ក្រសួងយុត្តិធម៌​បង្កើតក្រុមការងារ​ត្រួត​ពិនិត្យ​​ឡើងវិញ​បែបបទរដ្ឋបាល​នៃ​ការប្រឡងសិស្ស​ចៅក្រម​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015
http://vodhotnews.com


ក្រសួងយុត្តិធម៌​បាន​បង្កើត​ក្រុម​មួយដែលមានសមាសភាព​មន្រ្តី​មកពីក្រសួង ដើម្បីត្រួតពិនិត្យបែបបទរដ្ឋបាលមួយ​ចំនួន​នៃ​ការ​ប្រឡង​ជ្រើសរើស​​សិស្ស​ចៅក្រម​ជំនាន់ទី​៧នៃ​រាជ​បណ្ឌិតសភា​វិជ្ជាជីវៈតុលាការ។​

សេចក្តីសម្រេច​របស់ក្រសួង​យុត្តិធម៌​ចេញផ្សាយនៅថ្ងៃអង្គារនេះ​ឲ្យ​ដឹងថាក្រសួង​​ចាត់តាំងសមាសភាពក្រុ​ការងា​រ​ ​ ដើម្បីធ្វើការត្រួតពិនិត្យ​ឡើងវិញ​នូវ​បែប​បទ​និង​នីតិវិធី​នៃ​ការ​ប្រឡង​ប្រជែង​ជ្រើសរើស​​សិស្ស​ចៅក្រ​ម​ជំនាន់ទី​៧នៃ​រាជ​បណ្ឌិតសភា​វិជ្ជាជីវៈតុលាការ។​

សមាសភាពទាំងនោះមានរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ហ៊ី សោភា ជា​ប្រធាន​ និង​រដ្ឋលេខាធិការ លោកស្រី ចាន់ សុទ្ធាវី និង​លោក កើត រិទ្ធ​ ជា​អនុប្រធាន។ ចំណែកអនុរដ្ឋលេខាធិការ ​លោក គឹម សន្តិភាព ​លោក ជិន ម៉ាលីន អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋានកិច្ចការរដ្ឋបាលតុលាការ លោក ផូវ សំភី នាយកខុទ្ទកាល័យ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក សន សោភ័ណ​ ជា​សមាជិក។​

បើ​តាម​សេចក្តីសម្រេចនោះ ក្រសួង​យុត្តិធម៌​បាន​បញ្ជា​ឲ្យ​ប្រធាន​រាជ​បណ្ឌិត​សភាវិជ្ជាជីវៈតុលាការ​ អគ្គលេខា​ធិការនៃ​រាជបណ្ឌិត​សភាវិជ្ជាជីវៈតុលាការ ត្រូវអនុវត្តសេចក្តីសម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព។​

កាលពីថ្ងៃចន្ទ ក្រសួងយុត្តិធម៌បានសម្រេចឲ្យរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការលើកកាលបរិច្ឆេទនៃការ​ប្រឡង​​ជ្រើស​រើសសិស្ស​ចៅក្រមជំនាន់ទី៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០១៥ និងសម្រេចបញ្ជូនក្រុម​ការងារដើម្បី​ពិនិត្យ​ឡើងវិញនូវបែបបទ និងនីតិវិធីប្រឡ​ង ដើម្បីធានាឲ្យមានតម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌។

ចំណាត់ការ​របស់ក្រសួងយុត្តិធម៌ ធ្វើឡើងបន្ទាប់ពី​កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៥ អង្គភាពប្រឆាំងអំពើពុករលួយបានបដិ​សេធ​មិន​ចូល​រួម​អង្កេតការណ៍លើដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សចៅ​ក្រម​ជំនាន់ទី៧នៃ​រាជ​បណ្ឌិត​សភាវិជ្ជាជីវៈតុលាការនោះទេ ដោយអង្គភាព​នេះអះអាងថាស្ថាប័នរាជបណ្ឌិត​សភា គ្មានឆន្ទៈ និង​មិន​មាន​ការ​សហ​ការល្អជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។​

គួរបញ្ជាក់ថាបេក្ខជនចូលរួម​ប្រឡង​ជ្រើសរើស​​សិស្ស​ចៅក្រម​មានប្រមាណ​៨៤០នាក់ ហើយ​ពួកគេម្នាក់ៗ​បាន​បង់​ប្រាក់​៥ម៉ឺនរៀលសម្រាប់​ការប្រឡងនេះ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles