ដោយ ឡេង ម៉ាលី
2015-11-30
RFA

អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ធ្វើសវនាការសួរដេញដោលសាក្សី (TCW 918) អំពីការធ្វើការដោយបង្ខំនៅការដ្ឋានទំនប់ត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ Photo courtesy of ECCC
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បានធ្វើសវនាការរបស់ខ្លួនឡើងវិញហើយ នៅថ្ងៃច័ន្ទ ទី៣០ វិច្ឆិកា។ សវនាការនេះ គឺស្ដាប់ការសួរដេញដោលរបស់សហព្រះរាជអាជ្ញាលើសាក្សីមិនបង្ហាញឈ្មោះមួយរូប ដែលពាក់ព័ន្ធនឹងអង្គហេតុធ្វើការងារដោយបង្ខំនៅការដ្ឋានទំនប់ត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ។
សាក្សីមិនបង្ហាញឈ្មោះពិត ដែលអង្គជំនុំជម្រះកំណត់ឱ្យប្រើលេខកូដជំនួសថា TCW918 ឆ្លើយបញ្ជាក់នៅក្នុងសវនាការថា ការធ្វើការងារនៅការដ្ឋានលើកទំនប់ត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ មិនមែនជាការងារដាក់កំណត់ដោយបង្ខំទេ៖ «ថ្នាក់តំបន់ គឺតាវ៉ាល់ និងតាហ៊ឹង មិនបានដាក់ផែនការកំណត់ពេលវេលាឱ្យបញ្ចប់ការងារធ្វើទំនប់អាងត្រពាំងថ្មទេ ព្រោះអាងនេះធំ។ អាងត្រពាំងថ្ម មិនមែនចាត់ទុកជាសមរភូមិក្ដៅទេ។ សមរភូមិក្ដៅចាត់ទុកតែអាងទំនប់កំបោរមួយប៉ុណ្ណោះទេ ដែលជាសមរភូមិក្ដៅ ដែលឱ្យសម្រេចឱ្យបានមុនផែនការ»។
សាក្សីរូបនេះ ដែលជាអតីតមេបញ្ជាការសមរភូមិក្នុងអង្គភាពចល័តតំបន់នៅអាងត្រពាំងថ្ម ជម្រាបអង្គជំនុំជម្រះប្លែកពីសាក្សីមុនៗ ដោយថា ការវាស់ដីជាម៉ែត្រគីបឱ្យពលករលើកទំនប់នៅពេលនោះ មិនមែនជាការដាក់កំណត់របស់អង្គការថ្នាក់លើ ឬគណៈមជ្ឈិមបក្សទេ៖ «ព្រោះខ្ញុំបានទទួលការណែនាំតែពីតាវ៉ាល់។ មិនដែលគាត់និយាយថា មានផែនការអ៊ីចេះអ៊ីចុះ ពីមជ្ឈិមបក្សអី គឺខ្ញុំមិនដែលបានជួបទេ ទើបនឹងឮនេះឯង។ ខ្ញុំគ្រាន់តែថា ការងារទាំងអស់មិនអាចសម្រេចត្រឹមតាហ៊ឹង តាវ៉ាល់ ទេ បើមិនមានពីថ្នាក់លើ។ ខ្ញុំគ្រាន់តែនិយាយអ៊ីចេះ។ បើមិនមានថ្នាក់លើ អ្នកខាងក្រោមមិនអាចធ្វើបានទេ។ តែឱ្យផែនការពីមជ្ឈិម គឺខ្ញុំមិនដែលបានឮ មិនដែលទេ គ្រាន់តែការស្មានរបស់ខ្ញុំ»។
រីឯការកំណត់ឱ្យពលករលើកដី និងបាក់កម្លាំងនោះ លោកបន្ទោសទៅលើមេកងថ្នាក់ក្រោម ព្រោះតែចង់យកល្អជាមួយអង្គការ ដើម្បីរក្សាតួនាទី និងអំណាចរបស់ខ្លួន។ សាក្សីរូបនេះ ក៏ជម្រាបអង្គជំនុំជម្រះដែរថា ម្ហូបអាហាររបស់កងចល័តគ្រប់គ្រាន់ និងមិនមានការចាប់ចង និងកាប់សម្លាប់ទេ ថ្វីបើមាននិស្សិតបញ្ញវន្តត្រូវបាត់ខ្លួន។
សាក្សីមុនៗ ជាច្រើននាក់ថ្លែងថា ការធ្វើការងារនៅការដ្ឋានធ្វើទំនប់អាងត្រពាំងថ្ម ដែលមានទីតាំងនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានស្ថានភាពលំបាកខ្លាំង និងអាហារមិនគ្រប់គ្រាន់។ តាមសាក្សីឱ្យដឹងថា មានមនុស្សចន្លោះពី ១៥.០០០ ទៅ ២០.០០០នាក់ ត្រូវបានអង្គការខ្មែរក្រហមកេណ្ឌទៅធ្វើទំនប់អាងនេះ ចន្លោះឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨។ អ្នកធ្វើការនៅទីនោះជាច្រើននាក់ ត្រូវបានចាប់ខ្លួន និងសម្លាប់ចោល។ ទំនប់នេះមានបណ្ដោយ ១០គីឡូម៉ែត្រ និងទទឹង ៧ គីឡូម៉ែត្រ កសាងឡើងដើម្បីផលិតស្រូវរបស់បក្សកុម្មុយនិស្តកម្ពុជា។
