រដ្ឋាភិបាល​ផ្តល់​ថវិកា​ជាតិ​តិចតួច​សម្រាប់​វិស័យ​​កសិកម្ម​ ​ បើ​ប្រៀបធៀបនឹង​វិស័យផ្សេងទៀត​

ដោយ៖​ ទូច សុខា​​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015
http://vodhotnews.com

រដ្ឋា​ភិបាល​នៅ​ឆ្នាំ​២០១៦នឹង​ផ្តល់​ថវិកា​ដល់​ក្រ​សួង​កសិកម្ម ប្រមាណ​ជា​៤៧​លាន​ដុល្លារ​ ដែល​កើនឡើង​ជាង២៥​ភាគរយ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​​ឆ្នាំ​២០១៥ ខណៈ​ដែល​វិស័យ​នេះ​ត្រូវបាន​រដ្ឋា​ភិបាល​ចាត់​ទុក​ថា​ជា​វិស័យ​​អាទិភាព​មួយ​ក្នុង​​យុទ្ធសាស្រ្ត​ចតុកោណ​របស់​ខ្លួន។

រដ្ឋសភាកម្ពុជា​ដែល​មាន​តែ​សមាជិក​មកពី​គណបក្ស​ប្រ​ជាជន​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពីការ​គ្រប់គ្រង​ថវិកា​សម្រាប់​ឆ្នាំ​២០១៦។ បើ​តាម​សេចក្តីព្រាង​ច្បាប់នោះ រដ្ឋា​ភិបាល​គ្រោង​ចំណាយ​ថវិកាប្រ​មាណ​ជា​៤៣០០លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៦ ក្នុង​នោះ​ក្រ​សួង​កសិ​កម្ម​ទទួល​បាន​ថវិកា​ប្រហែល​ជា៤៧​លាន​ដុល្លារ។

ក្នុង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាលទី​៣ របស់​រាជរដ្ឋាភិបាល​ ​ វិស័យ​កសិកម្ម​ជា​វិស័យ​អាទិ​ភាព​មួយក្នុងចំណោម​វិស័យ​អាទិភាព​បី​ផ្សេង​ទៀត​របស់​រដ្ឋា​ភិបាល​កម្ពុជា។ បើ​តាម​យុទ្ធសាស្រ្ត​ចតុកោណ​ដំ​ណាក់​កាលទី​៣​ រដ្ឋា​ភិបាលនឹង​បន្ត​អភិវឌ្ឍនិងបង្កើន​តម្លៃ​បន្ថែម​លើ​វិស័យ​កសិកម្ម តាម​រយៈ​ការ​បង្កើន​តម្លៃ​បន្ថែម​នៃការផលិតនិង​នាំ​ចេញ​អង្ករ បង្កើនផលិតកម្ម ទំនើប​កម្ម​កសិកម្ម និង​ជំរុញ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ជា​ដើម។​


អ្នក​នាំ​ពាក្យ​ក្រ​សួង​កសិកម្ម លោក អ៊ាង សុផល្លែត មាន​ប្រ​សាសន៍​ថា​ថវិកា​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រ​សួង​​កសិកម្ម​នេះ នឹង​ត្រូវ​យក​ទៅ​បម្រើ​ដល់​សកម្មភាព​ចុះ​អប់​រំ ផ្សព្វ​ផ្សាយ និង​បណ្តុះ​បណ្តាល​ជំនាញ​កសិ​កម្ម​កដល់​កសិករ​កម្ពុជា​នៅ​ទូទាំង​ប្រ​ទេស។ លោក​ចាត់ទុក​ថាថវិកា​ដែល​រដ្ឋា​ភិបាល​ផ្តល់​ឲ្យ​ក្រ​សួងកសិ​កម្ម​នេះនឹង​ជួយ​ដល់​ការ​រីក​ដុះ​ដាល​វិស័យ​កសិកម្ម​នេះបន្ថែម​ទៀត។

