ​បង្ខំ​បញ្ឈប់​ការ​រៀន​សូត្រ​នៅ​ត្រឹម​ថ្នាក់ ទី២ ប៉ុណ្ណោះ ហើយ​ងាក​មក​ប្រើ​មធ្យោបាយ​រក​ប្រាក់​តាម​វិធី​ដែល​គេ​មិន​សូវ​ហ៊ាន​ធ្វើ​ទៅ​វិញ។

ក្នុង​វ័យ ១២​ឆ្នាំ ខណៈ​នៅ​ជា​កុមារី​នៅ​ឡើយ សុខ ហុង ប្រើ​ភាព​ក្លាហាន​របស់​នាង​មក​ជួយ​ស្រោច​ស្រង់​ជីវភាព​ក្រុម​គ្រួសារ​ដោយ​ចេញ​រក​ប្រាក់​ចំណូល​តាម​ការ​ចំណាយ​ពេល​អង្គុយ​ប្រឡែង​លេង​ជាមួយ​នឹង​សត្វ​ពស់​ថ្លាន់​ដែល​មាន​ប្រវែង​ជិត ២ ម៉ែត្រ​ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ភូមិ​អណ្តែត​ទឹក​ចុង​ឃ្នាស ក្នុង ក្រុង​សៀមរាប នេះ​ថត​រូប​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់​កាស​ខ្លះ​ពី​ក្រុម​អ្នក​ទេសចរ​ទាំង​នោះ។

សព្វ​ថ្ងៃ​នេះ​រៀង​រាល់​ព្រឹក សុខ ហុង នាង​តែង​តែ​មាន​វត្តមាន​នៅ​ក្នុង​ភោជនីយដ្ឋាន​អណ្តែត​ទឹក​មួយ ដែល​មាន​ឈ្មោះ​ថា «សំរិទ្ធ​ពិព័រណ៍​ត្រី​ទឹក​សាប» ដែល​ជាទី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មិន​ក្រោម ២ ពាន់​នាក់​ឡើយ​នៅ​ក្នុង​មួយ​ថ្ងៃៗ។

សម្រាប់​អ្នក​ទៅ​ទស្សនា​នៅ​ភោជនីយដ្ឋាន​នោះ អ្នក​នឹង​ឃើញ​កុមារី​រូប​នេះ​អង្គុយ​នៅ​លើ​កៅអី​ឈើ​មួយ ចំ​កណ្តាល​នៃ​ហាង​នេះ ដោយ​ទឹក​មុខ​ញញឹម​ជានិច្ច ហាក់​ដូច​ជា បង្ហាញ​ថា នាង​មិន​អស់​សង្ឃឹម​ក្នុង​ជីវិត​នាង​សម្រាប់​អនាគត​ឡើយ។ តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​មិន​សរសើរ​នាង​មិន​បាន​នោះ គឺ​វត្តមាន​សត្វ​ពស់​ថ្លាន់​ដែល​នៅ​នឹង​ខ្លួន​នាង។

ពស់​ថ្លាន់​ញី​មួយ​ក្បាល នេះ​មាន​អាយុ​ប្រហែល​ជាង ២​ឆ្នាំ និង​មាន​ទម្ងន់​ប្រហែល​ជា ៧ គីឡូក្រាម នៅ​រុំព័ទ្ធ​ពត់​ពេន​លើ​រាង​កាយ​នាង​អើត​ក្បាល​ចេញ​ពី​ដៃ​លៀន​អណ្តាត​ភ្លឹប​ភ្លែតៗ។

ក្មេង​ស្រី សុខ ហុង សុខ​ចិត្ត​លះបង់​ការ​សិក្សា​មក​កាន់​ពស់​រក​ប្រាក់​ពី​ភ្ញៀវ​ទេសចរ​ជួយ​ដល់​គ្រួសារ​ដែល​ក្រីក្រ។ រូបថត ធិក កល្យាណ