ទាក់ទងនឹងការមិនបញ្ចេញឈ្មោះសាក្សីវិញ ត្រូវបានប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសថា ជាការតម្រូវរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ដោយសារតែសាក្សីនេះ កំពុងឋិតនៅក្រោមការស៊ើបអង្កេត ក្នុងសំណុំរឿងផ្សេង៖ «សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានស្នើឱ្យអង្គជម្រះ តម្រូវឱ្យប្រើប្រាស់រហស្សនាមសម្រាប់សាក្សី ឬដើមបណ្ដឹងរដ្ឋប្បវេណីនៃសំណុំរឿង ០០៣ និង ០០៤ ដែលផ្ដល់សក្ខីកម្មសំណុំរឿង ០០២ /០២ (002/02)។ សំណើនេះគ្រាន់តែជាវិធានការការពារបន្តិចបន្តួចប៉ុណ្ណោះ ហើយអនុញ្ញាតឱ្យអង្គជម្រះបន្តសវនាការជាសាធារណៈ ហើយមិនបានដាក់កំហិតដោយមិនត្រឹមត្រូវនូវការសួរសំណួរសាក្សីឡើយ។ ដូច្នេះអង្គជម្រះបង្គាប់ឱ្យប្រើរហស្សនាមសម្រាប់សាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីទាំងនេះ»។
លោកចៅក្រម និល ណុន បញ្ជាក់បន្ថែមថា ការការពារមានកម្រិតត្រឹមនេះ គឺជាការថ្លឹងថ្លែងមួយដើម្បីធានាកុំឱ្យអង្គជំនុំជម្រះធ្វើសវនាការជាអសាធារណៈ។
សក្ខីកម្មរបស់សាក្សី TCW 918នៅមិនទាន់ចប់ទេ ហើយសាក្សីនឹងត្រូវមកផ្ដល់សក្ខីកម្មបន្តទៀតនៅថ្ងៃអង្គារ ទី១ ខែធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាដំបូងនៃសាលាក្ដីខ្មែរក្រហមគ្រោងបញ្ចប់សំណុំរឿង០០២វគ្គ២នៅចុងឆ្នាំ២០១៦
- សាលាក្ដីខ្មែរក្រហមនឹងបន្តសវនាការសំណុំរឿង០០២វគ្គ២នៅថ្ងៃ៣០ វិច្ឆិកា
- ជនជាប់ចោទ នួន ជា ចោទតុលាការថាលំអៀងដោយមិនកោះហៅលោក ហេង សំរិន
- តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមនឹងធ្វើសវនាការលើបណ្ដឹងសាទុក្ខនៅថ្ងៃ១៧ វិច្ឆិកា
- សាក្សីជម្រាបអង្គជំនុំជម្រះថាឃើញពួកខ្មែរក្រហមវះស្ត្រីជនជាតិវៀតណាមយកប្រមាត់
- សាក្សីឃើញពួកខ្មែរក្រហមជ្រើសរើសជនជាតិវៀតណាមយកទៅសម្លាប់
- អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបន្តសវនាការជាអសាធារណៈ
- សាលាក្ដីខ្មែរក្រហមផ្អាកសវនាការពីរសប្ដាហ៍ក្រោយបុណ្យភ្ជុំបិណ្ឌ
- សាលាដំបូងនៃសាលាក្ដីខ្មែរក្រហមផ្អាកសវនាការជាបណ្ដោះអាសន្ន
To whom it may concern,
I was the one working at Trapping Thmar dam as a slave worker of Khmer rouge. It was force labor almost 14 to 16 hours a day, less food, and killing so some workers whomever refused their order or went home to visit parent without permission from the group leader. I am now 59 years old living in U.S.A. You feel free to contact me for more information,OK?
May be not the whole truth will come out, but this lesson to humanity can be learnt more effectively without Hun Sen’s interferences. I was under Mith Su ,originally named Khek Pen ,reginal leader of region 4. He was a professor of literature. Only his son left,now living in Siam Riap. I am now 61 , previously had lived in Battambang. Current living in Australia.
Samneang