លោក​ឲ្យ​ដឹង​ថាបម្រែ​បម្រួល​អាកាសធាតុ​ជា​ឧបសគ្គ​ចម្បង​​មួយ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា។ លោក​បន្ថែម​​ថា៖ "ប្រ​ឈម​ខ្លាំង​ជាង​គេ​គឺ​បញ្ហា​អាកាសធាតុ ប្រែប្រួល​អាកាសធាតុ ភ្លៀងមក​មិន​ទៀង​ទាត់​តាម​រដូវ​កាល ហើយ​កម្ពស់កម្រិត​​ទឹក​ផ្លៀងមាន​ការ​ប្រែប្រួល​ពី​ខ្ពស់ ទៅ​តិច ពី​តិចទៅ​ច្រើន កត្តាហ្នឹង​ហើយ​ដែល​រដ្ឋា​ភិបាល​កំពុង​នឹងជំរុញ​ការ​អភិវឌ្ឍវិស័យ​ហេ​ដ្ឋារចនាសម្ព័ន្ធស្រោចស្រព​ ដើម្បី​ជួយ​សម្រួល​ដល់​កសិករ​ផងនិង​ជួយ​សម្រួល​ដល់​ការ​រីក​ចម្រើន​ផ្នែក​សិកម្ម​ហ្នឹង​ផង”។ ​

បណ្ឌិត​សេដ្ឋកិច្ច លោក គី សេរីវឌ្ឍន៍  ​យល់​ថា​ថវិកា​ប្រមាណ​ជា​៤៧​លាន​របស់​ក្រ​សួង​កសិកម្មនេះ នឹង​មិន​គ្រប់​គ្រាន់​សម្រាប់​បណ្តុះ​បណ្តាល​កសិករ​កម្ពុជា​នោះ​ទេ ដោយ​លោក​ថាកសិករ​ភាគ​ច្រើន​នៅ​មាន​ចំណេះ​​ដឹង​ទាបនិង​មាន​ចំនួន​ច្រើន។ លោក​ឲ្យ​ដឹង​ទៀតថាកម្ពុជាមាន​លក្ខណៈអំណោយ​ផល​ដល់​វិស័យ​កសិកម្ម ប៉ុន្តែ​លោក​ថាប្រ​ព័ន្ធធារាស្រ្ត​នៅ​មាន​ការ​ខ្វះ​ខាត ដែលលោក​ថាធ្វើ​ឲ្យ​វិស័យ​កសិកម្ម​នៅ​មាន​លក្ខណៈ​អន់​ថយ​នៅ​ឡើយ។

លោក​បន្ថែម​ថា៖ “អ៊ីចឹង​ខ្ញុំគ្រាន់​តែ​ស្នើ​ថា​ដើម្បី​បំពេញ​វិស័យ​កសិកម្ម​បាន​ល្អ​គឺ​ប្រព័ន្ធ​ទឹក​ហ្នឹង​ឯង​យើ​ងមាន​ប្រ​ភពទឹក​សម្រាប់​ផ្ទៃដីកសិកម្មតែ​៥០​ភាគរយ​ទេ …ខុសពី​ហ្នឹងទៅ​គឺ​ពឹង​លើ​មេឃទាំងអស់ ហេតុនេះ​ហើយ​បាន​ជា​យើង​ពិបាក​ជំរុញ​ឲ្យ​វិស័យ​កសិ​ក​ម្ម​យើង​រីក​ចម្រើន​​លឿន​”

បើ​តាម​យុទ្ធសាស្រ្ត​ចតុកោណ​របស់​រដ្ឋា​ភិបាល ប្រ​ព័ន្ធធារាស្រ្តនៅ​កម្ពុជានៅ​មិន​ទាន់​ឆ្លើយ​តបពេញលេញទៅ​នឹង​សេចក្តី​ត្រូវ​ការ​ក្នុង​វិស័យ​ដាំដុះនោះ​ទេ ដែល​រដ្ឋា​ភិបាល​ត្រូវ​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​នេះ​បន្ថែម​ទៀត​។

ទាក់​ទង​នឹ​ង​ប្រ​ព័ន្ធ​ធារាស្រ្ត​សម្រាប់​ស្រោចស្រប់ផ្ទៃ​ដី​កសិកម្មនេះ អ្នក​នាំ​ពាក្យ​ក្រសួងធន​ធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា​ មាន​ប្រ​សាសន៍​ថា​ផ្ទៃ​ធ្វើ​ស្រែ​ប្រាំង​និង​វស្សា​នៅ​កម្ពុជា​មាន​ប្រហែល​ជា​៣លាន​ហិកតា ហើយ​លោក​បញ្ជាក់​ថាប្រ​ព័ន្ធ​ធារាសាស្រ្ត​ដែលមាន​សព្វ​ថ្ងៃ​អាចធ្វើ​ការ​ស្រោចស្រប់បាន​ពី៥១ ទៅ៥២​ភាគរយ​នៃ​ផ្ទៃ​ដី​ទាំង​នោះ។ លោក​បន្ត​ថាក្រ​សួង​កំពុង​តែ​ខិត​ខំ​កសាង​ប្រព័ន្ធ​ធារាស្រ្ត​បន្ថែម​ទៀត​សម្រាប់​កសិ​ករកម្ពុជា​ ដែល​លោក​ថាប្រ​ហែល​ជា​១០​ឆ្នាំ​ទៀត​កម្ពុជា​អាច​មាន​ប្រ​ព័ន្ធធារាសាស្រ្ត​ស្រោច​ស្រប់ដំណាំកសិក​ម្ម​បាន​ទូទាំង​ប្រ​ទេស។

លោក​ឲ្យ​ដឹង​ថាទោះ​បី​ជា​ក្រ​សួង​បាន​ទទួល​ថវិកា​ប្រមាណ​ជា​២៣​លាន​ដុល្លារសម្រាប់​ឆ្នាំ​២០១៦​ ក៏​ដោយ ក៏​លោក​ថា ក្រ​សួង​អាច​កសាង​ប្រ​ព័ន្ធ​ធារាស្រ្ត​បាន​ច្រើន​តាម​រយៈ​ដៃ​គូអភិវឌ្ឍន៍​ដូច​ជា​ ចិន កូរ៉េ បារាំង ឥណ្ឌា និង​ជប៉ុនជា​ដើម។​

លោក​បន្ថែម​ថា៖ “យើងទទួល​ស្គាល់ ទាំង​អស់គ្នា​ ការខ្វះ​ខាត​ហ្នឹង​យើង​ទើប​គ្របដណ្តប់​បាន​លើ​ផ្ទៃ​ដី​៥១​ទៅ​៥២​ភាគរយ​ប៉ុណ្ណឹងទេ ហើយ​យើង​កំពុង​តែ​បន្ត…យើងប្រឹង​ធ្វើ​ការ​កសាង​បន្តទៀតដើម្បី​ឈាន​ទៅ​ដល់​ការ​គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រ​ទេសបាទ”

របាយការណ៍​របស់​ធនាគារ​ពិភព​លោក​មួយ​ចេញ​ផ្សាយ​កាលពី​ខែ​ឧសភា ឆ្នាំ​២០​១៥ ឲ្យ​ដឹង​ថាដំណាំ​កសិកម្ម​កម្ពុជាមិនទាន់​មាន​ប្រ​ព័ន្ធធារាសាស្រ្ត​គ្រាប់គ្រាន់​នៅ​ឡើយ។ ធនាគារពិភព​លោកបបង្ហាញ​តួលេខ​ក្នុង​របាយការណ៍​នោះ​ថាប្រ​ព័ន្ធ​ធារាសាស្រ្ត​សម្រាប់​ស្រោចស្រប់​ដំណាំកសិកម្មនៅ​កម្ពុជាមាន​៧,៩​ភាគ​រយ​នៃផ្ទៃដី​កសិកម្មប្រ​មាណ​ជា​៤លាន​ហិកតា។

របាយការណ៍​របស់​​អង្គការFAOដែលធ្វើ​ការ​លើ​វិស័យ​កសិកម្មនិង​ស្បៀង​អាហារ ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០​១៤ឲ្យ​ដឹង​ថា​បើ​គិត​ក្នុង​ឆ្នាំ​២០១២ ប្រ​ជា​ពលខ្មែរ​រស់​នៅ​ជន​បទមាន៧៩,៩​ភាគ​រយ​នៃ​ប្រ​ជាពល​រដ្ឋ​សរុប​ជាង​១៤​លាន​នាក់។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀតថាកម្លាំងពលកម្ម​ដែល​បម្រើ​ការ​ក្នុង​វិស័យ​កសិ​កម្ម​មាន​៦៥​ភាគ​រ​យ​នៃ​កម្លាំង​ពលកម្ម​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១២៕​

សូម​សរសេរ​មក​កាន់​លោក ទូច សុខា តាម​រយៈ ​sokha@vodhotnews.com

What Next?

Recent Articles