ក្នុង​ពេល​ម្តងៗ មាន​ភ្ញៀវ​ទេសចរ​ខ្លះ ភ្ញាក់​ស្រែក​ភ្លាត់​សំឡេង ខ្លះ​ក៏​រត់​គេច​ចេញ ដោយ​ការ​ភ័យ​ខ្លាច នៅ​ពេល​ជួប​វាក់​នឹង​ទិដ្ឋភាព​បែប​នេះ ប៉ុន្តែ សុខ ហុង បាន​ព្យាយាម​បង្ហាញ​ភ្ញៀវ​ថា ពស់​ថ្លាន់​នាង​នេះ​ជា​ប្រភេទ​សត្វ​ដ៏​ស្លូត ហើយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​កាន់​ឬ​ប៉ះពាល់​វា​ឡើយ។

សុខ ហុង និយាយ​ថា៖ «ខ្ញុំ​មិន​ខ្លាច​នឹង​ឱប​វា​លេង ថើប​វា​ឬ​ការ​ប៉ះ​វា នោះ​ទេ ពីព្រោះ​ខ្ញុំ​បាន​ចាត់​ទុក​វា​ជា​មិត្ត​ដ៏​ល្អ​របស់​ខ្ញុំ​យូរ​មក​ហើយ ជា​ពិសេស វា​បាន​ជួយ​ខ្ញុំ​ឲ្យ​រក​ប្រាក់​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ទៀត​ផង»។

នាង​ស្រដី​បន្ត​ទាំង​ទឹក​មុខ​រីករាយ​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត ហើយ​រក​លុយ​បាន​ទៀត ថែម​ទាំង​មិន​បាច់​ចំណាយ​កម្លាំង​ច្រើន ហើយ​អាច​ជួប​ជាមួយ​នឹង​ភ្ញៀវ​ស្ទើរ​តែ​គ្រប់​ជាតិ​សាសន៍។ បើ​មាន​ឱកាស ខ្ញុំ​នឹង​រៀន​ភាសា​អង់គ្លេស ដើម្បី​ដល់​ពេល​ធំ​ឡើង​អាច​មាន​ការងារ​ល្អ​ធ្វើ​នឹង​គេ។ តែ​ពេល​នេះ ខ្ញុំ​ពិត​ជា​ស្រឡាញ់​ការងារ​នេះ​ណាស់»។

ពេល​រំឭក​ទៅ​ដល់​ការ​រៀន​សូត្រ ទឹក​មុខ សុខ ហុង ដែល​កំពុង​តែ​ញញឹម​ក៏​ប្រែ​ជា​ស្រពោន​ភ្លាម​ដែរ នាង​ស្រដី​ថា៖ «ខ្ញុំ​ក៏​ចង់​រៀន​ដូច​ក្មេងៗ​ដទៃ​ដែរ ប៉ុន្តែ ខ្ញុំ​គ្មាន​វាសនា​ទេ ពីព្រោះ​ត្រូវ​ជួយ​ម៉ែ​ពុក។ តែ​ខ្ញុំ​អត់​ស្តាយ​ក្រោយ​ទេ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពេល​នេះ គឺ​គ្រួសារ​ខ្ញុំ​មាន​អី​ហូប​គ្រប់​គ្រាន់​ដូច​គេ»។

តាម​ការ​ឲ្យ​ដឹង​ក្នុង​មួយ​ថ្ងៃ សុខ ហុង យ៉ាង​ហោច​ក៏​អាច​រក​ប្រាក់​បាន​មិន​តិច​ជាង ៤ ម៉ឺន​រៀល​ឡើយ ដោយ​គ្រាន់​មក​អង្គុយ​ប្រឡែង​លេង​ជាមួយ​ពស់​ថ្លាន់​ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ថត​រូប ហើយ​ដែល​ប្រាក់​ចំណូល​ទាំង​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​រស់​នៅ​សម្រាប់​គ្រួសារ​ក្រី​ក្រ​របស់​នាង។

សុខ ហុង បាន​និយាយ​ថា៖ «បើ​ខែ​ភ្ញៀវ​ច្រើន ខ្ញុំ​រក​បាន ៦ ម៉ឺន​រៀល​ឬ​ច្រើន​ជាង​ហ្នឹង តែ​បើ​ខែ​អត់​ភ្ញៀវ ខ្ញុំ​រក​បាន ២ ម៉ឺន​រៀល​ទៅ ៣ ម៉ឺន​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​ព្រឹក»។

អ្នក​ស្រី ចាន់ ថន ជា​ម្ចាស់​ភោជនីយ​ដ្ឋាន​ដែល​អនុញ្ញាត​ឲ្យ សុខ ហុង មក​រក​ប្រាក់​ក្នុង​ក្នុង​ហាង​គាត់​បាន​និយាយ​ថា គ្រួសារ សុខ ហុង ក្រី​ក្រ​ណាស់ ពីព្រោះ​ពេល​គ្រួសារ​នេះ​មក​នៅ​ក្នុង​ភូមិ​អណ្តែត​ទឹក​ចុង​ឃ្នាស​ដំបូង គឺ​គ្មាន​អ្វី​សោះ ក្រៅ​តែ​ពី​កូន​ទូក​ឈើ​មួយ និង​ខោ​អាវ​ប៉ុន្មាន​សម្រាប់​ម្នាក់​ប៉ុណ្ណោះ។

អ្នក​ស្រី​បន្ត​ថា៖ «គ្រួសារ​នាង​ក្រ​ណាស់ ពេល​មក​ដល់​ដំបូង ពួក​គេ​ដេក​លើ​ទូក​ឈើ​ហ្នឹង ព្រោះ​គ្នា​គ្មាន​លុយ​ធ្វើ​ផ្ទះ​អណ្តែត​ទឹក​ដូច​គេ។ ដោយ​មិន​អាច​មើល​នឹង​ភ្នែក​ក្រោយ​មក​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ជួយ​ពួក​គេ ពី​ព្រោះ​បើ​មិន​ជួយ​ទេ ពួក​គេ​ច្បាស់​ជា​ដាច់​បាយ​ស្លាប់​មិន​ខាន»។

អ្នក​ស្រី​បន្ត​ថា គាត់​បាន​ទិញ​ពស់​ថ្លាន់​ញី​តូច​មួយ​ក្បាល ពី​អ្នក​ភូមិ​មក​ផ្សាំង​ទុក​ក្នុង​ហាង​គាត់​ដើម្បី​ទុក​ឲ្យ សុខ ហុង រក​ចំណូល​ពី​ភ្ញៀវ​ទេសចរ។ អ្នក​ស្រី​ម្ចាស់​ហាង​បាន​និយាយ​ថា៖ «ដំបូង​យើង​ត្រូវ​ផ្សាំង​ពស់​នោះ​ជាមួយ​មនុស្ស​ធំ​សិន បើ​មិន​ធ្វើ​បែ​បនេះ​ទេ វា​នឹង​ខាំ​យើង​ឬ​យាយី​អ្នក​មក​ជិត​វា»។

អ្នក​ស្រី​បញ្ជាក់​ថា ទោះ​ជា​គាត់​មាន​ចិត្ត​សប្បុរស​ជួយ​ទៅ​ដល់​គ្រួសារ​ក្រី​ក្រ ដូច​ជា ក្មេង​ស្រី សុខ ហុង នេះ​ក្តី ប៉ុន្តែ​ជា​រឿយៗ គាត់​តែង​តែ​ទទួល​បាន​ការ​ណែនាំ​ពី​មន្ត្រី​បរិស្ថាន​ដែល​ចុះ​ត្រួត​ពិនិត្យ​ក្នុង​ភូមិ អំពី​សត្វ​ពស់​ទាំង​នោះ​ដែរ។

អ្នក​ស្រី​បន្ត​ថា៖ «ពី​មុន​ខ្ញុំ​ទិញ​ពស់​ថ្លាន់​ប្រហែល ៤ ទៅ ៥ ក្បាល​ទុក​ឲ្យ​ក្មេងៗ​វា​រក​លុយ តែ​ដោយ​សារ​ភ្ញៀវ​មួយ​ចំនួន​ជា​អ្នក​អភិរក្ស​សត្វ គេ​មក​លេង​ភូមិ​អណ្តែត​ទឹក​នេះ គេ​ឃើញ​ហាង​ខ្ញុំ​មាន​ពស់​ថ្លាន់ អ៊ីចឹង​គេ​ទៅ​ប្រាប់​មន្ត្រី​បរិស្ថាន​ថា ការ​ធ្វើ​បែប​ហ្នឹង វា​បិទ​សិទ្ធិ​សេរីភាព​របស់​សត្វ។ ដូច្នេះ មន្ត្រី​បរិស្ថាន​បាន​ប្រាប់​ខ្ញុំ​ពី​រឿង​នេះ ខ្ញុំ​ក៏​លែង ៤ ក្បាល​ទៅ​ក្នុង​ព្រៃ​លិច​ទឹក​វិញ​ហើយ​ទុក​តែ​មួយ​នេះ​ឲ្យ សុខ ហុង ទុក​រក​លុយ​ជួយ​ម៉ែ​ពុក​វា»។

រីឯ​ក្មេង​ប្រុស​អាយុ ១៦​ឆ្នាំ ម្នាក់​ទៀត ឈ្មោះ ខន (ឈ្មោះ​ដាក់​ឲ្យ) ក៏​បាន​ចំណាយ​ពេល​រក​លុយ​ចិញ្ចឹម​ជីវិត ដូច​គ្នា​នឹង​កុមារី សុខ ហុង ដែរ​ក្រោយ​ពេល​ឪពុក​ម្តាយ​គេ​បាន​លែង​លះ​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ។ ក្មេង​ប្រុស ខន បាន​ឈប់​រៀន​ត្រឹម​ថ្នាក់ ទី៥ មុន​ចប់​បឋម​សិក្សា ខណៈ​ដែល​ជម្លោះ​និង​ភាព​ក្រីក្រ​បាន​ញាំ​ញី​ក្នុង​គ្រួសារ​របស់​គេ​ឲ្យ​ជួប​តែ​ភាព​អពមង្គល។

សុខ ហុង កាន់​ពស់​រក​ប្រាក់​ពី​ភ្ញៀវ​ទេសចរ ១ ថ្ងៃ​មិន​តិច​ជាង ៤ ម៉ឺន​រៀល​ទេ តែ​នាង​ក៏​សោក​ស្តាយ​ដែរ ដែល​មិន​បាន​រៀន​សូត្រ។ រូបថត ធិក កល្យាណ

ក្មេង​ជំទង់​សុំ​លាក់​ឈ្មោះ​ម្នាក់​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​តែង​តែ​កាន់​ពស់​ថ្លាន់​ដែល​ពុក​ខ្ញុំ​បាន​ចាប់​ពី​ព្រៃ​កាល​ពី ២ ឆ្នាំ​មុន ឲ្យ​ភ្ញៀវ​ទេសចរ​ថត​រូប ដើម្បី​បាន​លុយ​ទិញ​បាយ​ហូប ព្រោះ​ពេល​នេះ​ខ្ញុំ​ចាក​ចេញ​ពី​ផ្ទះ​មក​នៅ​ជាមួយ​យាយ។ យាយ​ខ្ញុំ​គាត់​ចាស់ មិន​អាច​រក​ស៊ី​អ្វី​បាន​ទៀត​ទេ អ៊ីចឹង​មាន​តែ​ខ្ញុំ​អ្នក​ចេញ​រក​ប្រាក់»។ ខន បន្ត​ថា៖ «នៅ​ផ្ទះ​ពុក​ម៉ែ​ឈ្លោះ​គ្នា​រាល់​ថ្ងៃ គាត់​មិន​ដឹង​ថា វា​ប៉ះពាល់​ដល់​អារម្មណ៍ និង​ការ​រៀន​សូត្រ​របស់​ខ្ញុំ​ឡើយ»។

ក្មេង​ប្រុស​រូប​នេះ អាច​និយាយ​ភាសា​អង់គ្លេស ចិន ជប៉ុន និង​កូរ៉េ​បាន​តិច​តួច ក្នុង​ការ​និយាយ​ទាក់​ទង​ជាមួយ​ភ្ញៀវ​ទេសចរ​ទាំង​នោះ។ ខន បាន​ប្រាប់​ថា៖ «ខ្ញុំ​រៀន​ពាក្យ​ទាំង​នោះ ពី​បងៗ​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​ពួក​គាត់​នាំ​ភ្ញៀវ​មក​កាន់​ភូមិ​អណ្តែត​ទឹក​នេះ។ ខ្ញុំ​មិន​បាន​ទៅ​រៀន​នៅ​តាម​សាលា​អី​ទេ មាន​តែ​រៀន​សួរ​ពី​អ្នក​ដែល​គាត់​ចេះ​ដឹង​ដែល​មក​ហ្នឹង​ហើយ»។

បើ​ទោះ​ជា​ទើប​តែ​អាយុ ១៦​ឆ្នាំ ហើយ​រៀន​មិន​ចប់​ថ្នាក់​បឋម​សិក្សា​ក៏​ដោយ តែ ខន ជា​ក្មេង​ម្នាក់​ដែល​មាន​គោល​គំនិត និង​មាន​ការ​ពិចារណា​ខ្ពស់​ណាស់។

ខន បាន​និយាយ​ថា ការ​ឈរ​កាន់​ពស់​បែប​នេះ មិន​ប្រាកដ​ថា ខ្លួន​គេ​អាច​ធ្វើ​ឲ្យ​ជីវភាព​បាន​ល្អ​ប្រសើរ​ឡើង​បាន​អស់​មួយ​ជីវិត​ទេ ដរាប​ណា​រូប​គេ​មិន​បាន​បន្ត​ការ​រៀន​សូត្រ​ឲ្យ​បាន​ជ្រៅ​ជ្រះ​ទេ​នោះ។

ខន និយាយ​ថា៖ «គ្មាន​អី​ដែល​ល្អ​ជាង​បាន​រៀន​សូត្រ​ទេ តែ​កាលៈទេសៈ​តម្រូវ អ៊ីចឹង​ខ្ញុំ​ត្រូវ​សន្សំ​លុយ ហើយ​ខ្ញុំ​នឹង​ចូល​រៀន​វិញ។ បើ​រៀន​ពេល​ព្រឹក ប្រហែល​មក​ឈរ​កាន់​ពស់​ឲ្យ​គេ​ថត​នៅ​ពេល​ល្ងាច​ដើម្បី​រក​ប្រាក់​ចំណូល​បាន​ខ្លះ។ ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ណាស់​ដែល​មិន​បាន​ទៅ​រៀន​សូត្រ​កន្លង​មក​ដោយ​សារ​តែ​បញ្ហា​គ្រួសារ ខ្ញុំ​គួរ​តែ​ស្វែង​រក​ដំណោះ​ស្រាយ ដើម្បី​មក​ជំរុញ​ទឹក​ចិត្ត​ឲ្យ​បន្ត​ការ​រៀន​ឡើង​វិញ ទើប​ខ្ញុំ​មាន​អនាគត​ល្អ​ដូច​គេ​ឯង»។

ហេតុ​ផល​តែ​មួយ​គត់​នៃ​ការ​លះបង់​ការ​សិក្សា​នេះ គឺ​ផ្អែក​ខ្លាំង​ទៅ​លើ​គ្រួសារ​មាន​ជីវភាព​ក្រី​ក្រ ហេតុ​នេះ​ទើប​កុមារ​ទាំង​នេះ​ងាក​មក​ស្រវា​យក​ការងារ​រក​កម្រៃ​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ដល់​ឪពុក​ម្តាយ ទាំង​ក្តី​អាល័យ​ការ​រៀន​សូត្រ​និង​បារម្ភ​ពី​អនាគត​ពួក​គេ។

ចៅ​សង្កាត់​រង​នៃ សង្កាត់​ចុងឃ្នាស លោក អ៊ុំ ណារី បាន​រៀបរាប់​ឲ្យ​ដឹង​ថា ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ដែន​ដី លោក​តែងតែ​ណែនាំ​ទៅ​កាន់​អាណា​ព្យាបាល ឪពុក​ម្តាយ ក៏​ដូច​ជា កុមារ​ក្រីក្រ​មួយ​ចំនួន​ដែល​បាន​បោះបង់​ចោល​ការ​សិក្សា​ងាក​មក​រើស​យក​ការ​រក​កម្រៃ​បន្តិច​បន្តួច​នៅ​តាម​ភោជនីយដ្ឋាន​នានា ដើម្បី​ចិញ្ចឹម​ជីវិត​ហើយ​អាជ្ញាធរ​ក៏​តែង​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ក្នុង​ការ​ស្វះស្វែង​រក​អាហារូបករណ៍​ជួយ​ដល់​ក្មេង​ក្រីក្រ​ទាំង​នោះ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​ទោះ​ជា​ក្មេង​ដែល​មិន​ចូល​សាលារៀន នៅ​មាន​ចំនួន​តិច​តួច​ក៏​ដោយ តែ​វា​នៅ​តែ​កត្តា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ​សម្រាប់​មូលដ្ឋាន​លោក​ខណៈ​ពួក​គេ​ជា​ឆ្អឹង​ខ្នង​របស់​ប្រទេស​ជាតិ​នា​ពេល​ខាង​មុខ»។

លោក​ថា សង្កាត់​មាន​វិធានការ​ចំនួន​ពីរ​ដែល​កំពុង​តែ​អនុវត្ត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ទី១- គឺ អប់រំ​ឪពុក​ម្តាយ និង​ក្មេងៗ​អំពី​ផល​ប្រយោជន៍​នៃ​ការ​សិក្សា ហើយ ទី២- គឺ ព្យាយាម​ស្វែង​រក​អាហារូបករណ៍​ផ្តល់​ជូន​ទៅ​ដល់​ក្មេង​ក្រីក្រ​ទាំង​នោះ​បាន​ចូល​រៀន តាម​ការ​ចុះ​អង្កេត​ស្វែង​រក​មូល​ហេតុ​ដែល​រារាំង​មិន​ឲ្យ​ពួក​គេ​ចូល​រៀន។

លោក​បញ្ជាក់​ថា កន្លង​មក​លោក​បាន​ចុះ​ទៅ​កាន់​ផ្ទះ​គ្រួសារ​ក្រីក្រ​ក្នុង​ភូមិ​អណ្តែត​ទឹក ក្នុង​បំណង​ពន្យល់​និង​លើក​ទឹក​ចិត្ត​ទៅ​កាន់​ក្មេងៗ​ដែល​ឈប់​រៀន​ឲ្យ​ងាក​មក​ចាប់​យក​ការ​រៀន​សូត្រ​វិញ​តែ​ហាក់​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ទេ ខណៈ​ការ​ស្វះ​ស្វែង​រក​លុយ​ចិញ្ចឹម​ជីវិត​នៅ​តែ​ជា​កត្តា​ចាំ​បាច់​សម្រាប់​ពួក​គេ។

លោក​បន្ត​ថា៖ «ពួក​ខ្ញុំ​ជា​អាជ្ញាធរ​បាន​ព្យាយាម​ពន្យល់​ពួក​គាត់ តែ​វា​ហាក់​ដូច​ជា​មិន​ចូល​ត្រចៀក​ពួក​គាត់​សោះ យើង​គ្មាន​សិទ្ធិ​ទៅ​បង្ខិត​បង្ខំ​គាត់​ទេ តែ​យើង​ក៏​នឹង​មិន​បោះ​បង់​ចោល​ការ​ព្យាយាម​របស់​យើង​ក្នុង​ការ​ជំរុញ​ពួក​គាត់​ដែរ»។

លោក​ចៅ​សង្កាត់​រង​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​សង្កាត់​លោក​មាន​សាលា​បឋម​សិក្សា​ចំនួន ៦ ខ្នង​និង​អនុ​វិទ្យាល័យ​ចំនួន ៤ ខ្នង​សម្រាប់​ផ្តល់​ចំណេះ​ដឹង​ដល់​ក្មេងៗ​ដែល​រស់​នៅ​ក្នុង​ភូមិ​អណ្តែត​ទឹក​ចុង​ឃ្នាស ដែល​មាន​គ្រួសារ​ខ្មែរ​ក្រី​ក្រ​ចំនួន ៣០០ គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១០០០ គ្រួសារ​ដែល​រស់​នៅ​ចម្រុះ​ជាតិ​សាសន៍ (មាន​វៀតណាម ៣០៧ គ្រួសារ​និង​ជន​ជាតិ​ចាម ៣៥ គ្រួសារ)។

អ្នក​គ្រូ​ប្រចាំ​សាលា​បឋម​សិក្សា​ចុង​ឃ្នាស ១ រូប​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា កត្តា​ចម្បង​ដែល​រារាំង​មិន​ឲ្យ​ក្មេង​មួយ​ចំនួន​មក​សាលា​រៀន គឺ​កត្តា​ជីវភាព​ក្រីក្រ​នេះ​តែ​ម្តង។ អ្វី​ដែល​កាន់​តែ​ជំរុញ​ពួក​គេ​លែង​គិត​គូរ រឿង​រៀន​សូត្រ គឺ​ដោយ​សារ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ទេសចរណ៍ ដែល​ជា​កត្តា​រួម​ចំណែក​ធ្វើ​ឲ្យ​គ្រួសារ​ពួក​គេ​បែក​គំនិត​រក​លុយ ពីព្រោះ​តែ​គិត​ថា ការ​ធ្វើ​បែប​នេះ​វា​មាន​ប្រយោជន៍​ជា​ជាង​ទៅ​អង្គុយ​ក្នុង​ថ្នាក់​រៀន​អត់​មាន​ចំណូល​អី​សោះ។

អ្នក​គ្រូ​និយាយ​ថា៖ «ពួក​គាត់​រស់​នៅ​ក្នុង​តំបន់​ទេសចរណ៍…អ៊ីចឹង​ពេល​ពួក​គាត់ [ក្មេង​ក្រីក្រ] ឃើញ​ភ្ញៀវ​មក​ទស្សនា​ភូមិ​អណ្តែត​ទឹក គាត់​មាន​ចិត្ត​ចង់​បាន​លុយ ណា​វ័យ​គាត់​ឆាប់​ទទួល​យក​ឥទ្ធិពល​ពី​សង្គម​ណាស់ បែប​នេះ​វា​ពិត​ជា​ពិបាក នៅ​ក្នុង​ការ​អូស​ទាញ​គាត់​ឲ្យ​ត្រឡប់​មក​កាន់​សៀវភៅ​រៀន​សូត្រ​វិញ​ណាស់ ពី​ព្រោះ​ពួក​គេ​គិត​ថា រៀន​គ្មាន​បាន​លុយ គ្មាន​បាន​អី​ស៊ី​ទេ រីឯ​មួយ​ចំនួន​ទៀត​ពួក​គេ​បោះ​បង់​ការ​សិក្សា​ដោយ​សារ​តែ​វិបត្តិ​ក្នុង​គ្រួសារ»។

ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្តី ក៏​អ្នក​គ្រូ​ម្នាក់​នេះ មិន​បោះ​បង់​ការ​តស៊ូ​ក្នុង​ការ​ពន្យល់​ណែនាំ​និង​លើក​ទឹក​ចិត្ត​ពួក​គេ​ដែរ នៅ​ពេល​ដែល​ក្មេងៗ​ទាំង​នោះ​មាន​វិបត្តិ​ផ្លូវ​ចិត្ត ដោយ​ក្រុម​គ្រួសារ​និង​កង្វះ​ខាត​ក្នុង​ការ​រស់​នៅ។

អ្នក​គ្រូ​និយាយ​ទៀត​ថា៖ «អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​គឺ​ព្យាយាម​ព្យាបាល​របួស​ផ្លូវ​ចិត្ត​ដែល​គាត់​ពី​ការ​ប៉ះ​ទង្គិច​ក្នុង​ក្រុម​គ្រួសារ​ទទួល​ស្តាប់​នូវ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​របស់​ពួក​គេ ផ្តល់​ដំបូន្មាន​ល្អៗ​និង​សហការ​ជាមួយ​អាជ្ញាធរ​និង​អង្គការ​ក្រៅ​រាជ​រដ្ឋាភិបាល​មួយ​ចំនួន​ក្នុង​ការ​ចូល​រួម​ស្វែង​រក​ដំណោះស្រាយ​ក្នុង​បញ្ហា​នេះ»។

អ្នក​គ្រូ​បញ្ជាក់​ថា៖ «បញ្ហា​នេះ​មិន​មែន​ជា​បញ្ហា​បុគ្គល​ទេ តែ​វា​ជា​បញ្ហា​របស់​យើង​ទាំង​អស់​គ្នា ដែល​ជា​ជន​ជាតិ​ខ្មែរ ដែល​គួរ​គប្បី​គិត​និង​ពិចារណា​ពី​បញ្ហា​នេះ»៕


What Next?

Recent Articles